ភ្នំពេញៈ ដោយមិនគិតពីប្រាក់កម្រៃ តារាចម្រៀងឆ្នើមប្រចាំឆ្នាំនាង មាស សុខសោភា និងលោក កែវ វាសនា នឹងចាប់ដៃគ្នាញ៉ាំងឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកមួយនៅជិតដំណាច់ឆ្នាំ២០១២នេះ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់វិស័យអប់រំក្រោមប្រធានបទ «កុមារ និងយុវជនក្នុងក្តីសង្ឃឹម» ។
Thursday, 20 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក កែវ វាសនា និងតារាចម្រៀងផលិតកម្មថោន មាស សុខសោភា។ រូបថត ស្រេង ម៉េងស្រ៊ុន
ការប្រគំតន្ត្រីផ្សព្វផ្សាយលើកកម្ពស់វិស័យអប់រំក្រោមប្រធានបទ«កុមារ និងយុវជនក្នុងក្តីសង្ឃឹម» នេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មានដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្សស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ កម្មវិធីនេះនឹងត្រូវរៀបចំការប្រគំនៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ធ្នូឆ្នាំ២០១២នៅមជ្ឈមណ្ឌលមហាសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក សាម៉ន បណ្ឌិត អ្នកគ្រប់គ្រងកម្មវិធីនេះបានឲ្យដឹងថា នេះជាយុទ្ធនាការផ្សព្វផ្សាយដ៏ធំប្រចាំឆ្នាំមួយរបស់ក្រសួងទាំងពីរដើម្បីលើកកម្ពស់ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពីអត្ថប្រយោជន៍នៃការសិក្សានិងធ្វើយ៉ាងណាឲ្យឪពុកម្តាយគ្រប់រូប គ្រប់កម្រិតជំរុញ និងលើកទឹកចិត្តកូនៗឲ្យចូលទទួលការបណ្តុះបណ្តាលនៅសាលារៀន។ លោកបានបន្តថា នៅក្នុងកម្មវិធីនេះ យើងទទួលបានការចូលរួមផ្សព្វផ្សាយដោយស្ម័គ្រចិត្តពីកំពូលតារាចម្រៀងល្បីៗក្នុងនោះមានអ្នកនាង មាស សុខសោភា លោក កែវ វាសនា និងតារាចម្រៀងសំឡេងពីរបែបកំប្លែងលោក រូលីន ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះបាននិយាយថា៖ «ក្រសួងទាំងពីររៀបចំកម្មវិធីនេះឡើងមានបំណងចង់ឲ្យមាតាបិតាគ្រប់រូបមានមនសិការក្នុងការបញ្ជូនកូនចៅរបស់ខ្លួនចូលសាលា ហើយយើងមានកិត្តិយសដែលតារាចម្រៀងមាស សុខសោភា លោក កែវ វាសនា លោក រូលីន និងតារាចម្រៀងសម្តែងជាច្រើនរូបទៀតស្ម័គ្រចូលរួមនៅក្នុងកម្មវិធីនេះដោយមិនបានគិតពីប្រាក់កម្រៃ ពួកគេចង់ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមដែលនេះជាកាយវិការគំរូដ៏ប្រពៃ»។
ស្របគ្នានោះអ្នកនាំពាក្យតារាចម្រៀងមាស សុខសោភា គឺលោក មាស សុខរតនៈ បានឲ្យដឹងថា ភាគច្រើននៅពេលរាជរដ្ឋាភិបាលរៀបចំកម្មវិធីក្នុងចលនាអ្វីមួយនោះ ពួកគេតែងតែចូលរួមទោះបីជាបានកម្រៃតិចក្តី ឬក៏មិនបានក្តីព្រោះនោះជាឱកាសនៃការចូលរួមចំណែកនៅក្នុងសង្គមរបស់អ្នកសិល្បៈ។
លោកបានបញ្ជាក់ថា៖ «មាស សុខសោភា គាត់ចូលចិត្តការងារសង្គមបែបនេះណាស់យើងជាអ្នកសិល្បៈយើងគ្មានអ្វីផ្សេងជួយសង្គមទេ មានតែយកសិល្បៈនេះមកផ្សព្វផ្សាយប៉ុណ្ណោះ»។
មិនខុសគ្នានោះ លោក កែវ វាសនា បាននិយាយថា៖«ខ្ញុំជាអ្នកសិល្បៈ ខ្ញុំគ្មានថវិកាអ្វីធំដុំទៅជួយកុមារទាំងនោះទេ ខ្ញុំមានតែសំនៀងនិងសម្តីមួយចំនួន ដើម្បីជាសារអប់រំខ្លះដល់ពួកគាត់ឲ្យខិតខំរៀនសូត្រប៉ុណ្ណោះ ព្រោះកុមារ និងយុវជនជាទំពាំងស្នងឫស្សី»៕
That very generouse of you two volunteer to support society.
នៅពីក្រោយប្រធានបទជួយឃោសនាមសម្តាចម៍banditអាជោរហ៊ុន សែន?
រីករាយនិងសូមគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានតម្លៃសំរាប់ជាតិ និងប្រជាជន។សូមជូនពរឱ្យកម្មវិធីនេះទទួលបានជោគជ័យ។