ភ្នំពេញៈ នេះជាលើកទី១ហើយ ដែលពិធីការិនីមុខមានប្រជាប្រិយសម្តីហូរដូចទឹកកំពុងលេចមុខក្នុងកម្មវិធីតន្រ្តីខារ៉ាបាវរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នាង អែនជីស្ម័គ្រចិត្តចូលខ្លួនលាតត្រដាងពីរឿងរ៉ាវស្នេហារបស់នាងប្រាប់ដល់បណ្តាញសារព័ត៌មានធ្វើការចុះផ្សាយ។
Thursday, 20 December 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
នាងបានបញ្ជាក់ថា៖«ខ្ញុំមានបុរសក្នុងបេះដូងហើយ គាត់ជាបុរសខ្មែរមានកំណើតនៅអាមេរិកគាត់មានឈ្មោះភីតធើរ ហេង មានវ័យ៣០ឆ្នាំ»។
ជិត៧ឆ្នាំហើយដែលស្រីស្រស់ អែនជី ដែលមានឈ្មោះពិត លី ច័ន្ទដាលីស ចូលប្រឡូកក្នុងអាជីពជាពិធីការិនីក្រោយពីនាងជាប់ជ័យលាភីលេខ៤ក្នុងកម្មវិធី Freshie girl ឆ្នាំ២០០៥ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣និងតោងអាជីពជាពិធីការិនីនៅស្ថានីយទូរទស្សន៍នេះក្នុងកម្មវិធី«woman talk និង Nokia» តែនាងមិនដែលលាតត្រដាងពីជីវិតស្នេហា ហើយនាងក៏ពុំដែលមានលេចឮរឿងអាស្រូវស្នេហ៍ និងធ្លាប់បានបណ្តើរបុរសប្លែកមុខណាម្នាក់ទៅចូលរួមកម្មវិធីជួបជុំមិត្តភក្តិដែរ។
ប៉ុន្តែនៅក្រោយភាពស្ងប់ស្ងាត់និងពោរពេញដោយការងឿងឆ្ងល់នេះ ទើបតែនៅថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាងខាត់សុឃីមនិងលោក ផាណូក៏ស្រាប់តែឃើញវត្តមានពិធីការិនីរូបស្រស់កញ្ញា អែនជីបណ្តើរបុរសមុខប្លែកដែលមហាជនពុំធ្លាប់បានឃើញពីមុនមក។
ការបង្ហាញវត្តមានបុរសមុខប្លែកក្នុងសកម្មភាពស្និទ្ធស្នាលនោះនាង អែនជីហាក់សម្តែងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈយើងសួរនាងថា តើបុរសដែល អែនជី បណ្តើរទៅចូលរួមអាពាហ៍ពិពាហ៍អ្នកនាងខាត់ សុឃីមនោះត្រូវជាយ៉ាងម៉េចនឹង អែនជី ដែរ? ឆ្លើយនឹងសំណួរនេះភ្លាមៗនាងនិយាយថា៖«គាត់នេះជាមិត្តភក្តិបងវិច្ឆ័យ ហើយថ្ងៃនោះបងវិច្ឆ័យមិននៅ ជាប់រវល់ការងារគាត់ក៏ឲ្យគាត់ទៅជាមួយខ្ញុំទៅ»។
បើទោះជាយ៉ាងណា ភាពអាថ៌កំបាំងរបស់ពិធីការិនីវ័យ២៥ឆ្នាំនិងជាថៅកែហាងលក់សម្លៀកបំពាក់យីហោNG shop ដែលមានទីតាំងនៅខាងក្រោយវាំងរូបនេះក៏បានទទួលស្គាល់ការពិតខណៈដែល ភ្នំពេញប៉ុស្តិ៍លើកឡើងចំៗថា «បានឃើញមុខបុរសដែលអែនជីបណ្តើរទៅចូលរួមពិធីអាពាហ៍ពិពាហ៍អ្នកនាងខាត់សុឃីម នោះ មុខដូចបុរសក្នុងហ្វេសប៊ុករបស់អែនជី ឈ្មោះ ភីតធើរ ហេង ហើយក្នុងហ្វេសប៊ុកលោកភីតធើរ ហេងនោះក៏មានរូបថត អែនជី ដែរ ថែមទាំងមានការសរសេររកគ្នារៀបរាប់ពីការនឹករឭកទៀតផង»។
ឮដូច្នេះអែនជី បានពោលថា៖«ខ្ញុំមិនដឹងត្រូវនិយាយយ៉ាងណាទេបង! បើពេលនេះបងបានឃើញពួកខ្ញុំនៅក្នុងហ្វេសប៊ុកហើយហ្នឹង!»។
និយាយប៉ុណ្ណឹងនាងក៏សុំពេលគិតចំនួន១០នាទីនិងសុំឲ្យអ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍បិទទូរស័ព្ទសិន ដោយនាងប្រាប់មុនបិទទូរស័ព្ទថា៖«ទុកពេលខ្ញុំគិតសិនមិនដឹងត្រូវនិយាយយ៉ាងណាឲ្យសមនោះទេ»។
ក្រោយពីរយៈពេលដែលនាងសុំនោះបានរំលងផុត យើងក៏បានទាក់ទងទៅនាងម្តងទៀត អែនជីប្រាប់ថា៖«បុរសដែលខ្ញុំបណ្តើរទៅចូលរួមអាពាហ៍ពិពាហ៍បង ខាត់ សុឃីម កាលពីយប់ថ្ងៃទី១២ និងលោក ភីតធើរ ហេង នៅក្នុងហ្វេសប៊ុកគឺជាបុរសតែមួយទេ ជាអាណិកជនរស់នៅអាមេរិកគាត់មកស្រុកខ្មែរមុនថ្ងៃចូលរោងការបងខាត់ សុឃីម មួយសប្តាហ៍ហ្នឹង»។អតីត Freshie girl ឆ្នាំ២០០៥ រូបនេះបន្តថា៖«លោកភីតធើរ ហេង និងខ្ញុំបានស្គាល់គ្នាតាំងពីឆ្នាំ២០១០ គ្រាដែលគាត់ចុះមកលេងស្រុកខ្មែរពេលនោះខ្ញុំបានស្គាល់គាត់តាមរយៈមិត្តភក្តិណែនាំ។ បន្ទាប់ពីនោះពួកយើងក៏បានទាក់ទងគ្នាតាមទូរស័ព្ទ រហូតបានឈានដល់ការយល់ចិត្ត យល់ថ្លើម និងបង្កើតស្នេហានឹងគ្នា»។ ពិធីការិនីកំពុងមានប្រជាប្រិយភាពរបស់កម្មវិធីតន្រ្តីខារ៉ាបាវ រូបនេះបានបន្តថា៖«លោក ភីតធើរ គាត់ក៏ធ្លាប់បានមកជួបឪពុកម្តាយខ្ញុំ ហើយគាត់ក៏បាននិយាយប្រាប់អំពីទំនាក់ទំនងគាត់ និងខ្ញុំប្រាប់ឪពុកម្តាយខ្ញុំអស់ដែរ»។
ពិធីការិនីដែលភាយក្លិនទាក់បានកន្លង់ក្រៅស្រុកនាងអែនជី បញ្ជាក់ឲ្យដឹងថា៖«ឪពុកម្តាយខ្ញុំ ពួកគាត់មិនមានការជំទាស់ពីរឿងនេះទេ តែគាត់ក៏មិនទាន់ថាយ៉ាងម៉េចដែរ គ្រាន់តែពួកគាត់ថា ចាំមើលបន្តិចទៀតសិន។ សិក្សាចិត្តថ្លើមមើលឲ្យបានច្រើនពីលោកភីតធើរសិនទៅ!»។
បើទោះជាមិនទទួលការជំទាស់ណាមួយពីអ្នកមានគុណទាំងពីររបស់នាងយ៉ាងណាក៏ដោយប៉ុន្តែអែនជីក៏មិនទាន់មានទំនោរចិត្តស្នេហ៍លើបុរសអាណិកជននោះមួយរយភាគរយនៅឡើយដែរ។ នាងបាននិយាយថា៖«ដ្បិតថាពួកខ្ញុំស្គាល់គ្នា២ឆ្នាំជាង និងឈានដល់ការយល់ចិត្តគ្នាបានជាង៥០ភាគរយហើយក៏ដោយ តែខ្ញុំមិនទាន់បញ្ចប់ការសិក្សាចិត្តគ្នានៅឡើយ»។
នាងនៅតែអះអាងថា៖«យើងមិនត្រូវឆាប់ជឿពេកទេចិត្តមនុស្សប្រុសសម័យនេះបើមើលលំៗមិនបានទេ លុះណាតែយើងសិក្សាចិត្តគ្នាឲ្យបានច្បាស់លាស់ចាំយើងគិតដល់ពេលវេលាដឹកដៃគ្នាចូលរោងការ»។
ទោះជាយ៉ាងណា បើទោះជានាងយល់ស្របតាមយោបល់អ្នកមានគុណថា ទុកពេលវេលាសិក្សាចិត្តគ្នាសិនយ៉ាងណាក៏ដោយតែនាងហាក់មានចេតនាចង់បង្ហាញពីពេលវេលាជាក់លាក់ណាមួយដែលនាងត្រូវបញ្ចប់ការសិក្សាចិត្តបុរសអាណិកជនអាមេរិកនោះ និងសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីដែរ។
ពិធីការិនីដែលជំពប់ស្នេហ៍បុរសអាណិកជនវ័យក្មេងរូបនេះបង្ហើបថា៖ «អាពាហ៍ពិពាហ៍រវាងខ្ញុំ និងលោក ភីតធើរ ហេង អាចនឹងកើតឡើងនៅឆ្នាំក្រោយឬក៏ឆ្នាំក្រោយបន្ទាប់ទៀត»៕

