ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចោទ​អាជ្ញាធរ​បើក​ដៃ​ឲ្យ​ជន​ល្មើស​នេសាទ​ខុស​ច្បាប់

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដក​ហូត​ឡូត៍​ចំនួន ៣៧​កន្លែង​នៅ​ជុំវិញ​បឹង​ទន្លេសាប មក​ទុក​ជា​សម្បត្តិ​រដ្ឋ។

ដោយ សួន សុផលមុន្នី
2012-12-25
​វិទ្យុ​អាស៊ីសេរី

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដើម្បី​ចាប់​ត្រី​នោះ​ទេ ប៉ុន្តែ​នៅ​បញ្ហា​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​នេះ​នៅ​តែ​កើត​មាន​បន្ត។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ថែម​ទៀត ចំពោះ​ការ​ហិនហោច​ធនធាន​មច្ឆាជាតិ។

ក្រុម​អ្នក​ភូមិ​ចោទ​ថា ក្រុម​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ពុំ​បាន​នាំ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ឃុបឃិត​គ្នា​ជាមួយ​ជន​ល្មើស បើក​ដៃ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប។ សកម្មភាព​ទាំង​នោះ​មាន​មោង​ព្រយុង បរ​ណ​រ៉ាវ ប្រវែង​ជាច្រើន​រយ​ម៉ែត្រ​កំពុង​ដាក់​ចាប់​ត្រី​នៅ​ឡូត៍​លេខ​២ និង​ឡូត៍​លេខ​៤ នៃ​ទឹក​បឹង​ទន្លេសាប។

ក្រុម​អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ធ្នូ ថា បទ​ល្មើស​កំពុង​កើត​មាន​ឡើង​នេះ បាន​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​កែ​ទម្រង់​ធនធាន​មច្ឆាជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​ជំនាញ​ស្ទើរ​គ្រប់​ស្ថាប័ន បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ដែរ ប៉ុន្តែ​ជន​ប្រព្រឹត្តិ​បទ​ល្មើស​បាន​ផ្ដល់​ប្រាក់ ក៏​នាំ​គ្នា​ដក​ថយ​វិញ ទុក​ឲ្យ​បទ​ល្មើស​បរ​ណ​រ៉ាវ កើត​មាន​ពាសពេញ​ទឹក​បឹង​ទន្លេសាប៖ «បរិស្ថាន ជលផល ក្រុម​ចម្រុះ​ប្រាំ​ខេត្ត ប៉ូលិស​ស្រុក ឃុំ ចរាចរណ៍​ជើង​ទឹក ធនធាន​ទឹក​អ៊ីចឹង ខ្ញុំ​សុំ​ជម្រាប​លោក​ពូ​ថា ពួក​គាត់​ចេញ​ទៅ​បង្ក្រាប​បទ​ល្មើស​តំបន់​ទន្លេសាប អត់​បាន​ធ្វើ​តាម​លក្ខណៈ​ផ្លូវ​ច្បាប់​ទេ ព្រោះ​អី​គាត់​ទៅ​យក​តែ​លុយ​គេ ហើយ​គាត់​កាប់​បំផ្លាញ​របស់​គេ រួច​ហើយ​ធ្វើ​បាប​តែ​អ្នក​តូចៗ អ្នក​ធំ​ឲ្យ​លុយ​ច្រើន គឺ​នៅ​ទាំង​អស់»

សកម្មភាព​នេះ​កំពុង​កើត​មាន ហើយ​បាន​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​អោយ​មាន​ប្រសិទ្ធភាព។ ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​បាន​ឆ្លៀត​ឱកាស​គំរាម​យក​ប្រាក់​ពី​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ ហើយ​អនុញ្ញាត​ឲ្យ​ប្រើ​ស្បៃ​មង​ក្រឡា​ល្អិត ចាប់​ត្រី​នៅ​ក្នុង​ទឹក​ដដែល។

ការ​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​នេះ មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង។ មន្ត្រី​ក្រោម​ឱវាទ​មិន​អនុវត្ត​ទៅ​តាម​ច្បាប់ និង​តាម​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ទប់​ស្កាត់​នោះ​ឡើយ។ ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​លុយ​កាក់ ពួក​គេ​បាន​នាំ​គ្នា​ផឹក​ស៊ី​សប្បាយ ពុំ​បាន​ជួយ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​រឹងមាំ​ក្នុង​ការ​ចូល​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​នោះ​ទេ។

បញ្ហា​នេះ​មិន​អាច​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​បាន​ទេ បើ​សិន​ប្រជាជន​រក​ការ​ហូប​ចុក​ចិញ្ចឹម​ជីវភាព​គ្រួសារ​មិន​បាន​ផង​នោះ៖ «នៅ​ឃុំ​អន្លង់តាអួ ឃុំ​កោះជីវាំង ខេត្ត​បាត់ដំបង ព្រែក​ទាល់ ប្រជាពលរដ្ឋ​ខ្លាច​ណាស់​រឿង​ច្បាប់ តែ​សម្រាប់​អ្នក​ច្បាប់​ធ្វើ​ការ​នៅ​ហ្នឹង ដេក​នឹង​ច្បាប់ អង្គុយ​នឹង​ច្បាប់ តែ​អត់​មាន​ធ្វើ​តាម​ច្បាប់​ហ្នឹង​ទេ។ អង្គុយ​ចេញ​ធ្វើ​ការ​ឡើង គឺ​គាប​សង្កត់​ប្រជាជន ហើយ​ធ្វើ​បាប​ប្រជាជន​ទៀត ធ្វើ​តាម​តូច​ធំ​ម្នាក់ ១​លាន​រៀល ២​លាន​រៀល ហា​ហុក​សិប​ម៉ឺន​ម្នាក់ រាប់​ពាន់​ដុល្លារ អាណា​អោយ​ច្រើន​បាន​ដាក់ អាណា​អត់​ឲ្យ​ច្រើន អញ​កាប់​បំផ្លាញ​កម្ទេច​ចោល»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​សេចក្ដី​បញ្ជាក់​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឆ្លើយ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

សមត្ថកិច្ច​ខ្លះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន អាជ្ញាធរ​ស្ទើរ​គ្រប់​ស្ថាប័ន​ពី​មូលដ្ឋាន​ដល់​ជំនាញ បាន​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ទុក​ឲ្យ​បទ​ល្មើស​នេសាទ​កើត​មាន​ជា​ហូរហែ។

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​មាន​វិធាន​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​បទ​ល្មើស​នៅ​តែ​កើត​មាន ហើយ​កើត​មាន​ច្រើន​ថែម​ទៀត៖ «បទ​ល្មើស​ធំៗ​មាន ណ​រ៉ាវ ហើយ​ពាក់ព័ន្ធ​ទាំង​អស់ ទឹក​ដី ឡូត៍​ពីរ តំបន់​អភិរក្ស សំណូម​ពរ​សុំ​សម្ដេច​តេជោ ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​បង្ក្រាប​បទ​ល្មើស​ឲ្យ​បាន​ល្អ ដាក់​ប៉ុន្មាន​ក្រសួង​មក បទ​ល្មើស​នៅ​ដដែល។ ប្រជាជន​គាត់​អត់​មាន​អារម្មណ៍​ជឿ​ជាក់​ខាង​ក្រុម​បង្ក្រាប​ហ្នឹង​ទេ បើ​ធ្វើ​អ៊ីចឹង អនាគត​នឹង​អស់​ហើយ កូន​ចៅ​ជំនាន់​ក្រោយ​ត្រី​ណា​ហូប»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​នេសាទ។ ហាម​ដាច់​ខាត​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ ត្រូវ​រួម​គ្នា​ការ​ពារ​តំបន់​អភិរក្ស​ត្រី​ក្នុង​បឹង​ទន្លេសាប និង​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ខិលខូច ដែល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ក្នុង​តំបន់​អភិរក្ស។ ការ​កាត់​ឡូត៍​នេសាទ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បទ​ល្មើស​កាន់​តែ​ច្រើន​ឡើង​ទៅ​វិញ។ បញ្ហា​នេះ​ក្រុម​អ្នក​ភូមិ​បារម្ភ​ថា ធនធាន​មច្ឆាជាតិ​មិន​អាច​កកើត​ច្រើន​ឡើង​វិញ​ដូច​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles