ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស អំពាវនាវទៅកាន់ក្រុមហ៊ុនផលិតជីវៀតណាម NPK ដែលបានបើកសម្ពោធដាក់ឲ្យដំណើរការ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ឲ្យគិតគូ លើគុណភាព និងតម្លៃ បើសិនជាចង់លក់ជីកសិកម្មឲ្យដាច់នៅកម្ពុជា។ សម្តេច ហ៊ុន សែន ក៏បានប្រកាស មិនជួយដល់ក្រុមហ៊ុនវៀតណាមនោះ លើការទប់ស្កាត់ការនាំចូលជីកសិកម្មដទៃទៀត មកកាន់កម្ពុជានោះឡើយ។
ថ្ងៃទី 25 ធ្នូ 2012
ដោយ: លី សិលា
CEN
ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រវៀតណាម ផលិតជីកសិកម្ម PNK នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “បញ្ហាតម្លៃ ជាបញ្ហាមួយដ៏សំខាន់ ដែលខ្ញុំសូមអំពាវនាវចំពោះក្រុមហ៊ុន គឺបើសិនចង់ឲ្យលក់ដាច់ ហើយកុំឲ្យមានការនាំចូលជីពីក្រៅប្រទេស នោះជម្រើសដ៏ល្អ គឺគុណភាពឲ្យវាប្រាកដប្រជា បូកនឹងតម្លៃឲ្យវាថោក។ បើមិនដូច្នោះទេ កុំមកពឹងពាក់រដ្ឋាភិបាល ថាសុំជួយទប់ស្កាត់ការនាំចូល!។ រដ្ឋាភិបាលអត់មាននយោបាយបែបនេះទេ សូមបញ្ជាក់ជូនលោក ចិន ម៉ាខា ដែលជាប្រធានសមាគមវិនិយោគវៀតណាម នៅកម្ពុជា ឲ្យហើយស្រេច ព្រោះល្ងាចនេះ ជួបគ្នា កុំលើកសំណូមពរថា សូមជួយទប់ស្កាត់ កុំឲ្យនាំចូលជីពីក្រៅប្រទេស!។ អារឿងនឹង រាជរដ្ឋាភិបាលកម្ពុជា ធ្វើអត់បានទេ ព្រោះអានេះ គឺថាអង្គការពិភពលោកសុទ្ធ នៅទីនេះ សេរី សេដ្ឋកិច្ចផ្សារ។ បើចង់លក់ដាច់ គុណភាពល្អ និងលក់ឲ្យថោក អានឹងដាច់ហើយ!”។
យ៉ាងណាក៏ដោយ ជាមួយនឹងប្រសាសន៍ក្រើនរម្លឹកដល់ក្រុមហ៊ុនផលិតជីវៀតណាមដូច្នេះ កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា វត្តមានរបស់ក្រុមហ៊ុនផលិតជីវៀតណាមដ៏ធំ លើកដំបូង នៅកម្ពុជា ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនេះ បង្កើតបានជាមូលដ្ឋានសម្រាប់កសិកររបស់យើង ក្នុងមួយចំណែក ហើយកាត់បន្ថយបាននូវការនាំចេញរូបិយប័ណ្ណ ទៅនាំចូលជីកសិកម្ម ពីក្រៅប្រទេស តាមរយៈការផលិតក្នុងស្រុក ហើយដែលមានការវិនិយោគពីខាងក្រុមហ៊ុនវៀតណាម មកក្នុងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថា “អីចឹង ឥឡូវបញ្ហាការប្រកួតប្រជែង។ បើយើងចង់បាន ការលក់ផលិតដាច់ វាទាមទារឲ្យមានការ តម្លៃរបស់យើង គឺថា ថោកដែរ ដើម្បីជំនួសឲ្យការនាំចូល ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអនុវត្តនូវនយោបាយគាំពារនិយមទេ… ការធ្វើដូច្នោះ វាខុសពីគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ ម្យ៉ាងទៀត រោងចក្រនេះ ដើម្បីបានលក់ដាច់ ក៏ត្រូវមានការណែនាំពីរបៀបប្រើដែរ ព្រោះនៅទីកន្លែងខ្លះ ប្រជាពលរដ្ឋរបស់យើង រោងចក្រ និងផ្នែកកសិកម្ម ត្រូវរួមគ្នា ដើម្បីប្រាប់ពីរបៀបប្រើប្រាស់ជីកសិកម្ម…”។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចបានអំពាវនាវទៅកាន់ប្រជាកសិករ កុំភ្លេច ក្នុងការប្រើប្រាស់ជីសរីរាង្គ ឬក៏ជីធម្មជាតិ ដែលផ្សំពីលាមកគោ មាន់ ជាដើម។
ក្រុមហ៊ុនផលិតជីវៀតណាម PNK នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមផ្លូវជាតិលេខ១ បានកសាងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ ហើយបានបើកសម្ពោធ ដាក់ឲ្យដំណើរការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។ ក្រុមហ៊ុនជីវៀតណាមថ្មីនេះ ផលិតក្នុងជំហ៊ានដំបូង ចំនួន ៣៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលផ្តោតសំខាន់លើដំណាំស្រូវ។ នៅដំណាក់កាលទី២ ក្រុមហ៊ុនជីវៀតណាមនោះ នឹងផលិតដល់ ៥០ ម៉ឺនតោន។
កន្លងមក កម្ពុជា មានរោងចក្រផលិតជី ផូស្វាត នៅឯភ្នំធំ ខេត្តបន្ទាយមានជ័យ អាចផលិតជីផូស្វាត ក្នុងមួយឆ្នាំពី ៦ ទៅ ៧.០០០ តោន។
របាយការណ៍របស់លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បង្ហាញពីនិន្នាការនៃការប្រើប្រាស់ជីកសិកម្ម នៅកម្ពុជា មានការកើនឡើង ចាប់តាំងពីឆ្នាំ១៩៦០ មកដល់ពេលបច្ចប្បន្ន រួមមាន៖
-ឆ្នាំ១៩៦០ ការប្រើប្រាស់ជីគីមី នាំចូល សរុបប្រមាណ ២.៧០០ តោន
-ឆ្នាំ១៩៦៦ ការប្រើប្រាស់ជីគីមីនាំចូលសរុប ៤.៥០០ តោន ហើយផលិតជីផូស្វាត ក្នុងស្រុក បានប្រមាណ ៤.០០០ ទៅ ៧.០០០ តោនទៀត
-ឆ្នាំ១៩៦៨ ការប្រើប្រាស់ជីគីមីនាំចូលសរុប មានដល់ ៩.២០០ តោន
-ក្រោយឆ្នាំ១៩៧៩ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានផ្តល់ជីសម្រាប់ធ្វើប្រពលវប្បកម្ម ដំណាំស្រូវ ចំនួន ៥ ម៉ឺនហិកតា ហើយបន្ទាប់ទៅ បានកើនដល់ ៩០ ម៉ឺនហិកតា នៅទស្សវត្សឆ្នាំ៩០។
-ការប្រើប្រាស់ជីគីមី មានការកើនឡើង ឆ្នាំ១៩៧០ ការប្រើប្រាស់ជីគីមីសរុប តាមរយៈជំនួយ មាន ២៧.៥០០ តោន
-១៩៨៦ ការប្រើប្រាស់ជីគីមីសរុប តាមរយៈជំនួយ ២៨.៥០០ តោន
-១៩៩៣ ការនាំចូលជីគីមី ៣៥.៥០០ តោន
-២០០៣ នាំចូលជីគីមី មកប្រើប្រាស់ ៤៣.៦២០ តោន
-២០០៨ នាំចូលជីគីមី មកប្រើប្រាស់សរុប ១៦២.១៤០ តោន
-២០០៩ នាំចូលជីគីមី មកប្រើប្រាស់ ១៧២.០២០ តោន
-២០១០ នាំចូលជីគីមី មកប្រើប្រាស់ ចំនួន ២៥០.៨៥៤ តោន
-២០១១ នាំចូលជីគីមី មកប្រើប្រាស់ចំនួន ៥១២.៩០០ តោន
-២០១២ ការនាំចូលជីគីមី បានកើនឡើងរហូតដល់ ៥៥៦.៤០០ តោន
ជាមួយនឹងនិន្នាការកើនឡើងនៃការប្រើប្រាស់ជីគីមីកសិកម្ម សម្រាប់ផលិតផលកសិកម្ម នៅកម្ពុជាខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីការព្យាករណ៍ នៃតម្រូវការជីគីមីកសិកម្ម សម្រាប់កសិករកម្ពុជា ដោយសម្តេចបានលើកឡើងថា សម្រាប់ផ្ទៃដីដាំដុះ ៤.១០០.០០០ ហិកតា ដែលកសិករកំពុងប្រើប្រាស់ដាំដុះ សព្វថ្ងៃនេះ យើងត្រូវការជីកសិកម្ម រហូតទៅដល់ ៦១៧.០០០ តោន ក្នុងមួយឆ្នាំ។ ក្នុងដំណាំស្រូវ គឺមាន ៣ លានហិកតា ចែកចេញជា ២,៥ លានហិកតា ក្នុងរដូវវស្សា និងកន្លះលានហិកតា ក្នុងរដូវប្រាំង។ ស្រូវយើង ត្រូវការជី ១០០ គីឡូក្រាម ក្នុងមួយហិកតា។ ដំណាំរួមផ្សំ មាន ៨០ ម៉ឺនហិកតា ហើយយើងមិនទាន់គិតពីដី ដែលយើងកំពុងដើរចែកនៅពេលសព្វថ្ងៃទេ ដោយដំណាំរួមផ្សំនឹង ត្រូវការជីកសិកម្ម ជាធម្យមប្រមាណ ២៥០ គីឡូក្រាម ក្នុងមួយហិកតា៕
តាំងពីដើមមកខ្មែរយើងតែងនិយាយថាវត្ថុអិ្វមួយអោយតែយួនជាអ្នកផលិតគឺសុតតែអន់គុណភាព
អស់ ( អារបស់យួនវាមិនដែលល្អទេ)
what is so crazy let VN do factory in our country ?
រោងចក្រនោះសរសេរយីហោពីរ មួយភាសាខ្មែរ (ខាងឆ្វង) មួយទៀតភាសាយួន ប្រធានរោងចក្រនេះ អាចមានឋានន្តរស័ក្តប្រហែលឬអាចធំជាង ហ៊ុន សែន
ពួកអាជ្រុលនិយម