មន្ត្រីជំនាញអាកាសធាតុ អះអាងថា រដូវរងាខែកត្តិក នៅឆ្នាំ២០១២ យឺតជាងឆ្នាំកន្លងទៅ។ ប៉ុន្តែអាកាសធាតុឆ្នាំនេះ នឹងត្រជាក់ខ្លាំងនៅតំបន់ភ្នំ ជាពិសេសនៅតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងអំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១២ ចូលឆ្នាំ២០១៣។
ដោយ អ៊ុក សាវបូរី
2012-12-25
វិទ្យុអាស៊ីសេរី
សីតុណ្ហភាពត្រជាក់ នឹងធ្លាក់ចុះចន្លោះពី ១៦ ទៅ ១៩អង្សាសេ នៅពេលយប់ និងពេលព្រឹក។ បញ្ហាអាកាសធាតុត្រជាក់ខ្លាំងដូច្នេះ ធ្វើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ប្រុងប្រៀបការពារសុខភាពកងទាហានខ្មែរ ដែលកំពុងឈរជើងការពារទឹកដីតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ឲ្យបានទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១២ បញ្ជាឲ្យមេទាហាន មេប៉ូលិស យកអាវរងាច្រើនម៉ឺនអាវ ចែកឲ្យកងទ័ព និងនគរបាលការពារព្រំដែនកម្ពុជា-ថៃ និងព្រំដែនកោះនៃប្រទេសកម្ពុជា ជាបន្ទាន់ ដើម្បីបង្ការនូវអាកាសធាតុត្រជាក់ខ្លាំង បន្ទាប់ពីក្រសួងធនធានទឹកប្រកាសពីអាកាសធាតុប្រែប្រួល នាំឲ្យត្រជាក់ខ្លាំងនៅដំណាច់ឆ្នាំ ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខនេះ។
លោកបញ្ជាដូច្នេះ នៅក្នុងពិធីសម្ពោធបើករោងចក្រផលិតជីកសិកម្ម អ៊ិន.ប៉េ.កា (NPK) នៅខេត្តកណ្ដាល៖ «បញ្ជូនទៅកាន់កងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ និងតាមតំបន់កោះជាបន្ទាន់។ បញ្ជូនអាវរងា អាវរងាបើកជារៀងរាល់ឆ្នាំ ប៉ុន្តែគិតថានឹងត្រូវបន្ថែមជូនកងទ័ព នគរបាល និងអាវុធហត្ថដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមកម្រិត បួនប្រាំម៉ឺន ឬ៦ម៉ឺនអាវ ដែលត្រូវបញ្ជូន ហើយនិងតាមបណ្ដាកោះដែលកំពុងនៅលើកោះ ព្រោះរដូវរងា គ្រាន់តែចាប់ផ្ដើមធ្លាក់ៗគ្រឹបតែម្តង»។
ក្រសួងធនធានទឹកប្រកាសថា អាកាសធាតុប្រែប្រួល នាំឲ្យសីតុណ្ហភាពនៅប្រទេសកម្ពុជា ត្រជាក់ខ្លាំងនៅតំបន់ភ្នំ ចាប់ពីថ្ងៃទី២៤ ខែធ្នូ មក ហើយនឹងឡើងក្តៅបន្តិចវិញ នៅក្រោយថ្ងៃទី២៦ ធ្នូ។ ប៉ុន្តែនៅចុងខែធ្នូ ឆ្នាំ២០១២ និងដើមខែមករា ឆ្នាំ២០១៣ អាកាសធាតុនឹងត្រជាក់វិញ។
អនុប្រធានក្តាប់រួមនាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុំ រីណា ថ្លែងនៅថ្ងៃទី២៥ ខែធ្នូ ថា អាកាសធាតុប្រែប្រួល នាំឲ្យខ្យល់ត្រជាក់ធ្លាក់យឺតជាងឆ្នាំ២០១១។ ប៉ុន្តែវានឹងត្រជាក់ខ្លាំងអំឡុងថ្ងៃឆ្លងឆ្នាំសកល ធ្វើឲ្យតំបន់ភ្នំ ពិសេសនៅភ្នំដងរែក អាចត្រជាក់នាពេលព្រលឹម និងពេលយប់។ ចំណែកតំបន់សមុទ្រ មានកម្ដៅជាងនៅតំបន់ភ្នំ គឺចន្លោះពី ២២ ទៅ ៣២អង្សាសេ។
លោក អ៊ុំ រីណា៖ «ក្នុងហ្នឹង មានខេត្តមួយចំនួននៅជាប់នឹងជើងភ្នំដងរែក តំបន់ខ្ពង់រាបពីខេត្តកំពង់ធំ ឡើងទៅលើស្ថានភាពដូចរៀងទាបជាងដែរ។ ហើយជាពិសេសនៅលើភ្នំដងរែក ខេត្តព្រះវិហារ នោះ វាអាចសីតុណ្ហភាពទាបនៅពេលព្រឹក និងពេលយប់ វាអាចទាបបំផុតវាអាចធ្លាក់ដល់ ១៦ ទៅ ១៧អង្សា ជាពិសេសនៅពេលព្រឹក ហើយនិងពេលយប់។ តែដល់ពេលថ្ងៃ វាអាចឡើងដល់ ២៣ ២៤ អាហ្នឹងសម្រាប់តំបន់ភ្នំ។ តែសម្រាប់តំបន់ផ្សេងទៀតហ្នឹង វាកម្រិតខ្ទង់ ១៨ ពេលយប់ ហើយដល់ពេលព្រឹកទៅដល់ពេលរសៀល វាខ្ទង់ ២៦ ទៅ ២៧»។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមេបញ្ជាការទាំងអស់ ប្រញាប់ដឹកជញ្ជូនភួយ អាវរងា ចែកជូនដល់កងទាហាននៅតាមតំបន់កោះ និងព្រំដែនឲ្យបានឆាប់ មុនពេលដែលធាតុអាកាសត្រជាក់ធ្លាក់មកដល់។ លោកបន្ថែមថា ចំពោះមនុស្សចាស់ និងកុមារ ជាពិសេសមនុស្សចាស់ដែលគ្មានកូនចៅជួយថែរក្សា សុំឲ្យអាជ្ញាធរមូលដ្ឋានជួយថែទាំ កុំឲ្យអាកាសធាតុរងា អាចឲ្យចាស់ៗរងាស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មន្ត្រីជំនាញអាកាសធាតុអេតចាយទូសទាយដូរបាយ(ឧ-ឆ្នាំនេះទឹកឡើងខ្លាំងណាស់សូមប្រយ័ត្ន)
មន្ត្រីជំនាញអាកាសធាតុ អះអាងថា រដូវរងាខែកត្តិក អាកាសធាតុឆ្នាំនេះ នឹងត្រជាក់ខ្លាំងនៅតំបន់ភ្នំ ជាពិសេសនៅតំបន់ជួរភ្នំដងរែក ។បើតាមមើលទៅមន្រ្តីជំនាញព្យាករណ៏ខុសហើយ ព្រោះនៅតំបន់សមុទ្រត្រជាក់ខ្លាំងណាស់ឥលូវនឹង ហើយការចាប់ផ្តើមធ្លាក់ខ្យល់កត្តិក គឺចាប់ពី ម៉ោង ១០យប់ រហូត ដល់ម៉ោង ៥ ព្រឹក ឯណោះ ។ បើតាមការវិភាគ តំបន់ភ្នំ វាគឺមិនត្រជាក់ដូចជានៅតំបន់សមុទ្រ នោះ ទេ សូមជំរាបលោកមន្ត្រី ជំនាញអាកាសធាតុ ។