កម្ពុជាខ្វះខាតឯកសារស្រាវជ្រាវ ជាភាសាខ្មែរ

ភ្នំពេញ: ការសិក្សាអប់រំ​ជាការ​សំខាន់​សម្រាប់​មនុស្សម្នា​ក់ៗ។ ​ដើម្បី​បំពេញបន្ថែម​នូវ​ចំ​ណេះដឹង​ជា​បន្ត​​ទៀត មនុស្ស​ចាំបាច់​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ឯកសារ​ដទៃ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​។ ប៉ុន្តែ សម្រាប់​ឯកសារ​សិក្សា​ស្រាវជ្រាវ​ទាំងនោះ ភាគច្រើន​គេ​សង្កេតឃើញ​មានជា​ភាសាបរទេស​ដូច​ជា ភាសា​ចិន កូរ៉េ អង់គ្លេស បារាំង យ៉ាង​សម្បូរ​ណ៍​បែប​ទៅវិញ​។

ថ្ងៃទី 26 ធ្នូ 2012
ដោយ: វឿន សាវុធ​
CEN

វា​ជាការ​ពិបាក​មួយ​សម្រាប់​អ្នកសិក្សា​ដែល​មិនចេះ​ភាសា​ទី​២ ដូចជា​ភាសា​អង់គ្លេស បារាំង ជាដើម​នោះ ព្រោះថា​ឯកសារ​ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​មួយចំនួនធំ ជាទូទៅ​មាន​ជា​ភាសាបរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

កញ្ញា សុគន្ធា ជា​ភ្ញៀវ​ម្នាក់បាន​ស្វែងរក​សៀវភៅ​ពន្យល់​ពាក្យ​បច្ចេកទេស​រូបវិទ្យា​(Dictionary of Physics) ជាច្រើន​កន្លែង បាន​និយាយថា “​ខ្ញុំ​ឆ្ងល់​ដែរ ម៉េច​បានជា​សៀវភៅ​រៀន​មួយចំនួន​គេ​មិន​បក​ជា​ខ្មែរ​ទៅ​? វា​ពិបាក​រៀន​ណាស់​បើ​យើង​អត់​សូវ​ចេះ​ភាសា​គេ​អ៊ីចឹង​។ ដូច​សៀវភៅ​ខ្ញុំ​កំពុង​រក​ហ្នឹង​អត់​មាន​ជា​ភាសាខ្មែរ​ទេ មានតែ​ជា​ភាសា​អង់គ្លេស​សុទ្ធ​”​។​

យោងតាម​ការអង្កេត​ទៅ​លើ​បណ្ណាគារ​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​២០​កន្លែង ឃើញថា​ឯកសារ​សិក្សា​ស្រាវជ្រាវ​ភាគច្រើនជា​ភាសាបរទេស បើ​ប្រៀបធៀប​ទៅនឹង​ភាសាជាតិ​។​

អ្នកស្រី ស្រី​ពេជ្រ ជា​ម្ចាស់​ហាង​លក់​សៀវភៅ​សិក្សា​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា “​ឯកសារ​ជា​ភាសា​គេ (​បរទេស​) មាន​ច្រើនជាង​ខ្មែរ ព្រោះ​ពុំ​សូវ​មាន​អ្នកបកប្រែ​ប៉ុន្មាន​ទេ​។ ខាង​ខ្ញុំ​លក់​សៀវភៅ ឬ​ឯកសារ​អី​ទៅតាម​ទីផ្សារ​ដែរ ដូច​ភ្ញៀវ​ចង់​មក​ទិញ​សៀវភៅ​រៀន​អង់គ្លេស ចិន កូរ៉េ​គឺ​ខ្ញុំ​លក់​ទៅតាម​ហ្នឹង​”​។​

រីឯលោក ឈុន ជា​អ្នកគ្រប់គ្រង​ទូទៅនៅ​បណ្ណាគារ​មួយកន្លែង​តាម​បណ្តា​យ​ផ្លូវ​លេខ​២៧១ បាន​និយាយថា “​តាម​បណ្ណាគារ​ភាគច្រើន​មាន​លក់​ឯកសារ​ភាសា​គេ​ច្រើនជាង​ខ្មែរ​មែន មកពី​អត់​សូវ​មាន​អ្នកបកប្រែ ហើយ​អ្នក​មក​ទិញ​ក៏​ចង់​រៀន​ភាសា​គេ​ដែរ អ៊ីចឹង​យើង​លក់​តាម​តម្រូវការ​ភ្ញៀវ​ដែរ​”​។​

ទោះបីជា​យ៉ាងណា​ ក៏មាន​ឯកសារ ឬ​សៀវភៅ​ខ្លះ​បាន​បក​ប្រែជា​ភាសាជាតិ​ហើយ។ លោក ឈុន បាន​បន្តថា “​យើង​មាន​លក់​សៀវភៅ​បកប្រែ​ច្រើន​មុខ​ដែរ​តើ ដូចជា​សៀវភៅ​ហិ​រញ្ញ​វត្ថុ ធនាគារ កុំព្យូទ័រ​អីហ្នឹង​”​។

​ជារួម​មក បើសិនជា​យក​ឯកសារ ឬ​សៀវភៅ​ជា​ភាសា​បរទេស​បកប្រែ​ជា​ភាសាជាតិ ឲ្យ​បាន​កាន់តែច្រើន​នោះ នឹងធ្វើ​ឲ្យភាសាជាតិ​កាន់តែ​មានតម្លៃ ចំណែកឯអ្នកសិក្សា​មួយចំនួន​ដែល​មិនសូវ​យល់ច្បាស់​ពី​ភាសាបរទេស​ក៏មាន​ភាពងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ដែរ​៕​ S

What Next?

Recent Articles

5 Responses to "កម្ពុជាខ្វះខាតឯកសារស្រាវជ្រាវ ជាភាសាខ្មែរ"

  1. មិនទាន់មានអ្នកជំនាញមែនទែន…

  2. Chakrey says:

    មកពីអ្នកបកប្រែ បកហើយគ្មានអ្នកអោយតម្លៃ គ្មានការការពារខាងផ្លូវច្បាប់ អ្នកផ្សេងចង់លួចថត ចម្លងលក់ស្រេចក្បាលចិត្ត ម្ចាស់សៀវភៅឃើញនឹងភ្នែកហើយ មិនដឹងធ្វើយ៉ាងណា ប្តឹងក៏មិនឈ្នះអ្នកលក់ ព្រោះគេចម្លងលក់បានប្រាក់ចំណេញ គេមានលុយសូកប៉ាន់។ ស្រុកខ្មែរសពហវថ្ងៃ ជាទីបង្កើតអ្នកប្រាជ្ញបណ្ឌិតក៏ពិតមែន ក៏ប៉ុន្តែពុំមែនជាទីកន្លែងសមស្របសម្រាប់អ្នកប្រាជ្ញបណ្ឌិតរស់នៅឡើយ។ បើជ្នកប្រាជ្ញបណ្ឌិត ចង់រស់នៅក៏បានដែរ ក៏ប៉ុន្តែត្រូវរៀនធ្វើខ្លួនអោយដូចមនុស្សល្ងីល្ងើសិនទើបរស់នៅស្រួល។

  3. ត្រូវហើយ…បាត់មនុស្សបណ្ឌិតពិត តែចេញម៉ោសុទ្ធតែអាត្រប៉ែថាអោយគេ
    ដូចអា JML និងអាឆៀតជាដើម -ល-។
    អញហ្ហើយ…គួរអោយក្តៅណាស់ហាស!!!

  4. Anonymous says:

    នៅស្រុកខ្មែរសំបូរណាស់អា copy របស់គេ រួច paste ជាក់ស្ដែងនៅទីនេះក៏មានដែរ ។

  5. អ្នកស្រែ says:

    តាមពិតទៅរឿងនេះគួររាជ្យបណ្ឌិតសភាបង្កើតក្រុមមួយដើម្បីទទួលបន្ទុកការងារនេះ កង្វះឯកសរស្រាវជ្រាវនេះហើយដែលជាមូលហេតុចំបងមួយក្នុងបណ្តាមូលហេតុផ្សេងៗទៀតដែលធ្វើអោយនិសនសិតខ្មែរយើង
    រៀនខ្សោយជាងគេ ទន្ទឹមនឹងនេះដែរច្បាប់ស្តីកម្មសិទ្ធិបញ្ញាក៍ត្រូវតែអនុវត្តអោយមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញលើកទឹកចិត្តដល់អោយចូលរួមពេញលេញលើការបង្កើតស្នាដៃនៃការបកប្រែឯកសារនីមួយៗអោយមានទាំងបរិមាណនិងគុណភាព។