កំពត: ការប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ព្រោះតាំងពីដើមរៀងមក មិនដែលមានទិដ្ឋភាពបែបនេះកើតឡើងឡើយ។ ទាំងនេះ គឺជាប្រសាសន៍របស់តំណាងសម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឃុំត្រពាំងភ្លាំង និងឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ធ្វើឡើងនៅឃុំត្រពាំងភ្លាំង។
ថ្ងៃទី 26 ធ្នូ 2012
ដោយ: ឌីណា
CEN
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ លោក នៃ ប៉េណា ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋដែលកាន់កាប់ដីក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង និងភូមិត្រពាំងគគីរ ភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
របាយការណ៍របស់លោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត មានខ្លឹមសារថា ដោយបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមស្មារតីនៃអនុក្រិត្យលេខ៤៦ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ស្តីពីនីតិវិធីនៃការកសាងប្លង់ សុរិយោដី និងសៀភៅគោលបញ្ជីដីធ្លី គឺការចុះបញ្ជីដីធ្លីជាប្រព័ន្ធ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដំណើរការចុះបញ្ជីក្បាលដីគិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ សម្រេចបានការបំពេញសលាកបត្រចំនួន ២៩.២១១ ក្បាលដី, កត់ក្នុងសម្រង់បញ្ជីឈ្មោះម្ចាស់ដី ២១.២២០ គ្រួសារ, ផ្ទៀងផ្ទាត់បាន ២២.១៦៣ គ្រួសារ, វាស់បានចំនួន ២៨.២៣៩ ក្បាលដី, គូរបានចំនួន ១៤.១៧០ ក្បាលដី, បំពេញទម្រង់បែបបទបានចំនួន ២៦.៨៤៣ ក្បាលដី, បិទផ្សាយទិន្នន័យជាសាធារណៈចប់ចំនួន ២.៦៧០ ក្បាលដី, កំពុងបិទផ្សាយទិន្នន័យចំនួន ១.១៦៧ ក្បាលដី និងចែករួចចំនួន ២.២០១ ប័ណ្ណ។
ដោយឡែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ មានចំនួន ២៣៥ គ្រួសារ ស្មើនឹង ៣៨៣ក្បាលដី សម្រាប់ភូមិចំនួនបី គឺភូមិ ព្រៃពាយ ឃុំត្រពាំងភ្លាំង និងភូមិត្រពាំងថ្ម ភូមិត្រពាំងគគីរ ស្រុកឈូក។
សំណេះសំណាលក្នុងឱកាសនេះ លោកនៃ ប៉េណា ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានមានប្រសាសន៍ថា ការប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ព្រោះតាំងពីដើមរៀងមក មិនដែលមានទិដ្ឋភាពបែបនេះកើតឡើងឡើយ។ ជាការពិត រាប់ជំនាន់មកហើយ ប្រជាជននៅតំបន់ខ្លះមិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ បើមានត្រឹមតែបង្កាន់ដៃប៉ុណ្ណោះ។ មូលហេតុជាច្រើនដែលនាំឱ្យជួបបញ្ហានេះ ដូចជាសង្គ្រាមនៅឆ្នាំ១៩៧០ និងឆ្នាំបន្តបន្ទាប់ ដោយបង្ខំប្រជាពលរដ្ឋត្រូវរត់ចេញពីតំបន់មួយទៅតំបន់មួយទៀត ហើយបោះបង់ចោលដីធ្លីធ្លាប់កាន់កាប់។ លើសពីនោះ ទៀត កម្មសិទ្ធិគ្រប់យ៉ាង ត្រូវបានដកហូតដោយជំនាន់ ប៉ុល ពត។
ក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរួមកម្លាំងគ្នា ធ្វើការបង្កបង្កើនផលនៅលើដីធ្លីដើម្បីចែកគ្នារស់ទៅតាមលទ្ធភាព និងទីកន្លែងជាក់ស្តែងដែលអាចធ្វើបាន ព្រោះទឹកដី នៃប្រទេសជាតិនាពេលនោះ ពោរពេញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោកនៃ ប៉េណា បន្តទៀតថា ក្រោយមកដោយចង់ឱ្យប្រជាពលរដ្ឋពង្រីកដីធ្លីដាំដុះ ថ្នាក់ដឹកនាំឈានដល់ដំណាក់កាលមួយ គឺខិតខំដោះមីន និងផ្តល់លុយកាក់ ឱ្យប្រជាពលរដ្ឋថែមទៀត ដើម្បីពួកគាត់ទៅរុករានដីថ្មី។ រហូតដល់ទសវត្សឆ្នាំ១៩៨០ ថ្នាក់ដឹកនាំបានប្រឹងប្រែងពង្រឹងកម្មសិទ្ធិដីធ្លី ដោយចេញលិខិតស្នាមរដ្ឋបាល និងប័ណ្ណ ភោគៈជូនប្រជាពលរដ្ឋ។
យ៉ាងណាមិញ ជាមួយនឹងការប្រគល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ពិតជានឹងធ្វើឱ្យដីធ្លីក្លាយជាទ្រព្យដ៏មានតម្លៃ សម្រាប់ប្រើប្រាស់ ដើម្បីទទួលបាននូវទុនយកមកអភិវឌ្ឍន៍ដីធ្លី និងផលប្រយោជន៍ខាងផ្លូវច្បាប់ជាច្រើនផ្នែកទៀត។ ដោយឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រដ៏លំបាកលំបិននេះ ទើបរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែយល់សុខទុក្ខប្រជាជន កំណត់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំរាជរដ្ឋាភិបាល ដីធ្លីរបស់ប្រជាកសិករ ដែលធ្វើអាជីវកម្មក្នុងលក្ខណៈជាគ្រួសារ នឹងមិនត្រូវបានយកពន្ធទេ។
លោកប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បញ្ជាក់បន្ថែមទៀតថា ការប្រគល់កម្មសិទ្ធិដីធ្លី ដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន មិនបានរើសអើងពីនិន្នាការនយោបាយទេ គឺចែកជូនទាំងអស់ ហើយសូមថែរក្សាប័ណ្ណនេះឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ កូនចៅតទៅអនាគត មិនដូចការឃោសនារបស់ក្រុមអ្នកប្រឆាំង ដែលបំផុសថា ក្រោយបោះឆ្នោតឆ្នាំ២០១៣ គេនឹងដកហូតយកវិញនោះទេ លោកសូមធានាយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ។ សំខាន់បងប្អូនត្រឹមតែចងចាំ នូវពាក្យស្លោកដូចចាស់ៗនិយាយថា “ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវគិតដល់អ្នកដាំ” ជាការស្រេច៕ S




នេះមានន័យថា ពលរដ្ឋសព្វថ្ងៃ រស់នៅខុសច្បាប់ហើយមែនទេ ?