ភ្នំពេញៈ តើតារាចម្រៀងបែបកំប្លែងមានប្រភពពីអ្នកច្រៀងភ្លេងការនៅភ្នំបាសិតនាង ខាត់ សុឃីម ពិតជាជះលុយជួលលោក អ៊ិន សុបញ្ញា ហៅ សុផាណូ រៀបការធ្វើប្តីមែនឬ? ហាក់ដូចជាក្តៅស្លឹកត្រចៀកដែរ ខាត់ សុឃីម បាននិយាយភ្លាមថា ថ្វីដ្បិតមានគេថា នាងស្រឡាញ់ប្រុសក្មេង តែស្នេហាប្តីប្រពន្ធរបស់នាងជាស្នេហ៍បរិសុទ្ធ។ ភ្លាមនោះ លោក អ៊ិន សុផាណូ ក៏បានបញ្ជាក់ថា លោកជាកូនប្រុសដើមទ្រូងប្រាំហត្ថ លោកមិនដល់ថ្នាក់លក់ខ្លួននោះទេ។
Wednesday, 26 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ខណៈពេលដែលភាពសប្បាយរីករាយជាងគេនៅក្នុងឆាកជីវិតរបស់អ្នកនាង ខាត់ សុឃីម និងលោក អ៊ិន សុផាណូ ក្រោមដំបូលអាពាហ៍ពិពាហ៍កំពុងតែកើតមានឡើងនោះ ការរិះគន់របស់អ្នកក្រៅ និងក្នុងសិល្បៈ ក៏បានរំលេចឡើងស្របគ្នានោះដែរ។ មានការនិយាយថា ស្នេហាមួយនេះមិនមែនជាការពិតទេ ដោយអ្នកខ្លះបានរិះគន់ថា ស្រីចាស់ស្រឡាញ់ប្រុសក្មេង ពោលគឺស្នេហាប្រើទឹកលុយជាធ្នាក់ ហើយមានមនុស្សមួយចំនួននោះហ៊ាននិយាយដល់ថ្នាក់ថា លោក អ៊ិន សុផាណូ ត្រូវបានអ្នកនាង ខាត់ សុឃីម ជួលឲ្យរៀបមង្គលការជាមួយទៀតផង។
ប៉ុន្តែការនិយាយស្តីរបស់អ្នករិះគន់ខ្លាំងៗជាថ្មីជុំវិញស្នេហាខុសវ័យមួយនេះ ហើយថែមទាំងការនិយាយនូវសម្តីមិនសមរម្យថា ស្នេហានេះកើតឡើងពីការជះទឹកលុយពោលគឺ ខាត់ សុឃីម ជួល អ៊ិន សុផាណូ រៀបការជាមួយត្រូវបានអ្នកនាង ខាត់ សុឃីម និងលោក អ៊ិន សុផាណូ បដិសេធ ហើយពួកគេក៏មិនខ្លាចនឹងទម្លាយអំពីចំណងស្នេហ៍នេះជាថ្មីប្រាប់ដល់មហាជនដែរ។ ទាំង ខាត់ សុឃីម និង អ៊ិន សុផាណូ បាននិយាយហាក់ផុសចេញពីបេះដូងតែមួយថា ស្នេហារបស់ពួកគេជាស្នេហាពិតផ្តើមចេញពីបេះដូងបរិសុទ្ធហើយពួកគេបានតស៊ូជម្នះការរិះគន់មិនតិចទេ ទម្រាំតែឈានដល់ថ្ងៃមិនអាចបំភ្លេចបានក្នុងនាមជាប្តីប្រពន្ធក្នុងឆាកជីវិតនេះ។
តារាចម្រៀងដែលមានកូនប្រុសម្នាក់ទើបរៀបការនាង ខាត់ សុឃីម បាននិយាយចេញពីចិត្តស្មោះថា៖«មានគេថា ខ្ញុំចាស់ស្រឡាញ់ក្មេង តែស្នេហាខ្ញុំជាស្នេហាបរិសុទ្ធ ពួកយើងបានតស៊ូជាមួយគ្នាច្រើនណាស់ ដើម្បីជម្នះការរិះគន់ទាំងនេះហើយយើងបានសម្រេចបំណងដ៏ធំនៅពេលនេះ»។
នៅក្នុងចំណោមការរិះគន់ទាំងនោះ អ្វីដែលជាការនិយាយដ៏ធ្ងន់ធ្ងរមិនអាចទទួលយកបាននោះគឺការលើកឡើងថា អ្នកនាង ខាត់ សុឃីម បានជួលលោក អ៊ិន សុផាណូ រៀបមង្គលការធ្វើប្តីតែលោក អ៊ិន សុផាណូ បានចេញមុខបញ្ជាក់ដោយចិត្តត្រជាក់ស្របគ្នានឹងភរិយាថា មង្គលការជារឿងសំខាន់បំផុតនៅក្នុងជីវិតមិនមែនជារឿងលេងសើចឡើយ ដូច្នេះស្នេហារបស់លោក និងភរិយានាង ខាត់ សុឃីម គឺកើតឡើងពីក្តីស្រឡាញ់ស្មោះភក្តីពិតប្រាកដ ហើយលោកនិយាយក្នុងនាមជាកូនប្រុសដើមទ្រូង៥ហត្ថ។ លោកបានបញ្ជាក់ថា សូមកុំមើលងាយអ្នកសិល្បៈបែបនេះ ព្រោះអ្នកសិល្បៈទាំងអស់មិនដូចគ្នាទេ។
លោក អ៊ិន សុបញ្ញា ហៅ ផាណូ បាននិយាយក្នុងនាមជាកូនប្រុសប្រកបដោយទំនួលខុសត្រូវថា៖«អ្នកខ្លះនិយាយថា ភរិយាខ្ញុំជួលខ្ញុំរៀបការជាមួយ ខ្ញុំហួសចិត្តណាស់។ ខ្ញុំជាកូនប្រុសម្នាក់ ខ្ញុំមិនដល់ថ្នាក់លក់ខ្លួនរៀបការបែបនេះទេ តែផ្ទុយមកវិញ ពួកខ្ញុំទាំងពីរស្រឡាញ់គ្នាដោយស្នេហ៍បរិសុទ្ធបំផុត»។
លោកបានបញ្ជាក់ថា៖ «អ្នកសិល្បៈទាំងអស់មិនដូចគ្នាទេ កុំមើលងាយអ្នកសិល្បៈបែបនេះ»។
នេះមិនមែនជាលើកទី១ឡើយដែលមានការរិះគន់បែបនេះតែស្នេហារបស់តារាទាំងពីរដួងនេះ ត្រូវបានមនុស្សជាច្រើនគាំទ្រ និងមើលឃើញស្ទើរទាំងអស់គ្នាថា ក្តីស្នេហ៍អ្នកទាំងពីរបានកើតឡើងដោយចិត្តនិងចិត្ត មិនមែនស្នេហាហុតទឹកសម្លឹងកាកដូចការនិយាយរបស់មនុស្សមួយក្តាប់តូចនោះឡើយ៕

កាលខាត់សុឃឹមអត់លុយដូចជាគ្មានរឿងស្នេហាបរិសុទ្ធសោះ ដល់ពេលនាងមានលុយស្រាប់
តែគូរព្រេងក៍មកដល់ហើយពាក្យបរិសុទ្ធក៍លេចធ្លោរមកដែរ។ ចម្លែកមែន…។
ជួលហើយថាមិនជួល
មិនចូលចិត្តនាងនេះត្រង់គ្មានសុជីវធម៌ក្នុងការនិយាយស្តី សំឡេងក្តៀនដូចកង់រទេះអត់ខ្លាញ់ ប្រុសៗនៅបរទេសខ្លះបានប្រាប់ថា នាងប៉ិនរែងចង្កះណាស់ ។
នាងប៉ិនរែងចង្កេះណាស់ ទោះនៅកណ្តាលចំការក៏ដោយ!!!!!!!