ខុមហ្រ្វែល ពង្រឹងសំឡេងម្ចាស់ឆ្នោត ក្នុងឃុំដាច់ស្រយាល និងឃុំជនជាតិដើមភាគតិច

ភ្នំពេញ: គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បានរៀបចំ​សិក្ខាសាលា ស្តីពីការពង្រឹង​សំឡេង​ម្ចាស់ឆ្នោត ក្នុងការ​កំណត់​តម្រូវការ​អាទិភាព​នៅ​ឃុំ​ដាច់ស្រយាល និង​ឃុំ​ជនជាតិភាគតិច កាលពី​ព្រឹក​ថ្ងៃទី​២៥ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អឹម​ភី​រៀល រាជធានី​ភ្នំពេញ​។​

ថ្ងៃទី 26 ធ្នូ 2012
ដោយ: រតនា
CEN

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​ខុមហ្វ្រែល បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​នៃ​វិធីសាស្ត្រ ដើម្បី​អនុវត្ត​ន៍គម្រោង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​ពង្រឹង​គណនេយ្យភាព​រប​ស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។

​លោក​បន្តថា តាម​លទ្ធផល​ពិន្ទុ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដាច់ស្រយាល និង​ឃុំ​ជនជាតិភាគតិច​បាន​ឲ្យ​តម្លៃ​ថា​ កន្លងមកជាទូទៅពិនិត្យឃើញថា មាន​ក្រុមប្រឹក្សាឃុំ​តែ​ប្រមាណ​៣០ ភាគរយ​តែប៉ុណ្ណោះដែល​បាន​អនុវត្តន៍បាន​ខ្លះ​តាម​សំណូមពរ​សំឡេង​ម្ចាស់ឆ្នោត​។ ចំណែក​ក្រុមប្រឹក្សាឃុំ​ប្រមាណ​ជាង​៦០ ភាគរយ​ទៀត មិនបាន​អនុវត្ត​ន៍ឲ្យ​បាន​ពេញលេញតាម​សំណូមពរ​របស់​ប្រជាជនជា​ម្ចាស់ឆ្នោតនៅឡើយ​ទេ​។

​លោក គល់ បញ្ញា លើកឡើងថា ដោយសារតែ​មូលហេតុ​នេះហើយ ទើប​ចំណុច​មួយចំនួន​ដែល​យកមក​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ ទាក់ទង​នឹង​បញ្ហា​នៅ​ថ្នាក់មូលដ្ឋាន​មិនអាច​ដោះស្រាយបាន​ដោយ​ក្រុមប្រឹក្សាឃុំ ដើម្បី​ឲ្យ​មានការ​ឆ្លើយតប​ពី​គណបក្សនយោបាយ ជាពិសេស​ពី​រដ្ឋាភិបាល​ថ្នាក់ជាតិ​។

​លោក​បន្តថា សិក្ខាសាលា​នេះ ក៏​ក្នុង​បំណង​ចង់​ឲ្យ​គណបក្សនយោបាយ និង​អ្នក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នៅ​ថ្នាក់ជាតិ​ខាងមុខនេះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋដែល​បានលើកឡើង​។

​លោក​បញ្ជាក់ទៀតថា កន្លងមក​យើង​សង្កេតឃើញ​គម្រោង​តូចៗមានការ​ធ្វើ​ផ្លូវ​នៅ​ថ្នាក់ឃុំ​ មានការ​ដោះស្រាយ​ច្រើន ប៉ុន្តែ​សេវា​សំខាន់ៗមួយចំនួន ដូចជា សេវា​សុខភាព ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ បញ្ហាដីធ្លី​ជាដើម ឃើញថា​នៅតែ​ជា​បញ្ហា រសើប​នៅឡើយ ដែល​ទាំងអស់នេះ សិក្ខាសាលា​នឹង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សាឃុំ​ពិចារណា​ដាក់បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍ សម្រាប់​តំណាង​គណបក្សនយោបាយប្រើប្រាស់ជា​របៀបវារៈ ឬ​កម្មវិធី​នយោបាយ និង​ជា​សូចនាករ​សម្រាប់​ឆ្លុះបញ្ចាំង​គណនេយ្យភាពរ​បស់​ក្រុមប្រឹក្សាឃុំ ក្នុង​បំណង​ពិនិត្យ​តាមដាន និង​វាយតម្លៃ​អំពី​ការយកចិត្តទុកដាក់រ​បស់​ក្រុមប្រឹក្សាឃុំ ឬ​តំណាង​គណបក្សនយោបាយ​នៅ​មូលដ្ឋាន ក្នុងការ​ឆ្លើយតបចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​តម្រូវការ​អា​ទិ​ភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក ទេព ន​ន្ទ​រី តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ បាន​លើកឡើងថា ការរៀបចំ​អភិវឌ្ឍន៍​ភូមិ​ ឃុំ ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ទើប​ជាការ​អភិវឌ្ឍន៍​សម្រាប់​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រជាពលរដ្ឋ​។

​លោក​អះអាងថា កន្លងមក​ការអភិវឌ្ឍ​នៅតាម​ភូមិ ឃុំ ពុំ​សូវ​មាន​ប្រសិទ្ធភាព ដោយសារតែ​ការធ្វើ​វិមជ្ឈការ​មិនទាន់បាន​ទៅដល់​ថ្នាក់មូលដ្ឋាន​។​

​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនោះ បានលើកឡើង​ដែរ​ថា បញ្ហាសំខាន់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺមាន​ទំនប់ ប្រឡាយ ផ្លូវ និង​ភ្លើង​ជាដើម ដែលជា​បញ្ហាសំខាន់​ត្រូវ​ដោះស្រាយ ហើយ​អ្វី​ដែលជា​បញ្ហា​ដែរនោះ គឺ​ព័ត៌មាន​។

​លោក​បញ្ជាក់ថា បញ្ហា​ព័ត៌មាន​នេះ ប្រជាពលរដ្ឋ​នៅ​ជនបទ​ទទួលបាន​តិច​ណាស់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​​អត់​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​នោះឡើយ​៕ S

What Next?

Recent Articles