គម្រោងលើកកម្ពស់ជីវភាព សហគមន៍ព្រៃឈើ ត្បែងលិច ទទួលបានជោគជ័យ

សៀមរាប: មានការ​ផ្ដួចផ្ដើមឡើង​ពី​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឱ្យ​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​ព្រៃឈើ​ត្បែង​លិច ទទួលបាន​ជោគជ័យ ហើយ​ប្រជាជន​ក្នុង​សហគមន៍​មួយ​នេះ ក៏បាន​ពង្រីក ហើយ​ដឹកនាំ​ដោយ​ខ្លួនឯង ដើម្បី​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ​បាន​យ៉ាង​គាប់ប្រសើរ​បំផុត​។

ថ្ងៃទី 26 ធ្នូ 2012
ដោយ: បាយ័ន
CEN

លោក ច័ន្ទ សារុន (​សញ្ញា​ព្រួញ​) ពេល​ចុះ​ពិនិត្យ​ស្រូវ​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ដែល​ទទួលបាន​ទិន្នផល​ពី​៣​តោន​កន្លះ ទៅ​៤​តោន​ក្នុង​មួយ​ហិកតា​។ (​រូបថត​៖​សហគមន៍​)

លោក ច័ន្ទ សារុន (​សញ្ញា​ព្រួញ​) ពេល​ចុះ​ពិនិត្យ​ស្រូវ​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ដែល​ទទួលបាន​ទិន្នផល​ពី​៣​តោន​កន្លះ ទៅ​៤​តោន​ក្នុង​មួយ​ហិកតា​។ (​រូបថត​៖​សហគមន៍​)

គម្រោង​លើកកម្ពស់​ជីវភាព​ក្នុង​សហគមន៍​ព្រៃឈើ​ត្បែង​លិច ក្រៅពី​ផ្ដួចផ្ដើម​នៅ​គម្រោង​នេះ លោក​បណ្ឌិត ច័ន្ទ សារុន ក៏​ជា​អ្នក​ជួយ​ថវិកា​បង្កើត​នៅ​គម្រោង​នេះ​ផងដែរ​។

លោក ទៀវ ប៉ូ​ជុន អ្នកសម្របសម្រួល​អភិ​វឌ្ឍន៍​គម្រោង នៅ​សហគមន៍​ត្បែង​លិច ស្ថិតក្នុង​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បានឱ្យដឹងថា គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ គឺ​កើតឡើង​តាំងពី​ខែមេសា ឆ្នាំ​២០១១ ហើយ​បញ្ចប់​ទៅវិញ​នៅ​ខែធ្នូ ឆ្នាំ​២០១២​។

លោក ទៀវ ប៉ូ​ជុន បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ភូមិ​ត្បែង​លិច ដែល​ទទួលបាន​ពី​គម្រោង​នេះ គឺមាន​ប្រជាពលរដ្ឋ​ចំនួន ១៨០​គ្រួសារ ដែល​មុន​បង្កើត​គម្រោង​គឺ​ពួកគាត់​មាន​ភាពលំបាក ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ប៉ុន្ដែ​ក្រោយពី​លោក​បណ្ឌិត ច័ន្ទ សារុន បង្កើត​នៅ​គម្រោង​ថ្មី​មួយ​នេះ ហើយ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១២ ប្រជាជន​ក្នុងភូមិ​ត្បែង​លិច ក៏បាន​ពង្រឹង​ខ្លួន​ត​ពី គម្រោង ដែល​បច្ចុប្បន្ន​ទទួលបាន​ជោគជ័យ និង​ធ្វើជា​គំរូ ក្នុង​ភាព​រីកចំរើន​ក្នុង​ជីវភាព​គ្រួសារ របស់​ពួកគាត់​ថែម​ទៀតផង​។

លោក ទៀវ ប៉ូ​ជុន ដែលជា​អតីត​អនុប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​សៀមរាប​ផងដែរ បានឱ្យដឹង​ផងដែរ​ថា គម្រោង​សហគមន៍​ព្រៃឈើ​ត្បែង​លិច ដែល​បង្កើតឡើង​រួចហើយនោះ គឺ​ផ្ដោត​សំខាន់​លើ​ការចិញ្ចឹម​ត្រី​, ចិញ្ចឹម​មាន់​, ចិញ្ចឹម​ជ្រូក​, បន្លែ និង​ធ្វើ​ស្រូវ ប្រពលវប្បកម្ម តាម​គោលការណ៍​ធម្មជាតិ​(​ប​.​វ​.​ស​)​។ គោលបំណង​នេះដែរ ក៏បាន​ឱ្យឃើញ​ពី​ការពង្រឹង​សមត្ថភាព​ស​មា​ជិ​ក​សហគមន៍​ទាំងអស់ បច្ចេកទេស ប្រពល​វប្ប កម្ម​ដំណាំ​ស្រូវ ប​.​វ​.​ស​។ ផ្ដល់​បច្ចេកទេស​ចិញ្ចឹមសត្វ តាមបែប​ប្រពលវប្បកម្ម ដោយ​កែលំអរ​ពូជ​សត្វ​, ដាំ​ដំណាំ​ចិញ្ចឹមសត្វ​, ចិញ្ចឹមសត្វ​មិន​លែង​(​ក្នុង​ទ្រុង​), ចាក់​ថ្នាំ​ការពារ និង​ការថែទាំង​តាម​បច្ចេកទេស​។ ជំរុញ​កសិករ​ឱ្យ​ចេះ​រៀបចំ​ធ្វើ​ផែន​ការណ៍ ផលិតកម្ម​តាម​តម្រូវការ​ទីផ្សារ​។ ជំរុញ​កសិករ​ឱ្យ​អនុវត្ដ​ដាំ​ដំណាំ​ឆ្លាស់​, ដើម្បី​កែលំអរ​គុណភាព​ដី​ផង និង​ការបង្កើន​ប្រាក់ចំណូល ក្នុង​គ្រួសារ​ផង និង​ជំរុញ​ឱ្យ​សហគមន៍​ចេះ​អភិវឌ្ឍន៍​ខ្លួនឯង​ប្រកបដោយ​និរន្ដ​ភាព ទាំង​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​។

គម្រោងលើកកម្ពស់ជីវភាព សហគមន៍ព្រៃឈើ ត្បែងលិច ទទួលបានជោគជ័យ

​លោក ទៀវ ប៉ូ​ជុន (​សញ្ញា​ព្រួញ​) ពេល​ចុះ​ពិនិត្យ​ស្រូវ​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ដែល​ទទួលបាន​ទិន្នផល​ពី​៣​តោន​កន្លះ ទៅ​៤​តោន​ក្នុង​មួយ​ហិកតា​។ (​រូបថត​៖​សហគមន៍​)

លោក ទៀវ ប៉ូ​ជុន បានឱ្យដឹង​ទៀតថា ភាពជាក់ស្ដែង​ប្រជាកសិករ​នៅ​ភូមិ​ត្បែង​លិច​ទាំងអស់ ដែល​កន្លងមក​ធ្លាប់តែ​ធ្វើ​ស្រូវ​(​ប​.​វ​.​ស​) ក្នុង​មួយ​ហិកតា បាន​បរិមាណ​ស្រូវ​តែ​១,២​តោន តែ​ឥឡូវ​ក្រោយពី​បញ្ជ្រាប​គម្រោង​ចូល​ធ្វើឱ្យ​ពួកគាត់ កែប្រែ​ស្រូវ​ពី​៣​តោន​កន្លះ ទៅ​៤​តោន ក្នុង​មួយ​ហិកតា​។ លោក​បន្ដថា ក្រៅពី​ពង្រីក​ខ្លួន​ត​ពី​គម្រោង​ក្នុងភូមិ​ត្បែង​លិច ធ្វើឱ្យ​ពួកគាត់​ឥឡូវ​មាន​មាន់​លក់ មាន​ស្រូវ​លក់ មាន ត្រី​លក់ មានកូន​ត្រី​ចែករំលែក និង​លក់បាន​កម្រៃ​គួរឱ្យ​គាប់ប្រសើរ ដើម្បី​ចិញ្ចឹម​ខ្លួន និង​គ្រួសារ​របស់​ពួកគាត់ ដើម្បី​ឈាន ទៅ​រំដោះ​ភាពក្រីក្រ បាន​មួយកំរិត​ធំ​។ លោក​បន្ដថា ជាមួយគ្នា​នោះ​ធ្វើឱ្យ​ប្រជាជន​នៅក្នុង​សហគមន៍​ព្រៃឈើ​ត្បែង​លិច មានការ​វិវត្ដន៍​ខ្លួន និង​ធ្វើឱ្យ​ពួកគាត់​ចាក​ផុតពី​ការ​ចំណាកស្រុក​ថែមទៀត​ផង​។​
​ ​
​លោក ទៀវ ប៉ូ​ជុន បាន​បញ្ជាក់ថា លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះទៅ​កាន់​សហគមន៍​ព្រៃឈើ ព្រៃ​ក្បាល​បី ស្ថិតនៅ​ភូមិ​ព្រៃ​ក្បាល​បី ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ ហើយ​លោក​រដ្ឋមន្ដ្រី​ក៏បានផ្ដល់​អនុសាសន៍​ដ​ល់ ថ្នាក់ដឹកនាំ​ក្នុង​សហគមន៍​ក៏ដូចជា ជំនាញ​របស់​ខេត្ដ ដើម្បីឱ្យ​សហគមន៍​មួយ​នេះ ចុះមក​ដកស្រង់​បទពិសោធន៍​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប​។
​ ​
​បន្ទាប់ពី​ទទួល​អនុសាសន៍​របស់​លោក ច័ន្ទ សារុន រួចហើយ គឺ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ គេ​បានឃើញ​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ​កំពង់ធំ និង​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ធំ បាន​ដឹកនាំ​កសិករ​ចំនួន​២០​នាក់ ពី​សហគមន៍​ព្រៃឈើ​ព្រៃ​ក្បាល​បី មក​យក​បទពិសោធន៍​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។
​ ​
​ជាមួយគ្នា​នោះ បន្ទាប់ពី​ទទួលបាន​បទពិសោធន៍​ពី​សហគមន៍​ព្រៃឈើ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី គឺ​សហគមន៍​ព្រៃឈើ ព្រៃ​ក្បាល​បី របស់​ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ កំពុង​យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង​ដើម្បី​រំដោះខ្លួន ជា​បណ្ដើរៗ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នៅពេល​អនាគត ដូច​សហគមន៍​ព្រៃឈើ​ត្បែង​លិច​។
​ ​
​សូម​បញ្ជាក់ដែរថា គម្រោង​លើកកម្ពស់​ជីវភាព គម្រោង​ព្រៃឈើ ព្រៃ​ក្បាល​បី ឃុំ​ទីពោ ស្រុក​សន្ទុក គឺ​ផ្ដល់​ថវិកា​ពី​លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូច​គម្រោង​នៅ​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ផងដែរ ហើយ​គម្រោង​លើកកម្ពស់​ជីវភាព​រប​ស់​សហគមន៍​ព្រៃឈើ ព្រៃ​ក្បាល​បី ភូមិ​ទីពោ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ និង បានបញ្ចប់​គម្រោង​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៣​ខាងមុខ​។
​ ​
​បើតាម​លទ្ធផល​រំពឹងទុក​គម្រោង​លើកកម្ពស់​ជីវភាព នៃ​សហគមន៍​ទាំងពីរ និង​ធ្វើឱ្យ​កសិករ​ទទួលបាន​នូវ​បទពិសោធន៍ និង​បច្ចេកទេស​កសិកម្ម​ល្អៗ​សំរាប់ធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​។ កសិករ និង​ទទួលបាន​ទិន្នផល​ស្រូវ​កើនឡើង​តាមរយៈ ការធ្វើ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ និង​ផ្លាស់ប្ដូរ​មកប្រើប្រាស់​ពូជស្រូវ​ល្អ​សុទ្ធ (​ពូជស្រូវ​១០​មុខ​)​។ កសិករ​បង្ហាញ​ទាំងអស់ និង ក្លាយជា​កសិករ​គំរូ តាម​បច្ចេកទេស និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការធ្វើ​ប្រពលវប្បកម្ម​សំរាប់​ផ្សព្វផ្សាយ​ដល់​កសិករ​ដ៏ទៃទៀត​។ កាត់បន្ថយ​ការកាប់​ឈើ​ធ្វើ​អុស តាមរយៈ​ការប្រើប្រាស់​ថាមពល​ពី​ឡ​ជីវឧស្ម័ន​។ សមាជិក​សហគមន៍​ទាំងអស់​និង​ទទួលបាន​ការលើក​ទឹក​ចិ​ត្ដ​ឱ្យ​បន្ដ​ការពារ និង​គ្រប់គ្រង​ព្រៃឈើ ឱ្យបាន​គង់​វង់​សំរាប់​លំនឹង និង​បរិស្ថាន និង​ជម្រក​សត្វព្រៃ ក៏ដូចជា​ចំណូល​បន្ថែម​តាមរយៈ​បង្កើត​តំបន់​បរិស្ថាន​ទេសចរណ៍​។​
​ ​
​ជាមួយគ្នា​នោះ​លោក ទៀវ ប៉ូ​ជុន បាន​បន្ថែមថា កន្លងមក​នៅ​សហគមន៍​ព្រៃឈើ​ត្បែង​លិច ដែល​កន្លងមក​ធ្លាប់តែ​មក​ទិញ​បន្លែ​នៅ​ខេត្ដ​សៀមរាប ឥឡូវ​អ្នក​ខេត្ដ​សៀមរាប ទៅ​ទិញ​បន្លែ​នៅឯ​សហគមន៍​ព្រៃឈើ​ត្បែង​លិច​វិញ​ម្ដង ហើយ​ពួកគាត់​រក​បន្លែ​លក់​ឱ្យ​អ្នកក្រុង​សៀមរាប មិនបាន​ថែមទៀត​ផង ព្រោះតែ​គេ​យល់ថា​បន្លែ​នៅ​ទីនោះ​មិន​ប្រើ​ជីគីមី ធ្វើឱ្យ​មានគុណ​ភាពល្អ​៕

What Next?

Recent Articles