ភ្នំពេញ: តុលាការសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការ ដាច់ដោយឡែកពីគ្នា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីជំនុំជម្រះ លើករណីស្ត្រីអ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី អ្នករស់នៅសហគមន៍បុរីកីឡា ដែលមានជម្លោះដីធ្លី ។ ស្ត្រីសកម្មជនតវ៉ាដីធ្លីទាំងពីរនាក់ ត្រូវបានចោទប្រកាន់ និងចាប់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នា ដែលអង្គការសិទ្ធិមនុស្ស អះអាងថា កើតចេញពីការតវ៉ាដីធ្លី និងការពារផ្ទះសម្បែងរបស់ពួកគេនៅបឹងកក់ និងនៅបុរីកីឡា។
ថ្ងៃទី 26 ធ្នូ 2012
ដោយ: លី សិលា
CEN
អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានផ្តល់នាមជាអ្នកទោសមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ។ ស្ត្រីទាំងពីរ ប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ។
ជាបន្តបន្ទាប់ អង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសចំពោះការចាប់ខ្លួនស្ត្រីអ្នកភូមិបឹងកក់ និងបុរីកីឡាទាំងពីរនាក់ ហើយបានទាមទារឲ្យដោះលែងស្ត្រីទាំងពីរនាក់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
ចំណែកក្រុមអ្នកភូមិបុរីកីឡា និងអ្នកបឹងកក់ ក៏បានប្រមូលផ្តុំតវ៉ា និងដាក់ញត្តិទៅកាន់ស្ថានទូតនានា ព្រមទាំងស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា ជាដើម ដើម្បីឲ្យអន្តរាគមន៍ដោះលែងស្ត្រីទាំងពីរនាក់ចេញពីពន្ធនាគារព្រៃស។ អន្តរាគមន៍ពីប្រមុខការទូត និងប្រធានាធិបតីប្រទេសមហាអំណាច ដូចជា អាមេរិក សហភាពអឺរ៉ុប ជាដើម ក៏ត្រូវបានអ្នកភូមិដាក់ញត្តិស្នើសុំផងដែរ។
យ៉ាងណាក៏ដោយ ក្នុងរឿងចោទប្រកាន់ និងឃុំខ្លួនស្ត្រីនៅបឹងកក់ និងនៅបុរីកីឡានេះ ត្រូវបានមន្ត្រីតុលាការអះអាងថា មិនជាប់ពាក់ព័ន្ធនឹងការតវ៉ាដីធ្លីទេ តែជារឿងព្រហ្មទណ្ឌ ដែលស្ត្រីទាំងពីរបានប្រព្រឹត្តបទល្មើសច្បាប់ប៉ុណ្ណោះ។
អង្គការសិទ្ធិមនុស្ស លីកាដូ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បានផ្សព្វផ្សាយនូវប្រវត្តិ នៃការតស៊ូចូលរួមតវ៉ាដីធ្លីរបស់ស្ត្រីបឹងកក់ និងស្ត្រីបុរីកីឡា ទាំងពីររូប ដែលត្រូវបានតុលាការចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌ ហើយចាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។
ស្ត្រីទាំងពីរ ត្រូវបានគេសរសេរផ្សព្វផ្សាយក្នុងអត្ថបទពីរ ដាច់ដោយឡែកពីគ្នា ដែលមានចំណងជើងថា អ្នកការពារសិទ្ធិមនុស្ស អ្នកស្រី យ៉ោម បុប្ផា “ម្តាយមួយរូបទៀត ពីសហគមន៍បឹងកក់ ដែលត្រូវបានឃុំខ្លួន” និងអត្ថបទមួយទៀត មានចំណងជើងថា អ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ទឹម សាក់មុនី្ន “ជាប់ពន្ធនាគារ ព្រោះការទាមទារសិទ្ធិលើផ្ទះសម្បែង”។
អ្នកស្រី យ៉ោម បុប្ផា មានអាយុ ២៩ ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា តាមរយៈការវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានឃុំឃាំងនៅពន្ធនាគារព្រៃស ( មណ្ឌលអប់រំកែប្រែទី២ )។
ចំណែកអ្នកស្រី ទឹម សាក់មុន្នី អាយុ ៦៤ ឆ្នាំ អ្នករស់នៅសហគមន៍បុរីកីឡា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ផ្ទះល្វែងនៅបុរីកីឡា៕ S