ប្រជាពលរដ្ឋ ៤៤ គ្រួសារ ប្តឹងអាជ្ញាធរ ពីការរំលោភ យកដី នៅប៉ោយប៉ែត

ភ្នំពេញ: ​ប្រជាពលរដ្ឋដែល​អះអាងថា បាន​រងគ្រោះ​ពី​សំណាក់​អាជ្ញាធរ អ្នកមានអំណាច និង​មន្ត្រី​កងរាជអាវុធហត្ថ​ខិលខូច ព្រមទាំង​មន្ត្រី​សុ​រិ​យោ​ដីបាន​ឃុបឃិត​គ្នារំលោភ​យក​ដីធ្លី​របស់​ពួកគាត់ បាន​នាំ​តំណាង​ប្រមាណ ២០ នាក់ មក​ដាក់ពាក្យ​បណ្តឹង​នៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១២ ដើម្បី​សុំ​អន្តរាគមន៍​ដល់​ពួកគាត់​។​

ថ្ងៃទី 26 ធ្នូ 2012
ដោយ: រតនា

ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពី​មន្ត្រី​អាជ្ញាធរ​ខិលខូច ដែល​បាត់បង់​ដីធ្លី ដែល​បាន​មកសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នោះ ពួកគាត់​មាន​ចំនួន ៤៤ គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋ ២១៨ គ្រួសារ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

នៅក្នុង​ពាក្យបណ្តឹង ដែល​តំណាង​ប្រជាពលរដ្ឋ​ទាំង ៤៤ គ្រួសារ ដាក់ពាក្យ​បណ្តឹង​ទៅ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នោះ មាន​មន្ត្រី​ខិលខូច​មួយចំនួន រួមមាន​៖ លោក មុំ ម៉ា​រិ​ន មេភូមិ​ក្បាលស្ពាន លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត លោក ប្រាក់ ប៉ូ​លី មន្ត្រី​សុរិយោដីក្រុង​ប៉ោយប៉ែត និង​លោក ទូច គង្គា នាយការិយាល័យ​ព័ត៌មាន សន្តិសុខ​ទូទៅ នៃ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ​ទាំង ៤៤​គ្រួសារ ប្តឹង​ចោទប្រកាន់ថា ជា​អ្នក​ឃុបឃិត​គ្នារំលោភ​យក​ដីធ្លី​របស់​ពួកគាត់ ដែល​ដី​នោះសម្តេច​តេ​ជោ បានផ្តល់​សម្បទានជូន​ពួកគាត់​ស្របច្បាប់​ទៅហើយនោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​មានប្រសាសន៍ព្រមាន​ជា​សាធារណៈចំពោះ​ពួក​មន្ត្រីរដ្ឋាភិបាល​ណាដែល​ខិលខូច ឃុបឃិត​គ្នារំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នោះ ត្រូវតែ​ប្រញាប់​ដកខ្លួន​ចេញ ហើយ​ប្រគល់​ដីធ្លី​ទាំងនោះជូន​ប្រជាពលរដ្ឋ​វិញ បើ​ពុំ​នោះទេ​នឹង​ត្រូវ​កណ្តាប់ដៃដែក របស់​សម្តេច​តេ​ជោ​។​

​ដូច្នេះ ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​- ក្រុង​ប៉ោយប៉ែត សង្ឃឹមថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ប្រើបាស់កណ្តាប់ដៃដែក មាន​វិធានការតាមផ្លូវ​ច្បាប់ចំពោះ​ពួក​មន្ត្រី​ខិលខូច ដែល​រួមមាន លោក មុំ ម៉ា​រិ​ន មេភូមិ​ក្បាលស្ពាន​. លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​. លោក ប្រាក់ ប៉ូ​លី មន្ត្រី​សុរិយោដីក្រុង​ប៉ោយប៉ែត និង លោក ទូច គង្គា នាយការិយាល័យ​ព័ត៌មាន​សន្តិសុខ​ទូទៅនៃ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ដើម្បី​ផ្តល់​យុត្តិធម៌ជូន​ប្រជាពលរដ្ឋ​រងគ្រោះពី​ការរំលោភ​យក​ដីធ្លី ពី​សំណាក់ ក្រុមមនុស្ស​ខិលខូច​ទាំងនោះ​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋនៅ​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃនៅឡើយ​ទេ​។ រីឯ​អាជ្ញាធរ ដែលមាន​ឈ្មោះ ក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ ក៏​មិនទាន់មាន​អត្ថាធិប្បាយ​បែបណា នៅឡើយ​ដែរ​៕ S

What Next?

Recent Articles

One Response to "ប្រជាពលរដ្ឋ ៤៤ គ្រួសារ ប្តឹងអាជ្ញាធរ ពីការរំលោភ យកដី នៅប៉ោយប៉ែត"

  1. Ratha says:

    តើបងប្អូនបានឃើញច្បាស់ហើយថា
    ទោះសម្ដេចនាយករដ្ឋមន្ត្រីដែលអួតខ្លួនល្បីល្បាញ
    ក៏នៅធ្វើព្រងើយមិនអើពើអ្វីសោះ ចុះថ្ងៃក្រោយនៅចង់
    បោះឆ្នោតគាំទ្របក្សមួយនេះតទៅទៀតឬ?