ពលរដ្ឋ​បុរី​កីឡា​ជាង​១០០​គ្រួសារ​កំពុង​រួបរឹត​ដោយ​ជំងឺ

ភ្នំពេញៈ អង្គុយ​នៅ​ក្នុង​ខ្ទម​ប្រ៉ក់តង់​ពណ៌​ខៀវ​ទំហំ​ប្រមាណ​ជា​៣​ម៉ែត្រ​គុណ និង​៣ម៉ែត្រ នៅ​ក្បែរ​គំនរ​សំរាម​ដែល​ជះ​ក្លិន​ស្អុយ​ជាមួយ​នឹង​ក្មេង​ស្រី​ម្នាក់​អាយុ ប្រមាណ​ជា​៩ ខែ ស៊ុន វណ្ណី អាយុ ១៨ ឆ្នាំ​បាន​បន្លឺ​សំឡេង ទាំង​ពាក់​ម៉ាស់​ដើម្បី​កុំ​ឲ្យ​ទទួល​ក្លិន​ស្អុយ​ ខ្លាំង​នៅ​ពេល​ដក​ដង្ហើម​នោះ​ថា ជីវភាពនិង​សុខភាព​របស់​ពលរដ្ឋ១០៩ គ្រួសារ​ដែល​នៅ​សេស​សល់​ពុំ​ទាន់​ទទួ​ល​បាន​សំណង​ពី​ក្រុមហ៊ុន​ចាប់​តាំង​ ពី​ការ​បណ្តេញ​ចេញ​នៅ​ក្នុង​ខែ​មករា​នោះ​កំពុង​តែ​ដុន​ដាប់​ទៅ​ៗ ហើយ​បញ្ហា​សុខភាព​ក៏​កំពុង​តែ​ប្រឈម​មុខ​ខ្លាំង​ដោយ​សារ​តែ​បញ្ហា​សំរាម​ ឡើង​គរ​ដូច​ជា​កូន​ភ្នំ។

Wednesday, 26 December 2012
ម៉ៃ ទិត្យថារ៉ា & Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

សិស្សសាលាម្នាក់​នេះ ខ្ទប់ច្រមុះ​ពេល​ដើ​រ​កាត់​គំនរ​សំរាម​នៅ​ប្លុក​បុរីកីឡាកាលពីម្សិល​មិញ​។ រូបថត​ ហេង ជីវ័ន

សិស្សសាលាម្នាក់​នេះ ខ្ទប់ច្រមុះ​ពេល​ដើ​រ​កាត់​គំនរ​សំរាម​នៅ​ប្លុក​បុរីកីឡាកាលពីម្សិល​មិញ​។ រូបថត​ ហេង ជីវ័ន

ផ្ទះ​ប្រ៉ក់​តង់​ពណ៌​ខៀវ​ជា​ច្រើន​ត្រូវ​បាន ​បោះ​ទីតាំង​នៅ​តាម​សំយាប​ផ្ទះ​របស់ ពលរដ្ឋ​ដែល​ទទួល​បាន​សំណង​ពី​ខាង​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​ត្រូវ​បាន​រង​នូវ​ សម្ពាធ​ជា​ច្រើន​ពី​អ្នក​ដែល​រស់​នៅ​ជាន់​ខាង​លើៗ ដែល​តែង​តែ​បោះ​ចោល​របស់​របរ​ក៏​ដូច​ជា​សំរាម​ដោយ​ពុំ​បាន​គិត​គូរ​ដល់​ អ្នក​រស់​នៅ​ខាង​ក្រោម​។ ​យក​ដៃ​ដោះ​ម៉ាស់​ចេញ​ពី​មុខ​ ស៊ុន វណ្ណី​បាន​រៀប​រាប់​អំពី​ជីវិត​និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ សំយាប​ផ្ទះ​គេ​ថា​ ពល រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បំផុត​ បើ​ពុំ​ដូច្នោះ ទេ​នឹង​ត្រូវ​អ្នក​នៅ​ខាង​លើ​ជះ​បាយ​​ឬក៏​កាក សំណល់​មក​លើ​ក្បាល​ជា​មិន​ខាន។



និយាយ​បណ្តើរ​សម្លឹង​មើល​ខាង​លើ​បណ្តើរ ​វណ្ណី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​គ្មាន​បន្ទប់​ទឹក​ បង្គន់​អនាម័យ ដោយ​សារ​តែ​ក្លិន​ស្អុយ​ពី​គំនរ​សំរាម​នោះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​រលាក​បំពង​ក​»។

អង្គុយ​នៅ​ក្នុង​ខ្ទម​ដ៏​តូច ចង្អៀត​ នៅ​ខណៈ បង​ស្រី​កំពុង​តែ​ចម្អិន​អាហារ​ថ្ងៃ ត្រង់ ហើយ​ម្តាយ​បាន​ចេញ​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​ធ្វើ​ការ ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ នោះ​វណ្ណី​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្ទម​ប្រ៉ក់​តង់​ព៌ណ​ខៀវ​ទាំង​នេះ​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ពេល​ដែល​ ពលរដ្ឋ​បុរី​កីឡា​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ពី​សំណាក់​ក្រុម ហ៊ុន​សហការ​ជា​មួយ​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​ ២០១២ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​បដិសេធ​មិន​ផ្តល់​សំណង​និង​សង់​អគារ​ ឲ្យ​គ្រប់​ចំនួន​។ ​ទឹក​មុខ​ប្រែរ​ជា​ក្រៀម​ក្រំ​ វណ្ណី​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ពួក​យើង​ទៅ​ប្តឹង​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ អំពី​រឿង​សំរាម​នេះ​ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​ដឹង​មិនឮ​ ហាក់​បី​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​»។

និយាយ​បណ្តើរ​សំឡេង​លាន់​ឮ ​មក​ពី​ខាង​អគារ​ទី ៧ នៅ​ជាន់​ខាង​ក្រោម​និយាយ​ប្រាស្រ័យ​​ឆ្លើយ​ឆ្លង​ជាមួយ​ក្រុម​គ្រួសារ​ របស់​គេ វណ្ណី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ពលរដ្ឋ​នៅ​ទីនេះ​មិន​ត្រឹម​តែ​បញ្ហា​សុខភាព​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ទឹក​ប្រើប្រាស់​ក៏​ពិបាក​ផង​ដែរ​គឺ​ត្រូវ​ទិញ​ទឹក​ពី​ផ្ទះ​ អ្នក​នៅ​ជិត​ខាង ដោយ​ត្រូវ​ចំណាយ​២០០​រៀល​ក្នុង​មួយ​ធុង​ស្ប៉េត្រូ​។ ទឹក​មុខ​ក្រៀមក្រំ​ទឹក​ភ្នែក​ហូរ​ចេញ​រលីង​រលោង​នៅ​លើ​ផែន​ថ្ពាល់​កុមារី ​ជំទង់​រូប​នោះ​ដោយ​បាន​បន្លឺ​សំឡេង​ថា៖«​ដោយ​សារ​តែ​ពួក​គេ​ឈូស​ឆាយ ផ្ទះ​និង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ខ្ញុំ​អស់ រលីង បណ្តាល​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​ការ​សិក្សា​ដែល​ខ្ញុំ​កំពុង​តែ​រៀន​នៅ​ ថ្នាក់​ទី៧​។ ខ្ញុំ​មិន​អាច​ទៅ​រៀន​បាន​ទេ​គឺ​ត្រូវ​នៅ​ចាំ​ផ្ទះ​ពីព្រោះ​អី​ម្តាយ​របស់ ខ្ញុំ​ជាប់​រវល់​ទៅ​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាមទារ​​ឲ្យ​ក្រុមហ៊ុន​សង់​អគារ ឲ្យ​គ្រប់​ចំនួន​ឲ្យ​ពួក​យើង»។

បញ្ហា​សុខភាព និង​ ក្លិន​ស្អុយ​នោះ​គឺ​មិន​បាន​កើត​ឡើង​ចំពោះ​តែ​គ្រួសារ​វណ្ណី​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​កើត​ឡើង​ដល់​ពលរដ្ឋ​ទូទៅ​ដែល​នៅ​ក្នុង​ប្លុក​បុរី​កីឡា​នេះ​ ផង​ដែរ​។ ស្ថិត​នៅ​ក្នុង​អគារ​ទី៤ ជាន់​ទី១ ជា​អ្នក​លក់​កាហ្វេ​ អ្នក​ស្រី​ហ៊ុយ សុភក្តី អាយុ​ ៤៨ ឆ្នាំ​ ដែល​កំពុង​តែ​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​បាន​បន្លឺ​សំឡេង​ថា ដោយ​សារ​តែ​បញ្ហា​ស្អុយ​ខ្លាំង​បណ្តាល​ឲ្យ​អ្នក​ស្រី​ឈប់​លក់​បាយ​។ អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖​ «​ពួក​ខ្ញុំ​ពិបាក​បំផុត​គឺ​នៅ​ពេល​ភ្លៀង​ទឹក​ស្អុយ​ហូរ​ចេញ​មក​ពី​គំនរ​ សំរាម​ ហើយ​រុយ​ក៏​មាន​ច្រើន​ដែរ​នៅ​ពេល​នោះ​»។

នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ដែល​បាន​រស់នៅ​ក្នុង​ផ្ទះ​តង់​ខៀវ​នោះ​ អ្នក​ស្រី​អាត​ សំណាង​បាន​ថ្លែង​ឲ្យ​ដឹង​ថា បញ្ហា​ដែល​ប្រឈម​ខ្លាំង​បំផុត​របស់​ពលរដ្ឋ​រស់​នៅ​ក្នុង​តង់​ទាំង​អស់​នោះ​មាន​ជំងឺ​ដោយ សារ​កង្វះ​អនាម័យ​ និង​ក្លិន​ភាយ​ស្អុយ​ពី​គំនរ​សំរាម​។​ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​៖«ពួក​យើង​មួយ​ចំនួន​ធំ​បាន​ធ្លាក់​ខ្លួន​ ឈឺ​ ហើយ​មុខ​ជំងឺ​ដែល​ឈឺ​ច្រើន​ជាង​គេ​គឺ​របេង​និង​រលាក​បំពង់ក ពួក​យើង​រស់​នៅ​ទាំង​ភ័យ​ខ្លាច​ដោយ​សារ​តែ​អ្នក​នៅ​ខាង​លើ​ជូន​កាល​ទម្លាក់​ កន្ទុយ​បារី​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ពួក​យើង​»។

អ្នក​ស្រី​បាន​ថ្លែង ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​យប់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តង់​នោះ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ ហើយ​ជួន​កាល​អ្នក​ដែល​រស់​នៅ​ខាង​លើ​គេ​ទម្លាក់​ទាំង​ថង់​អាចម៍​មក​លើ​ ទៀត​ផង​។ អ្នក​ស្រី​បន្ត​ថា​៖ «​យើង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​តែ​គេ​មិន​រវល់​ជាមួយ​យើង​ទេ គេ​ស្អប់​ខ្ពើម​យើង​ដែល​តវ៉ា​»។

អ្នក​ស្រី​គឺម សោភ័ណ្ឌ ប្រធាន​អគារ​ទី​បួន​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ក៏​ដូច​ជា​ខាង​ក្រុម​ហ៊ុន​ចុះ​ធ្វើ​ការ​សិក្សារ​ម្តង​រួច​មក​ហើយ​ដើម្បី​ទាក់​ទិន​ទៅ​និង​រឿង​សំរាម​នោះ​ ប៉ុន្តែ​ពុំ​បាន​ឃើញ​មាន​លទ្ធិផល​អ្វី​នោះ​ទេ​ដោយ​សារ​ត្រូវ​ចំណាយ​អស់ ថវិកា​ច្រើន​ពេក​។ ​អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ៖«ពី​មុន​ខ្ញុំ​ជួល​គេ​ឲ្យ​ជួយ​ប្រមូល​សំរាម​តែ​ក្រោយ​មក​ទៀត​ខ្ញុំ​គ្មាន ​ថវិកា​ជួល​ក៏​សំរាម​ចេះ​តែ​មាន​ច្រើន​ឡើងៗ​ វា​ពិបាក​រៀបចំ​ណាស់​ពី​ព្រោះ​ពលរដ្ឋ​នៅ​ក្នុង​តង់​នោះ​រញ៉េ​រញ៉ៃ​ពេក​»។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បុរី​កីឡា​តាម​សំយាប​ផ្ទះ​របស់​គេ​ចំនួន ១០៩ គ្រួសារ ដែល​នៅ​​សល់​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phanimex) ឈូស​កម្ទេច​ផ្ទះ​ដើម្បី​យក​ដី​កាល​ពី​ដើម​ឆ្នាំ​២០១២ ហើយ​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ជា​ផ្ទះ​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​ទី ៣ មករា ឆ្នាំ ២០១២ គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ជា​ច្រើន​គ្រឿង រួម​ទាំង​មាន​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ការពារ​ឲ្យ​ក្រុមហ៊ុន បាន​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជា​ពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច ចម្រុះ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ ប្រជា​ពលរដ្ឋ​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បាន​អជ្ញាធរ​ដឹក​មក​ដាក់​នៅ​នៅ​ ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មករា ឆ្នាំ ២០១២។

នៅ ក្នុង​ឆ្នាំ ២០០៣​ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ធ្វើ​ការ​អភិវឌ្ឍ​លើ ផ្ទៃ​ដី​៤,៩​ហិកតា ដែល​មាន​ទីតាំង​នៅ​ក្នុង​បុរី​កីឡា​ដោយ​សាង​សង់​អគារ​លំនៅ​ដ្ឋាន​ចំនួន ១០ កំពស់ ៦​ជាន់​ លើ​ផ្ទៃ​ដី​២ ហិកតា​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​សហគមន៍​បុរី​កីឡា​ចំនួន​១៧ ៧៦​គ្រួសារ​និង​ដី​សល់​២,៦​ ហិកតា​ទៀត​ប្រគល់​ជូន​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​សាងសង់​ផ្ទះ​ល្វែង​សម្រាប់ ជា​កម្មសិទ្ធិ​របស់​ខ្លូន​។

ឆ្លើយ​តប​ទៅ​នឹង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​នោះ​ កាល​ពី ខែ​មករា ឆ្នាំ​២០១២ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា របាយការណ៍​សង្ខេប​ប្រចាំ​ប្រទេស បាន​ឲ្យ​ដឹង​ថា ការ​ដក​ហូត​ដី​ខុស​ច្បាប់​និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​មន្ត្រី​ រដ្ឋាភិបាល សមត្ថកិច្ច​បាន​តាំង​ខ្លួន​ធ្វើ​ជា​តំណាង​របស់​ក្រុមហ៊ុន​ឬ​បុគ្គល​មាន​ អំណាច​ វា​ជា​បញ្ហា​គាប​សង្កត់​ដ៏​ធ្ងន់ធ្ងរ​ដូចជា​ករណី​បណ្ដេញ​អ្នក​ភូមិ​បុរី កីឡា។ របាយការណ៍​នោះ​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ដែល​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដូចជា សហគមន៍​បុរី​កីឡា សហគមន៍​រីករាយ​សហគមន៍​ដី​ក្រហម ក្រុម​៧៨​សហគមន៍​បឹងកក់ បាន​បាត់​បង់​លំនៅឋាន​ដែល​ធ្លាប់​រស់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​មាន​មុខ របរ​ធ្វើ និង​កូន​បាន​ទៅ​សាលារៀន ប៉ុន្តែ​បច្ចុប្បន្ន​អ្វី​ដែល​ធ្លាប់​មាន​បែរ​ជា​បាត់បង់​ទៅ​វិញ​សម្រាប់ ប្រជាពលរដ្ឋ​ទាំង​នោះ។

លោក​សោម សុវណ្ណ​ អភិបាល​ខណ្ឌ​៧​មករា ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​។ រីឯ​លោក​ស្រី កែវ សាកល​ ចៅ​សង្កាត់​វាល​វង់​បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ ជាប់​រវល់​ប្រជុំ។

លោក​សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន រាល់​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជូប នូវ​បញ្ហា​ដុន​ដាប់​យ៉ាង​ខ្លាំង​គឺ​ពី​មាន​ផ្ទះ​សម្បែង មាន​មុខ​របរ កូន​មាន​សាលារៀន​បែរ​ជា​បាត់​បង់​អ្វីៗ​ទាំង​អស់​។ រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ទៀត​និង​អនុវត្ត​ទៅ​តាម ច្បាប់​ភូមិ​បាល​ក៍​ដូច​ជា​ច្បាប់​ជាតិ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​រឿង​បុរីកីឡា​នោះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់ ​រដ្ឋាភិបាល​គឺ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ច​សន្យា និង​ផ្តន្ទា​ទោស​អ្នក​ដែល​ប្រើ​​ហិង្សា​មក​លើ​ប្រ​ជា​ពលរដ្ឋ»។​

មិន​អាច​ទំនាក់​ទំនង​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​បុរី​កីឡា​ជាង​១០០​គ្រួសារ​កំពុង​រួបរឹត​ដោយ​ជំងឺ"

  1. ̣̣̣̣̣ខ្មែរម្ចាស់ស្រុក says:

    ថ្នាក់ដឺកនាំធំៗcppម្នាក់ៗផិ្ឨះវិឡាស្កឹមស្កៃ រថយន្តទំនើបៗ តែបើមើលទៅប្រជាពលរដ្ឋបុរី​កីឡាវិញ
    គួរអោយសង្វេកណាស់ ខ្ឨមប្រក់តង់ រស់នៅលំបាកវេទនាដូចសម័យប៉ុលពត សម្តេចពិតជាសប្បាយ
    ចិត្តណាស់ទៅឫដែលប្រជាពលរដ្ឋនៅក្បែរសម្តេចមានសភាពដុនដាបបែបនេះ….។

  2. da says:

    សម្តេចពិតជាសប្បាយ

    ចិត្តណាស់ ដែលប្រជាពលរដ្ឋនៅក្បែរសម្តេចមានសភាពដុនដាបបែបនេះ….