ភ្នំពេញៈ ថ្វីដ្បិតថាមកទល់នឹងពេលនេះនៅតែទ្រាំរស់នៅមិនហ៊ានបញ្ចេញមុខ តែតារាសម្តែងរាងខ្ពស់ស្រឡះស្រស់សខ្ចីនាង លី ម៉ារីណា ដែលទទួលរងការគំរាមសម្លាប់ និងប្រមាថអាយុជីវិតយ៉ាងចាស់ដៃពីសំណាក់ស្ត្រីម្នាក់ដែលគេសង្ស័យថាជាប្រពន្ធមន្ត្រីយោធាជាន់ខ្ពស់ម្នាក់នោះត្រូវបានគេដឹងក្រោយការធ្វើនិទស្សន៍មួយថាលី ម៉ារីណា គឺជាតារាស្រីតែម្នាក់គត់អាចឈរលើកពានរឿងអាស្រូវស្នេហាធំបំផុតប្រចាំឆ្នាំ២០១២ នេះ។
Thursday, 27 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
នៅក្នុងឆ្នាំ២០១២នេះ មានអ្នកសិល្បៈជាច្រើននាក់បានពើបប្រទះនឹងសំណុំរឿងអាស្រូវស្នេហា តែគេសង្កេតឃើញថាមានតែតារាសម្តែងនាង លី ម៉ារីណា ម្នាក់គត់អាចទទួលបានតំណែងតារាដែលជួបរឿងអាស្រូវស្នេហាធំបំផុតប្រចាំឆ្នាំ។ ការលើកពានក្រោយការធ្វើនិទស្សន៍របស់ទស្សនិកជននេះ ត្រូវបានគេធ្វើការវាយតម្លៃថា ដោយសារតែស្នេហាដ៏អាថ៌កំបាំងរបស់តារារូបនេះបានដុតភ្លើងឡើងក្តៅគគុកជាមួយនឹងមន្ត្រីយោធាថ្នាក់កំពូលម្នាក់ដែលមានប្រពន្ធនិងកូនចៅរួចហើយនោះ ហើយស្នេហាចតុកោណ(ភាគី លី ម៉ារីណា មន្ត្រីយោធា អាណិកជនអាមេរិក សាត ចាន់ថន និងប្រពន្ធមន្ត្រីយោធា) ដ៏ចម្រូងចម្រាសមួយនេះបានបង្កឲ្យមានភាពក្តៅក្រហាយដល់ស្ត្រីជាប្រពន្ធដើមហើយជាញឹកញាប់នាង លី ម៉ារីណា ត្រូវគេគំរាមសម្លាប់ និងធ្វើការប្រមាថជាច្រើនទៀត ដែលគ្មានអ្នកសិល្បៈណាម្នាក់ធ្លាប់ជួបប្រទះរឿងស្នេហាដ៏ភ័យខ្លាចបែបនេះឡើយ។
គេធ្លាប់បានឮពីចំណងស្នេហ៍ដ៏អាថ៌កំបាំងខ្លាំងក្លាមួយផ្សេងទៀតដែររបស់អតីតពិធីការិនីស្ថានីយទូរទស្សន៍បាយ័ន គឺនាង ពេជ្រ សេរីរ័ត្ន។ ក្រោយពេលបែកបាក់ស្នេហាជាមួយនឹងលោក គង់ វិសាល នាង ពេជ្រ សេរីរ័ត្ន ត្រូវបានគេដឹងថា បានភ្ជាប់បណ្តាញស្នេហាដ៏ធំមួយជាមួយនឹងអ្នកមានទ្រព្យជាច្រើននាក់ រហូតដល់ថ្នាក់មានលេចធ្លាយព័ត៌មានថា នាងប្រសូតបានកូនប្រុសម្នាក់ តែមិនដឹងថា ឪពុករបស់ក្មេងម្នាក់នោះជាអ្នកណាឡើយ។ តែរឿងនេះបើប្រៀបធៀបនឹងបញ្ហាស្នេហារបស់ លី ម៉ារីណា វិញដូចជានៅតូចតាចនៅឡើយ ខណៈដែលពេជ្រ សេរីរ័ត្ន មានឱកាសបានដើរហើរមិនសូវខ្វល់អ្នកណាតាមគំរាមជីវិតឡើយ តែបើក្រឡេកមើល លី ម៉ារីណា វិញនាងសូម្បីបញ្ចេញសំឡេង «អឺស» មួយម៉ាត់ក៏មិនហ៊ានផងកុំថាឡើយលេចចេញស្រមោលឬសរសៃសក់នោះ។ អ្នកវាយតម្លៃបានឲ្យដឹងថា ខ្លាំងណាស់រឿងរបស់ ពេជ្រ សេរីរ័ត្ន លោតត្រឹមលេខ២ប៉ុណ្ណោះ។
ដូច្នេះតាមរយៈការអង្កេត និងវាយតម្លៃយ៉ាងហ្មត់ចត់ មហាជនបានលើកឡើងថា រឿងរ៉ាវស្នេហាជាប្រព័ន្ធរបស់ លី ម៉ារីណា គឺជារឿងដ៏សាំញ៉ាំបំផុតហើយបើគិតពីការផ្តល់ពានរង្វាន់វិញ លី ម៉ារីណា គឺជាអ្នកលើកពានមុនគេនៅក្នុងឆ្នាំ២០១២នេះ។
រំឭកដល់ដំណើរដំបូងក្នុងសិល្បៈ ដោយសារ លី ម៉ារីណា នៅក្មេងខ្ចីមានរូបសម្រស់មិនចាញ់ផ្កាក្រពុំនោះ នាងក៏ក្រសោបបានភាពល្បាញល្បីមួយរំពេច តែមិនបានប៉ុន្មានផងនាងក៏បានរៀបអាពាហ៍ពិពាហ៍ជាលើកដំបូងជាមួយលោក ទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័នសព្វថ្ងៃកាលពីដើមខែមករា ឆ្នាំ២០០៦ តែរួមរស់ជាមួយគ្នាបានតែ២៩ថ្ងៃក៏បែកបាក់គ្នា ហើយនាងក៏បានរស់នៅក្នុងភាពជាមេម៉ាយក្តៅស្រួយអស់រយៈពេល៥ឆ្នាំទើបសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនអាមេរិកលោក សាត ចាន់ថន អាយុ៤០ឆ្នាំកាលពីឆ្នាំ២០១០។ ប៉ុន្តែចំណងភ្ជាប់ពាក្យនោះត្រូវបានទម្លាយថាគ្រាន់តែជាការបន្លំភ្នែកទស្សនិកជនប៉ុណ្ណោះពោលគឺការពិតនាងបានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយមន្ត្រីមានអំណាចម្នាក់។
មកទល់នឹងពេលនេះ លី ម៉ារីណា នៅតែរស់នៅលាក់ខ្លួន ហើយនាងក៏មិនអាចទាក់ទងសុំការបំភ្លឺជុំវិញរឿងរ៉ាវដែលកើតឡើងចំពោះនាងបានទេ។ ដោយឡែកអ្នកសិល្បៈជាមិត្តភក្តិក៏គ្មានអ្នកណាម្នាក់ហ៊ាននិយាយពីរឿងនាងដែរ៕

មិនដឹងយ៉ាងណាទើបពួកនាងចូលចិត្តយកតែប្តីគេដែលជា
ប្រភពនៃគ្រោះថ្នាក់? ឬមួយពួកប្តីគេដែលជាឯកឧត្តមៗនិង
ជាថៅកែៗចូលចិត្តតែរកនាងស្រីខ្ចីសាច៉?