05252013Headline:

ចំណង​ស្នេហ៍​បែក​បាក់​របស់​អ្នក​សិល្បៈ​ក្នុង​ឆ្នាំ​២០១២

ភ្នំពេញៈ នៅ​ក្នុង​ឆ្នាំ​២០១២​នេះ តារា​ចម្រៀង​តារា​សម្តែង​ប្រុស​ស្រី​ជា​ច្រើន​ដួង​បាន​ដើរ​ដល់​ផ្លូវ​បែក​ជា​ពីរ តើ​មាន​អ្នក​សិល្បៈ​ណា​ខ្លះ ហើយ​ពួក​គេ​បែក​បាក់​ដោយ​សារ​អ្វី? ភ្នំពេញ ប៉ុស្តិ៍ នឹង​លាត​ត្រដាង​នៅ​ខាង​ក្រោម​នេះ​៖

Friday, 28 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

អ្នក​សិល្បៈ​ស្រស់​ស្អាត​សាច់​សខ្ចី​ដែល​ជួប​ចំណង​ស្នេហ៍​បែក​បាក់​ក្នុង​ឆ្នាំ​២០១២។ រូបថត លីណា/​ម៉េង​ស្រ៊ុន

អ្នក​សិល្បៈ​ស្រស់​ស្អាត​សាច់​សខ្ចី​ដែល​ជួប​ចំណង​ស្នេហ៍​បែក​បាក់​ក្នុង​ឆ្នាំ​២០១២។ រូបថត លីណា/​ម៉េង​ស្រ៊ុន

ឱក សុគន្ធកញ្ញា អស់​និស្ស័យ​ពី រ៉េត ធីដូណា

ស្នេហា​មាន​អាយុ​កាល​៨៤​ខែ​ស្មើ​នឹង​៧​ឆ្នាំ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង ឱក សុគន្ធកញ្ញា បាន​ធ្លាក់​មក​ដល់​ចំណុច​សូន្យ​នៅ​ដំណាច់​ឆ្នាំ​២០១២​នេះ ក្រោយ​ពេល​តារា​ស្រី​ទើប​ឡើង​សម្រស់​រូប​នេះ​សម្រេច​បញ្ចប់​ចំណង​ស្នេហ៍​មួយ​នេះ​ជាមួយ​តន្ត្រី​ករ​មាឌ​ធំ​លោក រ៉េត ធីដូណា។

ឱក សុគន្ធកញ្ញា និង រ៉េត ធីដូណា បាន​ផ្តើម​ស្នេហ៍​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ខណៈ​ដែល​ពួក​គេ​ស្ថិត​នៅ​ក្រោម​ដំបូល​ផលិតកម្ម​យូធូ​តែ​មួយ ហើយ​ពេល​នោះ សុគន្ធ​កញ្ញា មាន​សម្រស់​មិន​គួរ​ដាក់​ភ្នែក​មើល​ឡើយ ហើយ​ទ្រព្យ​ធន​នៅ​ពេល​នោះ​នាង​ក៏​មិន​មាន​អ្វី​អស្ចារ្យ​ដែរ អាច​និយាយ​បាន​ថា រ៉េត ធីដូណា និង សុគន្ធ​កញ្ញា ស័ក្តិ​សម​នឹង​គ្នា​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពិសេស​ក្រោយ​ពេល សុគន្ធ​កញ្ញា ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស សម្រស់​របស់​នាង​បាន​វិវត្ត​ក្លាយ​ជា​សត្វ​ហង្ស ស៊ី​ដាច់ រ៉េត ធីដូណា ។ ដូច្នេះ​ស្នេហា​ពួក​គេ​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​មូល​ហេតុ​ចម្បង​នៃ​ការ​ផ្តាច់​ស្នេហ៍​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​។

អឿន ដាលីស បាយ​បាយ​បុរស​អូស្ត្រាលី

ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១១ ដើម្បី​ទៅ​រៀន​មុខ​ជំនាញ​មើល​ថែ​កូន​នៅ​អូស្ត្រាលី​ក្រោម​ការ​ជួយ​ទំនុក​បម្រុង​របស់​បង​ស្រី​នោះ អឿន ដាលីស ដែល​មិន​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អន្លង់​រឿង​អាស្រូវ​ស្នេហា​ក៏​បាន​ផ្តើម​ស្នេហា​ឆ្លង​ទ្វីប​ជាមួយ​នឹង​បុរស​អាណិកជន វីរៈ ហ្សេម តែ​ក្រោយ​ពេល អឿន ដាលីស មក​ដល់​កម្ពុជា​មិន​បាន​ប៉ុន្មាន​ខែ​ផង​ស្នេហា​មួយ​នេះ​ក៏​បាន​បាក់​បែក​ទៅ​វិញ។

ការ​បាក់​បែក​ស្នេហា​ដ៏​ក្មេង​ខ្ចី​មួយ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​បណ្តាល​មក​ពី​មាន​ជន​ទី៣​ចូល​ខ្លួន​ជ្រៀត​ជ្រែក​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អ្នក​កៀក​កិត​នឹង​ពិធី​ការិនី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ស្នេហា​មួយ​នេះ​អាច​នឹង​ឈាន​ដល់​ការ​បាក់​បែក​ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ​ខណៈ​ដែល​ការ​វិល​ត្រឡប់​របស់​អឿន ដាលីស នាង​ហាក់​ហ៊ាន​សិច​ស៊ី​បញ្ចេញ​លើ​លេច​ក្រោម​ជាង​មុន ធ្វើ​ឲ្យ វីរៈ ហ្សេម ខឹង និង​និយាយ​ហួង​ហែង​ពេក​។ ដូច្នេះ​ស្នេហា​មិន​ទាន់​ស៊ុប​ស្រួល​មួយ​នេះ​ក៏​បាក់​បែក​តែ​ម្តង​។

ស្វែង សុជាតា ចង់​ស៊ី​សាច់ គង់ សុផារ៉ា

បន្ទាប់​ពី​ធ្លាយ​ចំណង​ស្នេហ៍​ផ្អែម​ល្ហែម​បាន​បន្តិច​តារា​សម្តែង​នាង ស្វែង សុជាតា និង​លោក​គង់ សុផារ៉ា ក៏​បាន​បញ្ចប់​វិញ​ភ្លាមៗ​ជាមួយ​នឹង​រឿង​អាស្រូវ​បរិហារ​កេរ្តិ៍​មួល​បង្កាច់​គ្នា​យ៉ាង​អាម៉ាស់ ខណៈ​តារា​សម្តែង ស្វែង សុជាតា សុខ​ចិត្ត​ទម្លាក់​កូន​ចេញ​។

ឆ្លើយ​តប​នឹង​ការ​បរិហារ​កេរ្តិ៍​របស់​អតីត​គូ​ស្នេហ៍ ភ្លាម​នោះ ស្វែង សុជាតា ក៏​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ភ្លាម​ដែរ ប៉ុន្តែ​លោក គង់ សុផារ៉ា ក៏​ចេញ​មុខ​សន្យា​ថា​នឹង​ធ្វើ​ការ​សុំទោស​នាង​ជា​សាធារណៈ​ចំពោះ​ការ​កាឡៃ​រឿង​បង្ខូច​កេរ្តិ៍​ឈ្មោះ​នាង ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ការ​សុំទោស​របស់​លោក​សុផារ៉ា នៅ​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា ស្វែង សុជាតា ក្តៅ​ស្លឹក​ត្រចៀក ហើយ​បាន​ទាម​ទារ​ឲ្យ​លោក សុផារ៉ា ធ្វើ​តាម​ការ​សន្យា។ នាង​បាន​ដាក់​ពេល​កំណត់​ឲ្យ​លោក សុផារ៉ា​សុំទោស​នាង​ជា​សាធារណៈ បើ​មិន​ដូច្នេះ​ទេ នាង​នឹង​ប្តឹង​ហើយ​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក គង់ សុផារ៉ា ខ្មាស​គេ​នៅ​តុលាការ​។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ដំណើរ​រឿង​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។

ប៊ុន ផៃលីន ផ្តាច់​ស្នេហ៍​មន្ត្រី​ប៉ូលិស​ចំណាស់

តារា​ចម្រៀង​យក​សម្រស់​ដើម​ទ្រូង​ដ៏​សិច​ស៊ី និង​គល់​ភ្លៅ​ស​ម៉ដ្ឋ​ខ្ចី​ធ្វើ​ជា​ចំណី​អារម្មណ៍​សិល្បៈ​នាង ប៊ុន ផៃលីន បាន​ផ្តាច់​ចំណង​ស្នេហ៍​មន្ត្រី​ប៉ូលិស​មាន​អំណាច​ទ្រព្យ​ម្នាក់​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ ដោយ​សារ​ស្នេហា​មួយ​នេះ ជួប​ឧបសគ្គ​ជា​ច្រើន​ដោយ​បូក​រួម​ទាំង​ការ​គំរាម​សម្លាប់​ពី​សំណាក់​ប្រពន្ធ​ដើម​របស់​មន្ត្រី​ប៉ូលិស​វ័យ​ជ្រេ​ម្នាក់​នោះ​ផង​ដែរ។

អ្នក​ចម្រៀង​សិច​ស៊ី​រូប​នេះ​ធ្លាប់​និយាយ​ថា មាន​តាៗ​តាម​ស្នេហ៍​ច្រើន តែ​នាង​ប្រកែក ព្រោះ​នាង​ធ្លាប់​ជួប​ស្នេហា​បែប​នេះ ជា​ច្រើន​លើក​មក​ហើយ គឺ​សុទ្ធ​តែ​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​ដោយ​ងាយ​ស្រួល​បាន ព្រោះ​ភាគ​ច្រើន​បុរស​ទាំង​នោះ​សុទ្ធ​តែ​មាន​ប្រពន្ធ​កូន​រួច​ហើយ​ពិសេស​នោះ​គឺ​គេ​សុខ​ចិត្ត​ជះ​លុយ​ដើម្បី​ក្រុង​នាង​ទុក​ឆី​តែ​ម្នាក់​ឯង​នោះ​។ ប៉ុន្តែ​ក្រោយ​ពេល​បែក​បាក់​បុរស​មន្ត្រី​ប៉ូលិស​ម្នាក់​នោះ​មិន​បាន​ប៉ុន្មាន​ផង ប៊ុន ផៃលីន ដែល​ធ្លាប់​ប្រាប់​ថា រាង​ចាល​ជាមួយ​បុរស​ប្តី​គេ​ហើយ​នោះ ក៏​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​បុរស​ចំណាស់​ជា​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ភ្លេច​អស់​ភាព​ភ័យ​ខ្លាច​ប្រពន្ធ​គេ​គំរាម​សម្លាប់​ដោយ​គ្រាន់​តែ​បុរស​នោះ​ជះ​លុយ​ទិញ​កាដូ​រថយន្ត​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ និង​ការ​ឧបត្ថម្ភ​មួយ​ចំនួន​នោះ​។

មាស សម្ផស្ស រួច​ផុត​ពី​ក្រញាំ​ភ្លើង​ប្រចណ្ឌ​ប្រុស​កូរ៉េ

ក្រោយ​អះ​អាង​ធ្លាប់​អស់​សង្ឃឹម​នឹង​រឿង​រ៉ាវ​ស្នេហា​ចំនួន​៣​លើក​រួច​មក​ហើយ​នោះ តារា​សម្តែង​មុខ​ស្រស់​នាង មាស សម្ផស្ស ក៏​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​នឹង​បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់​ឈ្មោះ គីម ហើយ​នាង​អះអាង​ថា ស្នេហា​មួយ​នេះ នាង​នឹង​ប្រឹង​ថែ​ទាំ​មិន​ឲ្យ​ស្វិត​ស្រពោន​ដូច​ស្នេហា​គ្រា​មុន​ឡើយ​។

ជា​ការ​ពិត ដើម្បី​ភាព​ផ្អែម​ល្ហែម​នៃ​ចំណង​ស្នេហ៍​មួយ​នេះ មាស សម្ផស្ស ក៏​សុខ​ចិត្ត​ចំណាយ​ពេល​វេលា​តិច​បំផុត​នៅ​ក្នុង​សិល្បៈ ព្រោះ​មិន​ចង់​ឲ្យ​លោក​គីម ជា​គូ​ស្នេហ៍​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​នាង​ដឹង​ថា គូ​ស្នេហ៍​របស់​នាង​ជា​មនុស្ស​ប្រច័ណ្ឌ និង​មាន​ការ​សង្ស័យ​ចំពោះ​នាង​ច្រើន​ប៉ុន្តែ​ទឹក​បាក់​ទំនប់​មិន​អាច​ទប់​បាន​ឡើយ ចុង​ក្រោយ​ពួក​គេ​ក៏​អស់​និស្ស័យ​ស្នេហ៍​ត្រឹម​នេះ​។ គេ​បាន​ដឹង​ថា ស្នេហា​មួយ​ចប់​គ្នា​ដោយ​សារ​តែ​រឿង​លុយ​កាក់ និង​លោក គីម មាន​ចិត្ត​មិន​ស្មោះ​៕

What Next?

Recent Articles

2 Responses to "ចំណង​ស្នេហ៍​បែក​បាក់​របស់​អ្នក​សិល្បៈ​ក្នុង​ឆ្នាំ​២០១២"

  1. Anonymous says:

    ហេតុតែគេ មានរបស់

  2. Anonymous says:

    កុំបារបីគេរងចាំច្រើន