កណ្តាលៈ អតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ឈិន សុធារី ដែលមានចិត្តក្លាហានហ៊ានលាតត្រដាងពីចំណងស្នេហ៍បែកបាក់កាលពីពេលថ្មីៗនោះ បានទទួលស្គាល់ថា ក្រោយស្នេហារបស់នាងជួបរនាំងឧបសគ្គភ្លាមនោះក៏មានកន្លង់មួយចំនួនតាមសុំស្នេហ៍នាងដែរ ប៉ុន្តែនាងមិនព្រមទទួលពន្លកស្នេហ៍ថ្មីមួយនោះឡើយ ដោយនាងបញ្ជាក់ថា ស្នាមស្នេហ៍ចាស់នៅតែដក់ជាប់ក្នុងចិត្តនោះឡើយ។
Thursday, 03 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
រំឭកដល់កាលពីប្រហែលជាង១ឆ្នាំមុន ដោយគ្មានចិត្តស្ទាក់ស្ទើរ ឈិន សុធារី ក៏បានសម្រេចលាចាកពីគន្លងអាជីពជាពិធីការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដើម្បីបំពេញបំណងគូស្នេហ៍ ខណៈរូបនាងរំពឹងថា ស្នេហាជាមួយ1ថៅកែហាងលក់ឡាននឹងដើរដល់ថ្ងៃចូលរោងការ ប៉ុន្តែបាត់មុខមួយរយៈធំក៏លេចមុខតារារូបនេះនៅក្នុងពិភពសិល្បៈជាថ្មី ក្រោយមកទើបដឹងថា សម្ព័ន្ធស្នេហ៍ក្រោមដំបូលតែមួយរបស់នាងជាមួយបុរសម្នាក់នោះបានជាប់គាំងមិនអាចធ្វើដំណើរទៅមុខបានទេ ពោលគឺស្នេហ៍មួយនេះត្រូវដើរដល់ផ្លូវបំបែក។
ក្រោយវិលត្រឡប់ ឈិន សុធារី ក៏បានលាតត្រដាងដោយភាពក្លាហានខុសពីគេថា ស្នេហារបស់នាងពិតជាបែកបាក់មែនដោយសារតែឧបសគ្គដ៏ធំមួយដែលនាងមិនអាចហាស្តី តែទោះជាយ៉ាងណា នាងបានបញ្ជាក់ថា ស្នាមដៅដំបៅស្នេហ៍របស់នាងមិនទាន់បានរលុបពីក្រអៅបេះដូងរបស់នាងនៅឡើយ ពោលគឺរាល់ចំណងអនុស្សាស្នេហាទាំងប៉ុន្មាននៅតែជាស្រមោលអន្ទោលនៅក្នុងចិត្តរបស់នាងរហូត។ ដូច្នេះហើយបានជាតារាស្រីសម្តីពីរោះសម្រស់នៅតែផូរផង់រូបនេះ បញ្ជាក់ថា រូបនាងមិនទាន់មានគំនិតចង់បានអ្នកស្អំបេះដូងណាម្នាក់ឡើយ។
កូនស្រីក្នុងត្រកូលឈិន រូបនេះបាននិយាយប្រាប់អ្នកព័ត៌មាននៅមុននេះថា៖«ពួកខ្ញុំពិតជាមិនចង់បែកបាក់គ្នាទេ ព្រោះយើងធ្លាប់លំបាករួមគ្នាច្រើនមកហើយខ្ញុំមិនទាន់អាចទទួលយកស្នេហាថ្មីបានទេ ព្រោះអនុស្សាវរីយ៍រវាងខ្ញុំ និងគាត់នៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំ។ ម្យ៉ាងមកពីបញ្ហាពួកយើងទើបតែកើតឡើងថ្មីថ្មោងពេក»។
នៅក្នុងពិធីខួបកំណើតរបស់តារាចម្រៀងរស្មីហង្សមាសលោក នៅ ស៊ីនឿន គេសង្កេតឃើញឈិន សុធារី មានភាពស្និទ្ធស្នាលចម្លែកជាមួយពិធីករលោក បញ្ញា សិទ្ធិ ដែលនាំឲ្យមានការសង្ស័យថាពួកគេកំពុងបង្កាត់ភ្លើងទំនាក់ទំនងស្នេហា ប៉ុន្តែនៅពេលចោទសួររឿងនេះនៅនឹងកន្លែង តារាទាំងពីរបានបដិសេធភ្លាមៗតែម្តង។
ឈិន សុធារី បញ្ជាក់ជាថ្មីថា នាងនៅមិនទាន់គិតឡើយចំពោះរឿងស្នេហាដោយឡែកចំពោះទំនាក់ទំនងរវាងនាង និងលោកបញ្ញា សិទ្ធិ គឺគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះ។ ខណៈដែលនៅតែមានការសង្ស័យឈិន សុធារី បានឲ្យដឹងថា នាងមិនចូលចិត្តមានស្នេហាជាមួយនឹងអ្នកសិល្បៈដូចគ្នាឡើយ ហើយម្យ៉ាងទៀតនោះ គឺនាងមិនចូលចិត្តគូស្នេហ៍វ័យក្មេងជាងខ្លួនដូចជាបញ្ញា សិទ្ធិ ឡើយ៕

ចៅអើយមករកតាវិញតាមានបទពិសោធន៏ខ្ពស់ជាងអាក្មេងមួយនឹង តាធានាថានិងអោយចៅរស់នៅស្រណុកសុកស្រួលអស់មួយជិវិតណាចៅ
Achardeth know how to use his tongue ….ha.ha.