សេដាក ជំរុញ​កសិករ​បង្កើត​រោង​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ឲ្យ​បាន​ច្រើន

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក = CEDAC) សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​នៅ​ខេត្ត​ចំនួន​១៣ បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​គម្រោង​នាំ​ចេញ​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

ដោយ សុខ សេរី
2013-01-03
វិទ្យុ​អាស៊ីសេរី

ប្រធាន​អង្គការ​សេដាក (CEDAC) លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣។ RFA/Sok Serey

ផែនការ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា​នឹង​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១​លាន​តោន​នៅ​ឆ្នាំ​២០១៥។

ផែនការ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា មាន​គោលដៅ​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​រួម​សាមគ្គី​គ្នា ដើម្បី​បង្កើត​រោង​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ខ្នាត​មធ្យម​ឲ្យ​បាន​ចំនួន​រវាង ៥០​គ្រឿង ទៅ ១០០​គ្រឿង នៅ​ក្នុង​ស្រុក​ចំនួន​៦០ នៅ​ក្នុង​ខេត្ត​ចំនួន​១៣ ក្នុង​រយៈពេល ១០​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២២។

ផែនការ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​កសិករ​ខ្មែរ​ចាប់​ផ្ដើម​អនុវត្តន៍​តាម​រយៈ​សន្និបាត​ឈ្មោះ​ថា ការងារ​កសាង​សហគមន៍​អាស្រ័យ​ខ្លួន​ឯង នៅ​លើក​ដំបូង​ដែល​រៀបចំ​ដោយ​អង្គការ​សេដាក ដែល​មាន​កសិករ​ខ្មែរ​ចូល​រួម​ចំនួន​ជាង ៣០០​នាក់​មក​ពី ១៣​ខេត្ត​នៅ​ប្រទេស​កម្ពុជា។

ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ចំនួន ៣​គ្រឿង ត្រូវ​បាន​ប្រកាស​ឲ្យ​ដំឡើង​នៅ​ខេត្ត​ចំនួន​២ នៅ​ឆ្នាំ​២០១៣ នេះ ក្នុង​នោះ​មាន​ខេត្ត​ព្រៃវែង ចំនួន ២​គ្រឿង និង​ខេត្ត​តាកែវ ចំនួន ១​គ្រឿង តាម​រយៈ​កសិករ​បាន​រួម​គ្នា​ចេញ​ទុន​ផ្ទាល់​ខ្លួន​ជា​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា អង្គការ​សេដាក បាន​នាំ​ចេញ​អង្ករ​សរីរាង្គ​ច្រើន​រយ​តោន​ទៅ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប កន្លង​មក៖ «សម្រាប់​ឆ្នាំ​២០១៣ នេះ យើង យើង​គ្រោង យ៉ាង​តិច​បំផុត​គ្រោង​ទៅ​សហរដ្ឋ​អាមេរិក ១២​កុងតឺន័រ។ មួយ​កុងតឺន័រ ១៨​តោន​ជាង។ អីចឹង​យើង​គ្រោង​យ៉ាង​តិច​បំផុត​រវាង ២០០​តោន ទៅ ៣០០​តោន មិន​ទាន់​បាន​ពង្រីក​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ទេ ដោយ​សារ​តែ​បរិមាណ​យើង​ផលិត យើង​នៅ​តិច»

ជាមួយ​គ្នា​នេះ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ លោក ស៊ុន គន្ធរ និង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​ផ្តល់​ជំនួយ​ឥណទាន​ដល់​កសិករ​ខ្មែរ ក្នុង​ការ​បង្កើត​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នោះ៖ «ដើម្បី​ឆ្លើយ​តប​នេះ យើង​ត្រៀម​លក្ខណៈ​ទុក​សម្រាប់​ផ្តល់​ដល់​សហគមន៍​ដែល​មាន​ដំណើរ​ការ​ល្អ និង​មាន​ការ​គ្រប់គ្រង និង​មាន​ទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ដែរ»

តំណាង​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ អ្នកស្រី សោ សាមឿន អាយុ ៥៦​ឆ្នាំ មក​ពី​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​ត្រូវ​សាង​សង់​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ចំនួន ២​គ្រឿង​ឆាប់ៗ​នេះ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា នៅ​ពេល​ដែល​កសិករ​មាន​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន​នៅ​សហគមន៍ គឺ​កសិករ​នឹង​មាន​ការ​ងាយ​ស្រួល​ជាង​មុន៖ «ធ្វើ​ស្រូវ​ហ្នឹង ដើម្បី​លក់​ឲ្យ​ម៉ាស៊ីន​កិន​ស្រូវ​របស់​យើង គឺ​ម៉ាស៊ីន​កិន​ស្រូវ គឺ​ជា​ភាគ​ហ៊ុន​របស់​ម្ចាស់​ខ្លួន​ផ្ទាល់ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ស្រូវ​ហ្នឹង​ចេញ​ទៅ​ស្រុក​ក្រៅ ហើយ​លក់​ក្នុង​តម្លៃ​សមរម្យ»

យុទ្ធសាស្ត្រ​សំខាន់ៗ​ក្នុង​ចំណោម​ផែនការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នោះ មាន​ដូច​ជា ទី១ កសិករ​ខ្មែរ​គប្បី​ធ្វើ​ស្រែ​ឲ្យ​ចំណេញ គឺ​ស្រែ​ខ្លឹម ដែល​អាច​ផលិត​ស្រូវ​សរីរាង្គ ឬ​ស្រូវ​ធម្មជាតិ​មាន​គុណភាព​ខ្ពស់ ក្រអូប និង​បាយ​ទន់ ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​អន្តរជាតិ អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ ជាដើម។

ទី២ កសិករ​ខ្មែរ​គប្បី​ប្ដូរ​ទម្លាប់​ពី​ការ​លក់​ស្រូវ​ជា​វត្ថុ​ធាតុ​ដើម ទៅ​ជា​លក់​អង្ករ ដែល​មាន​គុណភាព​ខ្ពស់ និង​កែច្នៃ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ទី៣ កសិករ​ខ្មែរ​គប្បី​ប្ដូរ​ទម្លាប់​ពី​ការ​ចាយ​ប្រាក់​ខ្ជះខ្ជាយ​មក​ជា​ការ​សន្សំ​ប្រាក់​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles