កុមារសិស្សានុសិស្សប្រមាណជិត ១០០នាក់ មកពីសាលារៀនផ្សេងៗគ្នានៅក្នុងខេត្តបាត់ដំបង បានទទួលការអប់រំផ្លូវចិត្តតាមវិធីសាស្ត្រនៃការបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាន។
ដោយ កែវពេជ្រ មេត្តា
2013-01-03
វិទ្យុអាស៊ីសេរី

២៣-ធ្នូ-២០១២៖ កុមារសិស្សានុសិស្សអង្គុយសមាធិក្នុងមជ្ឈមណ្ឌលធម្មលដ្ឋិកា ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ (RFA/Keopech Metta)
កម្មវិធីនេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលធម្មលដ្ឋិកាស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
តើការអប់រំផ្លូវចិត្តតាមវិធីបដិបត្តិធម៌នេះមានសារសំខាន់បែបណា? ហើយថា តើបានផ្ដល់ផលប្រយោជន៍ដល់កុមារយ៉ាងណាខ្លះដែរ?
ការអប់រំផ្លូវចិត្តឲ្យបានល្អត្រឹមត្រូវ គឺជាផ្នែកមួយយ៉ាងសំខាន់បំផុតសម្រាប់ជួយដល់មនុស្សគ្រប់វ័យ ក្នុងនោះរួមមានទាំងកុមារផងឲ្យមានជីវិតរស់នៅប្រកបដោយសីលធម៌ល្អ និងមានសុខសន្តិភាពទាំងនៅក្នុងសង្គមគ្រួសារតូច និងសង្គមជាតិ។
ដោយយល់ឃើញយ៉ាងដូច្នោះហើយ ទើបសព្វថ្ងៃនេះគេឃើញមានការបើកវគ្គសិក្សាអប់រំផ្លូវចិត្តតាមវិធីសាស្ត្រផ្សេងៗ រហូតនៅតាមកន្លែងខ្លះគេបានបង្កើតឲ្យមានធម្មសិក្សាសម្រាប់ជួយអប់រំផ្លូវចិត្តកុមារផងដែរ។
តួយ៉ាងដូចជាថ្មីៗនេះមានការបើកវគ្គធម្មសិក្សាមួយសម្រាប់កុមារនៅក្នុងមជ្ឈមណ្ឌលធម្មលដ្ឋិកា ដែលមានទីតាំងស្ថិតនៅភ្នំទ្រុងមាន់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងធម្មសិក្សានោះ ជាសំខាន់គឺគេឲ្យកុមារផ្ដោតទៅលើការបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាន ឬធ្វើសមាធិ ដោយពិនិត្យខ្យល់ដង្ហើមចេញចូល ដែលគេយល់ថា ជាវិធីសាស្ត្រអប់រំមួយដ៏ល្អប្រពៃក្នុងការបង្ហាត់កុមារឲ្យចេះប្រមូលផ្ដុំចិត្តឲ្យមូល ឬចិត្តស្ងប់រម្ងាប់ល្អបរិសុទ្ធ មិនប្រឡាក់ប្រឡូសនូវគ្រឿងសៅហ្មងផ្សេងៗជាដើម។ ក្រៅពីនេះទៀត គេបានអប់រំណែនាំឲ្យកុមាររៀនអនុវត្តសីល ៥ ឬសិក្ខាបទ ៥ ពីព្រោះសីល ៥ នោះ គឺជាមូលដ្ឋានគ្រឹះនៃការចំរើនកម្មដ្ឋានរបស់កុមារ។
នៅក្នុងធម្មសាល ឬបន្ទប់បង្រៀនធម៌នៃមជ្ឈមណ្ឌលធម្មលដ្ឋិកា ដែលមានទំហំធំទូលាយល្មម និងនៅជាប់នឹងជើងភ្នំ គេឃើញកុមារទាំងប្រុសទាំងស្រី ក្នុងពេលនោះដែលមានអាយុចន្លោះពី ៨ឆ្នាំ ដល់ ១៥ឆ្នាំ កំពុងតែត្រងត្រាប់ធ្វើការបដិបត្តិធម៌តាមការណែនាំរបស់គ្រូក្នុងសំឡេងខ្សែអាត់ គឺលោកសត្យានារាយ័នហ្គោឥនកា ដែលជាគ្រូវិបស្សនាអន្តរជាតិដ៏ល្បីល្បាញមួយរូបក្នុងពិភពលោក។
លោកបានបង្រៀនធម៌អប់រំកុមារនេះជាភាសាអង់គ្លេស ហើយនិងមានការបកប្រែជាភាសាខ្មែរ ដោយគ្រូជំនួយរបស់លោកប្រចាំប្រទេសកម្ពុជា។
លោក កួច សុងហាក់ គ្រូជំនួយរបស់លោកគ្រូហ្គោឥនកា និងជាអាចារ្យប្រចាំមជ្ឈមណ្ឌលធម្មលដ្ឋិកា បានមានប្រសាសន៍ការអប់រំកុមារតាមវិធីធ្វើសមាធិ ឬបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាននេះ គឺមានប្រយោជន៍បំផុតដែលអាចជួយបណ្ដុះគំនិតកុមារតាំងពីក្មេងវ័យឲ្យមានគ្រឹះសីលធម៌ល្អមាំមួននៅក្នុងខ្លួន។ ដោយហេតុថា កាលណាកុមារចេះអប់រំផ្លូវចិត្តបានល្អ គឺគេអាចធ្វើជាម្ចាស់ត្រួតត្រាលើចិត្តរបស់គេបានស្ងប់ ហើយអាចជួយឲ្យគេចេះប្រព្រឹត្តនូវអំពើជាកុសលល្អ។
លោក កួច សុងហាក់៖ «តាមឱវាទរបស់លោកគ្រូ ហ្គោឥនកា ជាអាចារ្យប្រមុខនៅប្រទេសឥណ្ឌា គឺលោកចង់ផ្ចុងផ្ដើមកូនសិស្សដែលជាសសររបស់សង្គម ដែលជាអ្នកទទួលប្រយោជន៍ទទួលតំណពីមនុស្សពេញវ័យ ដូច្នេះធម្មសិក្សាកុមារគឺសំខាន់ណាស់ក្នុងការផ្ដល់ធម៌បរិសុទ្ធឲ្យក្មេងៗ»។
នៅក្នុងកម្មវិធីសិក្សាធម៌នៅមជ្ឈមណ្ឌលធម្មលដ្ឋិកា ខេត្តបាត់ដំបង នោះ ក្រៅពីមានការបង្ហាត់បង្ហាញឲ្យកុមារបានរៀនធ្វើសមាធិ ឬចម្រើនកម្មដ្ឋានអប់រំចិត្ត ក្នុងនោះគេក៏មានកម្មវិធីជាច្រើនទៀតដែរ ដូចជាការលេងល្បែងកម្សាន្ត ការនិទានរឿងផ្សេងៗឲ្យកុមារស្ដាប់ជាដើម។ រីឯការនិទានរឿងនោះ គេលើកយកតែរឿងណាដែលនិយាយទាក់ទងទៅនឹងការអប់រំទូន្មានផ្នែកសីលធម៌រស់នៅប្រចាំថ្ងៃរបស់មនុស្ស។
ក្រោយពីវគ្គធម្មសិក្សាបានបញ្ចប់ គេក៏ឲ្យកុមាររៀនបញ្ចេញមតិយោបល់ផងដែរ ដើម្បីឲ្យដឹងថា តើការយល់ដឹងរបស់គេនៅក្នុងការហាត់រៀនធ្វើសមាធិ ឬបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាននោះ មានប្រយោជន៍ដល់ខ្លួនគេ ឬយ៉ាងណា?
ចំពោះការផ្ដល់ឲ្យកុមារចេះបញ្ចេញមតិក្ដី និងការណែនាំឲ្យគេរៀនធ្វើសមាធិក្តី គេឃើញកុមារជាច្រើននាក់បានចាប់អារម្មណ៍ ដោយគេបានលើកឡើងស្រដៀងៗគ្នាថា កម្មវិធីអប់រំនោះជាកម្មវិធីល្អ ពីព្រោះបានធ្វើឲ្យគេចេះពីរបៀបត្រួតត្រាលើចិត្តខ្លួនឯង ដែលជាបទពិសោធន៍ថ្មីមួយនៅក្នុងជីវិតរបស់គេពុំធ្លាប់មានពីមុន។
ក្នុងចំណោមកុមារដែលបានចូលរួមក្នុងធម្មសិក្សានោះ កុមារីមួយរូបឈ្មោះ បញ្ញា វត្តី ដែលជាសិស្សមកពីសាលារៀនមួយក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា នាងធ្លាប់បានមកចូលរួមក្នុងធម្មសិក្សាអប់រំចិត្តនៅមជ្ឈមណ្ឌលធម្មលដ្ឋិកានេះជាច្រើនដងរួចមកហើយ រួមទាំងលើកនេះផង។
កុមារីដដែលបានបន្តថា ប្រការដែលនាងចូលចិត្តមករៀនធម៌នៅទីនេះ ពីព្រោះនាងបានទទួលផលប្រយោជន៍ជាច្រើន ដូចជាមានការចងចាំក្នុងការទន្ទេញមេរៀនជាដើម៖ «វាអត់ងាយភ្លេចទេ ធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ ហើយចិត្តអត់រញ៉េរញ៉ៃ អត់ច្របូកច្របល់»។
ក្រៅពីនេះមានកុមារខ្លះទៀតបានបញ្ជាក់ថា ប្រការដែលគេចាប់អារម្មណ៍បំផុតនោះ គឺការអប់រំធម៌អានាបាណស្សតិកម្មដ្ឋានជួយឲ្យគេរៀននៅសាលាចំណេះទូទៅបានពូកែជាងមុន។
កុមារាមួយរូបឈ្មោះ វិទូ ជាសិស្សអនុវិទ្យាល័យមួយនៅខេត្តបាត់ដំបង ដែលបានចូលរួមនៅក្នុងធម្មសិក្សានោះបានបញ្ជាក់ថា គេបានមកចូលរួមរៀនធម៌នៅទីនេះជិត ២០ដងរួចមកហើយ ហើយគេបានឃើញថា បានជួយឲ្យគេក្លាយពីសិស្សដែលរៀនខ្សោយទៅជាសិស្សរៀនបានពិន្ទុល្អ៖ «មកពីខ្ញុំធ្វើអានាបាណរាល់អាទិត្យ មួយអាទិត្យអង្គុយធម៌ប្រហែលម្ដង ពីរដង ហើយម្ដងពីនាទី។ …លើកក្រោយខ្ញុំចង់មកទៀត»។
ក្រៅពីកុមារដែលបានទទួលការអប់រំផ្លូវចិត្តតាមរយៈបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាន ដែលពោលសរសើរថា ជាកម្មវិធីផ្ដល់ផលប្រយោជន៍ល្អដល់គេនោះ ក្នុងនោះគេឃើញមាតាបិតាមួយចំនួនដែលបានយកកូនទៅរៀនធម៌នៅមជ្ឈមណ្ឌលធម្មលដ្ឋិកានោះ ក៏បានបញ្ជាក់ប្រាប់ប្រហាក់ប្រហែលគ្នានេះដែរថា ជាកម្មវិធីមួយជួយអប់រំឲ្យកុមារចេះដឹងខុសត្រូវ ចេះគោរពគុណម៉ែឪ និងចាស់ទុំ។
ក្នុងចំណោមឪពុកម្ដាយកុមារ អ្នកស្រី ឈុន ចិន្ដាសោភា ដែលជាមន្ដ្រីនៃអង្គការក្រៅរដ្ឋាភិបាលមួយនៅភ្នំពេញ បានមានប្រសាសន៍ថា គាត់បានយកកូនប្រុស កូនស្រីគាត់ចំនួនពីរនាក់ ឲ្យមករៀនបដិបត្តិធម៌ដើម្បីអប់រំចិត្ដ ប៉ុន្តែដោយសារតែគាត់ទើបតែយកកូនមករៀនជាលើកដំបូងនោះ ដូច្នេះមិនទាន់ដឹងទេថា តើលទ្ធផលយ៉ាងណានោះ។
អ្នកស្រីបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីអប់រំកុមារតាមរបៀបឲ្យគេរៀនត្រួតត្រាចិត្ត ដែលហៅថា ធម៌សមាធិ ឬអានាបាណស្សតិកម្មដ្ឋាននោះ គឺជាវិធីសាស្ត្រមួយជួយបណ្ដុះសីលធម៌ ឬគុណធម៌ល្អដល់កុមារ៖ «ការបង្រៀនក្មេងអប់រំឲ្យវាចេះសីលទាំង ៥ មិនភ ភូតកុហក មិនទៅផឹកគ្រឿងស្រវឹង ឬក៏អី។ អប់រំក្មេងឲ្យដើរតាមគន្លងមាគ៌ាធម៌ដ៏ល្អនោះ ជាការប្រសើរណាស់»។
លោក កួច សុងហាក់ គ្រូជំនួយរបស់លោកគ្រូហ្គោឥនកា និងជាអាចារ្យប្រចាំមជ្ឈមណ្ឌលធម្មលដ្ឋិកា បានមានប្រសាសន៍ប្រាប់ដែរថា កម្មវិធីធម្មសិក្សាសម្រាប់កុមារក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូអាចារ្យប្រមុខហ្គោឥនកានោះ គឺមានកុមារនៅក្នុងប្រទេសផ្សេងៗជាច្រើនទៀតនៅក្នុងសកលលោក ក៏បានហាត់រៀនតាមកម្មវិធីនេះដូចគ្នាដែរ ដូចជាប្រទេសនៅតំបន់អាមេរិកឡាទីន នៅប្រទេសថៃ ប្រទេសអេស្ប៉ាញ ប្រទេសស្វីស អាហ្វ្រិកខាងត្បូង ។ល។
លោកបានបញ្ជាក់ទៀតថា ក្នុងមួយឆ្នាំៗ មានកុមារនៅក្នុងប្រទេសទាំងនោះចំនួន ៥ម៉ឺននាក់ បានទៅចូលរួមបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋានដើម្បីអប់រំចិត្តរបស់គេ។
គណៈកម្មការរៀបចំវគ្គកុមារនៃមជ្ឈមណ្ឌលធម្មលដ្ឋិកា នៅស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០១២ នេះ មានកុមារមករៀនបដិបត្តិធម៌អានាបាណស្សតិកម្មដ្ឋាន ឬធម៌អប់រំចិត្ត ចំនួនប្រមាណជិត ១.០០០នាក់។
គណៈកម្មការដដែលបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៣ នេះ គេក៏នឹងបង្កើតឲ្យមានវគ្គធម្មសិក្សសម្រាប់កុមារដែរ ដែលមានទាំងអស់ចំនួន ៦វគ្គ គឺនៅថ្ងៃទី១៣ ខែមករា ថ្ងៃទី១៩ ខែឧសភា ថ្ងៃទី១៦ ខែមិថុនា ថ្ងៃទី២៦ ខែកញ្ញា ថ្ងៃទី១៧ ខែវិច្ឆិកា ហើយនិងថ្ងៃទី១៥ ខែធ្នូ។ ការបង្រៀនធម៌សម្រាប់កុមារនេះ គឺបើកបង្រៀនចំនួនមួយថ្ងៃ និងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាករបស់កុមារនៅសាលរៀនរដ្ឋ។
សម្រាប់ការទាក់ទងក្នុងវគ្គធម្មសិក្សាកុមារនេះ គឺគេអាចទាក់ទងមកមជ្ឈមណ្ឌលធម្មលដ្ឋិកា តាមរយៈទូរស័ព្ទលេខ 097 6604525 និងមួយខ្សែទៀតគឺ 097 9048976៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សូមគោរពចូលមកវិទ្យុអាស៊ីសេរី RFA
ខ្ញុំយល់ថា នេះជាកម្មវិធីល្អមួយ សម្រាប់អប់រំកូនខ្មែរឱ្យមានស្មារតីនឹងន ចេះរស់នៅក្នុងសង្គមបានសុខនឹងគ្នា។
តើកម្មវិធីនេះអាចមាននៅភ្នំពេញឬទេ? ខ្ញុំចង់ឱ្យកុមារ យុវជននៅភ្នំពេញបានចូលរួមផង។
សូមអរគុណ