ភ្នំ​សំពៅ​បង្កប់​ជំនឿ​បែប​ប្រវត្តិ​សាស្ត្រ

Friday, 04 January 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

រូប​សំណាកព្រះ​ពុទ្ធ​អង្គ​នៅ​លើ​កំពូល​ភ្នំ​សំពៅកសាង​សម្រាប់​ជា​ទីគោរព​សក្តាររបស់​ភ្ញៀវ​។ រូបថត ស៊ូ វុទ្ធី

រូប​សំណាកព្រះ​ពុទ្ធ​អង្គ​នៅ​លើ​កំពូល​ភ្នំ​សំពៅកសាង​សម្រាប់​ជា​ទីគោរព​សក្តាររបស់​ភ្ញៀវ​។ រូបថត ស៊ូ វុទ្ធី

បាត់ដំបងៈ ក្រៅ​ពី​គយ​គន់​ទេសភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក​នៃ​ខេត្ត​បាត់ដំបង​នោះ ភ្នំ​សំពៅ​ក៏​នៅ​មាន​ល្អាង​ជា​ច្រើន​ធ្លាយ​ប្រទាក់​រក​គ្នា​ពី​ល្អាង​មួយ​ទៅ​ល្អាង​មួយ​ដែល​ភ្នំ​និង​ល្អាង​ទាំង​នោះ​បាន​បង្កប់​នូវ​ជំនឿ​រឿង​ព្រេង​បែប​ប្រវត្តិ​សាស្រ្ត​របស់​ដូន​តា​ខ្មែរ​កាល​ពី​សម័យ​កាល​ដ៏​យូរ​លង់​គឺ​រឿង​ចៅ​រាជកុល​និង​នាង​រំសាយ​សក់​ដែរ។



រមណីយ​ដ្ឋាន​ភ្នំ​សំពៅ​នៅ​ជាប់​ដង​ផ្លូវ​ជាតិ​លេខ​១០​អតីត​ផ្លូវ​លេខ​៥៧ ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅ​ប៉ៃលិន​មាន​ចម្ងាយ​ប្រមាណ​ជា​១៣​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំ​សំពៅ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​។ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូច​ជា​រាង​សំពៅ​មាន​កម្ពស់​ប្រហែល​១០០​ម៉ែត្រ​មាន​ផ្លូវ​ឡើង​ក្រាល​បេតុង​អាច​បើក​ម៉ូតូ​និង​រថយន្ត​បាន​ហើយ​ផ្លូវ​មួយ​ទៀត​ជា​ជណ្តើរ​មាន​ចំនួន​១០៣០​កាំ។

លោក ម៉ក់ ស៊ិន​ណារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា​កន្លង​មក​មាន​ការ​ភាន់​ច្រឡំ​ជា​ច្រើន​ថា​ប្រវត្តិ​ភ្នំ​សំពៅ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​កកើត​ប្រទេស​ជាតិ​កាល​ពី​សម័យ​បុព្វកាល​ដ៏​យូរ​លង់​មក​នោះ​។​លោក​បញ្ជាក់​ថា៖​«ខ្ញុំ​ក៏​មិន​ដឹង​ថា ភ្នំ​សំពៅ​នេះ​មាន​ការ​កកើត​នៅ​ក្នុង​គ្រិស្ត​សករាជ​ណា​ពិត​ប្រាកដ​ដែរ​តែ​គ្រាន់់​តែ​ដឹង​តាម​ឯកសារ​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ថា​ភ្នំ​សំពៅ​នេះ​ជាប់​ទាក់​ទិន​ព្រេង​នឹង​និទាន​ខ្មែរ​រឿង​ចៅ​រាជកុល​និង​នាង​រំសាយ​សក់​ហើយ​រឿង​នេះ​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កកើត​ទឹក​ដី​នៅ​ក្នុង​ភូមិ​សាស្រ្ត​នេះ​ដែរ​»។

លោក​រៀប​រាប់​ថា នៅ​ក្នុង​តួ​ភ្នំ​សំពៅ​ទាំង​មូល​មាន​ល្អាង​ចំនួន​១១​រួម​មាន​៖​១- ល្អាង​ផ្កា​ស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន ៦- ល្អាង​ជ្រៃ ៧- ល្អាង​ពេជ្រ ៨-ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានីយ​ឬ​ល្អាង​ធំ និង​១១-ល្អាង​ក្បាល​ខ្មោច​។ ល្អាង​ទាំង​នោះ​គឺ​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​កន្លែង​ស្នាក់​នៅ​និង​កន្លែង​តុប​តែង​ខ្លួន​នាង​រំសាយ​សក់់​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ដែល​និយម​ទស្សនា​តែ​ពីរ​បី​ល្អាង​ទេ គឺ​ល្អាង​ផ្កាស្លា​ល្អាង​ល្ខោន​ល្អាង​ស្ថានីយ​ឬ​ហៅ​ថា​ល្អាង​ធំ។ នៅ​លើ​កំពូល​ភ្នំ​ខាង​ក្រោយ​មាន​វត្ត​មួយ​ឈ្មោះ​ថា​វត្ត​គិរីរម្យ កាល​ពី​ដើម​ឡើយ​គ្រាន់​តែ​ជា​អាស្រម​សម្រាប់​សំណាក់​ធម៌​តែ​ប៉ុណ្ណោះ​។ នៅ​លើ​ខ្នង​ភ្នំ​មាន​វត្ត​អរុណនារី​ឬ​វត្ត​ដូន​ជី​ក្មេង​និង​ចេតិយ​ធំៗ​ស្អាតៗ​របស់​អភិជន​ខ្មែរ​កាល​ពី​សម័យ​មុន។

ដោយ​ឡែក​នៅ​ជុំ​វិញ​ក្បែរ​រមណីយដ្ឋាន​ភ្នំ​សំពៅ​នោះ​មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ជា​ច្រើន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​តាម​បែប​រឿង​និទាន​ខ្មែរ​ចៅ​រាជកុល​និង​នាង​រំសាយ​សក់។ លោក​ម៉ក់ ស៊ិនណារ៉ា ប្រាប់​ថា៖ «មាន​ភ្នំ​ក្តោង ភ្នំ​នេះ​ពេល​ដែល​សំពៅ​ចៅ​រាជកុល​ដែល​ដឹក​ភ័ស្តុភារ​បណ្ណាការ​មក​រៀប​អភិសេក​ជាមួយ​នាង​រំសាយ​សក់​ហើយ​ត្រូវ​ក្រពើ​អាធន​កឿង​រហូត​ក្រឡាប់​សំពៅ​បាក់​ក្លាយ​ជា​ភ្នំ​ក្តោង ចំណែក​ឯ​ភ័ស្តុភារ​បណ្ណាការ​ដែល​បាន​បែក​ខ្ចាយ​ដូច​ជា​មាន់​ទា នោះ​ក្លាយ​ជា​ភ្នំ​ទ្រុង​មាន់​ភ្នំ​ទ្រុង​ទា​ហើយ​កន្លែង​នាង​រំសាយ​សក់​ច្បូត​សក់​បូម​ទឹក​នោះ​ក៏​ក្លាយ​ជា​ភ្នំ​នាង​រំសាយ​សក់។ ចំណែក​ក្រពើ​ឈ្មោះ​អាធន​ពេល​រីង​ទឹក​អស់​ក៏​ដុះ​ឡើង​ក្លាយ​ជា​ភ្នំ​ក្រពើ​ហើយ​ភ្នំ​សំពៅ​នេះ​ជា​ប្រាសាទ​នាង​រំសាយ​សក់​ទើប​បាន​ជា​ភ្នំ​នេះ​សម្បូរ​ល្អាង​ព្រោះ​ថា​ល្អាង​នេះ​យើង​អាច​និយាយ​បាន​ថា​ជា​បន្ទប់​រៀប​ចំ​តុប​តែង​ខ្លួន​របស់​នាង​រំសាយ​សក់​ចាំ​ទទួល​ចៅ​រាជកុល​។

រមណីយដ្ឋាន​ភ្នំ​សំពៅ​សព្វ​ថ្ងៃ​ទទួល​ភ្ញៀវ​ឡើង​ទៅ​ទស្សនា​មិន​ដាច់​ឡើយ​មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ពិសេស​នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​។ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា៖​«​ជា​មធ្យម​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ​យ៉ាង​ហោច​ណាស់​ក៏​មាន​៥០​នាក់​ដែរ​តែ​បើ​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​ចុង​សប្តាហ៍​មាន​ច្រើន​ដល់​ទៅ​រយ​នាក់​ឯណោះ»​។

កាល​ដែល​រមណីយដ្ឋាន​បែប​ប្រវត្តិ​សាស្រ្ត​នេះ​ទាក់់​ទាញ​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ច្រើន​នេះ​ត្រូវ​ប្រធាន​មន្ទីរ​អះអាង​ថា​ភ្ញៀវ​ឡើង​ទៅ​ទស្សនា​នោះ​ពួក​គេ​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​ពេល​គយ​គន់​ទេសភាព​ជុំវិញ​ភ្នំ ហើយ​ពួក​គេ​ក៏​សប្បាយ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ល្អាង​ពី​មួយ​ទៅ​មួយ​ដែល​ល្អាង​ទាំង​នោះ​ភាគ​ច្រើន​នៅ​តែ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដែល​មើល​ទៅ​អាច​ដឹង​ពី​ប្រវត្តិ​ដើម​បាន​៕

What Next?

Recent Articles

One Response to "ភ្នំ​សំពៅ​បង្កប់​ជំនឿ​បែប​ប្រវត្តិ​សាស្ត្រ"

  1. IC។ ខ្ញុំមានអារម្មណ៏ ឮស្នូរបទចំរៀង លោក ស៊ិន ស៊ីសាមុត រម្ងំៗ ក្នុងចិត្ត អានុស្សាវរីយ៏ ភ្នំសំពៅ ។ បើខ្ញុំចាក់សំលេង

    CD ស្តាប់នៅពេលជិតភ្លឺ ខ្ញុំនឹកស្រម៉ៃឃើញ ថា ទេសភាពធម្មជាតិស្រុកខ្មែរល្អស្រស់បំព្រង។