05252013Headline:

កម្ពុជា​បន្ត​ផ្អាក​ការ​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី ដោយ​សារ​តែ​ខ្វះ​យន្ត​ការ​ការពារ

Wednesday, 09 January 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

លោក​ស្រី ជូ ប៊ុន​អេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ទេសន្តរ​ប្រវេសន៍ បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ ១២ ទំព័រ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល ​២ ​ថ្ងៃ របស់​ក្រុម​ការងារ​លោក​ស្រី ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាល​ពីដើម​ខែ​ធ្នូ​ ឆ្នាំ ២០១២ ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​នៃ​ពលករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ទីនោះ​។ គណៈ​កម្មាធិការ នៃ​ក្រុម​ការ​ងារ​ទេសន្តរ​ប្រវេសន៍​កម្ពុជា មាន​សមាជិក​២១ នាក់ រួម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ក្នុង​ស្រុក​ផង​ដែរ បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​​ម៉ាឡេ​ស៊ី និង​ស្ថាន​ទូត​កម្ពុជា​នៅ​ទីនោះ ព្រម​ទាំង​ជួប​ជាមួយ​ពល​ការិនី​ចំនួន​ ១៣ នាក់​ដែល​កំពុង​ស្នាក់​នៅ​ផ្ទះ​សុវត្ថិភាព នៃ​ប្រទេស​ម៉ាឡេស៊ី។ របាយការណ៍​សរសេរ​ថា ការ​ជួប​ជាមួយ​ស្ត្រី​ទាំង ១៣ នាក់ បាន​បង្ហាញ​ពី​ទំរង់​នៃ​ការ​រំលោភ​បំពាន គឺ មាន​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ជួញ​ដូរ​ជន​ទេសន្តរប្រវេសន៍ ការ​លក់​ទៅ​ផ្ទះ​បន ការ​រំលោភ​លើ​ការងារ ដោយ​មិន​ឲ្យ​ប្រាក់​កម្រៃ ក៏​ដូច​ជា​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួស​កម្លាំង​។

ក្នុង​ករណី រំលោភ​បំពាន​ធ្ងន់​ធ្ងរ​មួយ «មាន​កុមារី​អាយុ​ទើប ១៧ ឆ្នាំ ធ្វើ​ការ​ជាង​ពីរ​ឆ្នាំ​មិន​ទទួល​ប្រាក់​កម្រៃ​ទាល់​តែ​សោះ និង​មាន​ម្នាក់​រង​គ្រោះ ​ដោយ​ហិង្សា​ចាក់​នឹង​កន្រៃ្ត​ជាច្រើន​កន្លែង​លើ​ខ្លួន និង​ម្នាក់ ត្រូវ​គេ​វាយ​បាក់​ថ្គាម​ ពិបាក​ហា​មាត់ ហើយ​ម្នាក់​ត្រូវ​គេ​កាត់​ស្លឹក​ត្រចៀក​ ខណៈ​ម្នាក់​ទៀត​ត្រូវ​គេ​មួល​ស្លឹក​ត្រចៀក​ក្រពឹត​ខ្ទេច​ខ្ទី»។

របាយការណ៍​នេះ ផ្តល់​នូវ​ស្ថានការណ៍​ពិតដ៏​កម្រ​នៃ​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​មួយ​ ក្នុង​ស្ថាន​ភាព​ដែល​ការ​ផ្អាក​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី​នៅ​តែ​មិន​ ទាន់​លើក​លែង​ តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១​មក ដោយ​ហេតុ​តែ​មាន​ការ​រាយការណ៍​ពី​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​កម្លាំង និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ រហូត​ដល់​ធ្វើ​ឲ្យ​ពលករ​កម្ពុជា​ជា​ច្រើន​ស្លាប់ និង​ខ្លះ​ទៀត​ពិការ ឬ​ក្លាយ​ជា​វិកល​ចរិត​។

ក្នុង​ជំនួប​ជា​មួយ​មន្ត្រី​ម៉ាឡេស៊ី ភាគី​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ខ្លះ​នៃ​ប្រព័ន្ធ​តាម​ដាន​ត្រួត​ពិនិត្យ ពលករ​កម្ពុជា ដោយ​ពង្រឹង​កិច្ច​សហការ​ជាមួយ​គ្នា។

របាយការណ៍​នេះ​ សរសេរ​ថា៖ «​លោក​ស្រី Syuhaida Binti Abdul Wabhab Zen អនុ​រដ្ឋ​លេខាធិការ​ទី២​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី​ទទួល​ស្គាល់​បញ្ហា​ថា ពិត​ជា​មាន​ការ​រំលោភ​បំពាន​ និង​កេង​ប្រវ័ញ្ច​លើ​ពលការិនី​កម្ពុជា​ តែ​ចំនួន​នៃ​ករណី​រំលោភ​បំពាន មាន​តិច​តួច​ បើ​ធៀប​នឹង​ចំនួន​ពលករ​ដែល​បាន​ទទួល​ផល​ប្រយោជន៍​ពីការ​ងារ​នេះ។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ មាន​ជំហរ​ប្រឆាំង​រដ្ឋាភិបាល​ជា​អ្នក​បំប៉ោង​បញ្ហា​ ទើប​សភាព​ការណ៍​ទៅ​ជា​បែប​នេះ»។

ទោះ យ៉ាង​ណា លោក​ស្រី​ជូ ប៊ុន​អេង បាន​ថ្លែង​តប​វិញ​ថា ៖ «ទោះ​បី​ចំនួន​នៃ​ភាព​រងគ្រោះ​ មិន​មាន​ច្រើន​ករណី​ក្តី បើ​ប្រៀបធៀប​នឹង​ចំនួន​ពលករ​មក​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ជាង​បី​ម៉ឺន​នាក់​ តែ​ក៏​មិន​គួរ​ឲ្យ​មាន​តទៅ​ទៀត​ដែរ»។ លោក​ស្រី​បន្ត​ថា៖«ជា​ការ​អនុវត្ត​(ចំពោះ​ម៉ាឡេស៊ី) ជាក់​ស្តែង​ នៅ​តែ​មាន​ចំណុច​ខ្វះ​ខាត​ ទើប​បាន​ជា​នៅ​តែ​មាន​ការ​រំលោភ​បំពាន។ ភាគី​កម្ពុជា​ សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ជួយ​សង្គ្រោះ​ និង​ការពារ​ពលករ​កម្ពុជា​ដែល​រង​នូវ​ការ​បំពាន​ផ្លូវ​កាយ​ ផ្លូវ​ភេទ ស្មារតី និង​ការ​កេង​ប្រវ័ញ្ច​ប្រាក់​បៀវត្សរ៍»។

ស្រប​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​និយោជក របស់​ម៉ាឡេស៊ី បាន​ស្តី​បន្ទោស ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អង្គការ​ដែល​ផ្តល់​ព័ត៌មាន​ធ្វើ​ឲ្យ​ មាន​ការ​យល់​ច្រឡំ។ អ្នក​តំណាង​ក្រុមហ៊ុន​និយោជក ប្រាប់​លោក​ស្រី ជូ ប៊ុនអេង ក្នុង​ទស្សនកិច្ច​នេះថា ពួក​គេ​បាន​ខាត​បង់​ប្រាក់​អស់​ប្រមាណ​៤០​លាន​រីងហ្គីត ស្មើ៧​លាន​ដុល្លារ​អាមេរិក ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​បញ្ជូន​ពលករ​ ទៅ​ម៉ាឡេស៊ី ហើយ​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​ស្រី ជូ ប៊ុនអេង ថ្លែង​ថា៖ «រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជឿ​តែ​លើ​របាយការណ៍​របស់​​អង្គការ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ តែ​យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ច្រើន​ ពី​ពលការិនី​រងគ្រោះ​។ ក្នុង​នាម​រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ត​ដោះស្រាយ ដោយ​​ផ្អាក​ការ​បញ្ជូន​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​សម​ស្រប ចំពោះ​បញ្ហា​នេះ»។ កិច្ច​ប្រជុំ​នៅ​ម៉ាឡេស៊ី ក៏មាន​ការ​ស្នើសុំ​ ឲ្យ​មាន​ការ​បង្កើត​គណនី​ផ្ទាល់​ខ្លួន សម្រាប់​ដាក់​ប្រាក់​ពលករ​ ប្រព័ន្ធ​សមស្រប​មួយ​សម្រាប់​គ្រប់​គ្រង​ចំនួន​ពលករ ពី​ក្រសួង​ការងារ អាសយដ្ឋាន​ ឬទី​កន្លែង​ធ្វើ​ការ។

លោក សំលៀង សិលា នាយក​អង្គការ​សកម្ម​ភាព​ដើម្បើ​កុមារ​ ដែល​ចូល​រួម​ក្នុង​ដំណើរ​ទស្សកិច្ច​នេះ​ ថ្លែង​ថា ទស្សនកិច្ច​នេះ​ក៏​មាន​និយាយ​ពី​ការ​ខ្វះខាត​ នូវ​ធនធាន​បុគ្គលិក​សម្រាប់​បម្រើ​ការ​ងារ​ទេសន្តរ​ប្រវេសន៍​ដែល​មាន​ករណី​ ច្រើន​ត្រូវ​ដោះស្រាយ​ផង​ដែរ។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ជាតិ នៃ​អង្គការ UN Women លោក រស់ វ៉ា បាន​ថ្លែង​ថា ទស្សន​កិច្ច​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទេសន្តរ​ប្រវេសន៍ ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​៕

រាយការណ៍​បន្ថែម Abby Seiff

What Next?

Recent Articles

One Response to "កម្ពុជា​បន្ត​ផ្អាក​ការ​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី ដោយ​សារ​តែ​ខ្វះ​យន្ត​ការ​ការពារ"

  1. th says:

    មិនចាំបាច់ផ្អាកទេ ​យកល្អបិទតែម្តងទៅ ព្រោះពួកម៉ាឡេស៊ីនេះចាត់ទុកស្រ្តី ជាទាសករផ្លូវភេទដាច់ថ្លៃ