05212013Headline:

នាយ ចាប ចៀន នៅក្នុង​ជីវិត ឆ្ពោះ​មកកាន់​តារា​កំប្លែង​

ភ្នំពេញ: កាលពី ទសវត្សរ៍​៧០ មាន​កុមារា​ម្នាក់​ត្រូវបាន​គេ​ចាប់​ជីកដី​កប់​ត្រឹម​ក ហើយ​ត្រៀម​នឹង​ស្រោច​ទឹក​ក្តៅ​ពីលើ​ដើម្បី​សម្លាប់ចោល​ទៅហើយ តែ​សំណាងល្អ​បាន​រស់រានមានជីវិត​មកវិញ​។ កុមារា​ម្នាក់នេះ មហាជន​ធ្លាប់តែ​ស្គាល់​គាត់​ថា ឈ្មោះ នាយ “​ចាប ចៀន​” ជា​តារា​កំប្លែង​មួយរូប​មានឈ្មោះ​បោះ​សំឡេង​ប្រចាំ​នៅ​កម្ពុជា​។

ថ្ងៃទី 9 មករា 2013, ម៉ោង 02:17:PM
ដោយ: វឿន សាវុធ​
CEN

​ចាប​ចៀន​ស្ថិតនៅក្នុង​ចំណោម​តារា​កំប្លែង​វ័យ​ចំណាស់​ម្នាក់​ដោយបាន​កសាង​កេ​រ្ត៍​ឈ្មោះ​ចាប់តាំងពី​ទស្សវត្សរ៍​១៩៨០​។ ប៉ុន្តែ​លោក នៅតែ​រក្សា​កេ​រ្ត៍​ឈ្មោះ​របស់លោក​បាន​នៅក្នុង​ពិភព​សិ​ល្បះ​។​

ជីវិត​កុមារភាព​ដ៏​កម្សត់​របស់​ចាម​ចៀន​

​លោក “​អ៊ុក សុវណ្ណារិទ្ធ​” បាន​ឆ្លងកាត់​របប​ខ្មែរក្រហម ដោយពេល​នោះ គេ​បាន​ជម្លៀស​គាត់​ទៅកាន់​ឃុំ​ដូង ស្រុក​ឈូក ខេត្តកំពត​។ លោក បាន​រាប់រៀប​ប្រាប់ថា នៅ​សម័យ​នោះ​គាត់​នៅ​ជា​កុមារ​នៅឡើយ ដែលមាន​អាយុ​ទើបតែ​១២ ទៅ​១៣​ឆ្នាំ​។ ខ្មែរក្រហម​បាន​ឲ្យ​រូបគាត់ ឃ្វាលគោ​-​ក្របី​លុះ​ក្រោយមក​រស់នៅ​ទីនោះ​អស់​រយៈពេល​២ ទៅ​៣​ឆ្នាំ គេ​បាន​ចាប់​លោក​ឲ្យ​រែក​ដី ជីក​ប្រឡាយ លើក​ទំនប់ទឹក ថែមទាំង​បាន​គម្រាម​គំហែង​ដល់​គាត់​ទៀតផង​។  ណាមួយ​គាត់​ត្រូវ​បរិភោគ​អាហារ​រួម​គា្ន​ជាមួយ​សហ​ករ​ដូច​ជនរងគ្រោះ​ដទៃទៀត​ដែរ​។ ចំពោះ​ជីវិត​ជូរចត់ ដែល​លោក បាន​ចាំ​រហូតមកដល់​សព្វថ្ងៃ​នេះ គាត់​បាន​និយាយថា “​ដោយ​កាលណោះ​ខ្ញុំ​នៅ​ក្មេង​មិនទាន់​ដឹង​អ្វី​នៅឡើយ ហើយ​មាន​គេ​មក​បបួល​ខ្ញុំ​ទៅ​លួច​ដក​ដំឡូង និង​បេះ​ផ្លែ​ដូង​មក​ស៊ី ព្រោះ​ខ្មែរក្រហម​បង្អត់បាយ​យូរថ្ងៃ​ហើយ​។ ខណៈពេល​នោះដែរ ត្រូវ​ខ្មែរក្រហម​ចាប់​ខ្ញុំ​បាន ដោយ​ជីកដី​កប់​ត្រឹម​ក ដែលមាន​គ្នា​៤ ទៅ​៥​នាក់ ហើយ​គេ​បាន​ដាំទឹក​ក្តៅ​ពុះ​ត្រៀម​នឹង​យកមក​ស្រោច​ពីលើ​ខ្ញុំ​ដោយ​ចោទ​ខ្ញុំ​ថា​ជា “​ខ្មាំង​” ត្រូវកំទេច​ចោល​នៅ​ចំពោះមុខ​មហាជន តែ​ត្រូវបាន​ម្តាយ​ឪពុក​របស់ខ្ញុំ​ជួយ​ទាន់ពេលវេលា​ក៏មាន​ជីវិត​រស់​មកដល់​សព្វថ្ងៃនេះ​ទៅ ”​។

​ចាប​ចៀន មានឈ្មោះ ពិត​ប្រាកដថា “​អ៊ុក សុវណ្ណារិទ្ធ​” ។​លោក កើត​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​១៩៦៤ នៅ​សង្កាត់​លេខ​៣ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (​កើត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​)​។ លោក មាន​បងប្អូន​បង្កើត​ចំនួន​៤​នាក់ ប្រុស​៣​នាក់ និង​ស្រី​១​នាក់ ហើយ​គាត់​ជា​កូន​បង​គេ​ក្នុងចំណោម​កូន​ទាំង​៤​នាក់​នោះ​។

​ម្យ៉ាង លោក  “​អ៊ុក សុវណ្ណារិទ្ធ​” ហៅ​នាយ “​ចាប ចៀន​” នេះ មាន​កម្ពស់​១,៦៣​ម៉ែត្រ និង​មាន​ទម្ងន់​៥៦​គីឡូក្រាម​។ លោក មាន​ឪពុក​ឈ្មោះ “​អ៊ុក ហុក​ស្រេង​” ហៅ “​អ៊ុក នាង​” អតីត​គ្រូបង្រៀន​នៅ​សម័យ ព្រះមហាវីរក្សត្រ​សម្តេច សីហនុ  ចំណែកឯ​ម្តាយ​ឈ្មោះ “​កែវ វ៉ាន់​ថា​” ជា​មេផ្ទះ តែ​បច្ចុប្បន្ន​លោក​ទាំងពីរ​នាក់​នេះ​ទទួលអនិច្ចកម្ម​ហើយ​។

​ចំពោះ​លំនៅដ្ឋាន​របស់លោក “​អ៊ុក សុវណ្ណារិទ្ធ​”  នាពេល​ប​ច្ចុច​ប្បន្ន នៅ​បុរី​ពិភពថ្មី ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ជីវិត​នៅក្នុង​ការសិក្សា​

​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក លោក​បាន​រៀន​នៅ​សាលា​ផ្សារ​ដើមថ្កូវ បន្ទាប់មក​រៀន​សាលា​ចតុមុខ ក្រោយមកទៀត​ទៅ​រៀន​សាលា​ស៊ីសុវត្ថី និង​សាលា​បាក់​ទូក និង​ជា​ចុងក្រោយ​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិចិត្រសិល្បៈ (១៩៨២-១៩៨៣) ដែល​បាន​រៀន​ទៅ​ទីនេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ រហូតមកដល់​ឆ្នាំ​១៩៩១-១៩៩២ ក៏​ឈប់​។​

ជីវិត​ស្នេហា​របស់​ចាប​ចៀន​
 
​យើង​ងាក​មក​មើល​ពី​ជីវិត​អាពាហ៍ពិពាហ៍​របស់លោក “​អ៊ុក សុវណ្ណារិទ្ធ​” វិញ​ម្តង ដោយ​លោក “​អ៊ុក សុវណ្ណារិទ្ធ​” បាន​រៀប​មង្គលការ ជាមួយ​អ្នកស្រី “​សែន សុវណ្ណ​ធី​” នៅ​ឆ្នាំ​១៩៩៦-១៩៩៧ ដែល​ពេលនេះ គាត់​ទទួល​បានកូន​ចំនួន​៣​នាក់​ហើយ ក្នុងចំណោម​កូន​ទាំង​៣​នោះ មាន​ស្រី​២​នាក់ និង​ប្រុស​១​នាក់​។ ចំពោះ​កូនស្រី​បង​ឈ្មោះ “​អ៊ុក រិទ្ធី​នាថ​” មាន​អាយុ​ជាង​១០​ឆ្នាំ​ហើយ និង​បាន​រៀន​ថា្នក់​ទី​៦-៧ នៅ​សាលា​ឯកជន​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ​។ រីឯ​កូនប្រុស​ទី​២ ឈ្មោះ “​អ៊ុក រិ​ទ្ធ​រ៉ូ​ឡិន​ឌូ​”  និង​កូនស្រី​ម្នាក់ទៀត ឈ្មោះ “​អ៊ុក រិទ្ធី​រី​ហា​ណា​” ទើប​មាន​អាយុ​១​ខួប​ជាង​ប៉ុណ្ណោះ​។​

ដំណើរ​ផ្លូវ​ឆ្ពោះ​មកកាន់​តារា​កំប្លែង​

​លោក “​អ៊ុក សុវណ្ណារិទ្ធ​” បាន​ធ្លាប់ជា​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិច​ត្រ​សិល្បៈ ហើយ​សិក្សា​ផ្នែក​សៀក នៃ​មហាវិទ្យាល័យ នាដ​សាស្ត្រ​។ លោក បាន​ប្រាប់ថា ក្រោយមក​ក៏មាន​ផ្នែក​ខ្សែ​វីដេអូ​ខ្មែរ​នៅ​ទសវត្សរ៍​ទី​៨០​ក្រាស់ គាត់​បាន​ចូលរួម​ថត​ជា​ខ្សែ​វីដេអូ​ដំបូង ដែលមាន លោក “​ណុប សុវត្ថិ​” ជា​អ្នកដឹកនាំ​រឿង ព្រោះ​គាត់​ធ្លាប់​ធ្វើការ​ជាមួយ​លោក​នៅ​នាយកដ្ឋាន​សិល្បៈ ពីមុនមក​។

​លោក បាន​បន្តថា បន្ទាប់មក​បាន​ថត​រឿង “​យំ​១​ពាន់​ដង​” ជា​លោក “​ជាតិ វណ្ណៈ​” និង​មាន​តួអង្គ​ច្រើន​ទៀត​តែ​គាត់​មិន​ចាំ​ទេ ដែល​ក្នុង​រឿងនេះ លោក ដើរតួ​ជា​អ្នក​វាយតប់ ហក់លោត  ឆ្វែ​ក​ឆ្វាច ប៉ុណ្ណោះ​។ លុះ​ក្រោយមក គាត់​បាន​ថត​ជាមួយ​លោក “​ណុប សុវត្ថិ​” ដែល​លោក “​អ៊ុក សុវណ្ណារិទ្ធ​”   ដើរតួ​ជា​អ្នកកំប្លែង ឈ្មោះ​នាយ “​ចាប ចៀន​” ក្នុង​រឿង “​កាត់​បេះដូង​ដើម្បី​បង​”​។ តាំងពី​ពេលនោះ​មក មហាជន ឬ​ទស្ស​និជ​ន​ចាប់ផ្តើម​ស្គាល់​លោក​កាន់តែខ្លាំង ថា​ជា​តួ​ឈ្មោះ នាយ “​ចាប ចៀន​” រហូតមកដល់​បច្ចុប្បន្ន​នេះ ក្នុង​ស្នាដៃ​របស់លោក “​គង់ ប៊ុន​ឈឿន​” ក្នុង​រឿង “​នាង​រំសាយសក់​” ដែល​បាន​ដើរតួ​ជា​អ្នកកំប្លែង​តាំងពី​ពេល​នោះមក​។​

​លោក បន្ថែមថា ចាប់​ទាំងពី​បាន​ចូលរួម​សម្តែង​សិល្បៈ​តាំងពី​ឆ្នាំ​១៩៨៣​មកដល់​ឆ្នាំ​២០១៣​នេះ មាន​រយៈពេល​៣០​ឆ្នាំ​។ ដោយ​រៀន អស់​រយៈពេល ៣​ឆ្នាំ សាលា​បានអនុញ្ញាត​ឲ្យ​ចេញ​សម្តែង​ហើយ ប្រហែលជា​នៅ​ឆ្នាំ​១៩៨៥​គឺ​ចាប់​ផ្តើមចេញ​សម្តែង​ជាប់​រហូតមក​។​

​គាត់ បាន​ប្រាប់ទៀតថា លោក​មិនមាន​បងប្អូន​ណា​ម្នាក់​ជា​អ្នកសិល្បៈ​ទេ មានតែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​បងប្អូន​ទាំង​បួន​នាក់​។ តែ​ដោយឡែក​វិញ  មាន​ជីដូន​ខាង​ឪពុក​ម្នាក់ ឈ្មោះ “​ម៉ម កាឡុង​” ជា​គ្រូបង្ហាត់​ផ្នែក​ល្ខោន​នៅ​ព្រះរាជ​បរមរាជវាំង​។

ស្នាដៃ​ដែល​ទទួលបាន​

​នាយ ចាប ចៀន មាន​ស្នាដៃ​ជាច្រើន ដូចជា​ទទួលបាន​គ្រឿងឥស្សរយស និង​ព្រះ​រាជ្យ​ក្រឹ​ត​ពី​ព្រះមហាវីរក្សត្រ សម្តេច សីហនុ ។ លោក​ក៏បាន​ទទួល​មេដាយមាស និង​លិខិត​សរសើរ ពី​អង្គការ​មួយចំនួន​ដូចជា អង្គការ​អា​លីកាដូ  ដោយ​លោក បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​អំពើ​ទារុណកម្ម​លើ​កុមារ ដែលជា​កុមារ​អនីតិជន​ត្រូវបាន​គេ​ធ្វើបាប​។ លោក បាន​បន្តថា ក្នុងចំណោម​អ្នកសិល្បៈ​ទាំងអស់​មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​បានធ្វើការ​ខាង​នេះ​បាន​ច្រើន និង​ទទួលបាន​ប័ណ្ណសរសើរ​ពី​យុទ្ធនាការ​នេះ​។ លោក បាន​ចូលរួម​កិច្ចការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្តីពី​អនាម័យ ដែលមាន​ធនាគារពិភពលោក បាន​ចូលរួម​ដែរ ហើយ​បានតែងតាំង​គាត់​ជា​អ្នក​នាំសារ​។

​ឱកាស​ចេញទៅ​ក្រៅប្រទេស តារា​កំប្លែង​ប្រកបដោយ​ភាព​ក្រមិចក្រមើម និង​មាន​វោហា​ខ្ពស់ នាយ “​ចាប ចៀន​” មិន​ត្រឹមតែ​បាន​សម្តែង​ក្នុងស្រុក​តែប៉ុណ្ណោះ​ទេ ថែមទាំង​បានចេញ​ទៅ​សម្តែង​នៅឯ​ក្រៅប្រទេស​ទៀតផង ដូចជា​ប្រទេស បារាំង​(​ឆ្នាំ​១៩៩៧) កាណាដា អូស្ត្រាលី​(​ឆ្នាំ​២០០០) និង​អាមេរិក (​គាត់​ចេញទៅ​បាន​៤​លើក​ហើយ នៅ​ឆ្នាំ​១៩៩៤, ១៩៩៨ និង​២០០៥-២០០៦ បាន​ទៅ​ពីរ​ជើង​ទៀត​)​។

ការងារ​ពេលបច្ចុប្បន្ន​

​តារា​កំប្លែង ដែលមាន​ឈ្មោះ បោះ​សំឡេង​តាំងពី ទស្សវត្ស​ន៍ទី​៨០ នាយ “​ចាប ចៀន​” មិន​ទុក​ខ្លួន​ឲ្យ​នៅ​ទំនេរ​នោះទេ គឺ​គាត់​បាន​ធ្វើជា​ពិធីករ​ចល័ត​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់ ដូចជា​ប៉ុស្តិ៍​លេខ​៥ អាស៊ីអាគ្នេយ៍ ស៊ី​ធី​អិន និង​បាយ័ន ដែល​មានមុខ​ញឹកញាប់​ជាងគេ​ក្នុងចំណោម​ទូរទស្សន៍​ទាំង​ប៉ុន្មាន​នេះ​។ លោក បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមថា គាត់​បាន​ធ្វើជា​ទាហាន​ស័ក្តិ​៥ ដែលមាន​ឋានន្តរ​ជា​វីរ​សេនីយ​ឯក នៅ​កងឯកភាព​អង្គរក្ស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឯ​បន្ទាយ​ទួល​ក្រសាំង​។ ក្រៅពីនេះ លោក ក៏បាន​ទទួល​រៀបចំ​ពិធីកាត់សក់ ខួបកំណើត ខួបអាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេងៗ​ទៀតផង​។​

គោលបំណង​ទៅ​ថ្ងៃ​អនាគត​

​លោក “​អ៊ុក សុវណ្ណ​រិ​ទ្ធ​” ហៅ​នាយ “​ចាប ចៀន​” បាន​និយាយថា “​គោលបំណង​នាពេលខាងមុខ ខ្ញុំ​មិនមាន​អ្វី​ក្រៅពី​ការងារ​សិល្បៈ​នោះទេ ព្រោះ​ចង់​បណ្តុះបណ្តាល​កូនក្មួយ​ជំនាន់​ក្រោយៗ​ដែល​ស្រឡាញ់​អាជីព​ដូចជា​ខ្ញុំ​អ៊ីចឹង​”​។

​លោក​ក៏​ចង់​បង្កើតជា​សមាគមន៍​រួមគ្នា​មួយ​ដើម្បី​បាន​ជួយ​ដល់​សង្គម​យើង​ខ្លះ ដូចជា​ពេល​មាន​គ្រោះទឹកជំនន់ មាន​អាសន្ន​អន់ក្រ ជាដើម​៕​

What Next?

Recent Articles

3 Responses to "នាយ ចាប ចៀន នៅក្នុង​ជីវិត ឆ្ពោះ​មកកាន់​តារា​កំប្លែង​"

  1. 007 says:

    ពិតជាគួរឲ្យសរសើរលោក អ៊ុក សុវណ្ណរិទ្ធ ក្នុងការតស៊ួរហូតមានឈ្មោះបោះសំលេងដល់បច្ចុប្បន្ន ​និងបានជួយដល់សង្កមតាមរយៈអង្គការជាច្រើន ។

  2. ក្មេងស្រុកស្រែ says:

    good lok po

  3. Angry Bird says:

    Very great…I do support you, please try do good thing more