ភ្នំពេញ: រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចបង្កើនប្រាក់ជំនួយដល់សាលាក្តីខ្មែរក្រហម ចាប់ពី ៣០ ម៉ឺនអឺរ៉ូ កាលពីឆ្នាំកន្លងមក ទៅដល់ ៥០ ម៉ឺនអឺរ៉ូ នៅឆ្នាំ២០១៣។ នេះបើតាមលោក សែក្ស ម៉ូស្ទុយរ៉ា ( Serge Mostura ) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា។
ថ្ងៃទី 5 កុម្ភៈ 2013
ដោយ: រតនា
CEN

លោក សែក្ស ម៉ូស្ទុយរ៉ា ដែលមិនទាន់ថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជា ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតបារាំង ពេញសិទ្ធិ ប្រចាំកម្ពុជា បានថ្លែងចំពោះមុខអ្នកកាសែត នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅស្ថានទូតបារាំង ប្រចាំរាជធានីភ្នំពេញ ជុំវិញដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ នៅកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault។ លោកនាយករដ្ឋមន្ត្រី បានអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ។

លោក សែក្ស ម៉ូស្ទុយរ៉ា បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបារាំង Ayrault បានជួបជាមួយនឹងអ្នកពាក់ព័ន្ធនៅសាលាក្តីខ្មែរក្រហម រួមមាន ចៅក្រម ជាដើម ដើម្បីពិភាក្សា នៅក្នុងស្ថានទូតបារាំង។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់របស់បារាំង ក្នុងសាលាក្តីខ្មែរក្រហម និងការមិនឲ្យមាននីរទណ្ឌភាព នៃការរួចទោស លើបទឧក្រិដ្ឋប្រល័យពូជសាសន៍ នៅក្នុងរបបខ្មែរក្រហម។
លោក សែក្ស ម៉ូស្ទុយរ៉ា បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបារាំង បានគូសបញ្ជាក់អំពីការបង្កើនប្រាក់ជំនួយរបស់បារាំង ដល់សាលាក្តីខ្មែរក្រហម ដោយកើនពី ៣០ ម៉ឺនអឺរ៉ូ ទៅដល់ ៥០ ម៉ឺនអឺរ៉ូ នៅឆ្នាំ២០១៣។
លោក សែក្ស ម៉ូស្ទុយរ៉ា ក៏បានបន្ថែមថា ក្នុងកិច្ចប្រជុំរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងលោកនាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault កាលពីរសៀលថ្ងៃអាទិត្យ ទី៣កុម្ភៈ ឆ្នាំ២០១៣ ក៏បានលើកឡើងអំពីបញ្ហាកង្វះថវិកា សម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។ ម្យ៉ាងទៀត ថវិកាសម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម ក៏ត្រូវបានគេលើកឡើង នៅក្នុងកិច្ចប្រជុំរវាងប្រទេសផ្តល់ជំនួយផងដែរ។

យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតបារាំង មិនទាន់ថ្វាយសារតាំង សែក្ស ម៉ូស្ទុយរ៉ា ក៏បានគូសបញ្ជាក់ថា ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សាលាក្តីខ្មែរក្រហម ពិសេសខាងភាគីជាតិ នាពេលនេះ គឺត្រូវការពេលវេលា ហើយអ្នកផ្តល់ជំនួយ និងអ្នកទទួលជំនួយ ត្រូវធ្វើការរួមគ្នា លើបញ្ហានេះ។
សូមរម្លឹកថា មកដល់ពេលនេះ ភាគីកម្ពុជា នៅតែប្រឈមនឹងកង្វះថវិកា ដោយប្រាក់ខែនៅខែធ្នូ ឆ្នាំ២០១២ មិនទាន់បើកនៅឡើយ។ រីឯប្រាក់ខែនៅខែមករា ឆ្នាំ២០១៣ ក៏បុគ្គលជាតិមានចំនួនជិត ៣០០ នាក់ មិនទាន់ទទួលដែរ។ មូលហេតុ មកពីគម្រោងថវិកាជំនួយ សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម ទាំងភាគីជាតិ និងទាំងភាគីអន្តរជាតិ សម្រាប់ឆ្នាំ២០១៣ ដែលមានសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ក្នុងនោះ ភាគីជាតិមានចំនួន ៩,៥ លានដុល្លារអាមេរិក មិនទាន់ត្រូវបានប្រទេសម្ចាស់ជំនួយ ប្រជុំអនុម័ត នៅឡើយទេ៕