ក្រុមអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានជួបជាថ្មី រម្លឹកដល់ក្រុមអ្នកកាសែតដែលបានស្លាប់ ក្នុងសម័យសង្គ្រាម ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ក្នុងរបបសាធារណរដ្ឋខ្មែរនោះ មានអ្នកកាសែត ៣៧ នាក់ ត្រូវបានសម្លាប់ និងបាត់ខ្លួន។ ក្នុងនោះ មានអ្នកកាសែតកម្ពុជា ៤ នាក់។ ពិធីជួបជុំមួយត្រូវបានធ្វើឡើង នៅឯវត្តពោធិ៍ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកមិញ ដែលជាកន្លែងកងទ័ពខ្មែរក្រហម ស្ទាក់បាញ់សម្លាប់អ្នកកាសែតបរទេស ៩ នាក់។ នៅល្ងាចថ្ងៃពុធស្អែក ជាការជួបជុំបើកសម្ពោធ ស្តូបអនុស្សាវរីយ៍ រម្លឹកវិញ្ញាណក្ខន្ធអ្នកកាសែត ដែលបានស្លាប់ កាលពីសម័យសង្គ្រាម នៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ចំនួន ៣៧ រូប នៅសួនច្បារ មុខសណ្ឋាគារ Le Royal ក្នុងទីក្រុងភ្នំពេញ។
ថ្ងៃ អង្គារ 05 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

ក្នុងរបបសាធារណរដ្ឋខ្មែរ មានអ្នកកាសែត ៣៧ នាក់ ត្រូវបានសម្លាប់ និងបាត់ខ្លួន។ AKP
ក្រុមអ្នកកាសែតបរទេស ដែលធ្លាប់បានមកកាន់ប្រទេសកម្ពុជា ដើម្បីយកព័ត៌មានអំពីសង្គ្រាម ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងសាច់ញាតិមួយចំនួន បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីទៀត។ អ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ជួបជុំនៅពេលនេះដើម្បីសម្ពោធស្តូប រម្លឹកពីការចងចាំ និងឧទ្ទិសកុសលដល់អ្នកកាសែតរួមអាជីព ដែលបានបាត់ខ្លួន និងស្លាប់ ក្នុងអំឡុងសង្គ្រាម នៅសម័យសាធារណរដ្ឋខ្មែរ។ ក្នុងអំឡុងពេលនោះ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧ នាក់ បានស្លាប់ និងបាត់ខ្លួន។ ក្នុងនោះ មានអ្នកកាសែតកម្ពុជាចំនួន ៤ រូប។
នៅព្រឹកថ្ងៃអង្គារនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអមដំណើរដោយក្រុមអ្នកកាសែតជាតិនិងអន្តរជាតិ បានធ្វើដំណើរទៅកាន់វត្តពោធិ៍ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ ៦៣ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម័យលន់នល់ លោក ឆាំង សុង ដែលរស់នៅសហរដ្ឋអាមេរិក និងមានជំងឺជិះលើរទេះរុញ ក៏បានមកចូលរួមផងដែរ។
កាលពីឆ្នាំ២០១០ ក្រុមអ្នកកាសែតបរទេសទាំងនោះ បានដាំដើមពោធិ៍មួយដើម នៅកន្លែង ដែលកងទ័ពខ្មែរក្រហមបានស្ទាក់បាញ់ សម្លាប់ក្រុមអ្នកកាសែត ៩ នាក់ ក្នុងសម័យសង្គ្រាមរវាងខ្មែរក្រហម និងរបបសាធារណរដ្ឋរបស់លោក លន់ នល់។
សមាជិកគណៈកម្មការរៀបចំពិធី លោក ពុយ គា បានឲ្យដឹងថា នៅជិតដើមពោធិ៍នោះ ក៏មានសាងសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធមួយ ក្រោមការជួយទំនុកបម្រុងពីមជ្ឈមណ្ឌលឯកសារកម្ពុជា របស់លោក ឆាំង យុ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកកាសែត ដែលត្រូវខ្មែរក្រហមសម្លាប់។
លោក ពុយ គា បន្ថែមថា នៅល្ងាចម៉ោង ៤ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ នឹងមានពិធីជួបជុំ ដើម្បីសម្ពោធស្តូបអនុស្សាវរីយ៍ រម្លឹកវិញ្ញាណក្ខន្ធអ្នកកាសែត ដែលបានស្លាប់ កាលពីសម័យសង្គ្រាមនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ចំនួន ៣៧ រូប។ ស្តូបនៅលើសួនច្បារ មុខសណ្ឋាគារ Le Royal មានសរសេរឈ្មោះអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់និងបាត់ខ្លួន ទាំង ៣៧ រូប។
សណ្ឋាគារ Le Royal ក្នុងរាជធានីភ្នំពេញ កាលពីសម័យសង្គ្រាម ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គឺជាកន្លែងជួបជុំរវាងក្រុមអ្នកកាសែតបរទេស និងអ្នកកាសែតជាតិ៕
————————————


