ខេត្តកោះកុងៈសំឡេងរបស់ ស្រ្តីចំណាស់ម្នាក់ ឈ្មោះ យ៉ុង យីម បានចាប់ផ្តើម រញីរញ័រ ពេលគាត់ និយាយអំពី ទំនប់ដែល គ្រោងនឹង សាងសង់ នៅជ្រលង អារ៉េង ដែលអាចធ្វើឲ្យ ដីដែល គ្រួសាររបស់គាត់ បានរស់នៅ អស់រាប់រយឆ្នាំ មកហើយនោះ មានទឹកជន់ពេញ ដែលជា អាងស្តុកទឹក សម្រាប់ទំនប់ វារីអគ្គិសនី ដ៏ធំមួយ។
Friday, 08 February 2013
ម៉ៃ ទិត្យថារ៉ា David Boyle និង Danson Cheong
ភ្នំពេញ ប៉ុស្តិ៍

ក្មេងៗកំពុងលេងក្រោមផ្ទះ ក្នុងភូមិនៃតំបន់ ដែលអាចនឹងក្លាយជាអាងទឹក សម្រាប់ទំនប់វារីអគ្គិសនី។ រូបថត Will Baxter
ស្តោះម្លូចេញពីមាត់ស្ត្រីចំណាស់រូបនេះបន្តថា៖ «ពេលខ្លះខ្ញុំស្រក់ទឹកភ្នែកព្រោះខ្ញុំនឹកស្រណោះស្រុកកំណើតនិងដីស្រែចម្ការពីជីដូនជីតារបស់ខ្ញុំ»។
ដើមឈើនិងព្រៃគុម្ពោតដែលរីកលូតលាស់នៅទីជម្រកសម្បូរបែបខុសធម្មតានៅខាងក្នុងជួរភ្នំក្រវាញឥឡូវនេះបង្ហាញសញ្ញាអាក្រក់មួយគឺខ្សែបូពណ៌ក្រហមដែលកំណត់ទីតាំងសង់ទំនប់ដែលចងដោយវិស្វករចិនកាលពីប៉ុន្មានសប្តាហ៍មុន។
ក្នុងរយៈពេល៦៥ឆ្នាំមកហើយក្នុងមួយជីវិតរបស់អ្នកស្រីយឹមបានរស់នៅទីនោះក្នុងចំណោមអ្នកភូមិនានាដែលមានប្រជាជនសរុប៣៨០គ្រួសារ។ពួកគេភាគច្រើនថាពួកគេជាជនជាតិដើមភាគតិចជុងនិងព័រ។ជនជាតិដើមនៅដាច់ស្រយាលទាំងនេះនិយាយភាសាគ្រាមដែលគេជឿជាក់ថាបានមកពីខ្មែរបុរាណដែលត្រូវបានរក្សាចាប់តាំងពីពួកគេបានរត់មករស់នៅដាច់ពីគេនៅជួរភ្នំក្រវាញគេចចេញពីជនឈ្លានពានថៃកាលពីប៉ុន្មានរយឆ្នាំមុន។ឥឡូវនេះពួកគេកំពុងជួបប្រទះការបង្ខំឲ្យផ្លាស់លំនៅម្តងទៀតហើយដោយស្រុកកំណើតពីបរមបុរាណរបស់ពួកគេនឹងក្លាយជាតំបន់ជាយព្រៃអភិរក្សភ្នំក្រវាញកណ្តាលដែលបានបំផ្លិចបំផ្លាញដោយហេតុប៉ះពាល់ពីទំនប់វារីអគ្គិសនី។រហូតមកដល់ពេលនេះមានគម្រោងទំនប់វារីអគ្គិសនីកំពុងដំណើរការនៅព្រំដែនតំបន់អភិរក្សភ្នំក្រវាញកណ្តាល។
លោកលីវិស្វករម្នាក់ដែលធ្វើការនៅទំនប់មួយក្នុងចំណោមគម្រោងទំនប់ទាំង៤នោះគឺស្ទឹងតាតៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងខែមុនថាផែនការចាប់ផ្តើមសាងសង់ទំនប់ជាយអារ៉េងដែលគេជំទាស់យ៉ាងខ្លាំងនោះកំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស។លោកលីដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពេញរបស់ខ្លួនបានបញ្ជាក់ទៀតថា៖ «ខ្ញុំបានពិភាក្សាជាមួយនឹងមេដឹកនាំគម្រោងទំនប់ជាយអារ៉េងនាពេលថ្មីៗនេះហើយគាត់ថាខែក្រោយ [ខែកុម្ភៈ] តំណាងក្រុមហ៊ុននឹងជួបរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាគម្រោង»។លោកលីបានបន្ថែមថាការសិក្សាលទ្ធភាពសម្រាប់ទំនប់ជាយអារ៉េងដែលត្រូវបានបោះបង់ចោលម្តងរួចមកហើយនោះត្រូវបានបញ្ចប់ហើយនាពេលថ្មីៗនេះដោយក្រុមហ៊ុន China Guodian Corporation ជាក្រុមហ៊ុនរដ្ឋធំមួយទទួលគម្រោងបន្តពីក្រុមហ៊ុន China Southern Power Grid ដែលបានដកខ្លួនចេញពីគម្រោងក្នុងឆ្នាំ២០១០។
លោកលីបានឲ្យដឹងទៀតថាពុំមានសេចក្តីលម្អិតពីការសិក្សានោះឡើយហើយលោកមិនបានសួរនាំច្រើនទេព្រោះបញ្ហាទីនេះជាមួយរដ្ឋាភិបាលអាចជាបញ្ហា«ស្មុគស្មាញ»។សំណើសុំការអត្ថាធិប្បាយម្តងហើយម្តងទៀតពីក្រុមហ៊ុន China Guodian Corporation ពុំទទួលបានការឆ្លើយតបទេហើយក្រុមហ៊ុនបានបិទទូរស័ព្ទពេលអ្នកយកព័ត៌មានទាក់ទង។
ការសិក្សាកន្លងមកដែលបានធ្វើឡើងសម្រាប់ក្រុមហ៊ុន China Southern Power Grid ដែលបានបោះបង់គម្រោងដោយសារតែគម្រោងត្រូវបានចាត់ទុកថាមិនអាចអនុវត្តទៅបាននោះបានឲ្យដឹងថាទំនប់កម្លាំង១០៩មេហា្គវ៉ាត់នឹងត្រូវការអាងទឹកទំហំ២០០០០ហិកតា។អាងទឹកនេះទំហំប្រហែល១០០០០ហិកតានឹងគ្របដណ្តប់ផ្ទាល់លើផ្ទៃដីក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលជាការទន្ទ្រានធំបំផុតមួយរហូតមកដល់ពេលនេះលើតំបន់អភិរក្សល្អដែលនៅសល់ចុងក្រោយក្នុងប្រទេសកម្ពុជា។អាងទឹកទំហំ១០០០០ហិកតាដែលនៅសល់នឹងជន់លិចព្រៃស្រុកកំណើតរបស់ខ្មែរដើម។បើទោះបីជាមានហេតុផលប៉ះពាល់ធំបែបនេះក៏ដោយក៏ប៉ុន្តែទិន្នផលថាមពលដែលផលិតបានមានបរិមាណតិចខ្លាំងណាស់។
លោកស្រី Tracey Farrell នាយកបច្ចេកទេសជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិកម្ពុជាដែលគាំទ្រកម្មវិធីអភិរក្សនៅក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលបានឲ្យដឹងតាមអ៊ីមែលថាការវាយតម្លៃផលប៉ះពាល់បរិស្ថានលើកមុនបានរកឃើញថាទំនប់«ពុំបំពេញបានតាមសមាមាត្រដង់ស៊ីតេថាមពលជាង១០០វាត់ក្នុងមួយម៉ែត្រការ៉េនៃផ្ទៃអាងនោះឡើយ»។
នេះជាហេតុធ្វើឲ្យអង្គការអភិរក្សចោទសួរថាតើមូលហេតុអ្វីរដ្ឋាភិបាលអនុញ្ញាតឲ្យបំផ្លិចបំផ្លាញព្រៃមានតម្លៃដែលនៅសល់ដែលព័ត៌មានចុងក្រោយជាសាធារណៈបង្ហាញថាទំនប់នេះនឹងមិនដំណើរការទៅបានទេ។ពុំមានចម្លើយទាក់ទងនឹងសំណួរនេះឡើយ។
ដោយវិភាគរូបភាពផ្កាយរណបអង្គការអភិរក្សអន្តរជាតិបានរកឃើញថាមានប្រហែលតែ២ភាគរយនៃព្រៃអភិរក្សភ្នំក្រវាញកណ្តាលបានបាត់បង់ដើមឈើពីឆ្នាំ២០០៦និង២០១២។ប៉ុន្តែដោយមានទំនប់ថ្មីស្ទឹងអាតៃស្ទឹងតាតៃនិងទួរប៊ីនចំនួនពីរនៅស្ទឹងឫស្សីជ្រំមានអ្នកកាប់ឈើឱកាសនិយមជួលដោយក្រុមហ៊ុនមានអំណាចក៏ដូចជាអំពើហិង្សានិងពុករលួយបានធ្វើការកាប់បំផ្លាញព្រៃទាំងនេះ។
ដីមិនមានអ្វីប្រៀបស្មើទេ
ការបាត់បង់ជ្រលងអារ៉េងអាចជាការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ។នៅផ្នែកខាងលើទន្លេអារ៉េងប្រហែល១៥០គីឡូម៉ែត្រជាទន្លេដីទំនាបដ៏ធំមួយទោះនៅឆ្ងាយពីសមុទ្រយ៉ាងណាក៏ដោយ។សណ្ឋានវិទ្យាជាពិសេសអាចពន្យល់ពីមូលហេតុដែលទន្លេនេះមានជំពូកសត្វកម្រនិងជិតផុតពូជចម្រុះ។សត្វខ្លារខិនដំរីអាស៊ីក្រពើភ្នំត្រីខ្លាឃ្មុំខ្មៅអាស៊ីនិងសត្វល្មូនដទៃទៀតសត្វបក្សីខ្លាត្រីនិងថនិកសត្វបានរស់រាននៅទីនេះ។ពេលចុះទៅតំបន់អារ៉េងលោកលីវិស្វករចិនមើលឃើញជំពូកសត្វចម្រុះដ៏កម្រនិងជិតផុតពូជដែលរកចំណីនិងរស់នៅក្នុងព្រៃលូតលាស់សេសសល់នៅជ្រលងនេះ។លោកបញ្ជាក់ថាខ្ញុំឃើញសត្វក្រពើដំរីនិងសត្វដទៃទៀតនៅតំបន់នេះប៉ុន្តែប្រសិនបើអ្នកចង់សាងសង់ទំនប់អ្នកត្រូវកាប់ដើមឈើ។ពេលនោះសត្វដែលរស់នៅទីនេះនឹងចាកចេញ។វាមិនអាចចៀសរួចឡើយ»។
ដំរីគឺជាសត្វដែលរឹងមាំដែលនៅចុងឆ្នាំប្រមូលផលអ្នកភូមិតែងតែខឹងសម្បាហើយពុំមានជម្រើសអ្វីទេក្រៅពីបាញ់កាំជ្រួញបង្អើលសត្វដំរីឃ្លានចំណីដែលចេញពីព្រៃចូលមកស៊ីដំណាំរបស់ពួកគេ។ប៉ុន្មានថ្ងៃមុនពេលអ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានទៅដល់កាលពី៣សប្តាហ៍មុនសត្វដំរីបានមកស៊ីដំណាំអ្នកភូមិដូចជាចេកនិងដំណាំផ្សេងៗទៀតដែលត្រូវប្រមូលផល។
ប្រជាជនជិត១០០០នាក់ដែលនឹងត្រូវបង្ខំឲ្យផ្លាស់លំនៅប្រសិនបើទំនប់ត្រូវបានសាងសង់និងទទួលបានផ្ទះទំហំ៦គុណ៨ម៉ែត្រដំបូលស័ង្កសីលើផ្ទៃដីទំហំ២ហិកតានៅចំកណ្តាលតំបន់អភិរក្សដែលអ្នកអភិរក្សថាជាច្រកផ្លូវដំរីដើរ។ប៉ុន្តែនោះមិនមែនជាក្តីកង្វល់តែមួយគត់ទាក់ទិននឹងទីតាំងផ្លាស់លំនៅថ្មីឡើយ។
លោកព្រីមរីនអាយុ៤៣ឆ្នាំជឿជាក់ថាលោកនឹងផ្លាស់ទីលំនៅទៅដីដែលមានចម្ងាយតែ១០០ម៉ែត្រប៉ុណ្ណោះពីកន្លែងទំនប់។លោកភ័យខ្លាចនឹងកើតមានគ្រោះមហន្តរាយប្រសិនបើមានបញ្ហាក្នុងការសាងសង់។
ថ្មដូនពៅជាកន្លែងលំនៅថ្មីមួយក្នុងចំណោមកន្លែងលំនៅថ្មីជាច្រើនហើយបើទោះបីជាគ្មានសេចក្តីជូនដំណឹងជាផ្លូវការក៏ដោយក៏ប៉ុន្តែអ្នកភូមិជឿជាក់ថាទីកន្លែងនេះអាចនឹងក្លាយជាជម្រើស។លោករីនបានបន្តថា៖ «ខ្ញុំព្រួយបារម្ភថាយើងនឹងបាត់បង់គ្រប់យ៉ាង»។
ការភ័យខ្លាចរបស់លោករីនគឺមានមូលហេតុ។កាលពីខែធ្នូការផ្ទុះបំពង់ទឹកនៅទំនប់ស្ទឹងអាតៃដូចអារ៉េងផងដែរបានបញ្ចេញទឹកទៅជើងព្រៃអភិរក្សភ្នំក្រវាញកណ្តាល។ទឹកដែលបញ្ចេញនោះបានហូរនាំបុរសយ៉ាងហោចណាស់៣នាក់ឬអាច៤នាក់ដែលឥឡូវនេះត្រូវបានសន្មតថាបានស្លាប់បាត់ហើយ។ចំណុចសំខាន់បំផុតចំពោះអ្នកទាំងឡាយដែលប្រឈមនឹងការបណ្តេញចេញដោយបង្ខំនោះគឺថាពួកគេនឹងបាត់បង់ដីអារក្ខអ្នកតាហើយដែលពួកគេបានធ្វើស្រែចម្ការជាច្រើនជំនាន់មកហើយ។អ្នកភូមិខ្លះលើកឡើងថាទេសចរណ៍ធម្មជាតិអាចជាការអភិវឌ្ឍជំនួសទំនប់គឺតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាជំពូកសត្វចម្រុះក្នុងតំបន់នេះ។ប៉ុន្តែគ្មានអ្នកណាម្នាក់ជួយពួកគេអភិវឌ្ឍទេសចរណ៍ធម្មជាតិទេ។ប្រសិនបើករណីនៃគម្រោងទំនប់ដទៃទៀតនៅជាយព្រៃអភិរក្សភ្នំក្រវាញកណ្តាលពុំត្រូវបានដោះស្រាយនោះប្រជាជននៅជ្រលងអារ៉េងអាចរំពឹងទុកនូវបញ្ហាបរិស្ថាននិងសង្គមធ្ងន់ធ្ងរទាក់ទងនឹងពាណិជ្ជកម្មឈើប្រណីតដោយសម្ងាត់ដែលអាចឆ្លងហួសពីព្រំប្រទល់នៃទំនប់និងអាងទំនប់។
បទពិសោធពីអតីតកាល
ចម្ងាយប្រហែល១៦គីឡូម៉ែត្រពីទីក្រុងហៅថាថ្មបាំងកងរាជអាវុធហត្ថនិងទាហានមានវត្តមានពេញផ្លូវដើរល្បាតតំបន់នេះហាក់ដូចជាតំបន់កម្មសិទិ្ធឯកជន។
គេដឹងថាទាហាននិងកងរាជអាវុធហត្ថទាំងនោះបានប្រើការបំភិតបំភ័យនិងអំពើហិង្សាប្រឆាំងនឹងជនណាក៏ដោយដែលហ៊ានប៉ះពាល់ដល់ផលប្រយោជន៍របស់ពាណិជ្ជករនិងមន្រ្តីពុករលួយដែលទទួលប្រាក់ចំណេញពីការជួញដូរឈើប្រណីតនៅឃុំតាតៃលើដែលស្ថិតនៅក្បែរនោះ។ម្តងហើយម្តងទៀតការបំភិតបំភ័យនេះបានយកមកប្រើលើអ្នកយកព័ត៌មានពីភ្នំពេញប៉ុស្តិ៍ដែលឃាត់ខ្លួនហើយត្រូវបានគំរាមកំហែងនិងបង្ខំឲ្យរត់គេចពីកងរាជអាវុធហត្ថ។
ពេលភ្នំពេញប៉ុស្តិ៍ចុះទៅគឺនៅអារ៉េងឈើប្រណីតនៅមានច្រើនព្រោះគ្មានអ្នកណាកាប់ទេម្ចាស់ដីបានបោះឈើប្រណីតមានតម្លៃមួយដុំតូចលើដីហើយមិនកាប់ឈើប្រណីតមូលធំដើម្បីរកប្រាក់ចំណេញថែមទៀតឡើយ។
ឃុំតាតៃលើធ្លាប់ជាកន្លែងសម្បូរទៅដោយឈើប្រណីតប៉ុន្តែនៅចុងឆ្នាំ២០១១នៅពេលទំនប់ស្ទឹងតាតៃត្រូវបានអនុម័តកាលពីខែមករាឆ្នាំដដែលនោះអ្នកចំណាកស្រុកជាច្រើនបានទៅដល់ហើយបានចាប់ផ្តើមកាប់ឈើដើម្បីលក់ទៅឲ្យក្រុមហ៊ុនមានអំណាច។សព្វថ្ងៃនេះអ្នកចំណាកស្រុកប្រមូលបានតែគល់ឈើដែលនៅសល់ប៉ុណ្ណោះហើយសូម្បីតែគល់ឈើក៏ពុំសូវសម្បូរដែរ។ដោយមានចំណូលតិចតួចពីការកាប់ឈើខុសច្បាប់អ្នកចំណាកស្រុកឥឡូវនេះខិតខំឈូសឆាយដីដើម្បីធ្វើស្រែចម្ការដូច្នេះពួកគេអាចចិញ្ចឹមគ្រួសាររបស់ខ្លួនបាន។
បើទោះបីជាឈើប្រណីតអាចរកបានប្រាក់ជាងមួយលានដុល្លារពីការលក់គ្រឿងសង្ហារិមនៅចិនក៏ដោយក៏ប៉ុន្តែអ្នកទាំងឡាយដែលខិតខំកាប់ឈើរកបានតែប៉ុន្មានដុល្លារប៉ុណ្ណោះពីឈើមួយដុំ។រវាងការកាប់ឈើនិងចាប់យកដីធ្លីពុំមានអ្វីខុសគ្នាឡើយគឺបញ្ហាទាំងពីរនេះផ្សារភ្ជាប់គ្នាដែលចាប់ផ្តើមជាមួយនឹងការកាប់ឈើប្រណីត (ជាញឹកញាប់ក្នុងករណីព្រៃអភិរក្សភ្នំក្រវាញកណ្តាលគឺបន្ទាប់ពីក្រុមហ៊ុនទទួលបានសិទិ្ធឈូសដីសម្រាប់អាងទំនប់ )។វាបញ្ចប់ដោយអ្នកចំណាកស្រុកដែលចូលមកតំបន់នេះជាកម្មករធ្វើការឲ្យក្រុមហ៊ុននិងជនមានអំណាចត្រូវឈូសឆាយដើមឈើនៅសល់ដោយអ្នកចំណាកស្រុកខិតខំគ្រាន់តែដើម្បីចិញ្ចឹមជីវិតហើយក្រុមហ៊ុននិងអ្នកមានអំណាចខិតខំដើម្បីទទួលបានប្រាក់ចំណេញច្រើនពីការធ្វើកសិកម្មខ្នាតធំ។
ឧទាហរណ៍អាក្រក់បំផុតមួយគឺនៅឃុំអូសំខេត្តពោធិ៍សាត់នៅភាគខាងជើងនៃព្រៃអភិរក្សភ្នំក្រវាញកណ្តាលដែលដីទំហំធំមើលទៅដូចជាកន្លែងទម្លាក់គ្រាប់បែកបន្ទាប់ពីក្រុមហ៊ុន MDS Import& Export របស់ឧកញ៉ាទ្រីភាពបានចូលមកឈូសឆាយអាងទឹកសម្រាប់ទំនប់ស្ទឹងតាតៃកាលពីឆ្នាំ២០០៩។ដូច្នេះវាដូចគ្នាផងដែរនៅឃុំតាតៃលើដែលមានដីទំហំធំត្រូវបានឈូសឆាយរួច។អ្នកភូមិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាពួកគេឈូសឆាយកាប់ឈើដោយសារអ្នកស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានដាក់ពង្រាយដោយផ្ទាល់ចូលទៅក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលហើយពួកគេចាំបាច់ត្រូវបង្ហាញភស្តុតាងថាពួកគេកំពុងដាំដុះលើដីដើម្បីមានក្តីសង្ឃឹមថាពួកគេនឹងទទួលបានប័ណ្ណកម្មសិទិ្ធ។ពួកគេថាប៉ុន្តែមន្រ្តីថ្នាក់ខ្ពស់ក៏ប្រញាប់ប្រញាល់ឆ្លៀតឱកាសកាប់ឈើផងដែរហើយដើម្បីមានក្តីសង្ឃឹមទទួលប័ណ្ណកម្មសិទិ្ធអ្នកភូមិត្រូវតែមានទំនាក់ទំនងល្អ។
លោកគឹមរ៉ាអាយុ៣៦ឆ្នាំនិងគ្រួសាររបស់លោកបានផ្លាស់មកឃុំតាតៃលើប្រហែល៦ខែមកហើយបន្ទាប់ពីពួកគេបានឮដំណឹងអំពីគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីនេះ។លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំគិតថាប្រសិនបើនិស្សិតមិនវាស់វែងដីធ្លីឲ្យខ្ញុំមិនថ្វីទេប៉ុន្តែខ្ញុំនៅតែរស់នៅទីនេះ»។ដូចអ្នកភូមិទាំងអស់ដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសន៍ក្នុងឃុំតាតៃលើដែរលោករ៉ាបាននិយាយថាមេឃុំនិងអភិបាលស្រុកបានខិតខំដើម្បីទទួលបានដីទំហំធំក្រោមគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធរាប់បញ្ចូលទាំងភ្នំដែលឥឡូវនេះមួយចំហៀងភ្នំស្ទើរតែកាប់អស់ព្រៃឈើទៅហើយ។
នៅពេលទាក់ទងដោយភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញលោកមាសចាន់មេឃុំតាតៃលើបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេដោយគ្រាន់តែនិយាយថាលោកមិនបានដឹងទេហើយពុំពាក់ព័ន្ធផងដែរចំណែកឯលោកទូសារវុធអភិបាលស្រុកថ្មបាំងមិនអាចទាក់ទងបានទេ។
លោកស្រី Tracy Farrell នៅអង្គការអភិរក្សអន្តរជាតិ‑កម្ពុជាបានសរសេរថាបញ្ហាអ្នកចំណាកស្រុកឈូសឆាយដីធ្លីនៅព្រៃអភិរក្សភ្នំក្រវាញកណ្តាលដើម្បីទាមទារប័ណ្ណកម្មសិទិ្ធក៏ជាបញ្ហាផងដែរ។លោកស្រីបានបញ្ជាក់ថា៖ «ការឈូសឆាយដីដែលកំពុងធ្វើឡើងទោះនៅខាងក្នុងឬខាងក្រៅព្រៃអភិរក្សភ្នំក្រវាញកណ្តាលក៏ដោយក៏ជាការគំរាមកំហែងធំចំពោះជីវចម្រុះនិងប្រព័ន្ធអេកូដែលផ្តល់ធនធានសំខាន់ៗដែលប្រជាជនពឹងផ្អែក»។
លោកស្រី Farrell បានបន្តថាដោយសារការគំរាមកំហែងនេះឯកសារស្តីពីករណីឈូសឆាយដីខុសច្បាប់ចំនួន៨ករណីពាក់ព័ន្ធនឹងដីព្រៃទំហំ៦០ហិកតាកំពុងត្រូវបានស៊ើបអង្កេតដោយតុលាការខេត្ត។ក្នុងករណីចំនួន២ជនសង្ស័យសំខាន់ត្រូវបានកំណត់ឈ្មោះដោយតុលាការរួចហើយ។
ទោះជាយ៉ាងណាមានទំនាស់រវាងអាជ្ញាធរនិងមន្រ្តីរដ្ឋាភិបាលផ្សេងៗលើបញ្ហាថាតើត្រូវបង្ក្រាបការកាប់ឈើខុសច្បាប់ឬយ៉ាងណា?
ទោះបីជាមន្រ្តីកងរាជអាវុធហត្ថនៅឃុំតាតៃលើដែលបានបដិសេធមិនប្រាប់ឈ្មោះនោះបង្ហាញការខកចិត្តយ៉ាងច្បាស់ចំពោះអ្វីដែលលោកថាការឈូសឆាយកាប់ឈើដែលគាំទ្រដោយមន្រ្តីមូលដ្ឋានពុករលួយ។លោកបានបន្តថា៖ «ប្រសិនបើខ្ញុំជានិស្សិតស្ម័គ្រចិត្តខ្ញុំមិនវាស់វែងដីឲ្យពួកគេទេហើយខ្ញុំនឹងដាក់ពាក្យបណ្តឹងប្រឆាំងពួកគេទៅតុលាការព្រោះពួកគេជាអ្នកកាប់ឈើ» ហើយលោកបានចោទតាមការចោទប្រកាន់របស់មន្ត្រីមូលដ្ឋាន។
លោកអុំមករីប្រធានរដ្ឋបាលព្រៃឈើខេត្តកោះកុងបានទទួលស្គាល់ថាការកាប់ឈើខុសច្បាប់បានកើតឡើងក្នុងព្រៃអភិរក្សភ្នំក្រវាញកណ្តាលប៉ុន្តែលោកថាអ្វីដែលលោកអាចធ្វើបានគឺបញ្ជូនរបាយការណ៍ទៅអភិបាលខេត្តនិងមន្រ្តីថ្នាក់លើ។លោកបានបន្តថា៖ «ខ្ញុំគ្មានភារកិច្ចធ្វើវាទេក្រៅពីរាយការណ៍»។លោកបន្ថែមថាឧត្តមសេនីយ៍ផ្កាយបីម្នាក់ដែលបានខិតខំចាត់វិធានការបញ្ឈប់ការកាប់ឈើខុសច្បាប់ត្រូវបានបញ្ឈប់ពីតំណែងនាពេលថ្មីៗនេះ។
កាលពី២សប្តាហ៍មុនក្រុមមន្រ្តីរដ្ឋាភិបាលក្នុងនោះមានលោកនាយករដ្ឋមន្រ្តីនិងក្រុមមន្រ្តីជាន់ខ្ពស់ទាំងមូលបានធ្វើដំណើរមកទីក្រុងថ្មបាំងនេះដោយមកដល់ទីក្រុងនេះក្នុងរថយន្ត SUV ពណ៌ខ្មៅ។ខណៈដែលលោកនាយករដ្ឋមន្រ្តីកោតសរសើរទំព័រចុងក្រោយនៃគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធថ្នាក់ជាតិរបស់លោកច័ន្ទសារុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបើករថយន្តបន្តទៅឃុំតាតៃលើឆ្លងកាត់តំបន់កាប់ឈើរាលដាលនៅសងខាងផ្លូវដែលគ្រោងប្រែក្លាយជាព្រៃអភិរក្ស។ប្រសិនបើលោកច័ន្ទសារុនភ្ញាក់ផ្អើលចំពោះការបំផ្លិចបំផ្លាញព្រៃឈើនៅសងខាងផ្លូវនោះលោកប្រហែលមិនចេញវាចាអ្វីទេ៕ TK



រាជរដ្ឋាភិបាល គួរតែបញ្ឈប់គំរោងនេះ ហើយគួរតែអភិរក្ស និង អភិវឌ្ឌ្យន៏ កន្លែងនេះទៅជាតំបន់ទេសចរណ៏ធម្មជាតិវិញ ពីព្រោះបើវិភាគសេដ្ឋកិច្ច គឺចំណេញជាង
វាគួអោយសោគសៅណាស់ព្រែឈើ សត្វព្រែនិងសម្បត្តិមានតំលែរបស់ខ្មែរនិងត្រូវវិនាសអស់ក្នុងសមយ័មហាឡោតផ្លោសនេះ!!ខ្ញុំធ្លាប់ទៅដល់ទីនោះយើងអាចនិយាយបានថាទីនៅះជាមូលដ្ឋានចុងក្រោយនែធនធានធម្មជាតិខ្មែរបន្ទាប់ពីព្រែឡង់ រតនះគិរី មណ្ឌលគិរី ក្រចេះនិងព្រះវិហារ ក្រោមរូបភាពសម្បទានសេដ្ឋកិច្ជមហាឡោតផ្លោះមហាអស្ចារ្យស្តីគេនោះ!!ល្មមបញ្ជាប់ហើយអស់លោកអីយអាសូរព្រៃដូនតាផង!!អស់លោកមានបានបុណ្ណឺងល្មមស្កប់ហើយអស់លោកមិនមែនជីវិត្តអមតះទេកង់តែក្លាយជាអង្កត់អុស(ក្រោមអណតាភាពទេ)!!
Please stop cut tree bong sen and pheap.
យីលះបង់តូចតាចខ្លះ ចំនេញអាធំធំមិននាំគ្នាគិតសោះ ចឹងហើយបានជាក្រនៅក្រ