ភ្នំពេញ: ព្រះមេរុ ដែលបានចំណាយការសាងសង់ប្រមាណ ១,២ លានដុល្លារអាមេរិក សម្រាប់ប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចតា សម្តេចតាទួត នៅទីលានព្រះមេរុ ខាងជើងជាប់ព្រះបរមរាជវាំង នឹងត្រូវរក្សាទុកមួយរយៈពេល ដើម្បីឲ្យមហាជនទស្សនា។
ថ្ងៃទី 8 កុម្ភៈ 2013
ដោយ: លី សិលា
CEN
ចំណែកផ្លូវមួយចំនួននៅជុំវិញទីនោះ ក៏ត្រូវបន្តបិទចរាចរណ៍ផងដែរ។ នេះបើតាមស្នងការប៉ូលិសរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា “បើតាមព័ត៌មាន គឺព្រះបរមមេរុនេះ ត្រូវរក្សាទុកមួយរយៈ ដើម្បីឲ្យប្រជាពលរដ្ឋ លោកមានលទ្ធភាពចូលទៅទស្សនា”។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ដូច្នេះ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានបង្ហោះក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ស្តីពីជោគជ័យនៃកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងព្រះរាជ ពិធីដង្ហែ និងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនៈកោដ្ឋ និងវិធានការការពារ ការចូលទស្សនា ព្រះបរមមេរុ បន្ត។

ក្នុងបទសម្ភាសន៍នោះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណបានលើកឡើងពីកិច្ចប្រឹងប្រែងរបស់កងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច និងស្តាប់តាមបង្គាប់បញ្ជារបស់ថ្នាក់លើ ដោយមានការលះបង់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឲ្យព្រះរាជពិធីបុណ្យព្រះបរមសព បានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈពេល ៧ ថ្ងៃ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។
ជាមួយនឹងការរក្សាទុកព្រះបរមមេរុ សម្រាប់មហាជនទស្សនាមួយរយៈពេលនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ លើកឡើងបន្តថា “ឥឡូវនេះ ក្នុងរយៈពេល ដែលត្រូវផ្តល់ជូនទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលចូលទៅទស្សនាព្រះបរមមេរុនេះ យើងបានបើកទូលាយផ្លូវចរាចរណ៍ទាំងអស់ ដោយធ្វើការបិទផ្លូវ តែចំពោះកែងផ្លូវ ១៨៤ និងផ្លូវ ១៩ ហើយនិងកែងផ្លូវ ១៧៨ និងផ្លូវ១៩ ព្រមទាំងកែងផ្លូវ ១៧៨ និងផ្លូវលេខ១៣។ យើងបិទតែប៉ុន្មានផ្លូវនេះទេ ដើម្បីមិនអនុញ្ញាតឲ្យរថយន្តចូលបាន ព្រោះវាអាចនឹងស្ទះចរាចរណ៍។ ក្រៅពីនោះ គឺផ្លូវទាំងអស់ យើងត្រូវបានបើកជាធម្មតា”។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានបន្ថែមថា “ក្នុងកិច្ចការងារនេះ ជាបញ្ហាប្រឈម ដែលយើងធ្លាប់បានទទួលកន្លងមក គឺមានការបិទផ្លូវ ក្នុងរង្វង់ធំ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារការកកស្ទះចរាចរណ៍ នៅតំបន់ខាងក្រៅតំបន់ការពារ ហើយក៏បានបង្កការលំបាក ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្នាក់នៅក្នុងតំបន់ការពារ ដែលចេញចូលប្រចាំថ្ងៃ… ហើយមានប្រជាពលរដ្ឋមួយចំនួន ថ្នាំងថ្នាក់ជាមួយសមត្ថកិច្ច។ អីចឹង ជាបន្តទៅទៀតនេះ យើងបានបង្រួមហើយ។ ទីតាំងដែលយើងធ្លាប់បិទផ្លូវកន្លងមក គឺយើងបានបើក បន្ទាប់ពីព្រះរាជពិធីបុណ្យ បានត្រូវបញ្ចប់ភ្លាម គឺយើងបានបើកទូលាយឡើងវិញហើយ នៅគ្រប់គោលដៅ ដែលបានបិទកន្លងមក”៕
មនុស្សរាប់លាននាក់ខ្វះបាយទទួលទានប្រចាំថ្ងៃ បែរជា ហ៊ុន សែន យកមុខយកមាត់ចំណាយលុយរាប់លានដុល្លាធ្វើបុណ្យខ្មោចស្ដេចដើម្បីល្អមើល!!!!
បើ ហ៊ុន សែន ខ្លាំងសូមបង្ហាញថា ហេតុអ្វីយួនរស់នៅខុសច្បាប់ច្រើនយ៉ាងនេះ?
គេមិនប្រឆាំងដោយអគតិបែបនេះទេ និយាយបែបនេះហាក់បីដូចមិនទទួលស្គាល់កិត្តិយសជាតិខ្លួនឯងបន្តិចសោះ។ សូមរិះគន់តែចំណុចមិនគប្បីបានហើយ បើមិនអញ្ចឹងទេវានាំឲ្យអស់តំលៃទៅវិញ។ ការពិតវានៅតែជាការពិត វាមិនអាចយកឥស្សរជនជាន់ខ្ពស់ម្នាក់ទៅប្រៀបធៀបនិងប្រជាជនសមញ្ញនោះទេ លើសកលលោកនេះក៏គ្មានប្រទេសណាគេធ្វើពិធីបុណ្យសពឲ្យមេដឹកនាំគេថោកទាបនោះដែរ។ មិនត្រូវយកគំនំផ្ទាល់ខ្លួនមកឡូកឡំនិងរឿងប្រទេសជាតិនោះទេ។ សូមអរគុណ