ផ្ទុះរាលដាល​ជំងឺ​ផ្តាសាយ​បក្សី H5N1 នាំ​ឲ្យ​មន្ត្រី​ជំនាញ សម្តែង​ការព្រួយបារម្ភ

មន្ត្រី​ជំនាញ​វេជ្ជសាស្ត្រ របស់​ក្រសួង​សុខាភិបាល បាន​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការផ្ទុះ​រាលដាល នៃ​ជំងឺផ្តាសាយបក្សី H5N1 ក្នុងអំឡុងពេល​ដើមឆ្នាំ​នេះ។ ក្នុង​រយៈពេល​ជាង​មួយខែ មកនេះ ជំងឺ​ផ្តាសាយ​បក្សី ដែល​ឆ្លង​ពី​បក្សី មាន់​ទា បានសម្លាប់​ពលរដ្ឋ​កម្ពុជា ៦ នាក់​។ កាលពី​ថ្ងៃ​៧​កុម្ភៈ​ម្សិលមិញ ជំងឺ​ផ្តាសាយ​បក្សី បានសម្លាប់​កុមារី​ម្នាក់ អាយុ ៥ ឆ្នាំ មកពី​ខេត្ត​តាកែវ។

ថ្ងៃ សុក្រ 08 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

ការ​រៀប​ចំ​ខ្វៃ​ទា ដើម្បី​លក់​ពេល​ចូល​ឆ្នាំ​ចិន © Reuters

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

(02:48)

ក្នុងអំឡុង​បុណ្យ​ចូលឆ្នាំ​ចិន ជាពិសេស​រយៈពេល​ជាង​១​ខែ ដើមឆ្នាំ​នេះ ជំងឺ​ផ្តាសាយ​បក្សី ដែល​កើត​លើ​បក្សី មាន់​ទា បាន​រាលដាល​ឆ្លង​មក​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា ៦ នាក់​ហើយ។ នេះ​ជា​ក្តីបារម្ភ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ ចំពោះ​ការ​រាលដាល​ជំងឺ​ផ្តាសាយបក្សី។​
លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង របស់​ក្រសួង​សុខាភិបាល បាន​បង្ហាញ​ក្តី​បារម្ភ ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ ដែល​បាន​ឆ្លង ពី​សត្វ​បក្សី​ទៅ​មនុស្ស។ ក្នុងនោះ​លោក​វេជ្ជបណ្ឌិត ក៏​បារម្ភ លើ​ការឆ្លង​រាលដាល​ពី​មនុស្ស ទៅ​មនុស្ស​ផងដែរ។​
 
លោក​វេជ្ជបណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា "​ក្រសួង​មាន​ការព្រួយបារម្ភ​ខ្លាំងណាស់។ ទី​១-​យើង​មិន​ដែល​ឃើញ​អីចឹង​ទេ ក្នុង​រយៈពេល​តែ​មួយ​ខែ យើង​មាន​ចំនួន​រហូត​ដល់ ៦ ករណី អ្នកស្លាប់។ ទី​២-​នៅក្នុង​តំបន់ ពិសេស​ប្រទេស​ជិតខាង មិន​មាន​សភាពការណ៍​ជំងឺ​ផ្តាសាយ​បក្សី កើតឡើង​ទេ ព្រោះ​ជំងឺ​នេះ មិនមែន​មាន​តែ​យើង​ទេ ប្រទេស​ជិតខាង​ក៏​មាន​ដែរ។ ប៉ុន្តែ​ខាងគេ មិន​មាន​ឃើញ​មាន​ការកើនឡើង​ទេ"។​
 
លោក​វេជ្ជបណ្ឌិត សុខ ទូច បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល បាន​ស្នើសុំ​អ្នកជំនាញ មកពី​ទីក្រុង​ម៉ានីល របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​តាមដាន​ជំងឺ​ផ្តាសាយ​បក្សី នៅ​កម្ពុជា។​
​ក្តីបារម្ភ​របស់​គ្រូពេទ្យ​ជំនាញ​ខាង​លើ បាន​ធ្វើឡើង នៅពេល​ដែល​កុមារី​អាយុ ៥ ឆ្នាំ ម្នាក់ទៀត នៅ​ខេត្ត​តាកែវ ដែល​ចាប់ផ្តើម​ឈឺ​គ្រុនក្តៅ ក្អក និង​ក្អួត ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ មន្ទីរពិសោធន៍​បង្ហាញ​ថា កុមារី​រងគ្រោះ មានផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី។
 
​ចាប់តាំងពី​ឆ្នាំ​២០០៣ ជំងឺ​ផ្តាសាយ​បក្សី បាន​ឆ្លង​មក​មនុស្ស ចំនួន ២៧ ករណី និង​បាន​សម្លាប់​មនុស្ស ២៤ នាក់ នៅ​កម្ពុជា។ ចំណែក​នៅ​ជុំវិញ​ពិភពលោក កើត​មាន​សរុប ៦១៦ ករណី ដែល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍ ក្នុងនោះ មាន ៣៦៥ នាក់ ស្លាប់។​
 
​សេចក្តីប្រកាស​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គកា​រ​សុខភា​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃ​៨​កុម្ភៈ​នេះ បង្ហាញថា ក្រុមគ្រូពេទ្យ កំពុង​អង្កេត​ស្រាវជ្រាវ​ដល់​ទី​កន្លែង​កើតហេតុ នៅឯ​មូលដ្ឋាន និង​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​អ្នក​ប៉ះពាល់​ជិតស្និទ្ធ​នឹង​អ្នកជំងឺ។ ក្នុងនោះ​គ្រូពេទ្យ ក៏​ចាប់ផ្តើម​ផ្តល់​ឱសថ​បង្ការ ដែល​ចាំបាច់។ យុទ្ធនាការ​អប់រំ​សុខភាព​សាធារណៈ កំពុង​ត្រូវបាន​ដំណើរការ​អនុវត្ត​នៅ​ភូមិ។ សារ​អប់រំ​របស់​រាជរដ្ឋាភិបាល ក៏​ត្រូវបាន​ផ្សព្វផ្សាយ រួមមាន​៖ លាងដៃ ឲ្យបាន​ញឹកញាប់ ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​សត្វ​បក្សី ដែល​ធ្វើ​សម្រាប់​បរិភោគ ត្រូវ​ចំអិន​ឲ្យ​ឆ្អិត​ល្អ៕​

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles