05192013Headline:

ដើម​ផ្កា​អង្គាសីល ក្នុង​ជំនឿ ជនជាតិ​ចិន​

ភ្នំពេញ: រដូវ​កាល​ចូលឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិត​មកដល់​ហើយ​។ រីឯ​តាម​ដងផ្លូវ​មួយចំនួន​ក៏មាន​អ្នកលក់​ដើម​ផ្កា​អង្គាសីល​ជាច្រើន​ជាប់ៗ​គ្នា ដែល​អ្នកខ្លះ​យកមក​ដោយផ្ទាល់  និង​ខ្លះទៀត​ទិញ​បន្ត​ពី​ឈ្មួញកណ្តាល​។

ថ្ងៃទី 9 កុម្ភៈ 2013
ដោយ: វឿន សាវុធ
CEN

ចំណែក​ប្រជាជន​​ដែលមាន​ជំនឿ​ទៅលើ​ដើម​ផ្កា​អង្គាសីល​នេះ ក៏បានដណ្តើម​គ្នា​ទិញ​យ៉ាងច្រើន​កកកុញ នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ថែម​ទៀតផង​។ ចុះ​ដើម​ផ្កា​អង្គាសីល​ទាំងនោះ​មាន​អត្ថន័យ​យ៉ាងណា​ក្នុង​ក្រអៅបេះដូង​នៃ​ជន​ជាតិចិន​?

​ប្រជាជន​ចិន​ជាច្រើន​នាក់​ដែល​ឈរ​ទិញ​ដើម​ផ្កា​អង្គាសីលនៅ​ម្តុំ​វត្ត​សំពៅ​មាស បាន​ប្រាប់​ឲ្យ​ដឹងថា ​ពួកគេ​មិនដឹងថា​ដើម​ផ្កា​អង្គាសីល មាន​អត្ថន័យ​យ៉ាងណា​ខ្លះ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ដើម​ផ្កា​អង្គាសីល​ទាំងនោះ​អាច​នាំ​លាភ​សំណាង និង​សេចក្តីសុខ​ដល់​ក្រុមគ្រួសារ​ពួកគេ ជាពិសេស​រកស៊ី​មានបាន​ទៅតាម​នោះដែរ​។​

​អ្នកស្រី គឹម​លាន អាយុ​៣៨​ឆ្នាំ ជា​អាជីវ​ករលក់​គ្រឿង​កាឡៃ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក បាន​និយាយថា “​អត់​ដឹងថា​វា​មានន័យ​ម៉េច​ទេ តែ​ខ្ញុំ​គិតថា​ផ្កា​ទាំង​ហ្នឹង​មានអី​ ដាក់​ទៅរក​ស៊ី​មានបាន​សុខ​សប្បាយ​ដែរ​តើ​!​។​

​ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ជីវ ហ្គិ​ច អាយុ​៤២​ឆ្នាំ បាន​និយាយថា “​ខ្ញុំ​អត់​ដឹងថា​មានន័យ​ម៉េច​ផង ឃើញ​គេ​ដាក់​ក៏​ដាក់​នឹង​គេ​ដែរ​ទៅ​”​។​
 
​គាត់​បន្តថា “​ខ្ញុំ​មក​ទិញ​ផ្កា​អង្គាសីល​ហ្នឹង​រាល់​តែ​ឆ្នាំ​។ មកពី​ដាក់​អាហ្នឹង​ទៅ​ល្អ បើសិនជា​ថ្ងៃ​ចូលឆ្នាំ​វា​រីក​ស្រុះ​ល្អ បានន័យថា​យើង​រកស៊ី​មានបាន ត្រជាក់ត្រជុំ​តាម​ហ្នឹង​ដែរ​”​។​

​ចំពោះ​អាជីវករ សៅ គឹម​សាន អាយុ​៤៤​ឆ្នាំ បាន​ប្រកបមុខរបរ​លក់​ដើម​ផ្កា​អង្គាសីល​នេះ រយៈពេល​៥​ឆ្នាំ​កន្លងមកហើយ បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​យក​ផ្កា​អង្គាសីល​ទាំងនេះ​មកពី​ស្រែអំបិល​ដោយ​ខ្លួនឯង​ផ្ទាល់​ចំនួន​៨០ ទៅ​១០០​បាច់​ធំៗ​ជា​រៀងរាល់ឆ្នាំ​។ ចំពោះ​តម្លៃ​លក់​ចេញ​វិញ​ចាប់ពី​១០​ដុល្លារ​ឡើង និង​អាស្រ័យទៅលើ​បាច់​តូច និង​បាច់​ធំ​។ ទន្ទឹមនឹង​នេះដែរ ដើម​ផ្កា​អង្គាសីល​គឺមាន​ផ្កា​ល្អ​ជាង​រាល់​ឆ្នាំ​ទៅទៀត​។

​គាត់​បាន​និយាយថា “​ផ្កា​អង្គាសីល​ឆ្នាំនេះ​ល្អៗ​ជាង​ឆ្នាំមុនៗ ហើយ​តម្លៃ​វា​មាន​ពី​១០​ដុល្លារ​ឡើង អាស្រ័យ​លើ​ផ្កា​ល្អ មិនល្អ​”​។​

​ទាក់ទិន​នឹង​ជំនឿ​ទៅលើ​ដើម​ផ្កា​អង្គាសីល​នេះដែរ លោក ចាំង ឈើ​លី ជា​អ្នកទទួលខុសត្រូវ​ទូទៅ​នៅ​មជ្ឈមណ្ឌល​មហា​ធម៌​មេត្រី​-​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​សាសនា​ចិន​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ដើម​ផ្កា​អង្គាសីល​នេះ​មិនមែន​តំណាង​ឲ្យ​ការរកស៊ី​មានបាន​នោះទេ​។ ក៏ប៉ុន្តែ​មាន​ផ្កា​មួយទៀត​ឈ្មោះ “​ផ្កា​មុ​ហន​” ទើប​តំណាង​ឲ្យ​ការរកស៊ី​មានបាន​។​

​គាត់​បាន​និយាយថា “​ផ្កា​អង្គាសីល​នេះដែរ នៅ​រដូវ​ធា្ល​ក់​ព្រិល ឬ​ជា​រដូវរងា គឺ​វា​រីក​កាន់ តែ​ស្គុសស្គាយ បានន័យថា​កាលណា​កាន់តែ​ត្រជាក់​ផ្កា​អង្គាសីល​នេះ​កាន់តែ​ល្អ ស្រស់ស្អាត​ថែមទៀត​ផង​។ រីឯ​មូល​ហេតុដែល​នាំ​ឲ្យ​ប្រជាជន​ចិន​និយម​ដាក់​ដើម​ផ្កា​អង្គាសីល​នៅពេល​ចូលឆ្នាំ​ចិន​នោះ គឺថា​ជា​ផ្កា​មួយ​តំណាង​ឲ្យ​ភាព​តស៊ូ​មោះមុត និង​មាន​ស្មារតី​ហាន​ក្លា អង់អាច​ណាស់ ទៅវិញ​ទេ​”​។

​គាត់​និយាយបន្តថា មួយវិញទៀត ​នៅក្នុង​ប្រពៃណី​ជនជាតិ​ចិន ដើម​ផ្កា​អង្គាសីល ដើម​ផ្កា​មុ​ហន និងដើម​ស្រល់ នៅពេល​រដូវរងា​ចូលមក​ដល់ ​វា​កាន់តែ​រីក​ល្អនៅពេល អាកាសធាតុ​កាន់តែ​ត្រជាក់​។

​គាត់​បាន​និយាយថា “​ដូច្នេះ​ដើម​ផ្កា​អង្គាសីល​នេះ គឺ​តំណាង​ឲ្យ​ស្មារតី​របស់​អម្បូរ​ចិន មួយ​ប្រភេទ​គឺ “​ជនជាតិ​ហាន​” ពីព្រោះថា​នៅក្នុង​ចំណោម​ជនជាតិ​ចិន​ទាំងអស់​មានតែ ជនជាតិ​ហាន​នេះ​ទេដែលមាន​ប្រជាជន​ច្រើនជាងគេ​។ បើ​កាលពីមុន ​ប្រជាជន​ចិន មាន​បែង​ចែកជា​ជនជាតិ​ហាន ជនជាតិ​ផ្សេងទៀត ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​គេ​លែង​បែងចែក​ដូច​មុន​ទៀតហើយ គឺ​គេ​ច្របាច់​បញ្ចូល​គ្នា​តែមួយ​”​។​

​ប្រភព​ខាងលើ​បន្ថែមថា លើស​នេះ​ទៀត ផ្កា​អង្គាសីល​នេះ កាលណា​រីក​កាន់តែ​ស្គុសស្គាយ រីឯ​ក្លិន​របស់​វា​កាន់តែ​ក្រអូប និង​ជាពិសេស​តំណាង​ឲ្យ​ជនជាតិ​ហាន​ដែលមាន​ស្មារតី​តស៊ូ ទោះបី​មាន​ភាព​ត្រជាក់​យ៉ាងណាក៏ដោយ​តែងតែ​ឈានទៅ​មុខជា​និច្ច​។ ចំណែក​នៅក្នុង​ចម្រៀង​ជាតិ​របស់​ជនជាតិ​ចិន​ផងដែរ ក៏​យក​ផ្កា​អង្គាសីល​នេះមក​តំណាង​ដូចគ្នា​។

​អ្នកទទួលខុសត្រូវ​ទូទៅ​នៅ​មជ្ឈមណ្ឌល​មហា​ធម៌​មេត្រី​-​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​សាសនា​ចិន​នៅ​កម្ពុជា បាន​បន្ថែមទៀតថា ផ្កា​អង្គាសីល​នេះដែរ គឺមាន​២​ពណ៌ ដែលមានពណ៌​លឿង និង​ពណ៌​ផ្កាឈូក​។ ចំពោះ​ការទិញ​ដើម​ផ្កា​អង្គាសីល​មក​ដាក់​តាំងនៅ​ផ្ទះពេល​ចូលឆ្នាំ​ចិន​នោះ គឺ​មិនមាន​ការបែងចែក​មួយ​ណា​ល្អ ឬ​មិនល្អ​នោះទេ គ្រាន់តែ​ថា​ជ្រើស​រើសយក​ដើម​ផ្កា​អង្គាសីល​ណាមួយ​ដែលមាន​មែក និង​ផ្កា​ច្រើន នោះ​ទើប​ជាការ​ល្អ និង​តំណាង​ឲ្យ​ត្រជាក់ត្រជុំ​ហើយ​៕​ S

What Next?

Recent Articles

One Response to "ដើម​ផ្កា​អង្គាសីល ក្នុង​ជំនឿ ជនជាតិ​ចិន​"

  1. Former Hia lola says:

    I live in Vietnam in 1976 and I know some about ផ្កា​អង្គាសីល​.
    Normally this flower is bloomming at the month of Chinese new year. A long time ago when people saw the bloomming of this flower came at th new year like that, they considered this flower came to welcome the new year. And the Vietnamese people consider and call it “Bong Bai”. Bong means Flower, Mai means Lucky. So, Bong Mai means ” Lucky Flower”. So this is the custom they always bring this flower home every new year day for the lucky time.