ហេង ម៉ារ៉ាឌី ចង់​ឆាប់​ជា​ពី​ជំងឺ​នឹង​អាច​វិល​ចូល​សិល្បៈ

Thursday, 14 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ពិធីការិនី ហេង ម៉ារ៉ាឌី ពេល​ចូលរួមកម្មវិធីសម្ពោធភោជនីយដ្ឋាន​កន្លង​មក​។ រូបថត ឈឹម ស្រីនាង

ពិធីការិនី ហេង ម៉ារ៉ាឌី ពេល​ចូលរួមកម្មវិធីសម្ពោធភោជនីយដ្ឋាន​កន្លង​មក​។ រូបថត ឈឹម ស្រីនាង

ភ្នំពេញ : ទោះ​ជា​បាន​ឆ្លង​ផុត​ពី​ការ​សង្គ្រោះ​ដោយ​មិន​ត្រូវ​បាន​វះកាត់​ក្តី​ពិធី​ការិនី​ដើម​ទ្រូង​ធំ​សិចស៊ី​របស់​កម្មវិធី​រ៉េវ​ឡន និង​ជា​ថៅកែ​ហាង​កែ​សម្ផស្ស​វ័យ​ក្មេង កញ្ញា ហេង ម៉ារ៉ាឌី មិន​ទាន់​បាន​ជ្រះ​ស្រឡះ​ចិត្ត​ពី​ជំងឺ​ស្អិត​ពោះ​វៀន​ទាំង​ស្រុង​នៅ​ឡើយ​ទេ ដោយ​នាង​អះអាង​ថា៖ «ពេល​នេះ​ខ្ញុំ​ត្រូវ​គេង​ញ៉ាំ​ថ្នាំ​នៅ​ផ្ទះ​សិន​ខណៈ​គ្រូ​ពេទ្យ​វៀតណាម​កំណត់​ឲ្យ​ខ្ញុំ​លេប​ដល់​ទៅ​រាប់​ខែ​ឯ​ណោះ​»។

អតីត​អ្នក​ដើរ​ស៊ី​ឈ្នូល​ផាត់​មុខ ក្លាយ​ជា​កញ្ញា​ឯក​សាប៊ូ​លុច្ស ដែល​មាន​យី​អ៊ុន​ដាក់​នៅ​ក្នុង​សង្វៀន​សិល្បៈ​សម្តែង​ដោយ​ចរិត​កាច ឆ្នាស ស្រី​ស្រស់ ហេង ម៉ារ៉ាឌី បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​ផ្អើល​ឆោ​ឡោ​ទាំង​សើង​មម៉ើង និង​ដឹក​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង​យប់​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១២​ខណៈ អាការ​ជំងឺ​ស្អិត​ពោះវៀន​របស់​នាង​មាន​សភាព​ធ្ងន់​ធ្ងរ​លើស​ពី​សព្វ​មួយ​ដង។

តែ​បន្ទាប់​ពី​គ្រូ​ពេទ្យ​ប្រទេស​វៀតណាម​សង្គ្រោះ​ព្យាបាល​អស់​១០​ថ្ងៃ​មក​នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ត្រឡប់​មក​សម្រាក​នៅ​ផ្ទះ​វិញ។

ក្នុង​សំនៀង​មិន​សូវ​លះ បែប​ថ្នម​សុខភាព​ថៅកែ​ហាង​កែ​សម្ផស្ស​វ័យ​ខ្ទង់​៣០​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «មក​ដល់​ពេល​នេះ ដ្បិត​ថា​ខ្ញុំ​វិល​មក​សម្រាក​ញ៉ាំ​ថ្នាំ​នៅ​ផ្ទះ​ប៉ុន្តែ​ជំងឺ​របស់​ខ្ញុំ នៅ​មិន​ទាន់​អាច​សះ​ជា​ដូច​ដើម​នៅ​ឡើយ​ទេ»។

នាង​ពោល​ត្អូញ​ត្អែរ​ទៀត​ថា៖ «​ពេល​ខ្លះ​អាការ​ក្នុង​ខ្លួន​ខ្ញុំ​នៅ​តែ​វិល​មុខ​អស់​កម្លាំង​បើ​ទោះ​ជា​ខ្ញុំ​ព្យាយាម​ញ៉ាំ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ដែល​គ្រូពេទ្យ​វៀតណាម​ឲ្យ​បាន​ទៀង​ទាត់​ហើយ​ក្ដី​»។

ហេង ម៉ារ៉ាឌី ក៏​បាន​អះអាង​ទៀត​ថា៖ ​«​ពេល​នេះ​ខ្ញុំ​ប្រហែល​ជា​ចៀស​ផុត​មិន​ទទួល​រង​នូវ​ស្នាម​មុខ​កាំបិត​ដ៏​មុត​របស់​គ្រូ​ពេទ្យ​វៀតណាម​នោះ​ទេ​មើល​ទៅ ខណៈ​ដែល​ភ្លាមៗ ពេល​ទៅ​ដល់​ពេទ្យ​ភ្លាម​ពេទ្យ​បាន​ប្រាប់​ថា​ជំងឺ​ខ្ញុំ​ទាល់​តែ​វះកាត់​ទើប​អាច​ព្យាបាល​មិន​ត្រឹម​តែ​លេប​ថ្នាំ ឬ​ចាក់​ធម្មតាៗ​នោះ​ទេ​»។

នាង​បាន​រំឭក​ទៀត​ថា៖ ​«ពេល​ឮ​គ្រូ​ពេទ្យ​ប្រាប់​ថា​ពោះវៀន​ខ្ញុំ​នេះ​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ខាង​ក្នុង​នោះ​វា​ស្អិត​ជាប់​ដូច្នេះ​បាន​ជាប​ណ្តាល​ឲ្យ​ធ្វើ​ទុក្ខ​ចុក​យ៉ាង​នេះ​ទំនង​ទាល់​តែ​វះកាត់​ទើប​បាន​អាច​ល្អ​ប្រសើរ​ឡើង​វិញ។​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​មុខ​កាំបិត​ខ្លាំង​ណាស់​ស្ទើរ​តែ​អង្វរ​ពេទ្យ​ទៅ​ហើយ​» ។

យ៉ាង​ណា​ក៏​ដោយ ហេង ម៉ារ៉ាឌី មិន​អាច​សន្និដ្ឋាន​ពី​កាល​កំណត់​សះស្បើយ​នៃ​ជំងឺ និង​ពេល​វេលា​បាន​ប្រឡូក​ក្នុង​សិល្បៈ​វិញ​ទេ ដោយ​នាង​និយាយ​ថា៖ «ខ្ញុំ​នៅ​មិន​ដឹង​ថា​អាការ​ជំងឺ​របស់​ខ្ញុំ​ជា​សះ​ពេល​ណា​នោះ​ទេ​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ខំ​ញ៉ាំ​ថ្នាំ និង​ប្រតិបត្តិ​តាម​វេជ្ជ​បញ្ជា​ពេទ្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​ប្រឹង​ញ៉ាំ​អាហារ​ប៉ូវ​ច្រើន​ណាស់​ដែរ​ព្រោះ​ខ្ញុំ​ក៏​ខ្វះ​ឈាម​ក្រហម​នោះ ហើយ​ម៉្យាង​ខ្ញុំ​ចង់​ឆាប់​ជា​នឹង​អាច​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​ព្រោះ​ថា​មួយ​រយៈ​នេះ​ខ្ញុំ​នៅ​មាន​ការងារ​ច្រើន​ណាស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ »៕

What Next?

Recent Articles