ភ្នំពេញ : ខណៈដែលមនុស្សមួយចំនួនជុំវិញពិភពលោកកំពុងសម្តែងការត្រេកត្រអាលនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះ ពិធីកររូបសង្ហាប្រចាំទូរទស្សន៍បាយ័នលោក ជា វណ្ណារិទ្ធ ក៏ឆ្លៀតនាំភរិយាថ្មោងថ្មីទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ នៅថ្ងៃទី១៤ ខែកុម្ភៈ។ នេះបើតាមការឲ្យដឹងពីលោក ជា វណ្ណារិទ្ធផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់លោក។
Friday, 15 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
សូមរំឭក ថា នៅក្នុងថ្ងៃដ៏មហោឡារិក ថ្ងៃទទួលភ្ញៀវនៃពិធីអាពាហ៍ពិពាហ៍នៅកោះពេជ្រកាលពីថ្ងៃទី២៧ ខែមករានោះ កូនកំលោះរូបសង្ហាលោក ជា វណ្ណារិទ្ធ បានបង្ហើបពីគម្រោងនាំអនាគតភរិយា វ័យក្មេងនាង សុភាព មូល្យ៉ា ទៅក្រេបទឹកឃ្មុំនៅប្រទេសជិតខាងនៅពាក់កណ្តាលខែកុម្ភៈ ដោយកាលណោះលោកមិនបញ្ជាក់ពីឈ្មោះប្រទេសនោះឡើយ។
ពិធីករវ័យ២៧ ឆ្នាំរូបនេះបាននិយាយបង្ហើរថា៖ «មិនបានចង់ចេញទៅប្រទេសណាឆ្ងាយពីប្រទេសយើងនេះទេតែគម្រោងនោះសូមលាក់សិនហើយថ្ងៃដែលកំណត់ដឹកដៃទេពធីតាក្នុងបេះដូងខ្ញុំនេះ ក៏មិនឲ្យផុតពីខែកុម្ភៈខាងមុខនេះដែរ»។
ភាពអាថ៌កំបាំងនៃ គម្រោងក្រេបចន្ទទឹកឃ្មុំជាមួយភរិយាវ័យ២៣ឆ្នាំ ដែលជានិស្សិតនៃ សាលាច្នៃម៉ូដលីមកុកវីង ស្ថិតនៅក្រៅសង្វៀនសិល្បៈនោះ ទើបតែបង្ហាញឲ្យដឹងនៅថ្ងៃទី១៣ខែកុម្ភៈ ម្សិលមិញនេះដោយលោក ជា វណ្ណារិទ្ធ ខ្លួនឯងបានសរសេរប្រកាសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងនាំភរិយាជាទីស្រឡាញ់ទៅលេងប្រទេសថៃក្នុងថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៣ នេះ។
ជាមួយការបង្ហាញឲ្យដឹងពីដំណើរដ៏ផ្អែមល្ហែមមានន័យក្នុងជីវិតអាពាហ៍ពិពាហ៍ដ៏ថ្មោងថ្មីនោះពិធីករដែលមានសំណាងបានគ្រងបេះដូងធីតា វ័យក្មេងក្រៅរង្វង់សិល្បៈនិងកូនស្រីសំណព្វចិត្តលោកសាស្រ្តាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនោះ លោក ជា វណ្ណារិទ្ធក៏បានឲ្យដឹងទៀតថា៖ «ដំណើរដឹកដៃភរិយាទៅក្រេបទឹកឃ្មុំនៅប្រទេសថៃ ចំថ្ងៃនៃក្តីស្រឡាញ់ដែលមនុស្សប្រុសស្រីនៅជុំវិញពិភពលោក ថាជាថ្ងៃពិសេសសម្រាប់មនុស្សជាទីស្រឡាញ់នេះក៏ជាចំណងដៃស្នេហ៍មួយបន្ថែមលើចំណងអាពាហ៍ពិពាហ៍និងជាភាពកក់ក្តៅមួយបញ្ជាក់ឲ្យភរិយាខ្ញុំនាងមើលឃើញថា ខ្ញុំនេះជាស្វាមីម្នាក់មានស្នេហាស្មោះចំពោះនាង ពិសេសនាងគឺអ្នកជាទីស្រឡាញ់របស់ខ្ញុំតែម្នាក់»។
យ៉ាងណាមិញនៅក្នុងដំណើរនាំភរិយាវ័យក្មេងទៅក្រេបទឹកឃ្មុំនៅប្រទេសថៃចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះមិនមែនជាដំណើរកម្សាន្តជាលក្ខណៈលលកញីឈ្មោលឡើយ។
លោក ជា វណ្ណារិទ្ធបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកថា៖ «ដើម្បីជាការអបអរទិវានៃក្តីស្រឡាញ់ និងដំណើរទៅក្រេបទឹកឃ្មុំរបស់ពួកខ្ញុំថ្មោងថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈនេះពួកយើងរួមដំណើរជាមួយនឹងមិត្តភក្តិ ជាច្រើននាក់ផងដែរ»៕

សូមឱ្យគូស្នេហ៍នេះ មានសេចក្តីសុខ សុភមង្គលជានិច្ចនិរន្តរ៍
ហើយខំរកលុយឱ្យបានច្រើនផងទើបដើរលេងបានច្រើន់។
ចាយលុយម៉ែឪច្រើនមិនល្អទេ។