05262013Headline:

ផ្លែ​ប៊័រ​អាហារ​បញ្ញើ​ពី​​មណ្ឌល​គិរី

មណ្ឌលគិរីៈ ទៅ​ខេត្ត​បាត់​ដំបង កុំ​ភ្លេច​ភ្លក្ស​រសជាតិ​ណែម​ទៅ​ខេត្ត​ក្រចេះ​កុំ​ភ្លេច​ក្រឡាន​ហើយ​បើ​ទៅ​លេង​ខេត្ត​មណ្ឌលគិរី​ក៏​កុំ​ភ្លេច​ភ្លក្ស​ផ្លែ​ប៊័រ​របស់​បង​ប្អូន​ជនជាតិ​ភាគ​តិច​។​នេះ​ជា​បណ្តាំ​ចេញ​ពី​អ្នក​ដែល​មាន​បង​ប្អូន​សាច់​ញាតិ​ចេញ​ដើរ​កម្សាន្ត​តាម​ខេត្ត​នោះ​។

Friday, 15 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ផ្លែ​ប៊័រ​លក់​នៅ​តាម​ផ្លូវ​ចំណត​រថយន្ត​ក្រុង​ ឯ​ខេត្ត​មណ្ឌល​គិរី គឺ​ជា​អាហារ​ដ៏ពេញនិយម​សម្រាប់​បរិភោគ និង​ទិញ​ផ្ញើ​សាច់ញាតិ​ពេលត្រឡប់ទៅ​​ផ្ទះវិញ។ រូបថត ហេង ជីវ័ន

ផ្លែ​ប៊័រ​លក់​នៅ​តាម​ផ្លូវ​ចំណត​រថយន្ត​ក្រុង​ ឯ​ខេត្ត​មណ្ឌល​គិរី គឺ​ជា​អាហារ​ដ៏ពេញនិយម​សម្រាប់​បរិភោគ និង​ទិញ​ផ្ញើ​សាច់ញាតិ​ពេលត្រឡប់ទៅ​​ផ្ទះវិញ។ រូបថត ហេង ជីវ័ន

ស្រ្តី​វ័យ​ចំណាស់​ម្នាក់​មក​ពី​ភ្នំពេញ​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​រួម​ខេត្ត​មណ្ឌលគិរី​នោះ​ភ្លាម គាត់​ក៏​បាន​ដើរ​សំដៅ​ទៅ​រក​តូប​លក់​ផ្លែ​ប៊័រ​ភ្លេត។

ក្នុង​សម្លៀក​បំពាក់​ស៊ីវិល័យ ជាមួយ​ទឹក​មុខ​ញញឹម​រីក​រាយ​ដៃ​ចាប់​កាន់​ផ្លែ​ប៊័រ​បណ្ដើរ​តថ្លៃ​បណ្តើរ​នោះ​គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ឈ្មោះ​ចន្ធូ។​ខ្ញុំ​មក​ពី​ភ្នំពេញ​មក​ខេត្ត​មណ្ឌលគិរី​មក​ដើរ​លេង​ជាមួយ​កូនៗ។ នេះ​មិន​ទាន់​ដឹង​ថា​គេ​នាំ​ទៅ​ដើរ​លេង​ឯណា​ខ្លះ​ទេ»។

អ្នក​ស្រី ចន្ធូ បាន​និយាយ​ថា៖ «​ល្បី​តែ​គេ​និយាយ​ថា នៅ​មណ្ឌលគិរី​មាន​ផ្លែ​ប៊័រ​ស្រស់ៗ​ហើយ​រសជាតិ​ឆ្ងាញ់​ពេល​នេះ​បំណាច់​ជា​មក​ដល់​ខេត្ត​មណ្ឌលគិរី​ភ្លាម​ខ្ញុំ​មិន​ទាន់​ចង់​ទទួល​ទាន​អាហារ​ណា​ក្រៅ​ពី​ផ្លែ​ប៊័រ​នេះ​ទេ​» ។

អ្នក​ភ្នំពេញ​ដែល​ជិះ​រថយន្ត​ជាង​៥០០​គីឡូម៉ែត្រ ដើម្បី​ទៅ​ភ្លក្ស​ជាតិ​ផ្លែ​ប៊័រ​នៅ​ខេត្ត​មណ្ឌលគិរី​នៅ​រូបនេះ​បាន​បញ្ជាក់​ថា៖ «​ពេល​នេះ​ខ្ញុំ​បាន​ភ្លក្ស​រស​ជា​ផ្លែ​ប៊័រ​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ​ហើយ​ហើយ​ពិត​ជា​គិត​ថា​វា​មាន​រសជាតិ​ផ្អែម​ត្រជាក់​ដូច​ដែល​គេ​និយាយ​មែន​»។

ទាំង​មាត់​ជាប់​ទំពា​ផ្លែ​ប៊័រ​នោះ​អ្នក​ស្រី ចន្ធូ ក៏​បាន​ឲ្យ​ដឹង​បន្ត​ថា៖ «ឲ្យ​តែ​ផ្អែម​ឆ្ងាញ់​អ៊ីចឹង​នៅ​ថ្ងៃ​ត្រូវ​ត្រឡប់​ទៅ​វិញ​នោះ​ខ្ញុំ​និង​ទិញ​យក​ទៅ​ផ្ញើ​បង​ប្អូន​នៅ​ភ្នំពេញ​ឲ្យ​បាន​២-៣​គីឡូ​ទៀត​»។


ពេល​ដែល​ឮ​ភ្ញៀវ​និយាយ​សរសើរ​ពី​រស់​ជាតិ​ផ្លែ​ប៊័រ​យ៉ាង​ដូច្នេះ កញ្ញា ទាវ សុជាតា ដែល​ជា​ម្ចាស់​តូប​លក់​ផ្លែ​ប៊័រ​ជាប់​នឹង​រង្វង់​មូល​រូប​គោ​នៅ​ទី​រួម​ខេត្ត​មណ្ឌល​គិរី​នោះ បាន​ញញឹម​បិត​មាត់​មិន​ជិត ហើយ​និយាយ​ថា៖ «ផ្លែ​ប៊័រ​មណ្ឌលគិរី​នេះ​សព្វ​ថ្ងៃ​នេះ​លក់​ដាច់​មែន​ទែន។ ភ្ញៀវ​ដែល​បាន​មក​លេង​កម្សាន្ត​ខេត្ត​នេះ ក្រៅ​ពី​ដើរ​លេង​ពួកគេ​ម្នាក់ៗ​មិន​ដែល​រំលង​រសជាតិ​ផ្លែប៊័រ​នេះ​ហើយ​មិន​ត្រឹម​តែ​ទិញ​ហូប​នៅ​ទីនេះ​ទេ ពួក​គេ​ក៏​មិន​ដែល​ខក​ខាន​ច្រក​យក​ទៅ​ផ្ញើ​សាច់​ញាតិ​គេ​នៅ​ផ្ទះ​នោះ​ដែរ​»។

អ្នក​លក់​ផ្លែ​ប៊័រ​វ័យ​២០ឆ្នាំ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ពី​តម្លៃ​ផង​ដែរ​ថា៖ «ផ្លែ​ប៊័រ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ អត់​មាន​លក់​តែ​២​ខែ​ទេ​គឺ​ខែ​១១ និង​ខែ​១២។ ក្រៅ​ពី​ពីរ​ខែ​នោះ​យើង​មាន​លក់​រហូត​ពិសេស​គឺ​កន្លែង​ខ្ញុំ ហើយ​ខ្ញុំ​លក់​សព្វ​ថ្ងៃ​មាន​បី​ប្រភេទ​អា​លេខ​៣ មួយ​គីឡូ​ក្រាម​តម្លៃ​៨​ពាន់​រៀល អា​លេខ​២ មួយ​គីឡូ​ក្រាម​១ម៉ឺន​រៀល និង​អា​លេខ​១ មួយ​គីឡូ​ក្រាម​១២០០០​រៀល»។

អ្នក​លក់​វ័យ​ក្មេង​រូបនេះ​ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​ចំណូល​ចិត្ត​របស់​ភ្ញៀវ​ផង​ដែរ​ថា៖ «ផ្លែ​ប៊័រ​នេះ​មិន​សូវ​ជា​មាន​ការ​និយម​ចូល​ចិត្ត​ពី​ភ្ញៀវ​បរទេស​នោះ​ទេ​អ្នក​ដែល​និយម​ចូល​ចិត្ត​សព្វ​ថ្ងៃ​នេះ​គឺ​ភ្ញៀវ​ខ្មែរ​តែ​ម្តង​ភ្ញៀវ​មក​ពី​ខាង​ភ្នំពេញ​ភ្ញៀវ​ខ្លះ​គាត់​ទិញ​ហូប​នៅ ទីនេះ​ហើយ​ហើយ​គាត់​ទិញ​យក​ទៅ​ផ្ញើ​ក្រុម​គ្រួសារ​គាត់​មាន​ដល់​ទៅ​២-៣​គីឡូ​ទៀត​ឯណោះ​»។

កញ្ញា​អះ​អាង​ទៀត​ថា៖ «​ការ​លក់​ផ្លែ​ប៊័រ​នៅ​តូប​ខ្ញុំ​នេះ​មិន​បាន​ទិញ​មក​ពី​ណា​ឬ​ប្រទេស​ជិត​ខាង​ណា​ទេ​គឺ​បេះ​មក​ពី​ចម្ការ​ខ្លួន​ឯង​សុទ្ធ​ដាំ​ដោយ​ធម្មជាតិ​មួយ​ថ្ងៃ​ខ្ញុំ​លក់​ដាច់​អស់​ដល់​ទៅ​៥០០​គីឡូ​ក្រាម​ក៏​មាន​ដែរ​កន្លង​មក​»។

កញ្ញា សុជាតា ក៏​បាន​លើក​ពី​គុណ​ប្រយោជន៍​ផ្លែ​នេះ​ផង​ដែរ​ថា៖ «បាន​ជា​ភ្ញៀវ​និយម​ច្រើន​យ៉ាង​នេះ ព្រោះ​ផ្លែ​ប៊័រ​មិន​ត្រឹម​មាន​ឱជារស​ឆ្ងាញ់​ទេ វា​ក៏​ជា​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម​។

វា​មាន​គុណ​ប្រយោជន៍​ក្នុង​ការ​ជួយ​សម្រួល​ប្រព័ន្ធ​តម្រង​នោម និង​កាត់​បន្ថយ​ភាព​តាន​តឹង។ លើស​ពី​នេះ​នៅ​ក្នុង​ផ្លែ​ប៊័រ​មាន​វីតាមីន E និង វីតាមីន C ច្រើន​ថែម​ទៀត​ផង»៕

What Next?

Recent Articles

One Response to "ផ្លែ​ប៊័រ​អាហារ​បញ្ញើ​ពី​​មណ្ឌល​គិរី"

  1. *** says:

    Avocado in Cambodia real good taste. I want to eat ,too.