កំពង់ចាមៈ បុរសអាយុ ៣៥ឆ្នាំម្នាក់ មកពីខេត្តកំពង់ចាម ត្រូវសង្ស័យថា បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី នឹងអាចក្លាយជាមនុស្សទី៨ ដែលរងគ្រោះដោយជំងឺគ្រុនផ្តាសាយបក្សី( H5N1) នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ ប្រសិនបើការធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា មានមេរោគវិជ្ជមាន។ នេះបើយោងតាមមន្រ្តីសុខាភិបាលដែលបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
Monday, 18 February 2013
មុំ គន្ធា និង Justine Drennan
ភ្នំពេញ ប៉ុស្តិ៍
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួង សុខាភិបាល បានថ្លែងថា បុរសម្នាក់ត្រូវបានយកទៅមន្ទីរពេទ្យខេត្តកំពង់ចាមដោយសារមាន បញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើម បន្ទាប់ពីគាត់បានទទួលទានសត្វទាចំនួនពីរ ដែលបានងាប់នៅក្នុងភូមិរបស់គាត់ ដែលជាកន្លែងសត្វបក្សីមួយចំនួនបានងាប់ក្នុងពេលថ្មីៗនេះ។
លោក សៀង ណាត ប្រធានមជ្ឈមណ្ឌលសុខភាពក្នុងឃុំមេ សជ្រៃ ដែលជាឃុំជនរងគ្រោះរស់នៅ បានប្រាប់ឲ្យដឹងពីម្សិលមិញថា លោកបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកភ្លាមៗ បន្ទាប់ពីបានដឹងថា គាត់អាចមានរោគសញ្ញាផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី៦ ខែកុម្ភៈ។
លោកបានថ្លែងថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអប់រំណែនាំពីរាជរដ្ឋាភិបាលក៏ដោយ ក៏«អ្នកភូមិមួយចំនួននៅតែទទួលទានសត្វបក្សី ដែលមានជំងឺឬងាប់ដដែល»។
លោក Lotfi Allal នៅអង្គការកសិកម្ម និងស្បៀងអាហារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ការគ្រប់គ្រងវិរុស គឺពិបាក នៅក្នុងប្រទេសមួយដែល ៨០ភាគរយនៃសត្វបក្សីត្រូវបានដាក់នៅជិតផ្ទះឬគ្មានសណ្តាប់ ធ្នាប់ត្រឹមត្រូវ។
គួររំឭកថា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃទី១៣ កុម្ភៈ បានបង្ហាញថាកុមារីអាយុ៣ឆ្នាំ ម្នាក់ដែលបានប៉ះពាល់សត្វមានឈឺងាប់ នៅស្រុកអង្គរជ័យ ខេត្តកំពត បានកើតគ្រុនក្តៅខ្លួន និងឡើងកន្ទូល ហើយចូលដេកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាតាំងពីថ្ងៃទី ៣ ខែ កុម្ភៈ បានស្លាប់នៅថ្ងៃ ១៣កុម្ភៈ ដោយសភាពជំងឺធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។
លោក Sonny Krishnan មន្រ្តីទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកនៅកម្ពុជា បានបញ្ជាក់ថា៖ «នេះជាតួលេខខ្ពស់បំផុត យើងបានជួបប្រទះ បើគិតពីករណីប្រចាំខែ»។ លោកបានកត់សម្គាល់ថា មនុស្ស ៦ នាក់បានស្លាប់ដោយសារជំងឺផ្តាសាយ H5N1 តែក្នុង៣សប្តាហ៍ចុងក្រោយក្នុងឆ្នាំនេះ។
លោកបន្តថា ថ្វីបើមានការព្យាបាលដោយប្រើថ្នាំ tamiflu ក្នុង៤៨ ម៉ោងចាប់ពីមានរោគសញ្ញា ដើម្បីការពារកុំឲ្យអ្នកជំងឺគ្រុនផ្តាសាយបក្សីស្លាប់ ប៉ុន្តែ នៅកម្ពុជាមានអត្រាស្លាប់ខ្ពស់ ដោយសារតែអ្នកជំងឺភាគច្រើនមកដល់មន្ទីរពេទ្យ នៅដំណាក់កាលចុងក្រោយនៃជំងឺ។
ចាប់ពីមេរោគ H5N1 លេចឡើង១ទសវត្សមុន កម្ពុជាជួប អ្នកមានជំងឺនេះ២៨ ករណី ក្នុងចំណោម ៦១៩ ករណីនៅលើពិភពលោក ហើយក្នុងនោះ ២៥ នាក់បានស្លាប់ដែលអ្នករងគ្រោះ ភាគច្រើនជាក្មេងស្រី៕ PS

អាជ្ញាធរមិនដែលបើកភ្នែកមើលទេថាមានអ្នកដឹកមាន ទា ច្រើនណាស់ចូលមកលក់នៅទីក្រុងភ្នំពេញយ៉ាងអាណាធិបតេយ្យ មិនមានការគ្រប់គ្រង់បានល្អ។ បើសិនជាមាន ឬ ទាទាំងនោះមានជំងឺ នោះប្រជាពលរដ្ឋនៅម្តុំនោះច្បាស់ជាឆ្លងជាក់ជាមិនខាន។
បើសិនជាមានជំងឺមែន សុំឱ្យឆ្លងទៅអ្នកដឹកយកមកលក់ទៅបានហើយ កុំឆ្លងទៅប្រជាជនដែលមិនដឹងអី!!
ពួកអាអ្នកលក់មាន់ទា នោះកន្លែងគេមានឱ្យលក់ត្រឹមត្រូវវាមិនលក់ទេ វាលួចលក់នៅកន្លែងស្ងាត់ៗ សង្ស័យតែពួកចោរលួចទាគេយកមកលក់ទេមើលទៅ!!!