សម័យប្រឡងជ្រើសរើសបេក្ខជនឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១២ នឹងត្រូវធ្វើឡើង នៅថ្ងៃ១៩ កុម្ភៈស្អែកនេះ។ មានបេក្ខជន៧២០នាក់ ត្រូវចូលរួមប្រឡង ប៉ុន្តែគណៈមេធាវីចម្រាញ់យកតែ៥០នាក់ប៉ុណ្ណោះ។ បេក្ខជនសិស្សមេធាវីម្នាក់ បានដាក់លិខិតជូនគណៈមេធាវី ដើម្បីទាមទារឲ្យមានយុត្តិធម៌ ចៀសវាងភាពមិនប្រក្រតី ពិសេសអំពើស៊ីសំណូក សូកប៉ាន់។
ថ្ងៃ ចន្ទ 18 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

លោក យឹម សារី អ្នកនំាពាក្យគណៈមេធាវី អំពាវនាវកុំឲ្យគិតថា ការប្រឡងមានអំពើពុករលួយ ដែលនេះជាការដើរផ្ទុយនឹងការរីកចម្រើនរបស់ជាតិ (©ចាន់ណា)
នៅថ្ងៃចន្ទ ទី១៨ កុម្ភៈនេះ ឈ្មោះបេក្ខជន លេខតុ និងលេខបន្ទប់ប្រឡងជ្រើសរើសបេក្ខជន ឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១២ ត្រូវបានបិទផ្សាយ នៅមណ្ឌលប្រឡង ចំនួន៣កន្លែង គឺការិយាល័យគណៈមេធាវី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងនៅសាលាភូមិន្ទរដ្ឋបាល។ សម័យប្រឡងសិស្សមេធាវីនឹងធ្វើឡើង នៅពេញមួយថ្ងៃទី១៩ កុម្ភៈ។
តាមសេចក្តីជូនដំណឹង មុខវិជ្ជាប្រឡងមានពីរ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាសួរផ្ទាល់មាត់។ វិញ្ញាសាសរសេរ នឹងធ្វើឡើងពេញមួយថ្ងៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្នុងនោះ រួមមានមុខវិជ្ជា ទ្រឹស្តីទូទៅក្រមរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រយៈពេល៣ម៉ោង (ពីម៉ោង ៨:៣០ ដល់ម៉ោង ១១:៣០ព្រឹក)។ ចំណែកទ្រឹស្តីទូទៅក្រមព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ រយៈពេល៣ម៉ោង (ពីម៉ោង ២:០០ ដល់ម៉ោង ៥:០០ រសៀល)។
ចំណែកវិញ្ញាសាសួរផ្ទាល់មាត់ នឹងធ្វើឡើង នៅថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយត្រូវសួរបេក្ខជន អំពីនីតិពាណិជ្ជកម្ម នីតិការងារ នីតិរដ្ឋបាល សីលធម៌-កាយសម្បទា និងចំណេះដឹងទូទៅផ្នែកច្បាប់ ដែលអនុវត្តនាពេលបច្ចុប្បន្ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បេក្ខជន ហែម សុចិត្រ ជាបេក្ខជនចូលរួមការប្រលងប្រជែង ជ្រើសរើសសិស្សមេធាវី ជំនាន់ទី១២ បានសរសេរលិខិតដាក់ទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំឲ្យការរៀបចំប្រឡងប្រជ្រែងជ្រើសរើសសិស្សមេធាវី ជំនាន់ទី១២ មានភាពយុត្តិធម៌។
ជាអតីតបេក្ខជនដែលអះអាងថា បានទទួលរងនូវភាពអយុត្តិធម៌ កាលពីការប្រលងមេធាវីលើកមុន លោក ហែម សុចិត្រ ចង់បានភាពយុត្តិធម៌ក្នុងការប្រឡងប្រជែង ដើម្បីធានាឲ្យបានជាដាច់ខាតថា សិស្សមេធាវីជំនាន់ទី១២ខាងមុខនេះ ជាសិស្សមេធាវីដែលប្រកបដោយសមត្ថភាពខ្ពស់ មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រមទាំងមានមនសិការនិងឧត្តមគតិខ្ពស់ ដែលនឹងចូលរួមចំណែកក្នុងការជួយលើកស្ទួយ និងពង្រឹងដល់វិស័យយុត្តិធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការឆ្ពោះទៅរកការកសាង និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា។
ការស្នើសុំរបស់បេក្ខជនខាងលើ ដោយសារតែធ្លាប់មានលេចលឺពាក្យចចាមអារ៉ាមមិនសូវល្អជាច្រើន ពាក់ព័ន្ធទៅនឹងដំណើរការ នៃការប្រឡងជ្រើសរើសសិស្សមេធាវី។ បញ្ហានេះ សុចិត្រ អះអាងថា អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ និងកិត្តិយសរបស់គណៈមេធាវី ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិជ្ជាជីវៈមេធាវីដែលជាវិជ្ជាជីវៈមួយដ៏ថ្លៃថ្នូរ នៅក្នុងសង្គមជាតិ។
ហែម សុចិត្រ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនប្រឡងសិស្សមេធាវី ជំនាន់ទី១២ ដែលមាន ៧២០នាក់។ ក្នុងនោះ គណៈមេធាវីត្រូវចម្រាញ់យកតែបេក្ខជន ៥០នាក់ប៉ុណ្ណោះ។
លោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវី បានអះអាងថា ការប្រឡងនេះបានរៀបចំប្រកបដោយឆន្ទៈមោះមុត ហើយចង់បានអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមបម្រើប្រទេសជាតិទាំងអស់គ្នា។ លោកមិនគិតថា ការប្រឡងមេធាវីនេះនឹងមិនមានអំពើពុករលួយទេ។
លោក យឹម សារី បានបញ្ជាក់ថា “គេប្រឡងចៅក្រម និងក្រឡាបញ្ជី បានប្រព្រឹត្តទៅយ៉ាងល្អ។ ដូច្នេះ គណៈមេធាវីជាស្ថាប័នមួយដែលចង់បានធនធានមនុស្ស ទៅបម្រើប្រទេសជាតិ ហើយចង់បានអ្នកដែលមានចំណេះដឹងចូលរួមក្នុងការអនុវត្តន៍ច្បាប់ផងដែរ។ ដូច្នេះ ការមន្ទិលសង្ស័យរបស់បេក្ខជន គឺជាការមន្ទិលសង្ស័យ ប៉ុន្តែឲ្យតែបេក្ខជន គាត់មានចំណេះដឹងខ្ពង់ខ្ពស់ ហើយគាត់អាចយកចំណេះដឹងគាត់ ទៅប្រកួតប្រជែងជាមួយនឹងបេក្ខជនដទៃទៀត ខ្ញុំសង្ឃឹមថា គាត់នឹងទទួលបានជោគជ័យ។ កុំឲ្យមានអារម្មណ៍គិតថា ការប្រឡងមានអំពើពុករលួយ ហើយមិនជាប់ នេះគឺជាគំនិតខុសឆ្គងមួយ ដែលដើរផ្ទុយទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ”។
យ៉ាងណាក៏ដោយ បេក្ខជនប្រឡងសិស្សមេធាវី លោក ហែម សុចិត្រ ក៏បានផ្តល់នូវសំណូមពរ និងអនុសាសន៍ជាច្រើនចំនុច សម្រាប់គណៈមេធាវីចាត់ចែងរៀបចំ ដែលរួមមាន៖ មុនការប្រឡង គឺវិញ្ញាសាប្រឡង ត្រូវធានាថាមិនត្រូវបែកធ្លាយជាដាច់ខាត ហើយវិញ្ញាសាផ្ទាល់មាត់ មិនគួរឲ្យមាន។ ពិសេស សមាសភាពគណៈកម្មការរៀបចំការប្រឡង ត្រូវយកអ្នកដែលមានមនសិការស្អាតស្អំ ស្រលាញ់យុត្តិធម៌ និងត្រូវធ្វើសម្បថជាមុន។ ហើយក៏ត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ឯករាជ្យមកពីសង្គមស៊ីវិល ឬក៏គណៈមេធាវីអាមេរិក និងអង្គការJICA ជាដើម៕
—————————————–



No way you can change these behavior, this society no rich help poor, poor help poor themselves. They don’t need knowledge people, they need only the poor knowledge.
That is the big reason that bring government never do something good for the own people.
Students have to think deeply on this society.