ក្រុមគ្រូពេទ្យជំនាញខាងសង្គ្រោះបន្ទាន់ជិត ១០នាក់ មកពីសហរដ្ឋអាមេរិក នៅថ្ងៃ១៨ ខែកុម្ភៈ បើកកិច្ចប្រជុំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២១ ខែកុម្ភៈ នៅសណ្ឋាគារភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍ និងមេរៀនសំខាន់ៗដល់វេជ្ជបណ្ឌិតកម្ពុជា ជិត ១០០នាក់ យល់ដឹងឲ្យកាន់តែច្បាស់អំពីតួនាទី និងវិធីសាស្ត្រនានា ក្នុងការសង្គ្រោះបន្ទាន់ចំពោះអ្នកជំងឺនៅកម្ពុជា។
ដោយ សុខ សេរី
2013-02-18
វិទ្យុអាស៊ីសេរី

រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត លោក ហេង តៃគ្រី ថ្លែងក្នុងកិច្ចប្រជុំ នារាជធានីភ្នំពេញ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៣។ RFA/Sok Serey
កិច្ចប្រជុំនេះ បានចូលរួមដោយវេជ្ជបណ្ឌិតជាច្រើននាក់មកពីមន្ទីរពេទ្យរដ្ឋនៅតាមបណ្ដាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ជាដើម។
រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងរាជធានីភ្នំពេញ លោក ហេង តៃគ្រី នៅថ្ងៃទី១៨ ខែកុម្ភៈ បានក្រើនរំលឹកឲ្យវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននានា យកចិត្តទុកដាក់គោរពតាមក្រមសីលធម៌គ្រូពេទ្យ ដើម្បីផ្ដល់ការសង្គ្រោះបន្ទាន់ឲ្យទាន់ពេលវេលា ចំពោះស្ត្រីសម្រាលកូន អ្នករងគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺដទៃទៀតដោយគ្មានការរើសអើងឡើយ។
លោកបានព្រមានថា វេជ្ជបណ្ឌិតនានានឹងប្រឈមមុខនឹងការចាប់ខ្លួនផ្ដន្ទាទោស និងការដកហូតតួនាទីពីការងារជាដើម បើសិនណាមានការខុសឆ្គងមែននោះ។
ការដាស់តឿននេះ គឺក្រោយពីមានសេចក្ដីរាយការណ៍កន្លងមកថា ស្ត្រីលក់លៀសហាលម្នាក់ ឈ្មោះ ជា ចែត អាយុ ២៧ឆ្នាំ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ បានឈឺពោះសម្រាលកូនស្រីនៅលើផ្លូវរថភ្លើង កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ ក្រោយពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកមួយនៅរាជធានីភ្នំពេញ បានបដិសេធមិនទទួលព្យាបាល ហើយបានសុំឲ្យនាងត្រឡប់ទៅផ្ទះសំបែងវិញ។
កាលពីឆ្នាំ២០១២ កន្លងទៅនេះ កុមារាម្នាក់នៅខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារពស់ចឹក ក្រោយពីវេជ្ជបណ្ឌិតបានបដិសេធមិនផ្ដល់ឱសថព្យាបាលចំពោះទៅកុមារនោះ ដោយសំអាងថា ឱសថនេះគឺរក្សាទុកព្យាបាលចំពោះក្រុមយុវជនស្ម័គ្រចិត្តវាស់ដីធ្លីរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហេង តៃគ្រី បានមានប្រសាសន៍ថា ការសង្គ្រោះបន្ទាន់ គឺជាការចាំបាច់ណាស់ ដោយគ្មានការរើសអើងឡើយ៖ «ក្រសួងសុខាភិបាលដាក់ទិសទៅ គឺថា មើលទាំងអស់មានឱសថត្រូវតែប្រើ ប្រយ័ត្នមាត្រាទី៧ (Article 7) ខាងបារាំង ក្នុងក្រមសីលធម៌យើងទី៩ គ្រូពេទ្យត្រូវយកចិត្តទុកដាក់មើលអ្នកជំងឺអស់ចិត្តអស់ថ្លើមតាមលទ្ធភាព ដែលយើងមាន មិនទុកចោលទេ កាលណាអត់មើលគេ គេអាចដកសញ្ញាបត្រ ហើយជាប់គុក ៣ខែ ហើយផាកពិន័យ»។
វេជ្ជបណ្ឌិតជំនាញខាងសង្គ្រោះបន្ទាន់ អ្នកស្រី រ៉េបេកា វ៉កគើរ៍ (Dr. Rebecca Walker) មកពីសកលវិទ្យាល័យ ស្ទេនហ្វដ (Stanford University) បានមានប្រសាសន៍ថា វិធានការសង្គ្រោះបន្ទាន់ចំពោះអ្នកជំងឺដែលជិតស្លាប់នោះ គឺវេជ្ជបណ្ឌិតត្រូវតែសម្រេចចិត្តឲ្យរហ័ស និងចាត់វិធានការ និងសកម្មភាពឲ្យរហ័សដែរ។
វេជ្ជបណ្ឌិតម្នាក់ ឈ្មោះ យុន រ៉ាអ៊ូល មកពីខេត្តបាត់ដំបង បានមានប្រសាសន៍ថា គ្រូពេទ្យមួយចំនួនកំពុងតែខ្វះខាតសម្ភារៈសង្គ្រោះបន្ទាន់ និងជំនាញសង្គ្រោះបន្ទាន់ដែរ៖ «បទពិសោធន៍មុនដំបូង ប្រទេសបារាំង និងប្រទេសដែលមានការអភិវឌ្ឍជឿនលឿនជាដៃគូ បន្ទាប់មកមានខាង ស្ទេនហ្វត អស់នេះឯង ដែលសហការជាមួយ URC បានមកជួយជាបណ្ដើរ។ មុននឹងមកនេះ ខាង URC បានបង្រៀនខាងខេត្តមួយចំនួនដែរ ជាពិសេសនៅមន្ទីរពេទ្យនៅខេត្តបាត់ដំបងយើងខ្ញុំ ក៏បានទទួលការបង្រៀនពីក្រុម URC នេះដែរ ចាំបាច់នៅតាមមន្ទីរពេទ្យ ត្រូវតែមានការសង្គ្រោះបន្ទាន់ហ្នឹងជាគោលដៅមួយដើរមុខសំខាន់»។
ទាក់ទងនឹងកិច្ចការសង្គ្រោះបន្ទាន់នេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅមន្ទីរពេទ្យរដ្ឋ កាល់ម៉ែត នៅរាជធានីភ្នំពេញ បានទទួលអ្នកជំងឺគ្រប់ប្រភេទរវាង ៦០នាក់ ទៅ ១០០នាក់ក្នុងមួយថ្ងៃៗ ដើម្បីសង្គ្រោះបន្ទាន់ និងសង្គ្រោះជីវិត។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចសុំឲ្យគ្រូពេទ្យនានាគោរពក្រមសីលធម៌គ្រូពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដោយគ្មានការរើសអើងថា អ្នកជំងឺជាអ្នកមាន ឬអ្នកក្រីក្រឡើយ។ សំណើនេះ ធ្វើឡើងនៅគ្រាដែលប្រជាពលរដ្ឋនានា បានរិះគន់ថា គ្រូពេទ្យមួយចំនួនប្រកាន់អាកប្បកិរិយារើសអើង និងមើលងាយអ្នកក្រីក្រដែលពុំមានប្រាក់បង់សោហ៊ុយព្យាបាលជំងឺ ឬសម្រាលកូនជាដើម៕
ក្រមសីលធម៌វិជ្ជបណ្ឌិត
ខ្ញុំសូមបរិយាយ ប្រាប់មិត្តជិតឆ្ងាយ មេត្តាសណ្តាប់
បកស្រាយសំនួរ គួរឱ្យឈឺចាប់ នេះគឺរឿងពិត
នៅក្នុងសង្គម ។
ស្តីពីវិជ្ជ បណ្ឌិតច្រើននាក់ តួនាទីធំ
អាងខ្លួនឯងថ្កើង ឡើងមុខងារធំ មានស្រីក្រមុំ
មានប្រុសចំណាស់ ។
ខ្លះទៀតមានប្តី មានកូនពីរបី សម្តីបែបឆ្នាស
បង្រៀនអ្នកក្រោយ ឱ្យធ្វើតាមចាស់ ឮហើយចាំច្បាស់
ងាយបំរាប់តាម ។
នេះហើយពេទ្យខ្មែរ ផ្ដាំតាមសំណេ ស្រែកជេចំណាំ
ចំណាទ្រឹស្ដី ស្រីសូមជេផ្ដាំ បើស្រីចេះចាំ
កុំជេផ្ដេសផ្ដាស ។
ខ្លះបែបចេះដឹង ចេះផ្តល់ដំណឹង ដល់មនុស្សក្មេងចាស់
ចាប់លេខចូលជួរ កុំសួរផ្តេសផ្តាស ដេញដោលរឿងចាស់
ប្រយ័ត្នថ្នាំខ្លាំង ។
ខ្លះសួរមិនស្តី ដឹងរោគថ្មីៗ ចូលចិត្តលាក់បាំង
ជំងឺបែបតូច ដូចអាថ៌កំបាំង ជំងឺឈឺខ្លាំង
រុញចូលបន្ទប់ ។
បន្ទប់បន្ទាន់ សង្គ្រោះទាន់ហន់ ទាំងថ្ងៃទាំងយប់
ជំងឺបងខ្ញុំ មានរោគច្រើនមុខ បង់លុយមិនគ្រប់
ឈប់មើលឈប់នឹក ។
គិតថ្ងៃទៅដល់ បើស្មានហើយយល់ គឺមួយអាទិត្យ
ជំងឺលាងឈាម បៀមជាប់ជីវិត លាងហើយលាងទៀត
ហេតុអ្វីទុកចោល? ។
លាងម្តងពីរយ លាងបីថ្ងៃក្រោយ លាងដោយប្រយោល
លាងថ្ងៃមិនឈប់ លាងយប់ដើរចោល ព្រោះគេមិនយល់
ជីវិតម្តាយយើង ។
លាងយូរៗទៅ ស្លក់ធ្លាក់ខ្លួនឈឺ ទើបរត់ខ្វែងជើង
ប្រកាសរកឈាម សុទ្ធដូចម្ដាយយើង ក្រហមដូចភ្លើង
ឈាមសុទ្ធល្អស្អាត ។
បន្ទប់ពិសេស កន្លែងសំណេះ សំណាលសង្ងាត់
បកស្រាយពន្យល់ តទល់ដោយស្ងាត់ បើចង់ជាបាត់
បង់ប្រាក់មុនសិន ។
គាត់ស្រែកលឺៗ ស្តីដៀលអ្នកឈឺ ឱ្យស្ងាត់ស្ងៀមសិន
បើពន្យាពេល ឯងមុខជាឆ្អិន ប្រកាច់ប្រកិន
ព្រោះបង់យឺតពេល ។
ហេតុតែគ្នាក្រ លើកដៃជុងករ អង្វរសុំពេល
បង្វែរកប្រាក់ បង់ឱ្យទាន់ពេល ដុល្លាមួយរៀល
គិតសែសិបគត់ ។
បង់គ្រប់ចំនួន ថានែ! លោកប្អូន នៅថ្លៃឈ្មោះគត់
ចូលក្នុងបញ្ជី ខុសក្របខ័ណ្ឌរដ្ឋ ប្រាំពាន់ប្រាកដ
លុយរដ្ឋគ្មានលេខ ។
មន្ទីមរណ³ មានលោកវិជ្ជ បណ្ឌិតច្រើនពេក
ព្យាបាលស្រុកខ្មែរ តែគ្មានអ្វីប្លែក បន្ទប់ដំណេក
ធំក្លិនស្ងុយងួង ។
ឃើញគេអ្នកមាន ប្រាក់ពាន់ប្រាក់លាន មិនខ្ចីកត់បុង
ហុចដុល្លាភ្លែត លឿនដូចអ៊ូខុង ក្រែងបានកុម្មុយស្យុង
លើប្រាក់ថ្លៃឈ្នួល ។
ឃើញគេអ្នកក្រ ស្លៀកពាក់មិនល្អ មិនខ្ចីរវល់
មិនងាកអើពើរ ព្រោះគ្មានប្រាក់ឈ្នួល ទុកឱ្យដេកដួល
ទើបសែងឡើងគ្រែ ។
ឃើញរូបស្រីស្អាត ឈ្ងោកស្តាប់ឱវាទ រត់គ្មានទំនេរ
បើរត់ការល្អ ខ្នាញ់ណាស់រឿងស្នេហ៍ មិនខ្លាចកល់ទេ
ស្នេហ៍បោកឯងប្រើ ។
ឃើញរូបប្រុសស្អាត មាយាទល្អហើយឆ្លាត ចេះកោតសរសើរ
សញ្ចឹងក្នុងចិត្ត គិតថាគ្រាន់បើ ញឹកណាស់ទៅមើល
ក្រែងឡូគេស្នេហ៍ ។
ឃើញចាស់អត់សក់ ស្បែកខ្មៅអាក្រក់ ចោទគ្នាថាស្រែ
បើចាស់អ្នកមាន ហៅគាត់ឳម៉ែ បើចាស់អ្នកស្រែ
ហៅតាយាយចាស់ ។
ឃើញគេជិះឡាន ប្រមើលមើលស្មាន ថាបានប្រាក់ច្បាស់
ដល់ពេលគិតប្រាក់ ទើបដឹងថាម្ចាស់ សូម្បីមួយកាក់
ក៏អត់បានដែរ ។
គាត់មកពីឆ្ងាយ ជួនខ្វះប្រាក់ចាយ ចំនាយច្រើនដែរ
បង់ថ្លៃយ៉ាងហ្នឹង មានតែលក់ស្រែ ដីកេរ្តិ៍ពុកម៉ែ
មានតែមួយហត្ថ ។
លក់ដីលក់កោះ លក់ទ្រព្យទាំងអស់ លែងខ្វល់ឈប់គិត
ឱ្យតែធានា រស់មានជីវិត រស់គ្មានសាសព្ទ
ក៏សុខចិត្តដែរ ។