មនុស្ស​ម្នាក់​ទៀត​សង្ស័យ​ថា​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី

គ្រូពេទ្យ​កំពុង​តាម​ដាន​ពិនិត្យ​អាការ​រោគ​អ្នក​ជំងឺ​ម្នាក់ ដែល​សង្ស័យ​ថា ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី នៅ​ខេត្ត​កំពង់ចាម បន្ទាប់​ពី​រូប​គាត់​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម ៥​ថ្ងៃ​មក​ហើយ។

ដោយ វណ្ណ វិចារ
2013-02-18
​វិទ្យុ​អាស៊ីសេរី

បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​គេ​សង្ស័យ​ថា មាន​មេរោគ H5N1 ក្នុង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​១៥ ធ្នូ ២០០៨។

បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​គេ​សង្ស័យ​ថា មាន​មេរោគ H5N1 ក្នុង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​១៥ ធ្នូ ២០០៨។ RFA/Mondul Keo

មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​សប្ដាហ៍​មុន ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ដែល​បាន​បរិភោគ​សាច់​មាន់​ទា​ឈឺ និង​ងាប់ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រុស​មួយ​រូប​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​សង្ស័យ​ថា មាន​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី ឈ្មោះ អេច្ឆហ្វាយអ៊ិនវ័ន (H5N1) នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត សុខ ទូច នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ មាន​ប្រសាសន៍​ថា បុរស​ម្នាក់​ឈ្មោះ ធឿន ឌឿន រស់​នៅ​ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ត្រូវ​បាន​គេ​សង្ស័យ​ថា ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី។

លោក​បន្ត​ថា មន្ត្រី​ជំនាញ​កំពុង​យក​សំណាក ឬ​វត្ថុ​វិភាគ​ជំងឺ​ទៅ​ពិសោធ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​បុរស​នោះ​ពិត​ជា​ឆ្លង​ជំងឺ​នោះ ឬ​យ៉ាង​ណា?

លោក សុខ ទូច បញ្ជាក់​ថា មក​ដល់​ម៉ោង​នេះ ស្ថានភាព​អ្នក​ជំងឺ​ធូរ​ស្រាល​ហើយ៖ «បាទ​ធូរ​ស្រាល​ច្រើន​ហើយ គេ​សង្ស័យ​ទេ មិន​ទាន់​ដឹង​លទ្ធផល​ទេ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍។ បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍​អាទិត្យ​ក្រោយ​នឹង​ដឹង​លទ្ធផល»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​មេសរជ្រៃ លោក ឆាយ ផុន មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​របស់​មេសរជ្រៃ មាន​មាន់​ទា​ឈឺ និង​ងាប់​រាប់​រយ​ក្បាល កាល​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម។ លោក​បន្ត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ និង​ខ្វះ​ការ​យល់​ដឹង អ្នក​ភូមិ​ទាំង​នោះ​ក៏​យក​មាន់​ទា​ដែល​ឈឺ និង​ងាប់​ទៅ​ធ្វើ​ម្ហូប​តែម្តង។ លោក​បន្ត​ថា អ្នក​ជំងឺ​ដែល​សង្ស័យ​ថា ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នោះ បាន​ហូប​ទា​ដែល​ងាប់ ហើយ​ក៏​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។

លោក ឆាយ ផុន បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ក្រុម​មន្ត្រី​មន្ទីរ​កសិកម្ម​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​ឃុំ​កើត​ហេតុ៖ «មាន់​ឈឺ​អ៊ីចឹង​ហ្នឹង ផ្សព្វផ្សាយ​ហ្នឹង​មក​បាញ់​ថ្នាំ ឥឡូវ​គេ​រក​កន្លែង​មាន់​ឈឺ មាន​ងាប់​អី​ហ្នឹង រោម​មាន់​ទា​អី​ហ្នឹង គេ​សម្អាត​ហើយ​ដុត​កម្ទេច​ចោល»

លោក ឆាយ ផុន បន្ត​ថា បើ​តាម​គ្រួសារ​អ្នក​ជំងឺ​ប្រាប់​ថា អ្នក​ជំងឺ​មាន​សភាព​ប្រសើរ​ជាង​មុន​ហើយ។

ទោះ​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលអូរ ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ឲ្យ​ដឹង​ថា ភូមិ​នេះ​ធ្លាប់​មាន​បក្សី​ឈឺ និង​ងាប់​ជា​ហូរហែ ហើយ​ក្រុម​មន្ត្រី​ពេទ្យ​សត្វ​ធ្លាប់​យក​មាន់​ទា​ទាំង​នោះ​ទៅ​ពិនិត្យ ប៉ុន្តែ​មិន​ធ្លាប់​ផ្សព្វផ្សាយ​លទ្ធផល​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ដែរ។ ចំណែក​ឯ​ពលរដ្ឋ​នៅ​ទី​នោះ​វិញ មិន​សូវ​ជឿ​ថា មាន​ជំងឺ​ផ្ដាសាយ​បក្សី​កើត​ឡើង​ទេ ទើប​ពួក​គាត់​នៅ​តែ​ទទួល​ទាន​មាន់​ទា​ឈឺ និង​ងាប់។

ទាក់ទង​នឹង​បញ្ហា​ផ្ដាសាយ​បក្សី​នេះ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ថ្លែង​ក្នុង​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ថា ប្រទេស​កម្ពុជា មិន​ប្រើ​វ៉ាក់សាំង​ការពារ​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​ទេ ចំណែក​នៅ​ប្រទេស​ដទៃ​ទៀត គេ​ប្រើ​វា​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ក្នុង​ចំណោម​បក្សី។ លោក​បន្ត​ថា មុខ​របរ​ជួញដូរ​បក្សី​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន គឺ​មាន​ច្រើន ហើយ​រាំង​ស្ទះ​ដល់​ការ​តាម​ដាន​គុណភាព និង​ប្រភព​ដើម​នៃ​បក្សី។

កត្តា​សំខាន់​បំផុត​ដែល​ជំរុញ​ការ​រាលដាល​នៃ​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី គឺ​ថា​កសិករ​មិន​បាន​ទទួល​ការ​ទូទាត់​សង​ទេ ក្នុង​ករណី​ដែល​បក្សី​របស់​គាត់​មាន​មេរោគ ហើយ​ត្រូវ​យក​ទៅ​សម្លាប់​ចោល។ ដូច្នេះ​វា​សឹង​តែ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ម្ចាស់​បក្សី​រាយការណ៍​ពី​ការ​ឈឺ ឬ​ងាប់​នៃ​បក្សី​របស់​គេ​ដល់​មន្ត្រី​បសុពេទ្យ​ទេ។

លោក វីល្លៀម ថត បញ្ជាក់​ថា រឿង​បែប​នេះ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់​នៅ​កម្ពុជា ដោយ​មាន​ប្រជាជន​ជា​ច្រើន​ពឹង​ផ្អែក​លើ​បក្សី ជា​ពិសេស​មាន់​ជា​អាហារ និង​ជា​ប្រភព​ចំណូល​សំខាន់។

បើ​យោង​តាម​ស្ថិតិ​របស់​អង្គការ​សហប្រជាជាតិ មាន​ករណី​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ចំនួន ៣៥​ករណី ក្នុង​ចំណោម​បក្សាបក្សី​ស្រុក ក្នុង​ចន្លោះ​ពី​ខែ​មករា ឆ្នាំ​២០០៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ  ឆ្នាំ​២០១៣។ ក្នុង​អំឡុង​ពេល​នេះ មាន​ប្រជាជន​កម្ពុជា ចំនួន ២៩​នាក់ បាន​ឆ្លង​មេរោគ​នេះ ហើយ​ក្នុង​ចំណោម​នេះ​មាន ២៥​នាក់​បាន​ស្លាប់។ ក្នុង​ពេល​ថ្មីៗ​បំផុត​នេះ គឺ​ការ​កើត​មាន​ករណី​ចំនួន ៧ នៅ​ក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​ករណី​ចំនួន ៣ ដែល​ត្រូវ​បាន​រាយការណ៍​មក​នៅ​ក្នុង​ឆ្នាំ​២០១២ ទាំង​មូល។ សរុប​លទ្ធផល​ករណី​អ្នក​ជំងឺ​នៅ​កំពង់ចាម នេះ ជា​ករណី​ទី​៨ ហើយ ក្នុង​នោះ​មេរោគ​ផ្ដាសាយ​បក្សី​បាន​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា អស់​ចំនួន ៦​នាក់​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles