05212013Headline:

ពៅ លីដា បដិសេធ​មិន​មាន​ឪពុក​បង្ខំ​ឲ្យ​យក​ប្តី

ភ្នំពេញ : ទន្ទឹម​នឹង​ស្នាម​ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​វិល​ពី​កើប​ប្រាក់​ពី​ការ​សម្តែង​នៅ​អូស្រ្តាលី​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​តារា​សម្តែង​ពៅ លីដា បាន​សម្តែង​អារម្មណ៍​ក្តៅ​ឆេវ​នឹង​ព័ត៌មាន​ដែល​ថា​នាង​ត្រូវ​បាន​ឪពុក​បង្ខំ​ឲ្យ​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

Tuesday, 19 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្ដែង​ ពៅ លីដា​​ នា​ពេល​ចូល​រួម​កម្មវិធី​មុនៗ ។ រូបថត សហ​ការី

តារា​សម្ដែង​ ពៅ លីដា​​ នា​ពេល​ចូល​រួម​កម្មវិធី​មុនៗ ។ រូបថត សហ​ការី

មាន​ពាក្យ​ខ្សឹម​ខ្សៀវ​តៗ​គ្នា​ពី​មួយ​ទៅ​មួយ​ថា ភាព​រីករាយ​របស់​តារា​សម្តែង​ដែល​ទើប​ជោគជ័យ​មក​ពី​នាយ​ប្រទេស​នោះ​ហាក់​ប្រែ​ជា​ស្រពោន​មួយ​រំពេច​ខណៈ​ដែល​នាង​ត្រូវ​ឪពុក​ដែល​ទើប​ជួប​ជុំ​គ្នា​ក្រោយ​នាង​ធំ​ពេញ​វ័យ​នោះ ស្រាប់​តែ​ចង់​បាន​កូន​ប្រសា និង​បង្ខំ​ឲ្យ​នាង​ចូល​រោង​ការ​ឆាប់​ទៀត​ផង​។

នាង​បាន​បញ្ជាក់​ថា៖ «ឪពុក​ខ្ញុំ​គាត់​មិន​ដែល​បង្ខំ​ឲ្យ​កូន​ស្រី​សំណព្វ​ចិត្ត​ខ្ញុំ​នេះ​ចូល​រោង​ការ​ម្តង​ណា​ឡើយ​គឺ​គាត់​យល់​ពី​អារម្មណ៍​កូន​ណាស់​»។

ប្រភព​ដែល​បញ្ចេញ​ពាក្យ​ខ្សឹប​ខ្សៀវ​នោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ខាង​ទូរទស្សន៍​អប្សរា បាន​ទៅ​ថត​កម្មវិធី​មួយ​នៅ​គេហដ្ឋាន​នាង ពៅ លីដា នៅ​ម្ដុំ​ភូមិ​គោក​ឃ្លៀង ជិត​វត្ត​សំរោង​អណ្ដែត។ ខណៈ​ពិធី​ការិនី កំពុង​សម្ភាស​នាង​ក៏​ស្រាប់​តែ​ទូរស័ព្ទ​នាង​រោទ៍​។ រំពេច​នោះ​នាង​ក៏​លើក​និយាយ​ពីរ​បី​ម៉ាត់​រួច​ដាក់​ទូរស័ព្វ​ចុះ​ជាមួយ​ការ​ប្រែ​ប្រួល​ទឹក​មុខ​បែប​ជា​ស្ងួត​ដោយ​នាង​បាន​ប្រាប់​ទៅ​ម្តាយ​នាង​ថា៖ «គឺ​ប៉ា​ទូរស័ព្ទ​មក»។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កម្មវិធី​ទូរទស្សន៍​នោះ​ថត​ចប់​ពៅ លីដា បាន​ធ្លោយ​មាត់​ខ្លួន​ឯង​ថា៖ «ខ្ញុំ​ត្រូវ​ប៉ា បង្ខំ​ឲ្យ​រៀបការ ក្នុង​ពេល​ដែល​ខ្ញុំ​ទើប​នឹង​បាន​ចុះ​ពី​លើ​យន្ត​ហោះ​វិល​មក​ពី​ការ​សម្ដែង​នៅ​អូស្ត្រាលី​ភ្លាម»។

ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​ស្រី​ស្រស់​វ័យ​២៣​ឆ្នាំ​ទទួល​ស្គាល់​ទាំង​ស្រុង​នោះ​ទេ។

នាង​គ្រាន់​តែ​បញ្ជាក់​នូវ​ហេតុ​ផល​ដែល​នាំ​ឲ្យ​ចំហាយ​ព័ត៌មាន​ដ៏​រសើប​នោះ​សាយ​ភាយ ដោយ​បក​ស្រាយ​ថា៖ «​មុន​នេះ​ខ្ញុំ​ពិត​ជា​ត្រូវ​ប៉ា​សួរ​ខ្ញុំ​មែន​ទាក់​ទិន​ទៅ​នឹង​ដំណើរ​ជីវិត​ទៅ​ថ្ងៃ​មុខ។ តែ​សំណួរ​គាត់​សួរ​នោះ​ក្នុង​លក្ខណៈ​ឪពុក​ចង់​សាក​ល្បង​ថា​កូន​ហ្នឹង​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​មាន​គុណ​ស្តី​ពី​ដំណើរ​ខ្លួន​ឯង​ហ្នឹង​យ៉ាង​ណា​តែ​ប៉ុណ្ណឹង​ទេ មិន​មែន​គាត់​បង្ខំ​ឲ្យ​កូន​យក​ប្តី​នោះ​ទេ»។

ប៉ុន្តែ​នាង​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា៖ «នៅ​ថ្ងៃ​ដែល​កម្មវិធី​ទូរទស្សន៍​អប្សរា​ទៅ​សម្ភាស​ខ្ញុំ​ក្នុង​កម្មវិធី​ប្រស្នា​តារា ខ្ញុំ​ពិត​ជា​បាន​និយាយ​បង្ហើរ​លេង​មែន​ថា អម្បាញ់​មិញ​ប៉ា​ខល​មក​ខ្ញុំ​គាត់​និយាយ​ថា​ចង់​ឲ្យ​ខ្ញុំ​ហ្នឹង​យក​ប្តី​ឆាប់ៗ។ តែ​ដឹង​អី​សម្ដី​ដែល​ខ្ញុំ​និយាយ​លេង​នោះ​គេ​យក​ទៅ​ធ្វើ​ជា​ប្រធាន​បទ​ថា ខ្ញុំ​នេះ​ត្រូវ​ប៉ា​បង្ខំ​ឲ្យ​យក​ប្តី​មែន​សោះ​»។

ស្រី​ស្រស់​ដែល​មុន​នេះ​ល្បី​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្តែង​ភ្នែក​តឹង​លោក យូ ឌីស្កូ​នាង ពៅ លីដា បាន​បញ្ជាក់​យ៉ាង​ម៉ាត់ៗ​ថា៖ «ខ្ញុំ​ដឹង​ចិត្ត​ប៉ា​ខ្ញុំ​ច្បាស់​ណាស់​ថា គាត់​មិន​ចេះ​បង្ខំ​កូន​ឲ្យ​យក​ប្តី​នោះ​ទេ។ គាត់​មាន​តែ​ណែ​នាំ​កូន​ចៅ​ឲ្យ​ចេះ​គិត​ពី​អនាគត​ទៅ​ថ្ងៃ​មុន​គិត​អ្វី​ល្អ​ចាំ​ធ្វើ​។ នេះ​ប៉ា​ម៉ាក់​បាន​ត្រឹម​តែ​បង្កើត​កូន​ចិញ្ចឹម​ឲ្យ​ធំ​តែ​ប៉ុណ្ណឹង អ្វីៗ​លើ​វាសនា​ខ្លួន​ឯង​ជា​អ្នក​សម្រេច​»។

បើ​ទោះ​ជា​ស្រី​ស្រស់ ពៅ លីដា បាន​បញ្ជាក់​យ៉ាង​នេះ​ក្តី​តែ​នាង​មិន​បាន​អះអាង​ពី​ការ​សម្រេច​ចិត្ត​ដោយ​ឯក​ឯង​លើ​ផ្លូវ​អនាគត​នោះ​ឡើយ ដោយ​នាង​និយាយ​ថា៖ «​ដ្បិត​ថា ប៉ា​ម៉ាក់​ខ្ញុំ​គាត់​មិន​បាន​បិទ​សិទ្ធិ​ពី​ការ​សម្រេច​ចិត្ត​លើ​អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវ​ជ្រើស​រើស​ទៅ​ថ្ងៃ​មុខ​ក៏​ដោយ​តែ​ខ្ញុំ​មិន​ដែល​មោទនភាព​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​នៅ​តែ​ប្រគល់​ការ​សម្រេច​ចិត្ត​ទៅ​ឲ្យ​អ្នក​មាន​គុណ​ទាំង​ពីរ​ដដែល​ហ្នឹង​ពិសេស​រឿង​គូ​ស្រករ​តែ​ម្តង​។ ខ្ញុំ​ទុក​ឲ្យ​ពួកគាត់​ជា​អ្នក​មើល​ឲ្យ​»។

ប៉ុន្តែ​នាង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «យ៉ាង​ណា​ការ​សម្រេច​យក​ប្តី​តាម​ការ​បង្គាប់​បញ្ជា​តាម​អ្នក​មាន​គុណ​ដែល​ខ្ញុំ​ឲ្យ​ពួកគាត់​ជា​អ្នក​សម្រេច​ឲ្យ​នោះ​ក៏​មិន​មែន​ក្នុង​ពេល​ខ្លី​ឬ​១ឆ្នាំ​២ឆ្នាំ​ទៀត​នោះ​ដែរ យ៉ាង​ហោច​ណាស់​ក៏​៣​ទៅ​៤​ឆ្នាំ​ទៀត​ដែរ។ គឺ​ខ្ញុំ​ចង់​ទុក​ឱកាស​ឲ្យ​ខ្លួន​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​យូរ​បន្តិច​ទៀត​សិន​»៕

What Next?

Recent Articles

One Response to "ពៅ លីដា បដិសេធ​មិន​មាន​ឪពុក​បង្ខំ​ឲ្យ​យក​ប្តី"

  1. Anonymous says:

    ប្តីមិនយកទៅយកអ្វី​​?​ គួរអោយឆ្ងល់មែន