05222013Headline:

ឯកអគ្គរាជទូត​អង់គ្លេស​ស្វែង​យល់​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន

មន្ត្រី​ស្ថានទូត​ប្រទេស​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​នៅ​ខេត្ត​រតនគិរី ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ និង​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។

ដោយ រដ្ឋា វីសាល
2013-02-19
​វិទ្យុ​អាស៊ីសេរី

លោក​ឯកអគ្គរាជទូត​អង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ RFA/Ratha Visal

ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ទាក់​ទិន​ដីធ្លី និង​ដំណោះស្រាយ​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦសាន។

មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី បាន​លើក​យក​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព និង​ផល​ប៉ះពាល់​ស្ដីពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ជម្រាប​ជូន​លោក​ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ។

លោក​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​ផ្សេង​ទៀត មាន​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មាច មៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​តាម​ដង​ទន្លេ បណ្ដាល​មក​ពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​ជាច្រើន​ពី​ប្រទេស​ខ្សែ​ទឹក​ខាង​លើ និង​ជាពិសេស​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង នា​ពេល​ឆាប់ៗ​នេះ។

លោក​បន្ត​ថា បទ​បង្ហាញ​ស្ដីពី​ផល​ប៉ះពាល់​ទាំងអស់​ត្រូវ​បាន​ផ្តល់​ជូន​មន្ត្រី​ស្ថានទូត​ស្វែង​យល់ និង​ជួយ​រក​ដំណោះស្រាយ៖ «ផល​ប៉ះពាល់​ទំនប់​នៅ​វៀតណាម គឺ​មិន​មាន​ដំណោះស្រាយ មិន​មាន​យន្តការ​ណា​បន្ធូរបន្ថយ​ខ្សែ​ទឹក​ខាង​ក្រោម​ទាល់​តែ​សោះ ក្នុង​ប្រទេស​ខ្មែរ​យើង​ហ្នឹង ហើយ​ចំណុច​ទី២ ខ្ញុំ​និយាយ​ពី​ពាក់ព័ន្ធ​ផែនការ​អភិវឌ្ឍន៍​ទំនប់​សេសាន​ក្រោម​២»

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក៏​បាន​លើក​ជូន​មន្ត្រី​ស្ថានទូត​ជ្រាប និង​ជួយ​ស្វែង​រក​ដំណោះស្រាយ​ដូច​គ្នា។

លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ផ្នែក​សំខាន់​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស្វែង​យល់​ការ​ពិត​កំពុង​កើត​មាន​នៅ​មូលដ្ឋាន៖ «ទាំង​អង្គការ​សមាគម​ខ្មែរ​លើ សមាគម​អាដហុក អង្គការ​អាយស៊ីអេសអូ (ICSO) ហើយ​សហគមន៍​រង​គ្រោះ​ផ្ទាល់​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ។ អ្នក​ទាំង​អស់​គ្នា​បាន​សូម​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​ហ្នឹង ជួយ​យ៉ាង​ណា​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​កើត​មក​យូរ​ហើយ និង​ជំរុញ​ល្បឿន​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព»

កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ កន្លង​ទៅ​នេះ រដ្ឋសភា​ជាតិ​បាន​អនុម័ត​ពង្រាង​ច្បាប់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខណៈ​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង បាន​ដាក់​ញត្តិ​សុំ​ឲ្យ​ស្ថាប័ន​នេះ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​នេះ​វិញ។

ឯកអគ្គរាជទូត​អង់គ្លេស លោក ម៉ាក ហ្គូតឌីង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ចាប់​អារម្មណ៍​ពី​បញ្ហា​ប្រឈម​ទាក់​ទិន​បញ្ហា​ដីធ្លី និង​ដំណោះស្រាយ​កន្លង​មក។ លោក​បន្ត​ថា បំណង​របស់​លោក​មក​កាន់​ខេត្ត​រតនគិរី ក៏​ដើម្បី​ស្វែង​យល់​ពី​ឱកាស​ស្ដីពី​ការ​វិនិយោគ បញ្ហា​ទេសចរណ៍ ការ​អភិវឌ្ឍ​ជាដើម។

លោក ម៉ាក ហ្គូតឌីង៖ «ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​គាត់​មក​ខេត្ត​រតនគិរី ហើយ​គាត់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ គាត់​ចង់​ដឹង​ពី​ជីវភាព​ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ខេត្ត​រតនគិរី ព្រោះ​គាត់​បាន​ទៅ​ខេត្ត​ផ្សេងៗ​ដែរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គាត់​ចង់​ដើរ​ឲ្យ​បាន​ជុំវិញ​ប្រទេស​កម្ពុជា។ គាត់​ចង់​ណែនាំ​ខ្លួន​គាត់​ទៅ​ប្រជាជន​កម្ពុជា ផង​ដែរ»

រាជ​រដ្ឋាភិបាល​អង់គ្លេស បាន​ផ្តល់​មូលនិធិ​ជាង ៦​លាន​ដុល្លារ ក្នុង​វិស័យ​ដោះ​មីន​នៅ​កម្ពុជា ក្នុង​នោះ​ថវិកា​មួយ​ផ្នែក​ត្រូវ​បាន​ផ្តល់​សម្រាប់​គម្រោង​ដោះ​មីន​នៅ​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ឯកអគ្គរាជទូត​អង់គ្លេស​ស្វែង​យល់​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន"

  1. BaBaBoo says:

    There is an evidence had reveal itself who behind all these issues, there aren’t look too far from CPP high range official members had own these properties overlap with these peoples along with their business ties. The laws of land ownership will not appear as it said in Constitution, Cambodian citizen had the right, or somehow had been violated by those officers or their relationship tied with high range officers were the robbers Cambodia’s people.

  2. ហាហា says:

    គិតទៅអង់គ្លេសជាប្រទេសឈឺឆ្អាល ចេះជួយប្រទេសទន់ខ្សោយ ហើយប្រទេសណានៅក្រោមអាណា និគមអង់គ្លេសច្រើនតែជឿនលៀន ដូចជា ថៃ ហុងកុង ថោកអីតែបារាំង ប្រទេសណានៅក្រោមអាណា និគមបារាំង គឺយាប់ និងលំបាក ចង់អាណាងាប់អីងាប់ទៅបារាំងធ្វើមិន​ ដឹង ដូចជាខ្មែរ យួន​ ឡាវ គឺបីប្រទេសដឹងយ៉ាប់

  3. Ratha says:

    បើនិយាយឲ្យចំគឺមកពីរដ្ឋាភិបាលរបស់សម្ដេចអស់សមត្ថភាពក្នុងការដោះស្រាយ
    ជាញយៗរដ្ឋាភិបាលមួយនេះតែងតែសំអាងខ្លួនថានឹងជួយដោះស្រាយបញ្ហានានា
    ជូនប្រជាពលរដ្ឋសឹងតែបាន តែមកទល់ពេលនេះជាង ២ ទសវត្សរ៍មកហើយ បញ្ហា
    ទំនាស់ដីធ្លីកាន់តែរាលដាលច្រើនថែមទៀតមួយថ្ងៃទៅមួយថ្ងៃ។