កម្ពុជា-អង់គ្លេស បង្កើត​គម្រោង​វិញ្ញាបនបត្រ​ការពារ​កុមារ​អន្តរជាតិ

ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ សហការ​ជាមួយ​ប៉ូលិស​កម្ពុជា សាលា​អន្តរជាតិ អាយ​ខេន (I Can) រួម​ទាំង​អង្គការ​ពាក់ព័ន្ធ ដើម្បី​ការពារ​កុមារ​កម្ពុជា មិន​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច និង​រំលោភ​សេពសន្ថវៈ ដែល​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​អង់គ្លេស។

ដោយ ខែ សុណង
2013-02-19
វិទ្យុ​អាស៊ីសេរី

ការ​ការពារ​កុមារ​កម្ពុជា ជា​លក្ខណៈ​អន្តរជាតិ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខ្មែរ​នេះ ដោយ​សារ​គេ​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ចំនួន​អ្នក​ទេសចរ និង​អ្នក​ធ្វើ​ការ​នៅ​កម្ពុជា ជា​ជន​ជាតិ​អង់គ្លេស មាន​ការ​កើន​ឡើង។

ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​គោលដៅ​ផ្ដួចផ្ដើម​គំនិត​ថ្មី ក្នុង​ការ​ការពារ​កុមារ​កម្ពុជា ជា​លក្ខណៈ​អន្តរជាតិ កុំ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច និង​ប្រព្រឹត្ត​អំពើ​អនាចារ ដែល​ធ្វើ​ឡើង​ដោយ​ជនជាតិ​អង់គ្លេស ផ្ទាល់។

ស្ថានទូត​អង់គ្លេស បាន​បើក​សម្ពោធ​គម្រោង​សម្រាប់​វិញ្ញាបនបត្រ​ការពារ​កុមារ​អន្តរជាតិ ពី​ការ​បំពាន​ផ្លូវ​ភេទ នៅ​ថ្ងៃ​ទី១៩ កុម្ភៈ ក្នុង​សាលា​អន្តរជាតិ​អង់គ្លេស អាយ​ខេន។ វិញ្ញាបនបត្រ​ការពារ​កុមារ​អន្តរជាតិ គឺ​ជា​លិខិត​បញ្ជាក់​អំពី​ប្រវត្តិ​ទោស ស្រដៀង​នឹង​លិខិត​ថ្កោលទោស​ដែល​ចេញ​ពី​ប្រទេស​អង់គ្លេស សម្រាប់​ជនជាតិ​អង់គ្លេស ដែល​ចង់​មក​បម្រើ​ការងារ ស្ម័គ្រ​ចិត្ត​ធ្វើ​ការ ឬ​មក​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល ឬ​ចុះ​បញ្ជី​វិញ្ញាបនបត្រ​ស្ដីពី​កិច្ច​ការពារ​កុមារ​អន្តរជាតិ​នេះ។

ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​កម្ពុជា លោក ម៉ាក ហ្គូតឌីង (MARK GOODING) មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​អង់គ្លេស ក្នុង​ការ​ការពារ​កុមារ​នៅ​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត ពីព្រោះ​ថា​អ្នក​ទេសចរ​អង់គ្លេស និង​ជនជាតិ​អង់គ្លេស មក​រស់នៅ​កម្ពុជា មាន​ការ​កើន​ឡើង ហើយ​ការ​ធ្វើ​ដូច្នេះ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ លោក​បញ្ជាក់​ថា គំនិត​ផ្ដួចផ្ដើម​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ការ​ការពារ​កុមារ​នេះ វា​មាន​សារៈសំខាន់​ណាស់ គឺ​ជា​វិធានការ​ការពារ​សម្រាប់​អ្នក​គ្រប់​គ្នា​មក​ពី​ប្រទេស​អង់គ្លេស មិន​ឲ្យ​ប្រព្រឹត្ត​ខុស។

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួង​មហាផ្ទៃ លោក សុខ រស្មី បាន​ថ្លែង​ថា តាម​គម្រោង​ចង់​ឲ្យ​រាល់​ជន​ជាតិ​អង់គ្លេស ដែល​ចង់​មក​បម្រើ​ការងារ ឬ​មក​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ចុះ​បញ្ជី​វិញ្ញាបនបត្រ​ស្ដីពី​កិច្ច​ការពារ​កុមារ​អន្តរជាតិ នោះ​វា​ជា​គោលដៅ​មួយ​ល្អ។ លោក​ថា នេះ​ជា​គម្រោង​ថ្មី​ដែល​ខាង​ប៉ូលិស​កម្ពុជា នៅ​ពុំ​ទាន់​ដឹង​ថា តើ​ស្ថានទូត​អង់គ្លេស និង​ប៉ូលិស​កម្ពុជា ត្រូវ​ធ្វើ​កិច្ចការ​រួម​គ្នា​លើ​បញ្ហា​អ្វី​ខ្លះ​នៅ​ឡើយ។

លោក សុខ រស្មី៖ «ទាល់​តែ​មាន​ការ​ស្នើសុំ ឧបមា​ថា​ពី​ស្ថាប័ន​កុមារ​កំព្រា​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា អ៊ីចឹង​ជនជាតិ​អង់គ្លេស ហ្នឹង គេ​ចង់​មក​ធ្វើ​ការ​ជាមួយ​មណ្ឌល​កុមារ​កំព្រា​ហ្នឹង។ លុះត្រា​តែ​មាន​ការ​ស្នើសុំ​ពី​ប្រធាន​មណ្ឌល ប្រធាន​អ៊ីចឹង ដើម្បី​បញ្ជាក់។ ខ្ញុំ​គិត​ថា បើ​វា​មាន​អា​ហ្នឹង វា​ក៏​ជា​ប្រយោជន៍​មួយ​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​កុមារ​កុំ​ឲ្យ​មាន​បញ្ហា​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ឬ​ក៏​អ្នក​ទេសចរ​ស្វែង​រក​ការ​រួម​ភេទ​ជាមួយ​កុមារ។ ប៉ុន្តែ​ខ្លាច​អាច​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ។ បើ​សិន​ជា​អ្នក​គ្រប់​គ្នា​មក​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ទាំង​អស់​គ្នា ជួន​កាល​ត្រូវ​ចំណាយ​ពេល​វេលា ជួន​កាល​ទៅ​បែប​បទ​វា​សាំញ៉ាំ​ស្មុគស្មាញ គេ​មិន​ចង់​មក​វិញ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស បាន​សរសេរ​ថា វិញ្ញាបនបត្រ​ការពារ​កុមារ​អន្តរជាតិ (The initiative is the international Child Protection Certificate) គឺ​ជា​ប៉ូលិស​ថ្មី​មួយ​សម្រាប់​ត្រួត​ពិនិត្យ​ជនជាតិ​អង់គ្លេស ដែល​ធ្វើ​ដំណើរ និង​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​គេ ដែល​ប្រព្រឹត្ត​ខុស​ទាំង​នោះ​ដែល​កំពុង​ធ្វើ​ការ​ជាមួយ​កុមារ។

ចំណែក​មជ្ឈមណ្ឌល​ការពារ​ការ​កេង​ប្រវ័ញ្ច​កុមារ បាន​រក​ឃើញ​ថា សាលា​អន្តរជាតិ​ខ្លះ​ជា​ភ្នាក់ងារ​បរិច្ចាគទាន (សប្បុរសធម៌) និង​ភ្នាក់ងារ​បរទេស​ផ្សេងៗ​ទៀត មិន​បាន​ធ្វើ​ទៅ​តាម​កម្រិត​កំណត់​របស់​ប៉ូលិស និង​ស្ថាប័ន​របស់​អង់គ្លេស ទេ ពេល​ខ្លះ​ពួក​គេ​អាច​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្លូវ​ភេទ តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ដោយ​សារ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​កេង​ប្រវ័ញ្ច​កុមារ។

ក្នុង​រយៈពេល ៩​ខែ ដើម​ឆ្នាំ​២០១២ មាន​ជនជាតិ​អង់គ្លេស មក​កម្ពុជា ជាង ៨​ម៉ឺន​នាក់ ប្រៀបធៀប​ឆ្នាំ​២០១១ កើន​ឡើង​ជាង ៤​ពាន់​នាក់ ក្នុង​នោះ​អ្នក​ទេសចរ​ជាង ៧​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles