គម្រោងកម្មវិធីកម្ចត់មីនរបស់ប្រទេសអង់គ្លេស នឹងចាប់ផ្តើមធ្វើការកម្ចត់មីនមិនទាន់ផ្ទុះ នៅក្នុងខេត្តរតនគិរីនៅក្នុងខែកុម្ភៈនេះ។ យោងតាមការប្រកាសឲ្យដឹងរបស់ លោកអគ្គរាជទូតប្រចាំប្រទេសអង់គ្លេស Mark Gooding នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈនេះ ក្នុងអំឡុងទស្សនកិច្ចនៅខេត្តរតនគិរីនេះ។
Tuesday, 19 February 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ជាផ្នែកមួយនៃ គម្រោងកម្មវិធីកម្ចត់មីនរបស់ប្រទេសអង់គ្លេសដែលកំពុងបន្តនៅកម្ពុជា ក្រុមកម្ចាត់មីន MAG នឹងបញ្ជូនក្រុមកម្ចាត់មីនរបស់ខ្លួនពីរក្រុមទៅកាន់ខេត្តរតនគិរី។
មានប្រសាសន៍ក្នុងពេលកំពុងទស្សនកិច្ច លោកអគ្គរាជទូតបាននិយាយថា «ខ្ញុំមានការសប្បាយរីករាយដែលប្រទេសអង់គ្លេស នឹងចាប់ផ្តើមផ្តល់ជំនួយដល់ការបោសសំអាតមីនមិនទាន់ផ្ទុះ នៅក្នុងខេត្តរតនគិរី។ កម្ពុជាគឺជា ប្រទេសលេខ១ ដែលទទួលបានជំនួយពី គម្រោងកម្មវិធីកម្ចត់មីនរបស់ប្រទេសអង់គ្លេស។»
លោកបន្តថា ការងារកម្ចាត់មីននេះ នឹងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងថែមទាំងផ្តល់ឲ្យសហគមន៍រួចផុតពីភាពក្រីក្រ ដែលពួកគេអាចប្រើប្រាស់ដីដែលលែងមានគ្រាប់មីន។ទាំងនេះនឹងផ្តល់ឲ្យពួកគេក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយចីរភាព និងនាំឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោក Alistair Moir នាយកប្រចាំប្រទេស MAG បានបញ្ជាក់ដែរថា «MAG មានមោទនភាពក្នុងការសង្គ្រោះជីវិត និងកសាងអនាគតនៅភាគឦសានប្រទេសកម្ពុជា និងថ្លែងអំណរគុណចំនួន ជំនួយរបស់ប្រទេសអង់គ្លេស ក្នុងការបន្តគាំទ្រកម្មវិធីនេះ»។
