សំណង់​បណ្តោះ​អាសន្ន​រក​ឃើញ​កើន​ខណៈ​ការ​តវ៉ា​និង​ជម្លោះ​ដី​ធ្លី​កើន​ឡើង

ភ្នំពេញៈ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ថា ​ទីតាំង​សំណង់​បណ្តោះ​អាសន្ន​ក្នុង​រាជធានី​សរុប​មាន​៥១១​ទីតាំង គឺ​កើន​៨​ទីតាំង បើ​ធៀប​នឹង​ឆ្នាំ​២០១១ ក្នុង​នោះ ការ​តវ៉ា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​រួម​ទាំង​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​មាន​ការ​កើន​ឡើង។

Tuesday, 19 February 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

សហគមន៍បឹងកក់ និងសហគមន៍ដែលមានជម្លោះដីធ្លីចេញតវ៉ាកាលពីម្សិលមិញ ។ រូបថតហេង ជីវ័ន

សហគមន៍បឹងកក់ និងសហគមន៍ដែលមានជម្លោះដីធ្លីចេញតវ៉ាកាលពីម្សិលមិញ ។ រូបថតហេង ជីវ័ន

របាយការណ៍​ បូក​សរុប​ការងារ ឆ្នាំ​២០១២ និង​លើក​ទិសដៅ​ឆ្នាំ​២០១៣ របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ម្សិលមិញ​នៅ​សាលា​រាជធានី​បង្ហាញ​ពីការ​អនុវត្ត​សារាចរ​០៣ ស្តី​ពី​ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដី​រដ្ឋ​ដែល​ត្រូវ​ទន្ទ្រាន​ កាន់​កាប់​ដោយ​ខុស​ច្បាប់។

ទីតាំង​បណ្តោះ​អាសន្ន​ដែល​សាលា​រាជធានី​ធ្វើ​ជំរឿន​សរុប​ជាង​៥០០​ទីតាំង ​មាន​២៣.៥៤៦ ខ្នង​ផ្ទះ ( ថយចុះ​១.៩៨៥ ខ្នង​ផ្ទះ ) មាន​ទំហំ​ដី​៣.៦៤៣.៦២០ ម៉ែត្រ​ក្រឡា​ដែល​មាន​ពលរដ្ឋ​ចំនួន​២៥.១៤២​គ្រួសារ​(កើន​៤៧៤​គ្រួសារ) ដែល​មាន​ប្រជាជន​សរុប​១០៥.៧៧១​នាក់ (កើន ១៩.៩៦៤​នាក់)។

របាយការណ៍​ដដែល​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១២ គណៈ​កម្មការ​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យ​បណ្តឹង​វិវាទ​ដីធ្លី ចំនួន ៦ករណី បន្ថែម​លើ​បណ្តឹង​សល់​ពី​ឆ្នាំ​ចាស់​ចំនួន​៦៩​ករណី​ ក្នុង​នោះ​អាជ្ញាធរ​ដោះស្រាយ​រួច​៥​ករណី ច្រាន​ចោល​៨ ករណី ដក​ពាក្យ​២ និង​កំពុង​ដោះស្រាយ ៦០​ករណី។

របាយការណ៍​នេះ មិន​បាន​និយាយ​ពី​ជម្លោះ​ដីធ្លី​នៅ​តំបន់​ណា​នោះ​ទេ មាន​តែ​ករណី​អ្នក​សហគមន៍​បុរី​កីឡា ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ក្នុង​របាយការណ៍ ដោយ​សរសេរ​ថា ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ដែល​មាន​សិទ្ធិ​ទទួល​ផ្ទះ និង​ចូល​ទៅ​រស់នៅ​ក្នុង​អគា​រទាំង​៨ ដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​នោះ មាន​ចំនួន ១.៣៨០ គ្រួសារ​។ ក្នុង​នោះ ប្រជាពលរដ្ឋ​បាន​ចាប់​ឆ្នោត​ឡើង​ទៅ​រស់នៅ​មាន​ចំនួន​១.៣២៨ គ្រួសារ នៅ​សល់​៥២​គ្រួសារ​ទៀត​(គ្រួសារ​នគរបាល​ចំនួន ២៤​គ្រួសារ និង​ប្រជា​ពលរដ្ឋ​ចំនួន​២៨ គ្រួសារ)។

អាជ្ញាធរ ក៏​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​និង​ដី​ជា​លក្ខណៈ ដាច់ៗ​ពី​គ្នា​មាន​ចំនួន ៨៦៤​ប័ណ្ណ គឺ​កើន​ឡើង​១៩៧​ ភាគរយ។

ទោះយ៉ាង​ណា​សាលា​រាជធានី យល់​ថា ការ​អនុវត្ត​នូវ​សារាចរ​០៣ ស្តីពី​ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើដី​រដ្ឋ​ ដែល​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​រាជធានី ទីក្រុង​និង​ទី​ប្រជុំជន «មាន​ភាព​យឺតយ៉ាវ បង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​»។

ទាក់ទិន​នឹង​ការ​ការពារ​សន្តិសុខ សាលា​រាជធានី​បង្ហាញ​ថា មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​កូដកម្ម​ បាតុកម្ម​កើត​មាន​២០៦​លើក​(កើន​៥៤​លើក)​ក្នុង​នោះ​ជា​ការ​តវ៉ា​ទាក់​ទិន «សិទ្ធិ​មនុ​ស្ស​ ច្បាប់​ការងារ និង​បញ្ហា​ទំនាស់​ដីធ្លី»។

ការ តវ៉ា​ទាំង​នោះ គឺ​សាលា​រាជ​ធានី រក​ឃើញ​ថា មាន​ការ​ធ្វើ​ឡើង​ដោយ​គណបក្ស​នយោបាយ​ប្រឆាំង​១៨​លើក (ថយ​ចុះ ១លើក) ធ្វើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​២៣​លើក​(កើន​១៧​លើក​) ធ្វើ​ឡើង​ដោយ​កម្មករ​រោងចក្រ​៧៤​លើក​(កើន​២២​លើក​) និង​ធ្វើ​ឡើង​ដោយ​ពលរដ្ឋ ៩១​លើក​(កើន​១៦​លើក)។

ការ​តវ៉ា​ទាំង​នោះ ដែល​រួម​បញ្ចូល​ទាំង​ការ​តវ៉ា​ដីធ្លី​នេះ ត្រូវ​បាន​សាលា​រាជធានី​ឲ្យ​ដឹង​ថា គេ​បាន​«ដោះស្រាយ សម្រប​សម្រួល​ និង​បញ្ចប់​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​វិញ»។

ទោះ​ជា​មាន​ការ បង្ហាញ​ថា​អាជ្ញាធរ​ព្យាយាម​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ តំណាង​ពលរដ្ឋ​ម្នាក់​និយាយ​ថា ការ​តវ៉ា​រឿង​ដីធ្លី​របស់​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ម្តងៗ​ នៅ​រាជធានី ត្រូវ​បាន​រង​ការ​គំរាម​កំហែង​ពី​កម្លាំង​មាន​សមត្ថកិច្ច​ ដោយ​បាន​ប្រើ​ហិង្សា​និង​គំរាម​ចាប់​ឃុំ​ជាដើម។

អ្នក​ស្រី ច្រាយ​ នីម អាយុ​៣៤​ឆ្នាំ ជា​តំណាង​ពលរដ្ឋ​សហគមន៍​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជា​តំបន់​ដែល​អាជ្ញាធរ​បាន​ប្រកាស​ថា ​នឹង​ត្រូវ​រុះរើ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ដោយ​មិន​មាន​សំណង​ឬ​សំណង​តិច​តួច ដើម្បី​យក​ដី​ធ្វើ​ការ​ពង្រីក​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នោះ​ ថ្លែង​ថា ពលរដ្ឋ​មក​រស់​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ដែល​មាន​អ្នក​ខ្លះ​បាន​ទិញ បន្ត​ពី​គេ​ក្នុង​ឆ្នាំ​ក្រោយៗ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ​ជាដើម។ ប៉ុន្តែ​នៅ​ពេល​រដ្ឋ​ចង់​ពង្រីក​ព្រលាន​យន្ត​ហោះ ​រដ្ឋ​ក៏​ផ្តល់​ដំណឹង​ឲ្យ​ចាក​ចេញ​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ដែរ​។

អ្នក ស្រី​ថ្លែង​ថា ៖ «​ខ្ញុំ​ឆ្ងល់ ពេល​ពលរដ្ឋ​រស់នៅ​តាំងពី​យូរ និង​លក់​បន្ត​គ្នា ម៉េច​ក៏​អាជ្ញាធរ​ស៊ីញ៉េ​ឲ្យ? តែ​ពេល​ចង់​បាន​ដី​នៅ​តំបន់​យើង គេ​ថា​យើង​រស់នៅ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​។ នេះ​យើង​គ្រាន់​តែ​តវ៉ា​ទាមទារ​នូវ​សិទិ្ធ​រស់​នៅ​សមរម្យ​ ហើយ​ឲ្យ​អាជ្ញាធរ​ពិគ្រោះ​ជាមួយ​ពលរដ្ឋ​ពីសំណង​សមរម្យ​សិន​ មុន​នឹង​បណ្តេញ​ចេញ»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលារាជ​ធានី​ភ្នំពេញ ថ្លែង​ថា​លោក​រវល់​ប្រជុំ មិន​អាច​ផ្តល់​ការ​អធិប្បាយ​បាន​ទេ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ។

លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស អង្គការ​សិទ្ធិមនុស្ស​លីកាដូ ថ្លែង​ថា​ លោក​ឆ្ងល់​ចំពោះ​កំណើន​សំណង់​បណ្តោះ​អាសន្ន​ដែល​អាជ្ញាធរ​ធ្វើ​ជំរឿន​បាន ព្រោះ​សារាចរ​ ០៣ ស្តី​ពី​ការ​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដី​រដ្ឋ ដែល​ទើប​ចេញ​ ២​ឆ្នាំ​កន្លង​មក​នេះ មាន​ន័យ​ថា បើ​អាជ្ញាធរ​រក​ឃើញ​ថា​ បាន​រស់នៅ​លើ​ដីរដ្ឋ​ នោះ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​រស់​នៅ​ទេ។ ប៉ុន្តែ​ លោក​ថា ការ​រក​ឃើញ​នោះ អាច​ជា​ទីតាំង​យូរ​មក​ហើយ ដែល​ពលរដ្ឋ​បាន​ចូល​កាន់កាប់ តែ​ពួកគេ​ប្រឈម​នឹង​ការ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ ដែល​ជា​ភាព​រងគ្រោះ​របស់​ពលរដ្ឋ។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា៖ «​នេះ​ជា​ការ​ព្រួយបារម្ភ​របស់​លីកាដូ​យើង បើ​សិន​អាជ្ញាធរ​ចាត់​ទុក​ពួក​គាត់​ថា ​រស់​នៅ​បណ្តោះ​អាសន្ន​ នោះ​វា​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​រង​ការ​បណ្តេញ​ចេញ​នៅ​ថ្ងៃ​ណាមួយ​ ព្រោះ​ពួក​គាត់​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ ដែលធ្វើ​ឲ្យ​អាជ្ញាធរ​ទាញ​គេ​ចូល​ក្នុង​ករណី​​ផ្អែក​ទៅ​លើ​សារាចរ ០៣ នេះ»៕

What Next?

Recent Articles

One Response to "សំណង់​បណ្តោះ​អាសន្ន​រក​ឃើញ​កើន​ខណៈ​ការ​តវ៉ា​និង​ជម្លោះ​ដី​ធ្លី​កើន​ឡើង"

  1. BaBaBoo says:

    Cambodia’s land ownership is a new WAR against Cambodian people, and there are repeat occurring everyday. The foreigner business owner had played important role in bribe corrupted officers to have their dirty hand deal in this poorest country. A new leader must replace…to help Cambodia from another conflict to civil WAR.