សកលវិទ្យាល័យច្បាប់នៅសហរដ្ឋអាមេរិក ឈ្មោះ ស្ទេនហ្វដ (Stanford) បានចេញរបាយការណ៍រិះគន់អង្គការអន្តរជាតិខាងការងារ ហៅថា អាយឡូ (ILO) ថាមិនបានគិតគូរដល់ប្រយោជន៍កម្មករកម្ពុជាទេ ក្នុងរយៈពេលការងារទទួលខុសត្រូវរបស់ខ្លួនជាង ១០ឆ្នាំមកនេះ។
ដោយ វោហារ ជាតិ
2013-02-21
វិទ្យុអាស៊ីសេរី

កម្មការិនីឈរទិញអាហារថ្ងៃត្រង់សម្រាប់ទទួលទាន នៅមុខរោងចក្រ សេន ចូវ (SHEN ZHOU) នាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១។ RFA/Khe Sonorng
«ការឃ្លាំមើលក្នុងទីងងឹត» គឺជាចំណងជើងរបាយការណ៍លំអិតមួយនៃសកលវិទ្យាល័យច្បាប់នាំមុខគេមួយឈ្មោះ ស្ទេនហ្វដ ចេញផ្សាយថ្ងៃទី១៨ កុម្ភៈ នេះ រ៉ាយរ៉ាប់អំពីការរំលោភសិទ្ធិកម្មករខ្មែរដែលត្រូវគេរំលោភសិទ្ធិសេរីភាពអស់ជាង ១០ឆ្នាំមកហើយ ដោយមិនមានអ្នកណាម្នាក់អើពើ។
របាយការណ៍នេះ បានរិះគន់ចំៗ ចំពោះអង្គការអន្តរជាតិខាងការងារ អំពីដំណើរការត្រួតពិនិត្យរបស់ខ្លួនលើកម្មវិធីផ្ដួចផ្ដើមមួយដើម្បីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពកម្មករឈ្មោះថា «គម្រោងរោងចក្រកាត់ដេរប្រសើរនៅកម្ពុជា» ដែលកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០១ មក ហើយមិនបានជោគជ័យ។
ក្នុងនោះ របាយការណ៍បានលើកឡើងអំពីការប្រឈមយ៉ាងខ្លាំងរបស់កម្មករចំពោះលក្ខខ័ណ្ឌការងារយ៉ាងលំបាក ដូចការបង្ខំឲ្យធ្វើការថែមម៉ោង ថៅកែបង្ខំឲ្យកម្មករចុះកិច្ចសន្យារយៈពេលខ្លីដើម្បីកេងចំណេញ ប្រាក់រង្វាន់ ឬប្រាក់អតីតការងារជាដើម ហើយអង្គការពលកម្មអន្តរជាតិ មិនបានធ្វើការនេះឲ្យមានតម្លាភាព និងឲ្យបានប្រសើរឡើង ដោយសរសេរដូច្នេះថា៖ បើទោះបីគម្រោងរោងចក្រកាត់ដេរប្រសើរនៅកម្ពុជា បានត្រួតពិនិត្យរោងចក្រកាត់ដេរកម្ពុជា អស់ជាងមួយទសវត្សយ៉ាងណាក្ដី ក៏កម្មករកាត់ដេរកម្ពុជា នៅតែប្រឈមនឹងលក្ខខ័ណ្ឌការងារដ៏លំបាកដដែល។ ថ្លៃឈ្នួលជាក់លាក់របស់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់កម្ពុជា ទាំងអស់បានធ្លាក់ចុះយ៉ាងខ្លាំងរយៈពេល ១០ឆ្នាំកន្លងមកនេះ ខណៈថ្លៃឈ្នួលកម្មករកាត់ដេរសំលៀកបំពាក់នៃប្រទេសនាំចេញមួយចំនួនទៀតក្នុងតំបន់ ត្រូវបានដំឡើងថ្លៃ ដូចជាប្រទេសចិន ឥណ្ឌូនេស៊ី និងវៀតណាម។
ក្រៅពីនេះ របាយការណ៍សរសេរដោយ គ្លីនិកដោះស្រាយវិវាទ និងសិទ្ធិមនុស្សអន្តរជាតិ របស់សកលវិទ្យាល័យច្បាប់ដដែលនេះ បានលើកផ្នែកផ្សេងៗទៀត ទាក់ទងភាពអវិជ្ជមានផ្សេងដែលអាយឡូ មិនបានបំពេញតួនាទីរបស់ខ្លួន ដូចជាកិច្ចប្រតិបត្តិការការងាររបស់អាយឡូ មិនបានជួយជំរុញដោះស្រាយពាក្យបណ្ដឹងរបស់កម្មករដែលទាមទារ មានលក្ខខ័ណ្ឌការងារប្រសើរ និងបញ្ហាដទៃទៀត ដូចការទាមទារដំឡើងប្រាក់ខែគោលជាដើម តែបែរជាគិតប្រយោជន៍ថៅកែរោងចក្រ និងអ្នកបញ្ជាទិញច្រើនជាងគិតប្រយោជន៍កម្មករ។
លោកសាស្ត្រាចារ្យ ស្តិហ្វាន សូនើប៊ើហ្គ (Stephan Sonnerberg) នៅគ្លីនិកដោះស្រាយវិវាទ និងសិទ្ធិមនុស្សអន្តរជាតិនៃសកលវិទ្យាល័យច្បាប់ ស្ទេនហ្វដ ត្រូវបានស្រង់សំដីក្នុងរបាយការណ៍នោះថា ការទាមទាររបស់កម្មករជាង ១០ឆ្នាំនេះ គឺបានលទ្ធផលតិចបំផុត ដែលធ្វើឲ្យពួកគេនៅតែនាំគ្នាទាមទារយ៉ាងទទូចម្ដងហើយម្ដងទៀត ហើយការទាមទាររបស់ពួកគេមិនមានអ្នកណាអើពើចេញមុខដោះស្រាយទេ៖ «បញ្ហានៃតម្លាភាពគឺបានកើតឡើងដដែលជាដដែល ដែលលើកឡើងដោយសហជីព និងកម្មករ និងអ្នកបញ្ជាទិញ»។
របាយការណ៍នេះបានបង្ហាញពីរបាយការណ៍ផ្សេងៗទៀតស្ដីពីដំណើរការរោងចក្រកាត់ដេរនៅកម្ពុជា ដែលភាគច្រើនរ៉ាយរ៉ាប់ភាពអវិជ្ជមានរបស់កម្មករ ហើយបានផ្ដល់អនុសាសន៍ សុំឲ្យមានការជំរុញឲ្យក្រុមហ៊ុនបរទេសដែលបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជា ដូចជាក្រុមហ៊ុន ម៉ល វ៉ាត (Walt-Mart ហ្គាប (Gap) លីវ៉ៃ (Levi’s) អេច្ឆ អែន អិម (H&M) ពួម៉ា (Puma) និងក្រុមហ៊ុន ណៃក៍ (Nike) ដាក់សម្ពាធលើថៅកែរោងចក្រ និងជំរុញឲ្យអាយឡូ កែប្រែប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងការងាររបស់ខ្លួនលើគម្រោងរោងចក្រប្រសើរកម្ពុជា ដើម្បីឲ្យមានការផ្លាស់ប្ដូរមួយ ដើម្បីការពារប្រយោជន៍កម្មករឲ្យមានប្រសិទ្ធភាព។
ទាក់ទងការរិះគន់នេះ លោក អ៊ុំ វិសាល មន្ត្រីតំណាងសហជីពឈ្មោះថា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា របាយការណ៍នេះបានឆ្លុះបញ្ចាំងការពិតពីការងាររបស់អង្គការអាយឡូ លើគម្រោងរោងចក្រកាត់ដេរប្រសើរនៅកម្ពុជា ថាមិនមានតម្លាភាព រួមទាំងធ្វើរបាយការណ៍ត្រួតពិនិត្យលក្ខខណ្ឌការងាររបស់រោងចក្រនីមួយៗ ក្រុមការងារ អាយឡូ មិនបានរាយការណ៍ជាសាធារណៈដូចរបាយការណ៍នោះសរសេរមែន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោកស្រី ជិល ថាក់ឃើ (Jill Tucker) នាយកទីប្រឹក្សាបច្ចេកទេសគម្រោងរោងចក្រប្រសើរកម្ពុជា ចំណែកមន្ត្រីខ្មែរធ្វើការនៅអង្គការអាយឡូ បដិសេធមិនឆ្លើយតប។ ក៏ប៉ុន្តែលោកស្រី ជិល ថាក់ឃើ បានប្រាប់កាសែតក្នុងស្រុកថា លោកស្រីទទួលស្គាល់ការរិះគន់នេះ ហើយនិងប្រឹងធ្វើការកែប្រែចំណុចអវិជ្ជមាននេះ។ តែទោះយ៉ាងណាលោកស្រីអះអាងថា មិនមែនតែ អាយឡូ មួយទេ ដែលធ្វើការលើរឿងនេះ គឺមានដៃគូផ្សេងទៀតដែលត្រូវធ្វើការព្រមគ្នាដែរ។
កម្ពុជាសព្វថ្ងៃមានរោងចក្រកាត់ដេរជាង ៣០០ មានកម្មករជាង ៤សែននាក់ ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់។ ផលិតផលសំលៀកបំពាក់ខាងវិស័យកាត់ដេរភាគច្រើននាំចេញទៅលក់នៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ហើយបាននាំប្រាក់ចំណូលក្នុងអត្រា ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ស្មើប្រហែល ៨៥ភាគរយ នៃអត្រានាំចេញសរុបនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចក្នុងស្រុកអះអាងថា ប្រាក់ចំណូលនេះបានចំណេញពីប្រទេសកម្ពុជាវិញ ដោយសារតែថៅកែរោងចក្រភាគច្រើនជាជនបរទេស។ ចំណែកកម្ពុជា បានទទួលប្រាក់ចំណេញរាយរង ដូចជាថ្លៃជួលរោងចក្រ ថ្លៃជួលដី ថ្លៃឈ្នួលកម្មករដែលមានកម្រិតទាប គឺប្រាក់ខែគោលត្រឹម ៦១ដុល្លារក្នុងមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
———————————
ខុសហើយ ថៅកែនូវបង់ថ្លៃអោយបុគ្គលមានអំណាចទៀត
Yes you are right, the company also pay salary for the high ranking official or power politician, because they have very low salary. Government not pay enough for them.
I agree with report of American University.
Common ILO in Cambodia,