កម្មកររោងចក្រឃីងឡែន (Kingsland Garment Cambodia) ជាង ១០០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ បានប្រមូលផ្តុំគ្នានៅទ្វារចូលខាងត្បូងនៃអគារភ្នំពេញថៅវើ (Phnom Penh Tower)។
ដោយ សុ ជីវី
2013-02-21
វិទ្យុអាស៊ីសេរី

កម្មកររោងចក្រឃីងឡែន (Kingsland Garment Cambodia) តវ៉ានៅទ្វារចូលខាងត្បូងនៃអគារភ្នំពេញថៅវើ (Phnom Penh Tower) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។ RFA/Sochivy
ពួកគេទាមទារអោយស្ថានទូតស៊ុយអែត (Sweden) និងតំណាងក្រុមហ៊ុនបញ្ជាទិញអេចអែនអិម (H&M) ដែលជាក្រុមហ៊ុនដ៏ធំរបស់ស៊ុយអែត ឆ្លើយតបនឹងការដាក់ញត្តិអន្តរាគមន៍កន្លងទៅ ឲ្យជួយទូទាត់សំណងករណីថៅកែរោងចក្ររត់ចោលរោងចក្រ ដោយមិនបានផ្ដល់សំណងដល់ពួកគេ។
ក្រុមកម្មកររោងចក្រឃីងឡែន ប្រមូលផ្ដុំគ្នាតវ៉ាដោយជំរុញអោយតំណាងស្ថានទូតស៊ុយអែត និងតំណាងក្រុមហ៊ុនអេចអែនអិម ផ្ដល់ដំណោះស្រាយធ្វើយ៉ាងណាអោយពួកគេទទួលបានសំណងស្របតាមច្បាប់ បន្ទាប់ពីថៅកែបិទទ្វាររោងចក្រដោយពុំបានផ្ដល់ដំណឹង ឬទូទាត់ប្រាក់សម្រាប់ពួកគេ។
តំណាងកម្មករ កញ្ញា ថី ផល្លា មានប្រសាសន៍ថា ក្រុមកម្មករដែលមានចំនួនសរុបជិត ២០០នាក់ បានដាក់ពាក្យបណ្ដឹងទៅស្ថានទូតស៊ុយអែត និងក្រុមហ៊ុនអេចអែនអិម ដែលមានទីតាំងនៅក្នុងអគារភ្នំពេញថៅវើ កាលពីថ្ងៃទី៧ ខែកុម្ភៈ។ កញ្ញា ផល្លា បន្តថា មកដល់ពេលនេះក៏នៅតែពុំទាន់មានដំណោះស្រាយណាមួយត្រូវផ្ដល់អោយពួកគេនៅឡើយ ហើយក្រុមកម្មករបានខកចិត្តនៅពេលក្រុមហ៊ុនអេចអែនអិម បានប្រកាសថា មិនជាប់ពាក់ព័ន្ធនឹងការបិទទ្វាររោងចក្រឃីងឡែន។
ក្រុមហ៊ុនបញ្ជាទិញខោទ្រនាប់ម៉ាកអេចអែនអិម ដែលដេរដោយកម្មករនៅក្នុងរោងចក្រឃីងឡែន បានចេញសេចក្ដីថ្លែងការណ៍តាមបណ្ដាញព័ត៌មានសង្គមហ្វែសប៊ុក (FaceBook) ថា ក្រុមហ៊ុននេះសោកស្ដាយចំពោះបញ្ហាដែលបានចោទឡើងចំពោះកម្មករនៅរោងចក្រឃីងឡែន ប៉ុន្តែក្រុមហ៊ុនអេចអែនអិម ពុំមានទំនាក់ទំនងអ្វីនឹងរោងចក្រនេះទៀតឡើយ។ ក្រុមហ៊ុនអេចអែនអិម បានបញ្ជាក់ថា ខ្លួនបានបញ្ចប់កិច្ចសន្យាបញ្ជាទិញសម្លៀកបំពាក់ពីរោងចក្រឃីងឡែន តាំងពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ហេតុនេះក្រុមហ៊ុនអេចអែនអិម ពុំមានកាតព្វកិច្ចទទួលខុសត្រូវលើកម្មករឃីងឡែន ទៀតឡើយ។
តំណាងក្រុមហ៊ុនអេចអែនអិម ប្រចាំនៅកម្ពុជា ដែលបានចេញមកជួបក្រុមកម្មករតវ៉ា អះអាងថានឹងមានកិច្ចប្រជុំមួយរវាងអាជ្ញាធរពាក់ព័ន្ធ នៅដើមខែមីនា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់កម្មករ ហើយតំណាងក្រុមហ៊ុនអេចអែនអិម និងចូលរួមជាអ្នកសង្កេតការណ៍។
ចំណែកតំណាងស្ថានទូតប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា លោក ខាឡានដឺហ្ស ឡាហ្សុន្រ (Karl-Anders Larsson) នៅពុំទាន់ឆ្លើយតបយ៉ាងណាចំពោះសំណើរបស់កម្មករនៅឡើយ ប៉ុន្តែបានសន្យាថានឹងផ្ដល់ចម្លើយនៅពេលក្រោយ។
យ៉ាងនេះក្ដី ក្រុមកម្មករបញ្ជាក់ថា ពួកគេនឹងមិនបោះបង់ការទាមទារនេះឡើយ គឺនៅតែទាមទាររហូតដល់មានដំណោះស្រាយ។
កម្មកររោងចក្រឃីងឡែន ទាំងជិត ២០០នាក់ បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារដោយមិនជូនដំណឹងជាមុនដល់កម្មករ និងមិនបើកប្រាក់ឈ្នួលឲ្យពួកគេ។ ពួកគេទាមទារអោយថៅកែក្រុមហ៊ុននេះ ចេញមុខដោះស្រាយទូទាត់សំណងដល់ពួកគេ ក្នុងនោះកម្មករម្នាក់ៗអាចទទួលបានសំណងពី ១ពាន់ ទៅ ២ពាន់ដុល្លារ។
ក្រៅពីទាមទារសុំអន្តរាគមន៍ពីក្រុមហ៊ុនអេចអែនអិម និងស្ថានទូតស៊ុយអែត ក្រុមកម្មករក៏ធ្លាប់បានទាមទារអោយក្រុមហ៊ុនវលម៉ាត (Wal-Mart) គឺជាក្រុមហ៊ុនបញ្ជាទិញដ៏ធំរបស់សហរដ្ឋអាមេរិក អោយផ្ដល់ដំណោះស្រាយដល់ពួកគេដែរ ប៉ុន្តែនៅតែពុំទាន់ទទួលបានលទ្ធផល។
ក្រុមកម្មករ អះអាងថា តំណាងក្រុមការងារដោះស្រាយវិវាទការងារ នៅពេលរោងចក្របិទទ្វារ បានជំរុញអោយក្រុមកម្មករទទួលយកដំណោះស្រាយដោយការលក់សម្ភារៈទាំងឡាយដែលនៅសេសសល់ក្នុងរោងចក្រ ប៉ុន្តែត្រូវពួកគេបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
——————————–