ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​៣​ពង្រឹង​យន្តការ​គ្រប់គ្រង​ថវិកា​ជាតិ

ដោយ សុខ សេរី
2013-03-04
RFI

មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) នៅ​ថ្ងៃ​ទី​៤ ខែ​មីនា បាន​ក្រើនរំលឹក​ដល់​សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ ឲ្យ​ពង្រឹង​យន្តការ​គ្រប់គ្រង​លើ​ការ​ចំណាយ​ថវិកា​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា រាល់​ការ​ចំណាយ​នានា​នៃ​ថវិកា​ជាតិ គឺ​ចំណាយ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព។

កិច្ច​ប្រជុំ​លើក​ទី​៤ ស្ដីពី​តួនាទី​របស់​សភា​ជាតិ​ក្នុង​ការ​រៀបចំ​ថវិកា​ជាតិ និង​ត្រួត​ពិនិត្យ​លើ​ការ​ចំណាយ​ថវិកា​ជាតិ​តាម​រយៈ​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៤ មីនា ឆ្នាំ​២០១៣។ RFA/Sok Serey

កិច្ច​ប្រជុំ​លើក​ទី​៤ ស្ដីពី​តួនាទី​របស់​សភា​ជាតិ​ក្នុង​ការ​រៀបចំ​ថវិកា​ជាតិ និង​ត្រួត​ពិនិត្យ​លើ​ការ​ចំណាយ​ថវិកា​ជាតិ​តាម​រយៈ​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៤ មីនា ឆ្នាំ​២០១៣។
RFA/Sok Serey

មន្ត្រី​ចាត់​ចែង​របស់​ធនាគារ​ពិភពលោក​នៅ​ប្រទេស​កម្ពុជា (World Bank’s Country Manager in Cambodia) លោក អាឡាសាន សូ (Alassane Sow) បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​យន្តការ និង​តម្លាភាព​លើ​ការ​ចំណាយ​ថវិកា​ជាតិ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​ចាំបាច់​ណាស់​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព។ ការ​ធ្វើ​ដូច្នេះ​គឺ​ជៀសវាង​អំពើ​ពុករលួយ​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ។

ការ​ដាស់​តឿន​នេះ នៅ​គ្រា​ដែល​សភា​ជាតិ​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​រួម​គ្នា​មួយ​លើក​ទី​៤ ស្ដីពី​តួនាទី​របស់​សភា​ជាតិ​ក្នុង​ការ​រៀបចំ​ថវិកា​ជាតិ និង​ត្រួត​ពិនិត្យ​លើ​ការ​ចំណាយ​ថវិកា​ជាតិ​តាម​រយៈ​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ។

កិច្ច​ប្រជុំ​នេះ បាន​ចូល​រួម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណៈកម្មាធិការ​ស្ដីពី​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៃ​សភា​ជាតិ​កម្ពុជា សភា​ជាតិ​វៀតណាម និង​សភា​ជាតិ​ឡាវ ដែល​ជា​ប្រទេស​ក្នុង​សហព័ន្ធ​នៅ​ឥណ្ឌូចិន។

ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​បី​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត ព្រម​ទាំង​ការ​កែ​ទម្រង់​សំខាន់ៗ​កន្លង​មក ស្រប​តាម​ស្ថានភាព​នៃ​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ​នោះ៖ «ជាក់ស្ដែង​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​អភិបាលកិច្ច​ល្អ​​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ទាំង​ដំណាក់កាល​ទី​១ និង​ទី​២ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ៥​ឆ្នាំ ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០១៨ ដោយ​ផ្ដោត​លើ​ការ​កែ​ទម្រង់​នៃ​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​ចាប់​ពី​ឆ្នាំ​២០០១។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​នេះ ជា​បណ្តើរៗ​ឈាន​ទៅ​រក​ស្តង់ដារ​អន្តរជាតិ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​មាន​រយៈ​ពេល​វែង»។

ទាក់​ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​ចំណាយ​ថវិកា​ជាតិ​កន្លង​មក មិន​ត្រូវ​បាន​គេ​លាត​ត្រដាង​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ដឹង​ទេ​រហូត​ដល់​មូលដ្ឋាន។ លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អំពើ​ពុករលួយ ដោយសារ​ខ្វះ​តម្លាភាព។

លោក សុន ឆ័យ៖ «បញ្ជាក់​អំពី​អ្នក​ឯកទេស​អន្តរជាតិ និង​អ្នក​ស្រាវជ្រាវ​ក្នុង​ស្រុក រួម​ទាំង​ការ​ប្រកាស​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន ៦​ឆ្នាំ​មុន ហើយ​ថា មាន​ការ​លួច​បំបាត់ ពុក​រលួយ​យ៉ាង​តិច​ណាស់ ៥០០​លាន​ដុល្លារ​អាមេរិក​កាល​ពី ៦​ឆ្នាំ​មុន។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​ថា ការ​បំបាត់​លុយ​ជាតិ​ហ្នឹង​យ៉ាង​តិច​ណាស់ ១.០០០​លាន​ដុល្លារ​អាមេរិក។ ការ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ចាំ​បាច់​មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ពីព្រោះ​អ្នក​ធំៗ​ដែល​មាន​អំណាច គឺ​ជា​អ្នក​លួច​លុយ​ជាតិ​ច្រើន​ណាស់»។

សភា​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ថវិកា​ជាតិ​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៣ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​បាន​ជំទាស់ និង​រិះគន់​ថា រដ្ឋាភិបាល​ខ្ចី​លុយ​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចំណាយ​នានា​នៅ​ឆ្នាំ​២០ ១៣។

ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​៤ ខែ​មីនា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ជា​មធ្យម​ចំនួន ៧%។ កម្ពុជា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ចំនួន ២០% នៅ​ឆ្នាំ​២០១២ មក​ចំនួន ១៩% នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​៣​ពង្រឹង​យន្តការ​គ្រប់គ្រង​ថវិកា​ជាតិ"

  1. Khmer says:

    That’s right! corruption is the main virus of the country.

    One party can not control all that why one class can not study only one student.
    More brains are better than one brain if some one get the mistake we should correct, but don’t keep silent, if we stay keep silent he/she will continue to make the mistake again.

  2. ឱលោកធំខ្មែរ says:

    បើអ្នកធំៗមានអំណាចលួចជាតិពុករលួយយ៉ាងនេះតើប្រទេសខ្មែរធ្វើមិចរីកចំរើនដូចប្រទេសគេកើតទៅ រដ្ឋក្រដោយសារពួកលួចជាតិទាំងនេះ ហើយមានតែពួកបុគ្គលពុករលួយ​ ប្រជាពលរដ្ឋក្រីក្រតោកយ៉ាក ល្មមភ្ញាក់រលឹកហើយគិតគូជាតិជាធំបើនៅតែបន្ត ស្រលាញ់អំណាច
    មិនខ្វាយខ្វល់ពីអនាគត់ប្រទេសជាតិទេនោះប្រទេសខ្មែរនឹងធ្លាក់អន្តរាយហើយ ។

  3. ឱលោកធំខ្មែរ says:

    រាល់ថ្ងៃគឺពួកអ្នកធំមានអំណាចក្រោមឱវ៉ាទរបស់សម្តេច ហ៊ុន សែន​នេះហើយដែល​ធ្វើអោយកេរិ៍ឈ្មោះរបស់សម្តេចកាន់តែអាប់អោនទៅៗ​ បើមិនមានវិធានការទប់ស្កាតទេ
    ខ្ញុំទទួលស្គាល់ថាមានរូបភាពពួករលួយកេងប្រវ័ញ្ញថវិការជាតិជាច្រើនដែលសម្តេចមិនបានដឹង
    ដោយសម្តេចគ្រាន់តែឃើញរបាយការណ៍ពីថ្នាក់ក្រោមប៉ុណ្ណោះ