06192013Headline:

មាស សម្ផស្ស ប្រកាស​បិទ​បេះដូង​ក្រោយ​បែក​ពី​កូរ៉េ

ភ្នំពេញ : តារា​សម្តែង​សាច់​ស​ដូច​សំឡី​នាង មាស សម្ផស្ស ហាក់​រាង​ចាល​នឹង​ស្នេហា​មិន​សម​ប្រកប ពិសេស​ចំណង​ស្នេហា​ចុង​ក្រោយ​ជាមួយ​បុរស​ភ្នែក​តឹង​ជនជាតិ​កូរ៉េ ឈ្មោះ គីម លី ដែល​នាង​រំពឹង​ចូល​រោងការ​ក្រាប​ផ្ទឹម​ដូចជា​នារី​ខ្មែរ​ឯ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ឆ្អែត​នឹង​ស្នេហា​បរាជ័យ និង​ផ្អាក​មិន​ទទួល​យក​ចំណង​ស្នេហ៍​ថ្មី​ជាមួយ​បុរស​ណា​ទៀត​ឡើយ​។

Friday, 15 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្ដែងសម្បូរ​រឿង​អាស្រូវ​ស្នេហា មាស សម្ផស្ស។ រូបថត ផា លីណា

តារា​សម្ដែងសម្បូរ​រឿង​អាស្រូវ​ស្នេហា មាស សម្ផស្ស។ រូបថត ផា លីណា

គួរ​រំឭក​ដែរ​ថា ការ​ចែក​ផ្លូវ​ស្នេហា​របស់​តារា​សម្តែង​មាន​កំណើត​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​វ័យ​ជិត​៣០​ឆ្នាំ​នាង មាស សម្ផស្ស ជាមួយ​លោក គីម នេះ​មិន​មែន​ជា​ការ​បរាជ័យ​លើក​ទី​មួយ​សម្រាប់​ជីវិត​នាង​ទេ។

កាល​ពី​៤-៥​ឆ្នាំ​មុន ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​ទើប​តែ​ងើប​ឡើង​នោះ មាស សម្ផស្ស​បាន​ភ្ជាប់​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​បុរស​ទ្រព្យ​ស្តុក​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ឈ្មោះ យ៉ាវ ស៊ីណោះ ហើយ​ស្នេហា​គ្រា​ដំបូង​របស់​នាង​កាល​ណោះ​ក៏​បាន​ដើរ​ដល់​ចំណុច​យល់​ចិត្ត​ថ្លើម​គ្នា និង​រំកិល​ខិត​ជិត​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​ទៀត​ផង​ស្រាប់​តែ​លេច​មុខ​ប្រពន្ធ​ដើម​កំពូល​ស្នេហ៍​ពី​អាមេរិក​តម្រូវ​ឲ្យ​នាង​ដក​ខ្លួន​ចេញ​ពី​សង្វៀន​ស្នេហ៍​ត្រី​កោណ​នេះ​ទាំង​ឈឺ​ចាប់។

តែ​យ៉ាង​ណា​ពេល​នោះ នាង​មិន​បាន​ប្រកាស​រាង​ចាល​នឹង​ស្នេហា​នោះ​ឡើយ ហើយ​នាង​ក៏​ធ្លាប់​បាន​លើក​ឡើង​ទៀត​ថា៖ «មិន​មែន​នៅ​លើ​លោក​នេះ​រក​បុរស​ដែល​បេះដូង​ស្អាត​ស្អំ​មិន​បាន​នោះ​ទេ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ជួប​ស្នេហ៍​ពិត​របស់​ខ្ញុំ​មិន​ខាន​ឡើយ​»។

លុះ​ដល់​ឆ្នាំ​២០១២​កញ្ញា មាស សម្ផស្ស​បាន​ប្រកាស​យ៉ាង​ក្ដែងៗ​ថា​ចំណង​ស្នេហ៍​នាង​និង​បុរស​ជន​ជាតិ​កូរ៉េ​ជា​ប្រុស​ស្នេហ៍​ថ្មី​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឲ្យ​ទាល់​តែ​បាន​បើ​ទោះ​ជា​ឪពុក​ម្ដាយ​របស់​នាង​ហាក់​មិន​សូវ​គាំទ្រ​សម្ព័ន្ធ​ស្នេហា​នេះ​ក្ដី​ដោយ​នាង​ថែម​ទាំង​អះ​អាង​ថា៖ «អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ និង​បង គីម ត្រូវ​តែ​កើត​មាន​បើ​ទោះ​ជា​យើង​មាន​អ្នក​ជំទាស់​យ៉ាង​ណា​ក៏​ដោយ​»។

តែ​ទី​បំផុត​ការ​រំពឹង​និង​ភាព​ជឿ​ជាក់​របស់​តារា​សម្ដែង មាស សម្ផស្ស​ចំពោះ​ចំណង​ស្នេហ៍​សាសន៍​ដទៃ​ក្នុង​ទ្វីប​ជាមួយ​គ្នា​នេះ មិន​ខុស​ពី​លទ្ធផល​ស្នេហ៍​ទីមួយ​ឡើយ។

ពេល​ស្ថិត​ក្នុង​ភាព​ឈឺចាប់​បេះដូង​នេះ នាង​បាន​ប្រកាស​ថា៖ «ខ្ញុំ​លែង​ចង់​មាន​ស្នេហា​ទៀត​ហើយ ហើយ​ក៏​មិន​ចង់​មាន​ស្នេហា​ទៀត​ដែរ»។

នាង​បាន​បញ្ជាក់​ពី​របួស​បេះដូង​ចុង​ក្រោយ​នេះ​ទៀត​ថា៖ «មុន​នេះ​ខ្ញុំ​មាន​ទំនាក់​ទំនង ស្នេហា​យ៉ាង​ផ្អែម​ល្ហែម​ណាស់​ជាមួយ​បុរស​ជនជាតិ​កូរ៉េ។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​សម្រេច​ផ្តាច់​ចំណង​ស្នេហ៍​ត្រឹម​ពេល​ដែល​ខ្ញុំ​ដឹង​ថា​គាត់​មាន​អ្នក​ថ្មី​ហើយ​ខ្ញុំ និង​គាត់​ក៏​មិន​អាច​ស្វែង​រក​ការ​ផ្សះ​ផ្សា​ជា​លើក​ទី​បី​ទេ»។

ទោះ​យ៉ាង​ណា នាង​ទទួល​ស្គាល់​ថា នេះ​មិន​មែន​ជា​របួស​ស្នេហ៍​លើក​ទី១​ឡើយ ហើយ​នាង​ថ្លែង​ទៀត​ថា៖ «​ខ្ញុំ​ក៏​មិន​ឲ្យ​ភាព​បរាជ័យ​ស្នេហ៍​មក​បន្ត​ឈឺ​ចាប់​ចំពោះ​បេះដូង​ខ្ញុំ​ទៀត​ដែរ ត្រឹម​ពេល​ខ្ញុំ​ប្រកាស​បិទ​បេះដូង​មិន​ខ្វល់​នឹង​ស្នេហា​នោះ​»។ តែ​នាង​បាន​បន្ថែម​ថា៖«បេះដូង​ខ្ញុំ​ក៏​មិន​បិទ​រហូត​នោះ​ដែរ »៕

What Next?

Recent Articles

2 Responses to "មាស សម្ផស្ស ប្រកាស​បិទ​បេះដូង​ក្រោយ​បែក​ពី​កូរ៉េ"

  1. Khmer Family says:

    ចូលចិត្តតែ គ្រួសារ បែបបរទេស ឯគ្រួសារខ្មែរ ដូចខ្ញុំនេះ មើលអត់ឃើញ!

  2. Khmer Family says:

    ចូលចិត្តតែ គ្រួសារ បែបបរទេស ឯគ្រួសារខ្មែរ ដូចខ្ញុំនេះ មើលអត់ឃើញ!
    ហើយក៏នៅមាន បង JML & បង Cheath ទៀត សុទ្ធតែអ្នកមានចិត្តស្មោះ!