តារា​ចម្រៀង​ជើង​ចាស់ ហ៊ឹម ស៊ីវន ផ្លាស់​ប្តូរ​១៨០​ដឺក្រេ

Monday, 18 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ជើង​ចាស់​អ្នក​សី្រ ហ៊ឹម ស៊ីវន នៅ​លើ​ឆាក​​។ រូបថត សហ​ការី

តារា​ចម្រៀង​ជើង​ចាស់​អ្នក​សី្រ ហ៊ឹម ស៊ីវន នៅ​លើ​ឆាក​​។ រូបថត សហ​ការី

ភ្នំពេញៈ កាល​ពី​ដំបូង​ឡើយ​តារា​ចម្រៀង​អ្នក​ស្រី ហ៊ឹម ស៊ីវន មិន​មែន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ឡើយ អ្នក​ស្រី​ជា​កូន​កសិករ​រស់​នៅ​ខេត្ត​ព្រៃវែង​ម្នាក់ ប៉ុន្តែ​នៅ​ពេល​នេះ ជីវិត​របស់​អ្នក​ស្រី​បាន​ផ្លាស់​ប្តូរ​១៨០​ដឺក្រេ ក្រោយ​ពេល​អ្នក​ស្រី​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ហើយ​បាន​រៀប​ការ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ម្នាក់​នោះ។

តារា​ចម្រៀង ហ៊ឹម ស៊ីវន ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៥​នាក់​ដែល​មាន​ប្រុស​ម្នាក់ និង​ស្រី​៤​នាក់។ អ្នក​ស្រី ហ៊ឹម ស៊ីវន ជា​កូន​កសិករ​ក្រី​ក្រ​មួយ​នៅ​ក្នុង​ឃុំ គោក​សណ្តែក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ អ្នក​ស្រី​ជា​ក្មេង​កំព្រា​ឪពុក​ដែល​មាន​ឈ្មោះ ហ៊ឹម លន់ បាន​ទទួល​មរណភាព​ក្នុង​របប ប៉ុល ពត ហើយ​ក្រោយ​ចប់​របប​ប្រល័យ​ពូជ​សាសន៍​អ្នក​ស្រី​រស់​នៅ​ជាមួយ​ម្តាយ​ឈ្មោះ ស ហ៊ន សព្វ​ថ្ងៃ​វ័យ​៦៣​ឆ្នាំ​ហើយ​។

ដំណើរ​ដើម​ទង​ដែល​នាំ​ឲ្យ​អ្នក​ស្រី ហ៊ឹម ស៊ីវន មាន​ថ្ងៃ​នេះ ត្រូវ​បាន​លាត​ត្រដាង​ថា បន្ទាប់​ពី​សម័យ​ប៉ុល ពត ដួល​រលំ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ គ្រួសារ​របស់​អ្នក​ស្រី​ក៏​បាន​វិល​ទៅ​កាន់​ស្រុក​កំណើត​វិញ តែ​កាល​នោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្រាវ​ជ្រាវ​រក​អ្នក​ចេះ​ដឹង​ផ្នែក​ខាង​សិល្បៈ​ដែល​សល់​ពី​របប​ប្រល័យ​ពូជ​សាសន៍​នោះ ដូច្នេះ​ដោយ​សារ​គ្រួសារ​អ្នក​ស្រី​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​តាំង​ពី​ដើម​នោះ ទើប​ក្រសួង​វប្បធម៌ នាំ​មក​ចូល​រួម​ក្រុម​នៅ​រាជធានី​ភ្នំពេញ។ នោះ​ហើយ​ជា​ឱកាស​ផ្ដល់​ឲ្យ​អ្នក​ស្រី ហ៊ឹម ស៊ីវន បាន​ចូល​រៀន​ផ្នែក​តន្ត្រី​បុរាណ។

អ្នក​ស្រី ហ៊ឹម ស៊ីវន ម្តាយ និង​បង​ប្អូនប្រុស​ស្រី ពេល​ថត​រួម​គ្នា​កាល​ពី​នៅ​វ័យ​ក្មេង។ រូបថត សហ​ការី

ក្រោយ​មក​អ្នក​ស្រី​ក៏​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​តន្ត្រី​ក្រសួង​មហា​ផ្ទៃ នៅ​អំឡុង​ឆ្នាំ​១៩៨៨ ពេល​នោះ​ហើយ​ដែល​អ្នក​ស្រី​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នៅ​ក្នុង​វិស័យ​សិល្បៈ និង​ផ្តើម​អាជីព​ជា​តារា​ចម្រៀង​ម្នាក់​ដោយ​ទទួល​បាន​ការ​ហៅ​ច្រៀង​ពី​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ច្រើន​។ ផលិតកម្ម​ទាំង​នោះ​មាន​ដូច​ជា ផលិតកម្ម រស្មី​ពាន​មាស បុប្ផា នាគ​ហោះ កម្មករ ឥន្ទធនូ ឆ្លង​ដែន សាន់ដេ និង​រស្មី​ហង្សមាស​ជា​ដើម។

វ័យ​ចេះ​តែ​ចម្រើន​ឡើង មិន​បង្អង់​យូរ អ្នក​ស្រី ហ៊ឹម ស៊ីវន ក៏​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ឯក​ឧត្ដម ពៅ ម៉ាលី ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ទី​ប្រឹក្សា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩២។ ពេល​នេះ អ្នក​ស្រី និង​ស្វាមី​បង្កើត​បាន​កូន​ពីរ​នាក់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ កូន​ប្រុស​ច្បង​ឈ្មោះ ពៅ ពេជ្រមេត្តា មាន​អាយុ​១៨​ឆ្នាំ និង​កូន​ស្រី​ពៅ​ឈ្មោះ ពៅ ពេជ្រ​ករុណា អាយុ​១៦​ឆ្នាំ។ សព្វ​ថ្ងៃ​គ្រួសារ​អ្នក​ស្រី​រស់​នៅ​យ៉ាង​រីក​រាយ​ក្នុង​វីឡា​ដ៏​ទំនើប​ស្ថិត​នៅ​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ។

ការ​រៀបចំ​ជីវិត​រហូត​បាន​សុខដុម​ទ្រនំ​ខ្ពស់​នៅ​លើ​វិថី​សិល្បៈ​នេះ អ្នក​ស្រី ហ៊ឹម ស៊ីវន ធ្លាប់​ឆ្លង​ទ្វីប​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​មាន​ដូច​ជា បារាំង សហរដ្ឋ​អាមេរិក ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អ៊ីតាលី និង​បែលហ្ស៊ិក​ជា​ដើម៕

What Next?

Recent Articles

One Response to "តារា​ចម្រៀង​ជើង​ចាស់ ហ៊ឹម ស៊ីវន ផ្លាស់​ប្តូរ​១៨០​ដឺក្រេ"

  1. *V*. says:

    ការតស៊ូនឹងព្យាយាមគង់បានសម្រេច ទោះតិចក្ដី ច្រើនក្ដី ឲ្យតែការតស៊ូនោះដើរលើផ្លូវល្អ…