Wednesday, 20 March 2013
គឹម យុទ្ធណា
ភ្នំពេញ ប៉ុស្តិ៍

លោក ដេវិដ ឆាណាយវា និងបក្ខពួកម្នាក់ ត្រូវជាប់ខ្នោះព្រោះតែវាយអ្នកកាសែត។ រូបថត ន ប.ជ ក
ការបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់នេះទៅតុលាការ ធ្វើឡើងក្រោយពីក្រុមអ្នកកាសែតដែលរងអំពើហិង្សាក្នុងហេតុការណ៍ នោះ ដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលរាជធានីសុំឲ្យជួយ រកយុត្តិធម៌ពីបទបង្ករបួសស្នាមនិងប្រើអំពើហិង្សាដោយចេតនា មកលើពួកគេពេលកំពុងបំពេញភារកិច្ចថតយករូបភាព ស្តីពីគ្រោះថ្នាក់ចរាចរណ៍យប់នោះមកផ្សព្វផ្សាយ។
លោក ប៊ុន សត្យា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីម្សិលមិញថា លោក ដេវិដ ឆាណាយវា និងបក្ខពួកម្នាក់ទៀតត្រូវកងកម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនរួចបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីទាំងយប់ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកតុលាការ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យដែលបានគេចខ្លួនបន្ថែមទៀត។
លោកបញ្ជាក់ថា៖«ជនសង្ស័យដែលចាប់ខ្លួនបានត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាម និងបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់តាមច្បាប់ពីរសៀលថ្ងៃអង្គារម្សិលមិញ ជាមួយនឹងវត្ថុតាងមានជារូបភាពផងដែរ»។
តាមការអះអាងពីក្រុមអ្នកសារព័ត៌មានបញ្ជាក់ថា នៅយប់កើតហេតុអ្នកសារព័ត៌មាន មកពីច្រើនអង្គភាពរួមមាន ភ្នាក់ងារស្ថានីយ ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ៩ ទូរទស្សន៍បាយ័ន ទូរទស្សន៍ហង្សមាស ស៊ីអ៊ិនស៊ី គេហទំព័រ ANN គេហទំព័រអគ្គស្នងការនគរបាលជាតិ គេហទំព័រក្រុងកម្ពុជា កាសែតដើមអម្ពិល កាសែតកោះសន្តិភាព និងអ្នកថតរូបភាពបានចុះទៅយកព័ត៌មាន និងថតរូបភាពនៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងពីការប្រណាំង រថយន្តគ្នាលេងរវាងរថយន្ត២គ្រឿង ដែលបើកល្បឿនហួសកំណត់ជ្រុលទៅ បុកបង្គោលភ្លើងនិងរបងការដ្ឋានសំណង់ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ុន្តែ ពេលអ្នកកាសែតកំពុង ថតយកសកម្មភាព គ្រោះថ្នាក់នោះស្រាប់តែលោក ដេវិដ ឆាណាយវា និងបក្ខពួក៥ទៅ៦នាក់ទៀតចុះពីលើរថយន្ត BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7771 មកវាយតប់ទាំងកម្រោលទៅលើអ្នកសារព័ត៌មានបណ្តាលឲ្យរងរបួស ស្រាលធ្ងន់ជិត១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមការបញ្ជាក់ពីលោក ស៊ូ ប៊ុនធី អាយុ៤៨ឆ្នាំជា អ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដែលត្រូវបានបក្ខពួក ដេវិដ ឆាណាយវា វាយត្រូវពីរដៃនិងធាក់មួយជើងឲ្យចុកឆ្អល់រួចចាប់យកកាមេរ៉ារបស់លោកទៅបាត់ផងនោះ បានថ្លែងថា ហេតុការណ៍នោះវាជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលអ្នក កាសែតមានសិទ្ធិថតរូបនិងរាយការណ៍ព័ត៌មានឲ្យសាធារណជនបានដឹង ប៉ុន្តែក្រុមអ្នកបង្កគ្រោះថ្នាក់ បែរជាមករករឿងវាយទៅលើអ្នកកាសែតទៅវិញ ដែលទង្វើនេះលោកមិនអាចទទួលយកបានឡើយ។
លោកបញ្ជាក់ថា ៖ «ខ្ញុំចាត់ទុកសកម្មភាពរបស់ក្រុមបង្កហេតុនេះជាអំពើឃោរឃៅ មួយអាងខ្លួនមានលុយ មានអំណាចតែចេញចរិតគួរឲ្យស្អប់ខ្ពើម។ទង្វើនេះវាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពអ្នកកាសែត ដូច្នេះ ខ្ញុំសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធដាក់ទោសពួកគេទៅតាមច្បាប់។ ខ្ញុំបានដាក់ពាក្យប្តឹងរួចរាល់ហើយ»។
ជាមួយគ្នាដែរ ក្លឹបអ្នកកាសែតកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពនេះ ដោយចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ស្មារតីអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មតាមវិជ្ជាជីវៈ និងជាចេតនារារាំងដល់សកម្មភាពអ្នកសារព័ត៌មានរួមទាំងការ បន្ទុចបង្អាក់ដោយផ្ទាល់ដល់ដំណើរការនៃការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្លឹបអ្នកកាសែតកម្ពុជាក៏បានអំពាវនាវ៖«សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច រាជធានីភ្នំពេញស្រាវជ្រាវករណីនេះ ដើម្បីវែកមុខជនបង្កហេតុនាំយកមក ដោះស្រាយតាមច្បាប់»។
លោក ដេវិដ ឆាណាយវា ជាអតីតមេធាវីម្នាក់ហើយក៏ជាអ្នកដែលមានកេរ្តិ៍ឈ្មោះអាស្រូវជាញឹកញាប់នៅលើសារព័ត៌មានផងដែរ។ កាលពីខែធ្នូ ឆ្នាំ២០១១ ជនម្នាក់នេះធ្លាប់ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមកំបាំងមុខដាក់ពន្ធនាគារ ពីបទបាញ់បោះសេរី នៅក្នុងភោជនីយដ្ឋាន River House កាលពី៦ឆ្នាំមុន ឈ្មោះនេះក៏ធ្លាប់បើករថយន្តហាំមើរ ឡើងទៅបំផ្លាញសួនច្បារសម្តេចហ៊ុន សែនខ្ទេចខ្ទីអស់ដែរកាលពីប៉ុន្មានឆ្នាំមុន។
លោក យឹម លាង នាយករងខុទ្ទកាល័យនិងជាមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម ថ្លែងកាលពីម្សិលមិញថា ដេវិដ ឆាណាយវា បានដកពីតួនាទីជាទីប្រឹក្សារបស់សមេ្តច ជា ស៊ីម ជាយូរឆ្នាំមកហើយ ដោយសារតែជននេះប្រព្រឹត្តិទង្វើមិនគប្បីជាច្រើន។
លោកបញ្ជាក់ថា៖«ជនរូបនោះត្រូវបានដកចេញពីតំណែងជាទីប្រឹក្សាសមេ្តចប្រធានព្រឹទ្ធសភាយូរណាស់មកហើយ។ វាគឺជាមនុស្សចោលម្សៀត!»។
ចំណែកលោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាក៏បានបដិសេធផងដែរថា ដេវិដ ឆាណាយវា មិនមែនជាសមាជិកនៅក្នុងគណៈមេធាវីកម្ពុជាទេ៕
ព័ត៌មានពាក់ព័ន្ធ: ស្នេហាអ៊ិន លក្ខិណា និងឧកញ៉ាដេវិដ ឆាណាយវា







…
resmei
on March 20, 2013
Report
vote down
vote up
Votes:
0