រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី រួមជាមួយឯកអគ្គរាជទូតជប៉ុន នៅប្រទេសកម្ពុជា លោក យូជី គូម៉ាម៉ារ៉ូ (Yuji Kumamaru) នៅថ្ងៃទី២០ ខែមីនា បានបិទវគ្គហ្វឹកហ្វឺនមួយនៃកងរក្សាសន្តិភាពកម្ពុជា នៅឯវិទ្យាស្ថានជាតិកងរក្សាសន្តិភាពដោះមីន និងបោសសម្អាតកាកសំណល់សង្គ្រាម នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ដោយ សុខ សេរី
2013-03-20
RFA

កងរក្សាសន្តិភាពកម្ពុជា បិទវគ្គហ្វឹកហ្វឺន នៅឯវិទ្យាស្ថានជាតិកងរក្សាសន្តិភាពដោះមីន និងបោសសម្អាតកាកសំណល់សង្គ្រាម នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣។ RFA/Sok Serey
កងកម្លាំងថែរក្សាសន្តិភាពកម្ពុជា ចំនួន ១៥នាក់ ដែលបានបញ្ចប់ការហ្វឹកហ្វឺនវគ្គដំបូងរយៈពេល ៧សប្ដាហ៍កន្លងមកនេះ គឺក្រោយពីបានទទួលការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពពីមន្ត្រីជំនាញមកពីក្រសួងការពារជាតិជប៉ុន និងជាផ្នែកមួយនៃការរក្សាចំណងមិត្តភាពរឹងមាំ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិជប៉ុន។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលវគ្គដំបូងនេះ គឺចំនួនតិចមែន ប៉ុន្តែចំសេចក្តីត្រូវការរបស់ក្រសួងការពារជាតិកម្ពុជា នៅគ្រាដែលសេចក្តីត្រូវការនោះនៅទំហំធំធេងនៅឡើយ៖ «ពិតមែនថាថ្ងៃនេះ យើងបិទវគ្គគេហៅថា សិក្ខាកាមរបស់យើងមានចំនួន ១៥រូប ប៉ុន្តែអត្ថន័យដ៏សំខាន់មួយទៀត ដែលវាបញ្ជាក់យ៉ាងច្បាស់ថា នេះជាការចាប់ផ្ដើមមួយយ៉ាងមានវិជ្ជាជីវៈ និងយ៉ាងមានប្រសិទ្ធភាពពីសំណាក់ជំនួយពីប្រទេសជប៉ុន ដែលជួយមកព្រះរាជាណាចក្រកម្ពុជា របស់យើងផ្នែកនេះ។ ហើយផ្នែកនេះឯងជាផ្នែកមួយដែលយើងកំពុងតែត្រូវការជាទីបំផុត ដើម្បីបំពេញតាមការខ្វះខាតរបស់យើង»។
កម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពមួកខៀវលើកដំបូងតាំងពីឆ្នាំ២០០៦ ទៅរក្សាសន្តិភាពនៅប្រទេសស៊ូដង់ (Jordan) ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ រយៈពេល ១ឆ្នាំម្តងៗ។ ចាប់តាំងពីឆ្នាំ២០០៦ កន្លងមក កងយោធពលខេមរភូមិន្ទកម្ពុជា ចំនួនជាង ៨ពាន់ បានទទួលការហ្វឹកហាត់ជំនាញខាងកងរក្សាសន្តិភាពនោះ ពីប្រទេសជាមិត្តនានា ដូចជាប្រទេសជប៉ុន ជាដើម។
ក្រៅពីនេះ កម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពកម្ពុជា ទៅប្រទេសចំនួន៦ ហើយ មានដូចជាប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង (South Jordan) ប្រទេសឆាត (Chad) ប្រទេសអាហ្វ្រិកកណ្ដាល (Central Africa) ប្រទេសលីបង់ (Lebanon) និងប្រទេសស៊ីរី (Syria) សរុបចំនួន ១១កង ស្មើនឹងចំនួន ១.៤៥០នាក់។ អ្នកទាំងនោះ មានជំនាញដោះគ្រាប់មីន និងស្ថាបនាស្ពានថ្នល់ និងគ្រូពេទ្យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
South Sudan not South Jordan