ភ្នំពេញៈ តារាសម្តែង និងម៉ូដែលថ្ពាល់ខួច ធ្មេញច្រពើសនាង អ៊ិន លក្ខិណា បានចេញមុខលាតត្រដាងស្នេហ៍ដ៏ស៊ីជម្រៅរវាងនាង និងឧកញ៉ាសម្បូរស្នេហ៍ ដេវិដ ឆាណាយវា ថា អ្នកទាំងពីរបានសាងស្នេហ៍រួមគ្នាអស់រយៈពេលប្រមាណជាង៣ឆ្នាំមកហើយ តែស្នេហាមួយនេះចេះតែបែកជួបៗ។ដូច្នេះនាងបានបញ្ជាក់យ៉ាងច្បាស់នៅពេលនេះថា ស្នេហាមួយនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយនាងក៏មានជម្រើសច្រើនដែរ ដោយនាងបានបញ្ជាក់ថា នៅពេលនេះមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់កំពុងតាមដណ្តើមរូបនាងពីលោកឧកញ៉ា ដេវិដ ឆាណាយវា។
Wednesday, 20 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តារាដែលមានជំនាញសិល្បៈច្រើនសណ្ឋានទាំងសម្តែង ដើរបង្ហាញម៉ូដ តារាចម្រៀង និងជាពិធីការិនីនាង អ៊ិន លក្ខិណា បាននិយាយរៀបរាប់ចេញពីក្រអៅបេះដូងរបស់នាងចំពោះស្នាមស្នេហ៍ដំបូងដែលនាំឲ្យរូបនាងជួបប្រសព្វស្នេហាជាមួយនឹងឧកញ៉ាដែលសម្បូររឿងអាស្រូវស្នេហា ដេវិដ ឆាណាយវា ថា៖
«ខ្ញុំបានស្គាល់រូបគាត់អស់រយៈពេល៣-៤ឆ្នាំមកហើយ ដោយពេលនោះខ្ញុំបានទៅច្រៀងនៅក្នុងកម្មវិធីឡើងផ្ទះរបស់អ្នកធំម្នាក់ហើយនៅពេលគាត់ឃើញខ្ញុំគាត់ចេះតែតាមខ្ញុំ តែខ្ញុំអត់បានរវល់ជាមួយគាត់ទេ ហើយក្រោយៗមកគាត់ក៏ចេះតែតាមទាក់ទងខ្ញុំ គាត់ណាត់ញ៉ាំបាយជាដើម»។ តារាសម្តែងថ្ពាល់ខួចធ្មេញច្រពើសរូបនេះបានបញ្ជាក់ថា៖«មុននឹងឈានដល់ទាក់ទងបែបស្នេហានេះ គាត់(ដេវីដ ឆាណាយវា) បាននិយាយសារភាពស្នេហ៍ដាក់ខ្ញុំត្រង់ៗតែម្តង»។
នៅក្នុងពិភពសិល្បៈភាគច្រើនគេបានដឹងថា លោកឧកញ៉ា ដេវិដ ឆាណាយវា ជាបុរសសម្បូរស្នេហ៍ម្នាក់ ហើយកន្លងមកគេក៏បានដឹងខ្លះដែរថា ឧកញ៉ាម្នាក់នេះមានទំនាក់ទំនងស្នេហាជាច្រើនជាមួយនឹងនារីស្រស់ស្អាតទាំងក្នុង និងក្រៅសិល្បៈ។ អ៊ិន លក្ខិណា បានទទួលស្គាល់ថា មុននឹងនាងទទួលយកការអង្វរសុំស្នេហារបស់ឧកញ៉ាម្នាក់នេះ នាងក៏បានដឹងរឿងច្រើនពីស្នេហារបស់លោកឧកញ៉ាដែរ ពិសេសនោះគឺរឿងផ្លូវច្បាប់នៅក្នុងការងាររកស៊ីរបស់លោក តែនាងបានបញ្ជាក់ថា នៅពេលនេះស្នេហាទាំងនោះបានចប់អស់ហើយគ្មានអ្នកណាទៀតដែរ ហើយរឿងបញ្ហាផ្លូវច្បាប់ផ្សេងៗក៏ត្រូវបានដោះស្រាយរួចយូរដែរហើយ។
ទោះបីជាលោកឧកញ៉ា ដេវិដ ឆាណាយវា ធ្លាប់មានបញ្ហានៅក្នុងការរកស៊ីកន្លងមក តែនាង អ៊ិន លក្ខិណា បានដឹងយ៉ាងច្បាស់ថា លោក ដេវិដ នៅមានទ្រព្យសម្បត្តិជាច្រើន ដូចជា មានដីជាង២០កន្លែង មានខុនដូ មានផ្ទះនៅក្រុងព្រះសីហនុ ហើយរថយន្ត Mercedes S550 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ហើយរថយន្តនោះ លោកធ្លាប់ដឹកនាងដើរកម្សាន្តនិងចូលរួមកម្មវិធីទៀតផង។
នាងបញ្ជាក់ថា៖«គាត់ជាមនុស្សម្នាក់ដែល Take Care ខ្ញុំ យកចិត្តទុកដាក់ចំពោះគ្រួសារ តែទាស់បន្តិចរឿងគាត់មានស្រីច្រើន»។
ទោះបីជានាងមានចិត្តលង់ស្នេហ៍ជាមួយនឹងឧកញ៉ាវ័យ៤០ឆ្នាំប្លាយរូបនេះបន្តិចទៅហើយក្តី ប៉ុន្តែតារាស្រីវ័យ២៤ឆ្នាំ អ៊ិន លក្ខិណា បានឲ្យដឹងថា ស្នេហាមួយនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈដែលនាងអះអាងថា លោក ឆាណាយវា មិនទាន់បានបំពេញតាមលក្ខខណ្ឌដែលលោកបានសន្យាជាមួយនាងនៅឡើយ។ ម្យ៉ាងមកពីនៅពេលនេះ នាងមានជម្រើសច្រើន ពោលគឺនៅពេលនេះក៏មានបុរសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់តាមដណ្តើមបេះដូងនាងពីលោក ដេវីដ ឆាណាយវាដែរ។
តារាសម្តែងស្រីល្បីបង្គួរម្នាក់នេះបានឲ្យដឹងថា៖«យើងក៏មានគម្រោងរៀបអាពាហ៍ពិពាហ៍ដែរ តែមុននឹងខ្ញុំយល់ព្រមជាមួយគាត់នោះ លុះត្រាណាតែគាត់បំពេញនូវលក្ខខណ្ឌបាន គឺគាត់ត្រូវតែផ្តល់ការផ្គត់ផ្គង់លុយឡានមួយចំនួនធំ មិនមែនតិចទេ នៅមុនពេលរៀបការ អានេះគាត់សន្យាជាមួយខ្ញុំ មិនមែនខ្ញុំទៅទារគាត់ទេ។ បើគាត់ជាមនុស្សប្រុសគាត់នឹងធ្វើបានតាមសន្យា…»។
ជាមួយនឹងភាពមិនច្បាស់លាស់នេះ អ៊ិន លក្ខិណា បានបន្តថា៖«នៅពេលនេះ ខ្ញុំមានជម្រើសច្រើន ខ្ញុំអត់មានបញ្ហាទេ ហើយនៅពេលនេះ ក៏មានអ្នកមានទ្រព្យសម្បត្តិម្នាក់គាត់តាមខ្ញុំប្រកៀកដែរ គាត់ចង់ប្រជែងដណ្តើមខ្ញុំពីលោកឧកញ៉ា ឲ្យតែខ្ញុំយល់ព្រម»។
អ៊ិន លក្ខិណា មិនអាចទទួលយកទង្វើវាយតប់ និងបាញ់បោះរបស់ឧកញ៉ា ដេវិដ ឆាណាយវា ជាគូស្នេហ៍ទេគួរបញ្ជាក់ថា លោក ដេវិដ ឆាណាយវា និងបក្ខពួកជាច្រើននាក់ បានបើករថយន្តស៊េរីទំនើបប្រណាំងគ្នាលេងតាមដងផ្លូវក៏ជ្រុលចង្កូតទៅបុកបង្កោលភ្លើង បណ្តាលឲ្យរថយន្តមួយគ្រឿងជាប់នឹងបង្កោលភ្លើង ខណៈនោះក៏មានអ្នកយកព័ត៌មានជាច្រើននាក់ទៅថតយកសកម្មភាពខាងលើ ស្រាប់តែលោក ដេវិដ ឆាណាយវា និងបក្ខពួកចេញពីក្នុងរថយន្តមកព្រួតវាយអ្នកសារព័ត៌មាន បណ្តាលឲ្យរងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការបង្កភាពគ្រោះថ្នាក់ និងបង្ករបួសស្នាមលើអ្នកដទៃនេះ តារាសម្តែងនាង អ៊ិន លក្ខិណា បាននិយាយថា៖«ធម្មតាយើងក៏មិនចង់ឲ្យមនុស្សដែលយើងស្រឡាញ់ទៅធ្វើអំពើអ៊ីចឹងដែរ តែចំណុចខ្លះយើងក៏មិនអាចទៅហាមឃាត់គេដែរ។ ខ្ញុំក៏មិនពេញចិត្តគាត់ត្រង់ចំណុចហ្នឹងដែរ ផឹកស៊ីហើយវាយតប់គ្នា បង្ករឿងផ្សេងៗអីហ្នឹង។ ខ្ញុំធ្លាប់និយាយពីរឿងហ្នឹងជាមួយគាត់ដែរ ថា ឲ្យគាត់ហ្នឹងខិតខំរកស៊ី ធ្វើជំនួញអីផ្សេងៗទៅចៀសវាងការវាយតប់អីហ្នឹង វាជារឿងប្រសើរបំផុតសម្រាប់មនុស្សប្រុស»។
ជាមួយគ្នានោះនាងក៏និយាយទាំងចម្ងល់ថា៖«តាមពិតគាត់ជាមេធាវីម្នាក់ដែរ យ៉ាងហោចណាស់ក៏គាត់គួរដឹងច្បាប់ដែរ តែបើគាត់គិតថា អ្វីដែលគាត់ធ្វើត្រូវ ហើយមិនស្តាប់យើងក្នុងនាមជាមនុស្សស្រឡាញ់គ្នា ខ្ញុំក៏មិនអាចទទួលយកបានដែរ។ ខ្ញុំក៏មិនចង់បានគូអនាគតដែលគិតតែពីបាញ់បោះអ៊ីចឹងដែរ»។
ជុំវិញករណីស្នេហារវាងតារាសម្តែង អ៊ិន លក្ខិណា និងលោក ដេវិដ ឆាណាយវា និងការបង្កគ្រោះថ្នាក់ និងរបួសស្នាមកាលពីរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៩ម្សិលមិញនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ខណៈទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូលបាន៕

ស្នេហាអីទិញដូរដូចអាវសំពត់យ៉ាងនេះ! ឬមួយ នារីនេះជាស្រ្តីលក់ខ្លួនដើម្បីតែប្រាក់ទេ???
She pround to herself too much;however, in Cambodia having more pure girls who faithful
to her lover more than money.
Important to remember: you have to marry for love do not marry for money. Money cannot buy love forever.
មេធាវីជជុះ ឬយ៉ាងណា ឧកញ៉ាហ្នឹងគួតែពិន័យឲ្យចាស់ដៃបន្តិច ព្រោះអំណាចប្រាក់របស់គាត់និងនាំឲ្យសង្គមកម្ពុជា
ក្លាយជាស្រុកអ្នកលេងមិនខាន ។
មុខមើលតែសេះ អុកញ៉្ញចេះតែលេបទៅកើត។ ដូចខ្ញុំទាល់តែបឹទភ្លើងទើបអាច…
ឧកញ៉ាជំនាន់មុនសុទ្ធសឹងជាអ្នកស្នេហាជាតិបំរើជាតិនិងពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ ពួកគេសុទ្ធតែ
ជាវិរបុរសក្លាហានច្បាំងហ៊ានប្ដូរជីវិតខ្លួនដើម្បីប្រទេសជាតិដូចលោកឧកញ៉ាស៊ឺនគុយជាដើម តែពួក
ឧកញ៉ាគ្រាក់ៗជំនាន់នេះសុទ្ធសឹងជាអ្នកបំផ្លាញជាតិ,លក់ជាតិនិងឧត្តមគតិខ្លួនបំរើបរទេស,ជួញដូរមនុស្សនិងគ្រឿងញៀន,ប្រព្រឹត្តអំពើពុករលួយ,ជិះជាន់ធ្វើទុក្ខបុកម្នេញជាតិសាសន៍ខ្មែរមាន
ឈាមជ័រជាខ្មែរដូចគ្នា។ល។
សូមរំលឹកថាអ្នកដែលទទួលងារជាឧកញ៉ាជំនាន់នោះត្រូវបានជ្រើសរើសនិងតែងតាំងដោយស្ដេច
ដោយមើលឃើញថាពួកគេសុទ្ធតែជាអ្នកចម្បាំងនិងក្លាហាន,ការពារជាតិស្រឡាញ់ជាតិយ៉ាងពិត
ប្រាកដ,ផ្ទុយទៅវិញឧកញ៉ាឥឡូវឲ្យតែមានលុយ១០០ ០០០ដុល្លានិងគាំទ្របក្សប្រជាជនអាចខ្លាយ
ជាឧកញ៉ាទៅបាត់។