អ្នក​ជំនាញ​ការ​អង្គការ​សហ​ប្រជាជាតិ​និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពិភាក្សា​ពី​វិបត្តិ​ថវិកា​សាលា​ក្តី

ភ្នំពេញៈ អ្នក​ជំនាញ​ការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សាលា​ក្តី​ខ្មែរ​ក្រហម​លោក​ ដាវីដ សេហ្វ័រ និង ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​រិះ​រក​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហា​កង្វះ​ថវិកា។

Wednesday, 20 March 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

សវនាការ សាលាក្តីខ្មែរក្រហម។ រូបថត AFP

សវនាការ សាលាក្តីខ្មែរក្រហម។ រូបថត AFP

កិច្ច​ពិភាក្សា​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​អាច​ជួយ​ឲ្យ​អ.វ.ត.ក បំពេញ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​លើ​បទ​ឧក្រិដ្ឋ​ដែល​បាន​កើត​មាន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ ការ​ប្តេជ្ញា​របស់​បុគ្គលិក​ជាតិ​ទាំង​អស់​ដែល​បាន និង​កំពុង​បន្ត​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​អំឡុង​ពេល​ដ៏​លំបាក​នេះ។

លោកបញ្ជាក់ថា ប្រសិន​បើ​ អ.វ.ត.ក មិន​អាច​បំពេញ​បេសកកម្ម​របស់់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ទេ នោះវា​នឹង​អាច​ជា​ដំណើរ​ត្រឡប់​ថយ​ក្រោយ​មួយ​ដ៏​អាក្រក់​សម្រាប់​ការ​ស្វែង​រក​យុត្តិធម៌ ហើយ​ក៏​អាច​បំផ្លាញ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​នៅ​ក្នុង​ការ​ផ្តល់​នូវ​យុត្តិធម៌​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​ណាស់​មក​ហើយ​ដោយ​ប្រជាជន​កម្ពុជា​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។

អ្នក​ជំនាញ​ការ​ពិសេស បាន​ទទួល​ស្គាល់​ថា អ.វ.ត.ក បាន​បំពេញ​នូវ កិច្ចការ​ដ៏​សំខាន់​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង ០០១ ដោយ​ជោគ​ជ័យ ហើយ អ.វ.ត.ក សន្យា​ផ្តល់​ព័ត៌មាន​ថ្មី​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា និង​ដល់​ពិភព​លោក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​កិច្ច​ពិភាក្សា បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​ថវិកា​សរុប​ទាំង​អស់​ចំនួន​ជាង​ ៦.៥ លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គម្រោង​ថវិកា​ឆ្នាំ ២០១៣ សម្រាប់​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ។ ឥឡូវ​នេះ ឧបសគ្គ​ដែល​បន្ទាន់​បំផុត​នោះ គឺ​ត្រូវ​ធានា​ថវិកា​ពេញ​លេញ​សម្រាប់​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់ អ.វ.ត.ក មាន​ស្ថិរភាព និង​ដំណើរ​ការ​ឲ្យ​បាន​លឿន​ជាមួយ​កាល​វិភាគ​ដ៏​ប្រាកដ​ប្រជា​លើ​ការ​ជំនុំ​ជម្រះ​ក្តី​សំណុំ​រឿង​០០២។

សូមបញ្ជាក់ថា សំណុំ​រឿង ០០១ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ដែល​មាន​ជន​ជាប់​ចោទ​មួយ​រូប គឺ កាំង ហ្គេកអ៊ាវ ហៅឌុច អតីត​ប្រធាន​មនី្ទរ​គុក​ទួល​ស្លែង​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ឧក្រិដក្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។

សំណុំរឿង ០០២ ដែល​មាន​ជន​ជាប់​ចោទ នួន ជា និងខៀវ សំផន ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​លើ​បទ​ឧក្រិដ្ឋ​ដ៏​យង់​ឃ្នង់​នៅ​ក្នុង របប​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​ទៅ​មុខ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។

What Next?

Recent Articles

One Response to "អ្នក​ជំនាញ​ការ​អង្គការ​សហ​ប្រជាជាតិ​និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពិភាក្សា​ពី​វិបត្តិ​ថវិកា​សាលា​ក្តី"

  1. បើចង់ពិភាក្សារកដំណោះស្រាយអោយបានឆាប់គួរតែទៅ ពិភាក្សារជាមួយកន្តួយម៉ែអាចិននិងអាយួនទៅវាប្រសើរជាង

    ព្រោះវាជាមេខ្លោងរបស់ពួកខ្មែរក្រហមស្រាប់ !