កម្ពុជា៖ មានអ្នកជាប់ពន្ធនាគារ ជាង១៥.០០០ នាក់

ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យ​ដឹង​តាមរយៈ​សេចក្ដីប្រកាស​មួយ​នៅ​ថ្ងៃ​ទី​២១​មីនា​នេះ​ ថា​ ផ្អែក​តាម​សន្និ​បាត​​បូកសរុប​លទ្ធផល​ការងារ​ ប្រចាំឆ្នាំ​២០១២ -​​២០១៣​ របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​អ្នក​ជាប់ឃុំ ក្នុង​ពន្ធនាគារ ទូទាំងប្រទេស មាន​ចំនួន ១៥.៣៩៧ នាក់ ក្នុងនោះ​មាន​ស្រី្ត ១.២៦១ នាក់​។

Thursday 21 March 2013
The Free Press Magazine

យោងតាមរបាយការណ៏​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៣ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថាក្នុងចំណោម​អ្នកជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ សរុប​ចំនួន ១៥.៣៩៧ នាក់ គឺមាន​ពិរុទ្ធជន ( អ្នក​មិនទាន់​កាត់ទោស ) ចំនួន ៣.៥៩១ នាក់ ( ស្រី ៣៥៨ នាក់ )​។ ទណ្ឌិត​ចំនួន ១១.៨០៦ នាក់ ( ស្រី ៩០៣ នាក់ ) និង​ជនបរទេស​ចំនួន ៦៦៥ នាក់ ( ស្រី ១៨៩ នាក់ )​។ រីឯ​កូន​តាម​ម្តាយ ចំនួន ៨១ នាក់ ( ស្រី ៣៩ នាក់ ) និង​ស្រី​មាន​ផ្ទៃពោះ ចំនួន ១៣ នាក់​។​ អំឡុង​ឆ្នាំ​២០១១ មាន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ចំនួន ១៥.៤០៤ នាក់ ( ស្រី​ចំនួន ១.២៥៧ នាក់ )​។

របាយការណ៍ ដែលត្រូវបាន​បង្ហាញ​ក្នុង​សន្និបាត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ បព្ជាក់ថា គិតពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​ជន​ជាប់ឃុំ ចូល​ថ្មី​ចំនួន ៧.៦៤៨ នាក់ ( ស្រី ៧៨១ នាក់ )​។ កាលពី​ឆ្នាំកន្លងមក ក៏មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ស្លាប់ ចំនួន ៤៦ នាក់ ( ស្រី​ម្នាក់ )​។​

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ក៏បាន​លើកឡើង​ពី​ការងារ​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម ដោយ​កំពុង​ឃុំឃាំង​ជនជាប់ចោទ ចំនួន ៥​នាក់ ក្នុងនោះ ទណ្ឌិត ១​នាក់ ជនជាប់ចោទ ៤​នាក់ (​ស្រី ១​នាក់​) រួមមាន​៖ ទណ្ឌិត កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច កំណត់​ទោស​មួយជីវិត​។ ជនជាប់ចោទ នួន ជា ខៀវ សំផន អៀង​សារី (​ស្លាប់​) និង​អ្នកស្រី អៀង ធី​រិ​ទ្ធ ( ត្រូវបាន​តុលាការ​ដោះលែង​ក្រៅ​ឃុំ ដោយមាន​លក្ខខណ្ឌ )​។​

តាម​សេចក្ដីប្រកាស​នោះ​ឲ្យដឹងថា សម្រាប់​ឆ្នាំ​២១៣​គឺ​អនុវត្តច្បាប់​ស្តី​ពី​ពន្ធ​នាគារ​ឲ្យមានប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយស្ថាប័ននានា អង្គការជាតិ និងអន្តរជាតិជា ដៃគូ ដើម្បី​កែលម្អ និងដោះស្រាយភាពចង្អៀត​ណែននៅពន្ធនាគារ និងការអប់រំបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា​ជនជាប់ឃុំ នៅតាមមណ្ឌល​អប់រំកែប្រែ និង​ពន្ធនាគាររាជធានី ខេត្ត ឲ្យមានភាពកាន់​តែប្រសើរ​ឡើង៕

What Next?

Recent Articles