សេចក្ដីព្រាងច្បាប់ស្ដីពីសហគមន៍កសិកម្មបង្កើតឡើងសម្រាប់អភិវឌ្ឍបន្ថែមទៅលើច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ សេចក្តីព្រាងច្បាប់នេះ សំដៅគាំទ្រវិស័យកសិកម្ម គោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។
ដោយ អ៊ុក សាវបូរី
2013-05-09
RFA
សហគមន៍កសិកម្មកន្លងមកមិនទាន់មានច្បាប់ត្រឹមត្រូវ ដើម្បការពារ និងដាក់ទោសជនដែលលួចក្លែងបន្លំប្រើប្រាស់ឈ្មោះ ឬស្លាកឈ្មោះ ឬផ្នែកណាមួយនៃសហគមន៍កសិកម្មនៅឡើយទេ ទើបក្រសួងកសិកម្មស្នើសុំឲ្យរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សហគមន៍កសិកម្មនេះ។
សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម ត្រូវសមាជិកសភាអនុម័តចំនួន ៨០ លើ ៨៣ សំឡេង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។ សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម គឺមាន ៩ជំពូក និង ១១៤មាត្រា ត្រូវបានពិភាក្សា ២ថ្ងៃកន្លងមកហើយ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ថ្លែងថា លោកនឹងដាក់បញ្ចូលនូវខ្លឹមសារសុំកែតម្រូវក្នុងមាត្រាច្បាប់តាមការពិភាក្សានៃអង្គប្រជុំរបស់រដ្ឋសភា៖ «ដើម្បីការពារផលប្រយោជន៍របស់កសិករ និងការលើកកំពស់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់កសិករផង ហើយជាពិសេស ជំរុញកសិករក្នុងការដឹកនាំ និងគ្រប់គ្រងក្នុងការអនុវត្តតាមរយៈការផ្តល់អំណាចទាំងស្រុងដល់កសិករ»។
អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានសុំឲ្យក្រសួងកសិកម្មឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចទៅឲ្យក្រុមហ៊ុន និងសុំឲ្យរដ្ឋាភិបាលយកប្រាក់ពន្ធពីកាស៊ីណូ ប្រមាណ ១០០លានដុល្លារក្នុង ១ឆ្នាំ ទៅជួយទប់កុំឲ្យតម្លៃលក់ស្រូវធ្លាក់ចុះ៖ «ក៏ប៉ុន្តែខ្ញុំមិនចង់ដឹងអំពីមូលហេតុនៃស្រូវចុះថោកទេ ខ្ញុំចង់រកដំណោះស្រាយជូនកសិករនៅពេលណាដែលស្រូវចុះថោកក្រោមតម្លៃ ១.០០០រៀលនេះ តើយើងដោះស្រាយយ៉ាងម៉េច? អ៊ីចឹងបានខ្ញុំជូនអនុសាសន៍ថា យើងត្រូវមានកញ្ចប់ថវិកាមួយ ដែលយើងត្រូវតែយកពីប្រាក់ចំណូលកាស៊ីណូ»។
បញ្ហានេះលោក ច័ន្ទ សារុន បានបំភ្លឺថា ដកយកប្រាក់ពន្ធពីកាស៊ីណូ មិនអាចធ្វើទៅបានទេ ហើយរដ្ឋាភិបាលបានផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចបណ្តោះអាសន្ន និងបានដកយកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ៦៣ ដែលមានទំហំដី ៥១ម៉ឺនហិកតារ តាំងពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០១២៖ «ខ្ញុំគិតតាំងពីថ្ងៃដែលយើងបានប្រកាសបើកនោះមក បណ្តើរៗមក រយៈពេល ១ឆ្នាំយើងលុបម្តងៗ ជារៀងរាល់ឆ្នាំ។ ក្រោយពេលត្រួតពិនិត្យទៅ ថាធ្វើមិនចម្រើនទេ យើងលុបហើយ»។
អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធ ស្នើសុំឲ្យក្រសួងកសិកម្មបង្រៀនបច្ចេកទេសកសិកម្មដល់គ្រប់កសិករនៅតាមជនបទ ហើយផ្តល់អំណាចទីផ្សារដើម្បីលក់ផលិតផលឲ្យងាយស្រួលដល់កសិករជាដើម៖ «ហើយទី៣ គឺសេវាឥណ្ឌទាន ពីព្រោះធម្មតាទេ កសិកររាល់ថ្ងៃនេះជំពាក់បំណុលឯកជនមិនតិចទេ។ យើងមិនបន្ទោសទៅពីណាទេ ប៉ុន្តែសំខាន់ខ្វះការគាំពារខ្លាំងក្លាដូចច្បាប់នេះចែង»។
អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជា លោក ហែម ខន ថ្លែងតបទៅនឹងសំណួររបស់អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថា ក្រសួងកសិកម្មបានចុះហត្ថលេខាចំនួន ១០៣លើក ផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង ១លានហិកតារ។ ចំណែកក្រសួងបរិស្ថានបានចុះហត្ថលេខាចំនួន ៦៣លើក បានផ្តល់ដី ៣៤ម៉ឺនហិកតារ៖ «អ៊ីចឹងយើងសរុបមក គឺថា ក្នុងការធ្វើសម្បទានសេដ្ឋកិច្ច គឺសរុប ១លានកន្លះ ហើយក្នុងនោះ គឺថា មានកៅស៊ូ ១,២លាន ត្រូវជា ៨០%»។
លោក ហែម ខន បន្ថែមថា កន្លងមកការផ្តល់សម្បទានដីទៅក្រុមហ៊ុននោះ រដ្ឋាភិបាលបានដកយកដីពីក្រុមហ៊ុន មកពីក្រុមហ៊ុននោះ ទី១ បំពាននីតិវិធី ទី២ បំពានលក្ខខណ្ឌ ទី៣ អត់អភិវឌ្ឍន៍ ទី៤ កាប់ទន្រ្ទានព្រៃថែម ទី៥ រំលោភយកដីថែមទៀត ទី៦ ថែទាំដីដើម្បីលក់បន្ត ទី៧ បានរំលោភយកដីប្រជាជន និងសហគមន៍ជាដើម៖ «អ៊ីចឹងរដ្ឋាភិបាលក៏កំពុងតែកាត់ដីពីក្រុមហ៊ុន ហើយកំពុងតែវាស់ចែកជូនប្រជាពលរដ្ឋ ហើយការដកនេះ មិនមានន័យថា ដកបន្តឲ្យទៅក្រុមហ៊ុនធ្វើទៀតទេ គឺទុកបែងចែកជូនប្រជាជនតាមដីសម្បទានសង្គមកិច្ច»។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម គឺចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ក្រសួងនេះបានបង្កើត និងចុះបញ្ជីឲ្យសហគមន៍អភិវឌ្ឍកសិកម្មចំនួន ៣៧៥ ដែលមានសមាជិក ៣៥.៦៣០នាក់ និងមានដើមទុនសរុប ៩ពាន់លានរៀល ដែលកំពុងដំណើរការប្រតិបត្តិមុខរបររបស់ខ្លួន ចូលរួមជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល។ ជាទូទៅសហគមន៍កសិកម្មមានលក្ខណៈជាសហគ្រាសសេដ្ឋកិច្ចពិសេសមួយ ដែលធ្វើឲ្យមានតុល្យភាពនូវគោលដៅសំខាន់២។ ទី១ គឺជួយបំពេញតម្រូវការរបស់សមាជិកខ្លួន និងទី២ ជួយជំរុញសកម្មភាពផលិតកម្ម អាជីវកម្ម រក្សានិរន្តរភាព សេដ្ឋកិច្ច និងសង្គមរបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

The farm land for cultivation is gravely shrunken days after days.